តើទម្រង់នៃការលេងឆៃយ៉ាំ មានប្រភពមកពីភូមា

តើទម្រង់នៃការលេងឆៃយ៉ាំ មានប្រភពមកពីភូមា?

ការលេងឆៃយ៉ាំ ពិតជាទទួលបាននូវការគាំទ្រ យកទៅចាត់សម្តែងនៅក្នុងពីធីបុណ្យផ្សេងៗជាច្រើន
នៅក្នុងប្រទេសកម្ពុជាយើង ដូចជាបុណ្យកឋិនទាន
បុណ្យបំបួសនាគ ឬក៏ប្រើសម្រាប់ការដង្ហែរក្នុងកិច្ចពិធី
សាសនាអ្វីមួយ ។ បើទោះបីជាឆៃយ៉ាំ ត្រូវបានប្រើ
យ៉ាងទូលំទូលាយនៅក្នុងចំណោមប្រជាជនខ្មែរនៅ
គ្រប់តំបន់ក៏ដោយ ក៏ទម្រង់សិល្បៈមួយនេះ
មិនសូវឃើញមានឯកសារច្រើននិយាយពាក់ព័ន្ធពីប្រភព ឬក៏វត្តមានរបស់ទម្រង់សិល្បៈនេះ ថាមានវត្តមាននៅក្នុង
សង្គមខ្មែរតាំងពីពេលណាមកដែរ ។

ប្រសិនបើយើងទៅមើលចម្លាក់នៅតាមរោងទងប្រាសាទ
អង្គរវត្ត នៅជ្រុងផ្នែកខាងកើត ស្លាបខាងជើង យើងនឹងឃើញនូវក្រុមអ្នកលេងភ្លេងមួយក្រុម ដែលមានទះស្គរវែងស្ពាយដោយខ្សែ មានការវាយគង និងមានការគោះឈឹងផងដែរ សូមជម្រាបផងដែរថា
ចម្លាក់ផ្នែកនេះ គឺត្រូវបានឆ្លាក់ឡើងនៅសម័យលង្វែក ដោយឆ្លាក់ទៅលើគំនូរដែលមានគូរមករួចហើយតាំងពី
សម័យអង្គរ ។ ប្រសិនបើយើងយកមកប្រៀបធៀប
ជាមួយទម្រង់ឆៃយ៉ាំគឺ មានលក្ខណៈស្រដៀងគ្នា
ដោយឆៃយ៉ាំ មានឧបករណ៍ ស្គរវែង គង ឆាប និងក្រាប់
តែស្គរក្នុងចម្លាក់អង្គរ ក៏ដូចជាចម្លាក់បាយ័នមានលក្ខណៈ
មូលទ្រវែង មិនមានរាងដូចជាស្គរឆៃយ៉ាំនោះទេ
តែយើងឃើញថាអ្នកកាន់ឈឹង មានរាំកាច់ក.កាច់ស្រង់
ប្រហាក់ប្រហែលនឹងទម្រង់ឆៃយ៉ាំដែរ ហើយទម្រង់សិល្បៈ
នៅអង្គរនោះ ប្រហែលជាប្រើសម្រាប់កំដរកងទ័ពនៅកំឡុងពេល
សម្រាកពីធ្វើសង្គ្រាម ឬក៏អាចថាប្រើសម្រាប់ហែរក្បួនទ័ព ។

