សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី១៧

សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី១៧

នៅថ្ងៃទី ១៧ នៃសង្គ្រាមសមរភូមិកុរុក្សេត្រ នៅក្នុងរឿង
មហាភារតៈយុទ្ធ ចាត់ទុកថាជាថ្ងៃដែលមាន ព្រឹត្តិការណ៍
ដ៏សំខាន់បំផុតមួយទៀត គឺការស្លាប់របស់កណ៌ (Karna) ដែលតាមការពិតគឺជាបងប្អូន ម្តាយតែមួយនឹងត្រកូល
បណ្ឌវៈដែរ តែត្រូវព្រះនាងកុន្តិ ម្តាយរបស់អរជុន បំបរបំបង់ចោលតាំងពីកើតមក ដោយសារតែព្រះនាង
តាំងគភ៌ដោយពិធីនិយោគជាមួយព្រះអាទិត្យ មុនពេល
ព្រះនាងរៀបអភិសេក ស្តេចបណ្ឌុ ។
ការធ្វើតទល់គ្នារវាងអរជុន មកពីខាងបណ្ឌវៈ និងកណ៌ មកពីខាងកុរវៈ ត្រូវបាន
ចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងសាច់រឿង
មហាភារតៈ ក៏ដូចជាសង្គ្រាមនៅវាលសមរភូមិកុរុក្សេត្រ ។
អរជុន បានបាញ់សម្លាប់កណ៌ នៅពេលដែលកណ៌ចុះទៅ
លើកកង់រទេះរបស់ខ្លួន ដែលជាប់នឹងភក់ ដែលនេះ
ចាត់ទុកជាការមិនគោរពនឹងកត្តិការសង្គ្រាម គឺជាការ
វាយប្រហារទៅលើមនុស្សដែលពុំមានអាវុធ ។ តាមពិតអរជុន មិនចង់បាញ់កណ៌នៅពេលនោះទេ តែដោយសារតែ
ព្រះក្រឹស្ណៈវិស្ណុអវតា ទី ៨ ជានាយសារថី បានប្រាប់ថា
កណ៌ នេះ ក៏មិនមែនជាអ្នកគោរពច្បាប់ដែរ គឺគេនេះហើយ
ដែលបានព្រួតគ្នាជាមួយមេទ័ព ៥ នាក់ទៀត សម្លាប់កូនប្រុស
របស់អរជុន អាយុទើបតែ ១៦ ឆ្នាំ គឺអភិមន្យុ នៅថ្ងៃទី ១៣
នៃសង្គ្រាម នៅចំកណ្តាលក្បួនទ័ពបទុមចក្រ របស់ទ្រោណាចារ្យ ។ ទោះជាឈុតនេះសំខាន់យ៉ាងណានៅក្នុងមហាកាព្យព្រហ្មញ្ញសាសនា
ក៏ដោយ ក៏ខ្ញុំពុំធ្លាប់ឃើញមានចម្លាក់នេះនៅប្រាសាទបាពួន (បាភួន)
ដែរ ដែលអាចមកពីខ្ញុំមើលចម្លាក់មិនយល់ក៏មិនដឹង ។

នៅក្នុងថ្ងៃជាមួយគ្នានោះ ភីម ជាកូនទី ២ ក្នុងត្រកូលបណ្ឌវៈ
ក៏បានសម្លាប់ទុហ្សាសន ជាកូនទី ២ នៃត្រកូលកុរវៈដូចគ្នា
តែការសម្លាប់របស់ភីម គឺកាចសាហាវបំផុត ដោយភីមបាន
ចាប់ហែកដើមទ្រូងរបស់ទុហ្សាសន ដាច់ចេញជាពីរ និងបាន
ត្រងឈាមយកមកផឹកទៀតផង ។ សូមជម្រាបផងដែរថា
នៅពេលមានការភ្នាល់លេងល្បែងបាស្កា (សេះអុក) នៅនគរ
ហស្តិនបុរី រវាង យុធិស្ធិរៈ និងទុរយោធន៍ ក្រោយពីចាញ់
ទ្រព្យសម្បត្តិអស់ យុធិស្ធិរៈក៏បានភ្នាល់ដាក់ភរិយារបស់
ត្រកូលបណ្ឌវៈ គឺនាងទ្រៅបទី ។ ក្រោយពីចាញ់ល្បែងលើកនេះ
ទុរយោធន៍ បានប្រាប់ឲ្យទុហ្សាសន ទៅចាប់នាងទ្រៅបទី
យកមកកាន់រាជរោង ហើយទុហ្សាសនក៏បានចាប់សម្រាត
នាងទ្រៅបទីនៅកណ្តាលទីប្រជុំ ។ ដោយឃើញរឿងបែបនេះ
កើតឡើងចំពោះមុខ ភីម ក៏បានប្រកាសថាខ្លួននឹងសម្លាប់
បងប្អូនទាំង ១០០ នាក់របស់កុរវៈ ហើយក៏នឹងសម្រាប់ទុហ្សាសន ដោយហុតឈាមទៀតផង ។ រូបចម្លាក់ត្រង់ឈុតនេះ មានឆ្លាក់យ៉ាងលម្អិត នៅលើប្រាសាទបាពួន ។









EmoticonEmoticon