ស្វែងយល់ពី ជហ្វា ដងក្តារ

ជហ្វា ដងក្តារ គឺជាអ្វីឲ្យប្រាកដ?
ជហ្វា ដងក្តារ គឺជាពាក្យនិយាយយ៉ាងរត់មាត់របស់អ្នកស្គាល់អំពី
ស្ថាបត្យកម្មខ្មែរបុរាណ ដែលរបស់អស់ទាំងនេះគឺជាគ្រឿងតុបតែង
នៅលើស្ថាបត្យកម្មខ្មែរមានដូចជាសំណង់វត្តអារាម សំណង់
ព្រះបរមរាជវាំង និងសំណង់អគារក្រសួងមន្ទីរតាមលក្ខណៈ
ជាប្រពៃណីខ្មែរ ។
នៅក្នុងវចនានុក្រមខ្មែរ បានពន្យល់ពាក្យទាក់ទងនឹងគ្រឿងតុបតែង
ទាំងអស់នោះដែលមានដូចជា៖
ជហ្វា ថា ( ន. ) [ជៈ ហ៊្វា] ឈ្មោះគ្រឿងរចនាមួយប្រភេទសម្រាប់
តាក់តែងដំបូលប្រសាទ, វិហារ, សាលា ដាក់នៅត្រង់ចុងមេដំបូល ។
បៃរកា ( ន. ) ទ្រនុងដងក្ដារ គឺទ្រនុងច្រូងរកឹងលើខ្នងនាគ ដែលដាក់តពីគល់ជហ្វាចុះមកដល់ក្បាលនាគ (គ្រឿងប្រាសាទ, ព្រះវិហារ...) ។
ទម្រង់នៃសិល្បៈ ជហ្វា ដងក្តារ ហើយដែលនៅមាននាគសន្លឹក
នាគចែង (នាគចែក?) នេះ មិនមែនមានតែនៅទម្រង់សិល្បៈខ្មែរ
នោះទេ នៅភូមា ថៃ និងឡាវ ក៏មានទម្រង់សិល្បៈដូច្នេះដែរ
តែទម្រង់សិល្បៈដែលស្រដៀងគ្នាបំផុត គឺមានរវាងខ្មែរ ថៃ និងឡាវ
ដែលសូម្បីតែឈ្មោះហៅ ក៏ដូចគ្នាដែរ ។ ថៃហៅសិល្បៈទាំងនេះថា
«ช่อฟ้าใบระกา หางหงส์ » គឺ ឆហ៉្វា បៃរៈកា ហាងហង្ស
គឺដូចគ្នានឹងពាក្យខ្មែរថា ជហ្វា បៃរកា (ឬជហ្វា ដងក្តារ
ដោយសារដងក្តារ និងបៃរកា គឺសម្តៅទៅលើរបស់រួមមួយ
ដោយពាក្យថាដងក្តារ មានន័យទូលាយជាងបៃរកា) កន្ទុយហង្ស ។
សូមពន្យល់ពាក្យថា ថា ជហ្វា ដែល ជ នេះ គេប្រើសម្តៅទៅលើកញ្ចុំ
ឬក៏បាច់ផ្កា ចំណែក ហ្វា គឺចេញមកពីពាក្យថា ថងហ្វា
ដែលមានន័យថា មេឃ ដូច្នេះពាក្យថា ជហ្វា នេះ មានន័យថាកញ្ចុំផ្កា
ឬក៏បាច់ផ្កា ដាក់ចង្អុលទៅលើមេឃ ។ ចំណែកពាក្យថា បៃរកា
ពាក្យថា បៃ នៅក្នុងភាសាថៃ គឺប្រែថាសន្លឹក ចំណែក រកា
គឺអាចមានន័យពីរ ទីមួយគឺដើមរកា ទីពីរគឺសត្វមាន់
ដូចគ្នានៅក្នុងភាសាខ្មែរដែរ តែដោយសារតែពាក្យបៃប្រែថាសន្លឹក
នោះពាក្យរកា គួរតែជាស្លឹកដើមរកា ។
ប្រសិនបើយោងទៅលើពាក្យថា ជហ្វា កញ្ចុំផ្កាចង្អុលទៅលើមេឃ
ហើយយើងទៅមើលលើស្ថាបត្យកម្មខ្មែរតាំងពីសម័យអង្គរ
នោះយើងឃើញថានៅលើហោជាងប្រាសាទ យ៉ាងហោចណាស់
ក៏ត្រឹមសម័យកោះកេរ បន្ទាយស្រី រហូតមក គឺមានការនិយម
ដាក់ក្បាច់បៃរកា ឬក៏ជហ្វា ដែលលក្ខណៈជាកញ្ចុំផ្កា