ដោយឡែកប្រសិនបើយើងក្រឡេកទៅមើលប្រទេសជិតខាង
គឺថៃ ក៏គេមានទម្រង់សិល្បៈនេះដែរ ដោយស្គឆៃយ៉ាំ
ត្រូវបានគេហៅថា ក្លងយ៉ាវ គឺប្រែថាស្គរវែង
ថៃទទួលស្គាល់ថាទម្រង់សិល្បៈនេះមានប្រភពមកពីភូមា
នៅពេលមានសង្គ្រាមជាមួយភូមា ភូមាបានដុតក្រុង
អយុធ្យានៅសតវត្សទី ១៨ ហើយចាប់ជនជាតិថៃ
ជាច្រើនយកទៅធ្វើជាឈ្លើយសង្គ្រាម ជនជាតិថៃទាំងនោះ
បានឃើញជនជាតិភូមាលេងសិល្បៈទះស្គរវែងនោះ
ក៏យកលំនាំមកលេងតាម ព្រោះថាវាមានភាពងាយស្រួលលេង
មិនពិបាក ហើយក៏មានការបកស្រាយមួយទៀតថា ទម្រង់សិល្បៈនេះត្រូវបានចូលមកប្រទេសថៃពីជនជាតិ
ភូមាម្នាក់ ដែលចូលមកសម្តែងនៅក្នុងសម័យរាមាទី ៤
របស់ថៃ គឺប្រមាណចុងសម័យស្តេចអង្គដួង (ឌួង) ឬក៏ដើម
សម័យនរោត្តម ។ សូមបញ្ជាក់ដែរថានៅសម័យនោះខ្មែរយើង
នៅមានទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌ជាមួយគ្នាខ្លាំងនៅឡើង
គឺមុនការមកដល់របស់បារាំង ដែលជាហេតុធ្វើឲ្យខ្មែរ
អាចទទួលទម្រង់សិល្បៈឆៃយ៉ាំបន្តពីថៃ ដោយយើងសង្កេត
ឃើញថានៅក្នុងការពោលច្រៀងលេងឆៃយ៉ាំ គឺមានពាក្យថៃ
មួយចំនួននៅក្នុងនោះ ដូចជាពាក្យថា «ម៉ាឡេវវ៉ះ ម៉ាឡេវវើយ»
ដែលប្រែថា «មកហើយឬ មកហើយវើយ» ក៏ប៉ុន្តែសម្រាប់
ឈ្មោះថាឆៃយ៉ាំនេះ ខ្ញុំរកប្រភពមិនឃើញនោះទេ
ព្រោះភូមាហៅស្គរនេះថា ozi ឬ ou-zi ហើយក៏ហៅរបាំនេះថា
ozi ដែរ ឯថៃហៅរបាំនេះថា ថើតធើង ។ សម្រាប់ការ
បកស្រាយមួយចំនួនរបស់ភូមា បានបង្ហាញថាភូមាបាន
ទទួលស្គរនេះបន្តពីជនជាតិ សាន ដែលជាក្រុមជនជាតិធំមួយ
និយាយអំបូរភាសាថៃ នៅភាគខាងកើតភូមា ។

តាមទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថាសិល្បៈនេះគួរតែមានប្រភព
មកពីភូមាមែន ហើយយើងទទួលបន្តដោយឆ្លងពីថៃ
យើងមើលតែការសម្តែងសិល្បៈនេះរបស់ខ្មែរ
អ្នកសម្តែងនៅនិយមចងក្បាលដោយក្រណាត់ ឬក្រមា
ដោយមានលក្ខណៈដូចគ្នានឹងការតែងខ្លួនរបស់ជនជាតិភូមា
ហើយឧបករណ៍ឆាប ក៏មានការនិយមច្រើននៅក្នុង
ការប្រគំតន្ត្រីភូមា ផងដែរ ខណៈដែលឧបករណ៍នេះ
មិនសូវមានវត្តមានប៉ុន្មាននៅក្នុងការប្រគំតន្ត្រីរបស់ខ្មែរនោះទេ
មួយទៀតគឺការរាំកាច់ក.កាច់ស្រង់ ដែលជាលក្ខណៈ
ពិសេសមួយនៃការរាំរបស់ភូមា មានលក្ខណៈប្លែកខុសគ្នាពី
ការរាំរបស់ខ្មែរ និងថៃ ចំណែករូបរាង និងលក្ខណៈ
របស់ស្គរវិញ គឺដូចគ្នាតែម្តង ប្រសិនបើយើងអាចប្រៀបធៀប
សាច់ភ្លេងទៀត នោះប្រាកដជាអាចសន្និដ្ឋានបានច្បាស់
ជាងនេះ ។ ទោះជាយ៉ាងណា ទម្រង់សិល្បៈមួយនេះ
ត្រូវបានខ្មែរបញ្ចូលនូវលក្ខណៈខ្មែរ នឹងចំណង់ចំណូលចិត្ត
របស់ខ្មែរ ធ្វើឲ្យមានលក្ខណៈទីទៃពីថៃ និងភូមា មួយចំនួនធំ ។

យើងទាមទាឲ្យមានការសិក្សាបន្ថែមពីសំណាក់មន្ត្រីជំនាញ
ដើម្បីឲ្យយើងអាចដឹងពីប្រភពរបស់សិល្បៈដ៏មានប្រជាប្រិយភាព
មួយនេះ ។


EmoticonEmoticon