សង្គ្រាមសមរភូមិកុរុក្សេត្រ ថ្ងៃចុងក្រោយ ថ្ងៃទី១៨

សង្គ្រាមសមរភូមិកុរុក្សេត្រ ថ្ងៃចុងក្រោយ ថ្ងៃទី១៨

នៅថ្ងៃទី ១៨ ឬថ្ងៃចុងក្រោយ នៃសង្គ្រាមសមរភូមិកុរុក្សេត្រ
នៅក្នុងរឿងមហាភារតៈយុទ្ធ មេទ័ពចុងក្រោយរបស់ពួកកុរវៈ
គឺ ស្តេចសល្យៈ ។ ព្រះអង្គបានទទួលពរម្យ៉ាង គឺសម្រាប់គូប្រកួត
ដែលប្រកួតនឹងព្រះអង្គទាំងឡាយណាដែលមានកំហឹង
នោះគេនឹងបាត់បង់កម្លាំងពាក់កណ្តាល ហើយកម្លាំងនោះនឹងបាន
ទៅស្តេចសល្យៈ ដោយសារតែហេតុនេះហើយ ទើបព្រះក្រឹស្ណៈ
បានទុកតួនាទីដៃគូប្រយុទ្ធទៅឲ្យយុធិស្ធិរៈ ព្រោះថាយុធិស្ធិរៈ
ជាមនុស្សចិត្តធ្ងន់ មិនងាយនឹងខឹងផ្តេសផ្តាស់នោះទេ ចុងក្រោយ
យុធិស្ធិរៈ ក៏បានសម្លាប់ស្តេចសល្យៈ ។ តាមពិតទៅស្តេចសល្យៈ
គឺជាបិតុលា (ឪពុកមា) របស់ត្រកូលបណ្ឌវៈ ព្រោះព្រះអង្គជា
បងប្រុសរបស់ព្រះនាងមាទ្រី ត្រូវជាម្តាយរបស់កូនភ្លោះ នកុល
និងសហទេព នៅមុនថ្ងៃធ្វើសង្គ្រាម ស្តេចសល្យៈបានលើកទ័ព
មួយអក្សៅហិណី មកជួយធ្វើសង្គ្រាមនឹងខាងបណ្ឌវៈដែរ តែព្រះអង្គ
ត្រូវបានចាញ់ល្បិចកលរបស់ទុរយោធន៍ អាងខ្លួនធ្វើជាយុធិស្ធិរៈ
ហើយសូមឲ្យព្រះអង្គជួយក្នុងសង្គ្រាមលើកនេះ ជាហេតុធ្វើឲ្យ
ព្រះអង្គយល់ព្រម នឹងក្លាយទៅជាផ្នែកមួយនៃកងទ័ពកុរវៈ
ធ្វើសង្គ្រាមត.ទល់នឹងក្មួយបង្កើតរបស់ខ្លួនឯង ។