សម្រាប់លម្អពីលើគែមខាងលើរបស់ហោជាង ដោយមាននាគសន្លឹក
នៅចុងហោជាងទាំងសងខាង ហើយការលម្អរូបនាគគ្រប់រូបភាព
នៅក្នុងសិល្បៈខ្មែរសម័យអង្គរនេះ គឺជាភស្តុតាងមិនអាចប្រកែកបាន
របស់សិល្បៈខ្មែរ ទៅលើសិល្បៈស្ថាបត្យកម្មនៃបណ្តាប្រទេសជិតខាង
ដោយសារនៅលើពិភពលោកនេះ ពុំមានសិល្បៈប្រទេសណា
ដែលមានប្រើសត្វនាគមកលម្អស្ថាបត្យកម្ម តាំងពីលើដំបូល
រហូតដល់បង្កាន់ដៃ ដូចសិល្បៈខ្មែរសម័យអង្គរនោះទេ សូម្បីតែនាគ
ក្នុងសិល្បៈចិន ក៏ខុសពីនាគខ្មែរដែរ ការលម្អក្នុងស្ថាបត្យកម្ម
ក៏ខុសគ្នាដែរ ។ ចំណែកសិល្បៈនៅសម័យមុនកោះកេរ ដូចជានៅ
ប្រាសាទរលួស ប្រាសាទព្រះគោជាដើម យើងឃើញមានទម្រង់
ប្រហាក់ប្រហែលគ្នានេះដែរ ត្រូវបានគេប្រើនៅលើស៊ុមទ្វារបាល
ចំណែកនៅចុងគែមទាំងសងខាង គឺមិនមែនជារូបនាគនោះទេ
តែជារូបម្ករ (ក្រពើ តាមជំនឿរបស់ព្រហ្មញ្ញសាសនា) ទៅវិញ
ដែលមានលក្ខណៈដូចគ្នាទៅនឹងស៊ុមទ្វារក្នុងសិល្បៈមន ភូមា ។
ពាក្យថាជហ្វា គួរតែមានប្រភពចេញពីពាក្យថាកញ្ចុំផ្កានេះហើយ
គ្រាន់តែលក្ខណៈនៃទម្រង់សិល្បៈនៅសម័យក្រោយមានការផ្លាស់ប្តូរ ។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យមានការពិភាក្សាដេញដោលគ្នាថាតើ
ជហ្វាជារូបអ្វី ព្រោះថាឈ្មោះរបស់ជហ្វាមិនបានបកស្រាយអំពី
អត្ថន័យឲ្យប្រាកដប៉ុន្មាននោះទេ សូម្បីតែអ្នកសិក្សាជនជាតិថៃខ្លះ
ក៏និយាយថាជហ្វាគឺជារូបសត្វនាគ អ្នកខ្លះថា កន្ទុយនាគ
ដែលចេញមកពីនាគដងក្តារ ឬនាគសន្លឹក មានអ្នកខ្លះទៀតថាជហ្វា
គឺជារូបសត្វស្លាប ដែលអាចជាហង្ស ឬក៏គ្រុឌ ជាដើម
មានឯកសារថៃខ្លះដាក់ថា ជហ្វា បៃរកា កន្ទុយហង្ស គឺជារូបគ្រុឌ
ចាប់នាគ ។ ដោយឡែកសម្រាប់បៃរកា ឬក៏ដងក្តារ មានអ្នកខ្លះ
បកស្រាយថាជាផ្នែកមួយនៃដងខ្លួនរបស់នាគ តែខ្ញុំមិនសូវយល់ស្រប
ប៉ុន្មាននោះទេ ព្រោះថានាគខ្មែរពុំមានព្រុយដូចនាគចិននោះទេ
ខ្ញុំគិតថាបៃរកាគឺគ្រាន់តែជាផ្នែកលម្អបន្ថែមតែប៉ុណ្ណោះ
មិនមែនជាផ្នែកមួយនៃដងខ្លួននាគដងក្តារនោះទេ
គ្រាន់តែគេដាក់ឲ្យវាស៊ីគ្នាទៅនឹងក្បាលនាគដែលបះឡើងលើ ។
មានការសិក្សាបកស្រាយរបស់អ្នកសិក្សាខ្មែរផងដែរ គឺលោកហុក
កុសល និងលោកព្រាប ចាន់ម៉ារ៉ា បោះផ្សាយនៅក្នុងអត្ថបទរបស់
