សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី១៥

សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី១៥

នៅថ្ងៃទី ១៥ នៃសង្គ្រាមសមរភូមិកុរុក្សេត្រ នៅក្នុងរឿង
មហាភារតៈយុទ្ធ ចាត់ទុកថាជាថ្ងៃដែលមានព្រឹត្តិការណ៍
ដ៏សំខាន់បំផុតមួយទៀត គឺនៅថ្ងៃទី ១៣ ក្រុមមេទ័ពកុរវៈ
៦ នាក់ បានព្រួតគ្នាសម្លាប់ អភិមន្យុ កូនប្រុសរបស់អរជុន
មេទ័ពធំខាងបណ្ឌវៈ ដើម្បីសងសឹកឲ្យកូនប្រុសខ្លួន អរជុន
បានចំណាយពេលមួយថ្ងៃពេញ នៅក្នុងសង្គ្រាមថ្ងៃទី ១៤
ដើម្បីតាមសម្លាប់ ជ័យទ្រឋ ដែលជាអ្នកការពារក្បួន

ព្យូហសង្គ្រាមរបស់ក្រុមកុរវៈ បណ្តាលឲ្យអភិមន្យុ ត្រូវគេសម្លាប់
អរជុនបានធ្វើសម្បថនឹងសាកសពរបស់បុត្ររបស់ព្រះអង្គថា
ប្រសិនបើព្រះអង្គសម្លាប់ ជ័យទ្រឋ មិនបាន នៅក្នុងថ្ងៃនេះ
ព្រះអង្គនឹងដុតខ្លួនរបស់ព្រះអង្គទាំងរស់ ដោយបានល្បិចកល
របស់ព្រះក្រឹស្ណៈ ទើបអរជុនអាចសម្លាប់ ជ័យទ្រឋ ។
ដើម្បីសងសឹកទៅនឹងការប្រើប្រាស់ល្បិចកលរបស់ពួកបណ្ឌវៈ
នៅក្នុងការសម្លាប់ ជ័យទ្រឋ នេះ ទ្រោណាចារ្យ បានល្មើស
ទៅនឹងក្បួនសង្គ្រាម ដោយបាននាំទ័ពវាយលុកចូលជំរុំ
របស់ពួកបណ្ឌវៈទាំងយប់ ធ្វើឲ្យថ្ងៃទី ១៤ បានក្លាយជាថ្ងៃ
ដែលធ្វើឲ្យកងទ័ពនឿយហត់នឹងសង្គ្រាមខ្លាំងបំផុត
ព្រោះមិនបានសម្រាក ។

នៅថ្ងៃទី ១៥ ពួកបណ្ឌវៈក៏រៀបចំកលល្បិចបំបាក់ទឹកចិត្ត
ទ្រោណាចារ្យ ដើម្បីនឹងសម្លាប់មេទ័ពធំរបស់ពួកកុរវៈរូបនេះ
ដោយក្រឹស្ណៈ បង្គាប់ឲ្យ ភីម កូនទី ២ នៃត្រកូលបណ្ឌវៈ
ទៅសម្លាប់ដំរីមួយឈ្មោះថា អស្វ័ត្ថាម័ន ដែលដំរីនោះមានឈ្មោះ
ដូចគ្នានឹងកូនប្រុសជាទីស្រឡាញ់តែមួយគត់របស់ ទ្រោណាចារ្យ ។
ពេលឮដំណឹងថាអស្វ័ត្ថាម័ន ត្រូវ ភីម សម្លាប់ ទ្រោណាចារ្យ
មិនជឿនោះទេ ក៏បានទៅសួរមនុស្សនិយាយសត្យម្នាក់
នៅខាងបណ្ឌវៈ គឺ យុធិស្ធិរៈ ហើយ យុធិស្ធិរៈ បានប្រាប់ថា
«អស្វ័ត្ថាម័នស្លាប់ហើយ តែអស្វ័ត្ថាម័នជាដំរី» នៅពេល
ឃ្លាមួយកំណាត់ខាងមុខចប់ ក្រឹស្ណៈបានបញ្ជាត្រែទ័ពឲ្យបន្លឹឡើង
ទើបធ្វើឲ្យទ្រោណាចារ្យ មិនបានឮមួយកំណាត់ឃ្លាខាងក្រោយ ។
ដោយយល់ថាបុត្រសម្លាញ់របស់ខ្លួនត្រូវបានស្លាប់ ទ្រោណាចារ្យ
ក៏លែងចង់ធ្វើសង្គ្រាម ត្រឡប់ទៅអង្គុយស្មឹងស្មាធដកអាត្ម័ន
ចេញពីខ្លួន ហើយចុងក្រោយត្រូវបាន ធ្ឬស្តទ្យុម័ន
ត្រូវជាបុត្រកើតចេញពីយញពិធីរបស់ស្តេចបញ្ចាល គឺស្តេចទ្រុបទ
យកដាវមកកាត់ក្បាលរបស់ទ្រោណាចារ្យ ។

សូមបញ្ជាក់ផងដែរថា ចម្លាក់ត្រង់ឈុតនេះ គឺ មានឆ្លាក់
នៅប្រាសាទបាពួន (បាភួន) ក្រោយសង្គ្រាមបញ្ចប់មេទ័ពកុរវៈ
នៅរស់ គឺមានតែ ៣ នាក់ ប៉ុណ្ណោះ ដោយបូករួមទាំង អស្វ័ត្ថាម័ន
កូនប្រុសរបស់ព្រាហ្ម ទ្រោណាចារ្យ តាមពិតទៅ ក្នុងវណ្ណៈខ្លួនជាព្រាហ្ម
ទ្រោណាចារ្យ មិនគួរប្រឡូកខ្លួនទៅធ្វើជាមេទ័ពនៅក្នុងសមរភូមិ
នោះទេ ដែលនេះគឺជាតួនាទីរបស់វណ្ណៈក្សត្រតែប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែរថា អស្វ័ត្ថាម័ន មានទំនាក់ទំនងនឹងរឿងមួយ
ដែលទាក់ទងនឹងការមកដល់នៃព្រាហ្មឈ្មោះកោណ្ឌញ្ញ
ដែលបានមករៀបអភិសេកជាមួយនឹងព្រះនាងសោមា
នៃទឹកដីនគរភ្នំ ដោយកោណ្ឌញ្ញ បានទទួលលំពែងមួយពី
បុត្ររបស់ទ្រោណ គឺ អស្វ័ត្ថាម័ន នេះឯង
ហើយបានចោលលំពែងនោះធ្លាក់មកដែនដីសុវណ្ណភូមិ
ទើបព្រះអង្គបានចេញដំណើរតាមសំពៅមកកាន់ទឹកដីមួយនេះ ។








EmoticonEmoticon