រឿងមហាភារតៈ នាងទ្រៅបទី មនុស្សស្រីដែលមានប្តីច្រើននៅក្នុងពេលតែមួយ

រឿងមហាភារតៈ នាងទ្រៅបទី មនុស្សស្រីដែលមានប្តីច្រើននៅក្នុងពេលតែមួយ

រឿង Polyandry ឬមនុស្សស្រីមានប្តីច្រើននេះ មានសង្គមជាច្រើន
មិនអាចទទួលយកបាន តែប្រពៃណីយ៍នេះធ្លាប់ត្រូវបានអនុវត្តន៍
តាំងពីបុរាណ និងបន្តអនុវត្តន៍រហូតដល់សព្វថ្ងៃនៅភូមិភាគ
ខាងជើងរបស់ឧបទ្វីបឥណ្ឌា មានការបកស្រាយខ្លះថា
ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយចំនួនកំណើត ព្រោះថានៅ
តំបន់អស់នោះហ៊ុមព័ទ្ធដោយភ្នំ ជាហេតុធ្វើឲ្យខ្វះខាតដីកសិកម្ម ។

នៅក្នុងសាច់រឿងមហាភារតៈ យើងឃើញថានាងទ្រៅបទី
ដែលជាបុត្រីរបស់ស្តេចបញ្ចាល បានរៀបអភិសេក
នឹងពួកបណ្ឌវៈទាំងប្រាំនាក់ គឺយុធិស្ធិរៈ ភីម អ៌ជុន និកុល
និងសហទេព ដែលរឿងប្រហាក់ប្រហែលគ្នានេះ ក៏ធ្លាប់ត្រូវបាន
កត់ត្រានៅក្នុងគម្ពីរព្រះពុទ្ធសាសនាផងដែរ ។

ខ្ញុំគិតថារឿងមហាភារតៈនេះ នៅពេលនិពន្ធដំបូង អ្នកនិពន្ធ
ប្រហែលជាមិនបានគិតថាចំនុចមនុស្សស្រីមានប្តីច្រើនក្នុងពេល
តែមួយនេះ គឺជាអ្វីដែលសង្គមផ្សេងមិនអាចទទួលយកបាននោះទេ
ហេតុដូច្នេះហើយ ទើបមានការបកស្រាយផ្សេងៗគ្នាសម្រាប់ការយកប្តី
រហូតដល់ទៅ ៥ នាក់ របស់ព្រះនាងទ្រៅបទី ។ មានឯកសារខ្លះ
ដាក់ថាដោយសារនាងស្អាតពេក ដើម្បីកុំឲ្យបងប្អូនបណ្ឌវៈទាំង
៥ នាក់ កាប់សម្លាប់គ្នាដោយសារនាង ម្តាយរបស់បណ្ឌវៈគឺនាងកុន្តិ
បានសូមឲ្យនាងទ្រៅបទី រៀបអភិសេកជាមួយបុត្ររបស់ខ្លួនទាំង ៥ ។
ឯកសារខ្លះថា កាលពីជាតិមុននាងជាភរិយារបស់ព្រាហ្មម្នាក់
ហើយព្រាហ្មនោះធ្វើពុតត្បុតជាមនុស្សរឹងទទឹង ខិលខូច ខ្ជិលច្រអូស
យ៉ាងម៉េច ក៏នាងនៅតែស្រឡាញ់ មើលថែថ្នាក់ថ្នមព្រាហ្មជាស្វាមី
មិនដែលឲ្យអាកអន់ចិត្តម្តងណានោះទេ នៅថ្ងៃមួយព្រាហ្មនោះ
ក៏បំពេញឈាន រហូតបានក្លាយជាព្រហ្មឫសី លែងបានមក
រួមរស់ជាមួយនាងត.ទៅទៀត នាងយំសោកស្តាយប្តីរបស់នាង
យ៉ាងខ្លាំង ធ្វើឲ្យព្រះសិវៈចេញមកលួងលោម និងផ្តល់ពរ
ឲ្យនាងតាមសំណូមពរ នាងក៏សូមពរថា សូមឲ្យបានប្តីមានចិត្តធម៌
មានកម្លាំងខ្លាំង មានចិត្តក្លាហាន មានរូបរាងសង្ហារ និងជា
មនុស្សដែលគួរឲ្យស្រឡាញ់ ។ ព្រះសិវៈក៏ប្រទានពរឲ្យនាងមានប្តី
៥ នាក់ ព្រោះព្រះអង្គយល់ថាមិនមានមនុស្សប្រុសណា
អាចមានលក្ខណៈទាំង ៥ នេះនោះទេ ។ នៅមានការបកស្រាយ
ផ្សេងៗជាច្រើនទៀតចំពោះចំណុចមួយនេះ នេះចង់បង្ហាញឲ្យ
ឃើញថា សូម្បីតែនៅក្នុងប្រទេសឥណ្ឌាតែមួយ ក៏មាន
សង្គមភាគច្រើនពិបាកនឹងទទួលនូវរឿងនេះដែរ ។

ខ្មែរយើងក៏ធ្លាប់មានរឿងមហាភារតៈដែរ តែមានតែចម្លាក់
នៅសម័យរចនាប័ទ្មបាពួន (បាភួន) តែប៉ុណ្ណោះ ដែលមានចម្លាក់
បង្ហាញរូបនាងទ្រៅបទី ដែលបង្ហាញរូបនាងត្រូវបានទុហសាសន
ប្អូនប្រុសរបស់ទុរយោធន៍ ចាប់សម្រាតសំពត់ ដោយសារតែ
នាងត្រូវបាន យុធិស្ធិរៈ យកទៅដាក់ភ្នាល់នៅក្នុងល្បែងបាស្កា
របស់ខ្លួន ។










EmoticonEmoticon