ឈុតដ៏សំខាន់មួយទៀតនៅក្នុងថ្ងៃទី ១៨ នេះដែរ គឺ ការប្រយុទ្ធ
ដោយដំបងរវាង ភីម និងទុរយោធន៍ ដោយសារខ្លួនរបស់ទុរយោធន៍
ត្រូវបានគ្របដោយពេជ្រ មិនអាចវាយស្លាប់បាន ព្រះក្រឹស្ណៈ
ក៏បានធ្វើជាសញ្ញាឲ្យភីមវាយបំបាក់ភ្លៅរបស់ទុរយោធន៍
ព្រោះថាភ្លៅរបស់ទុរយោធន៍ មិនបានគ្របដោយពេជ្រនេះទេ ។
រឿងទាក់ទងនឹងខ្លួនរបស់ទុរយោធន៍ត្រូវបានគ្របដោយពេជ្រនេះ
គឺមកពីម្តាយរបស់ទុរយោធន៍ ព្រះនាងគន្ធារី ដឹងថាកូននឹងចូល
ធ្វើសង្គ្រាម ក៏បានហៅកូនមក ហើយព្រះនាងបានបើកស្រាយចំណង
ភ្នែករបស់ព្រះនាង ដែលចងតាំងតែពីមករៀបការជាមួយនឹង
ស្តេចពិការភ្នែក ធ្ឬតរាស្ត្រ ។ ព្រះនាងបានប្រាប់ឲ្យទុរយោធន៍
ស្រាតចូលមកជួបព្រះនាង តែព្រះក្រឹស្ណៈដឹងអំពីគោលបំណងនេះ
ព្រះអង្គក៏បញ្ឆោតឲ្យទុរយោធន៍យកស្លឹកចេកទៅបិតបាំងកេរ្តិ៍ខ្មាស់
រួមទាំងភ្លៅផងដែរ ទើបបានជាភ្លៅរបស់ទុរយោធន៍
មិនត្រូវបានគ្របដោយពេជ្រតាមការប៉ងប្រាថ្នារបស់ព្រះនាងគន្ធារី ។

ការវាយប្រហារដោយដំបងទៅលើភ្លៅរបស់ទុរយោធន៍នេះ
ចាត់ទុកជាការល្មើសទៅនឹងកត្តិការនៃការប្រកួត ជាហេតុធ្វើឲ្យ
ពលរាម ដែលជាកសិណសាក្សីនៅក្នុងការប្រយុទ្ធគ្នានោះ
បានលើកយកនង្គ័លដែលជាអាវុធរបស់ខ្លួន បម្រុងនឹងវាយ
ដាក់ទ័ណ្ឌកម្មទៅលើភីម តែត្រូវបានប្អូនប្រុសរបស់ព្រះអង្គ
គឺព្រះក្រឹស្ណៈឃាត់ទាន់ ហើយពន្យល់ថា ភីម បានស្បថថា
នឹងសម្លាប់បងប្អូនកុរវៈទាំង ១០០ នាក់ ហេតុដូច្នេះ
គួរតែអនុញ្ញាតឲ្យគេបំពេញនូវពាក្យសម្បថនេះ ។

ឈុតត្រង់នេះពិតជាមានសារៈសំខាន់ណាស់ ព្រោះយើងឃើញ
សិល្បករខ្មែរបានឆ្លាក់មានទាំងរូបសំណាក នៅសម័យកោះកេរផង
នៅលើហោជាងប្រាសាទបន្ទាយស្រី ដែលសព្វថ្ងៃតាំងនៅ
សារៈមន្ទីជាតិផង និងនៅលើរោងទងរបស់ប្រាសាទបាពួន (បាភួន)
ផង ។

នៅថ្ងៃទី ១៨ នេះដែរ នៅពេលយប់ មេទ័ពខាងកុរវៈដែលនៅរស់
៣ នាក់ គឺ អស្វ័ត្ថាម័ន ក្រិបាចារ្យ និងក្រឹតវរ្ម័ន បានលួចចូលទៅ
សម្លាប់មេទ័ពមួយចំនួននៅក្នុងបន្ទាយទ័ពរបស់ខាងបណ្ឌវៈ
មានដូចជា ធ្ឬស្តទ្យុម័ន ជាដើម តែមិនបានសម្លាប់បងប្អូន
បណ្ឌវៈនោះទេ ព្រោះពួកគេបានទៅដេកនៅខាងបន្ទាយរបស់ពួកកុរវៈ
ដែលនេះជាប្រពៃណីយ៍ក្នុងការឈ្នះសង្គ្រាមរបស់ឥណ្ឌាបុរាណ
គឺក្រោយពេលឈ្នះសង្គ្រាម គេត្រូវនាំគ្នាទៅសម្រាកនៅក្នុង
បន្ទាយរបស់គូបដិបក្ខ ។






EmoticonEmoticon