khmerenaissance អ្នកទាំងពីរបានលើកឡើងថាទាំងដងក្តារ ក៏ដូចជាជហ្វា
គឺសុទ្ធសឹងជានាគ ប៉ុន្តែនៅក្នុងអត្ថបទនោះក៏បានលើកឡើងថា
ជហ្វាមានគែ ដែលគែ ភាគច្រើនគឺមានតែសត្វស្លាបនោះទេ
ដូច្នេះខ្ញុំមិនគាំទ្រការសន្និដ្ឋាននោះប៉ុន្មានទេ ។
តាមទស្សនៈយល់ឃើញ និងការសិក្សារបស់ខ្ញុំ ខ្ញុំយល់ថា ជហ្វា
គួរតែជាសត្វស្លាប ដែលគួរតែជាសត្វគ្រុឌ ព្រោះថា នៅក្នុងភាសាថៃ
គេហៅគែរបស់ជហ្វាថា ថងសុបររណ (សុបាន់) ដែលតាមខ្ញុំយល់
គឺបានន័យថា ពោះ ឬគែ របស់សុពណ៌ ដែលសុពណ៌
គឺជាឈ្មោះមួយទៀតរបស់គ្រុឌ ដោយសារតែគ្រុឌមានរោមពណ៌មាស
ដូច្នេះហើយទើបគេហៅគ្រុឌថាសុពណ៌ ឬសុបាន់ នៅក្នុងភាសាថៃ
ហើយក៏មានតែនៅក្នុងមាត់ហង្ស ឬក៏គ្រុឌដែរ ដែលខ្មែរយើង
និយមបំពាក់កណ្តឹងស្លឹកពោធិ៍ ដូចជារូបឰរារូបគ្រុឌដែលនៅទ្រ
បាំងសាចព្រះវិហារជាដើម ។ ខ្មែរយើងស្គាល់ឈ្មោះគ្រុឌមួយទៀតថា
ក្រុងសិម្ពលី ដែលពាក្យថាសិម្ពលី មានន័យថាដើមរកា
ព្រោះថានគររបស់គ្រុឌគឺនៅលើដើមរកា ឬដើមសិម្ពលីនេះឯង
ដូច្នេះយើងឃើញថាគឺទាក់ទងទៅនឹងពាក្យថា បៃរកា
ឬស្លឹករកានេះឯង ។ ការនិយមរូបគ្រុឌចាប់នាគ ដាក់លម្អនៅលើ
ស្ថាបត្យកម្មនេះ មិនមែនជារឿងថ្មីនោះទេ តែគឺកើតមានតាំងពីនៅលើ
ផ្តែរក្នុងរចនាប័ទ្មសម័យមុនអង្គរទៅទៀត ដូចជាផ្តែររចនាប័ទ្ម
សម្បូរណ៍ព្រៃគុហ៍ជាដើម ហើយចូលមកដល់សិល្បៈសម័យរចនាប័ទ្ម
ព្រះគោ ក៏នៅតែមានការនិយមផ្តែរបែបនេះដែរ ។
ជាសរុបមក រូបជហ្វា ដងក្តារ (បៃរកា) និងនាគសន្លឹក (នាគដងក្តារ
នាគចែង) ទាំងអស់នេះគឺជារូបគ្រុឌចាប់នាគ អាចថានៅលើដើមរការ
ការដែលសិល្បៈករខ្មែរ ក៏ដូចជាប្រទេសជិតខាងយកទម្រង់នេះមកលម្អ
សិល្បៈស្ថាបត្យកម្ម ក៏ព្រោះថា ទីអារាម ឬក៏អគារសំខាន់តាមបែប
ស្ថាបត្យកម្មបុរាណទាំងនោះ គឺជាតំណាងឲ្យភ្នំព្រះសុមេរុ នៅក្នុង
ជំនឿសាសនារបស់ឥណ្ឌា ដែលសូម្បីតែព្រះពុទ្ធសាសនា
ក៏នៅតាមជឿតាមគម្ពីរត្រៃភូមិ ដែលមានផ្នត់គំនិតមិនខុសគ្នាប៉ុន្មាន
ពីព្រហ្មញ្ញសាសនា ដែលគេជឿថាសំណង់សាសនាទាំងឡាយ
ជាលំនៅរបស់ព្រះអាទិទេពផ្សេងៗ ដែលមានភ្នំព្រះសុមេរុនៅកណ្តាល
ហើយនៅព័ទ្ធជុំវិញភ្នំនោះ មានពពួកសត្វហេមពានទាំងឡាយ
មានជាអាទិគ្រុឌ នាគ និងពពួកកិន្នរទាំងឡាយ ។
















EmoticonEmoticon