ពាក្យថា «អឺងអើយ» មានប្រភពមកពីណា?

ពាក្យថា «អឺងអើយ» អាចត្រូវបានថៃភូមិភាគកណ្តាល យកពីខ្មែរ ទៅប្រើនៅក្នុងការច្រៀងចម្រៀងបែបប្រពៃណីយ៍របស់ខ្លួន
ប្រសិនបើយើងស្តាប់ចំរៀងខ្មែរ មិនថាជាចំរៀងអារក្ស
ចំរៀងភ្លេងការ ចំរៀងមហោរី ឬចំរៀងបំពេរកូន របស់ខ្មែរ
យើងតែងតែឮពាក្យថា អឺងអើយ ដែលតាមពិតទៅពាក្យនេះ
ជាធម្មតាមិនមាននៅក្នុងសាច់កំណាព្យនោះទេ តែត្រូវបាន
គេបន្ថែមនៅក្នុងពេលច្រៀង ក៏ព្រោះតែភាសាខ្មែរជាភាសា
ដែលមិនមានលើកដាក់សម្លេងដូចចិន ថៃ វៀតណាម


ជាហេតុធ្វើឲ្យយើងតម្រូវថែមពាក្យថា អឺងអើយ ដើម្បីលើក
ពាក្យចុងវគ្គឲ្យខ្ពស់ ហើយទើបទម្លាក់ឆ្លងទៅ វគ្គបន្ទាប់
ដែលនេះចាត់ទុកជាបច្ចេកទេសមួយ ដែលដូនតាខ្មែរ
បានរកឃើញ និងបន្តច្រៀងមករាប់សិបជំនាន់មកហើយ
ទើបយើងឃើញការប្រើលក្ខណៈនេះ មានភាពទូលំទូលាយ
ណាស់ គឺមានស្ទើរតែគ្រប់ទម្រង់នៅក្នុងការច្រៀង ឬសូម្បី
តែការពោលល្ខោនខោល ឬល្ខោនព្រះរាជទ្រព្យជាដើម ។
ខ្ញុំពុំធ្លាប់បានស្តាប់ចម្រៀងរបស់អំបូរខ្មែរមន ផ្សេងទៀត
នោះទេ ខ្ញុំមិនដឹងថាពួកគេមានបច្ចេកទេសនេះដែរ ឬក៏
យ៉ាងណា ប៉ុន្តែសម្រាប់ជនជាតិខ្មែរ ទោះជាខ្មែរនៅលើ
ទឹកដីថៃ លើទឹកដីខ្មែរកម្ពុជាក្រោម គឺមានទម្រង់នៃការច្រៀង
បែបនេះដូចគ្នា ។

ដោយឡែកសម្រាប់ថៃ សូម្បីតែភាសារបស់គេក៏ស្ថិតនៅក្នុង
អំបូរភាសាដែលមានការលើកដាក់សម្លេងឡើងចុះ ឬភាសា
អង់គ្លេសហៅថា tonal language គឺដូចគ្នានឹងភាសាចិន
វៀតណាម ជាដើម ដូច្នេះជាធម្មតាភាសាទាំងនេះ មាន
សមត្ថភាពក្នុងការលើកសម្លេងដោយប្រើពាក្យមានសម្លេង
ខ្ពស់នៅចុងវគ្គ ដើម្បីលើកសម្លេងឲ្យខ្ពស់ សម្រាប់ភ្ជាប់ទៅ
វគ្គបន្ទាប់រួចស្រេចទៅហើយ គឺមិនបាច់ថែម អឺងអើយ ដូច
ភាសាខ្មែរក៏បានដែរ តែបែរជា ចម្រៀងថៃបែបប្រពៃណីយ៍
ដូចជាភ្លេងឆយ ភ្លេងរឿ ឬក៏ភ្លេងមហោរី របស់ថៃភាគកណ្តាល
ក៏មានវត្តមាននៃការប្រើពាក្យថា «អឺងអើយ» ដែរ ដោយឡែក
សម្រាប់ចំរៀងរបស់ជនជាតិថៃនៅភូមិភាគផ្សេងៗវិញ គឺ
មិនមានវត្តមាននៃការប្រើប្រាស់បច្ចេកទេសនេះនោះទេ
ដូចជានៅភាគខាងត្បូងថៃ មាន នោរ៉ា នៅភូមិភាគឥសានថៃ
មាន ហ្មឡាំ នៅខាងភូមិភាគខាងជើង មាន ស្លស.សឹង តែ
នៅក្នុងចំរៀងរបស់ទម្រង់សិល្បៈទាំងនោះ គឺមិនមានប្រើ
លក្ខណៈនេះនោះទេ ហើយថែមទាំងចំរៀងបុរាណថៃភាគ
កណ្តាលមួយចំនួន ក៏មិនមានប្រើបច្ចេកទេសនេះផងដែរ
គឺមិនដូចខ្មែរ ដែលមានប្រើ អឺងអើយ នេះ នៅក្នុងគ្រប់
ទម្រង់ចម្រៀងទាំងអស់ ។
សូមជំរាបផងដែរថា ថៃភូមិភាគកណ្តាលគឺមានភាពជិតស្និទ
នឹងខ្មែរខ្លាំងជាងគេ ទើបធ្វើឲ្យសិល្បៈអារ្យធម៌របស់ខ្មែរ និងថៃ
ភូមិភាគកណ្តាល មានលក្ខណៈរួមជាមួយគ្នាច្រើន ។
មួយទៀតលោកសាស្ត្រាចារ្យ វិចិត្រ វង្សទេព ជាអ្នកប្រវត្តិវិទូរ
ថៃ ក៏បានបង្ហាញថា ថៃភូមិភាគកណ្តាល និងភូមិភាគខាងត្បូង
មិនមែនជាពូជសុទ្ធនោះទេ គឺកើតឡើងពីការផ្សំចូលគ្នា នៃ
ជនជាតិខ្មែរ ឡាវ មន និងអំបូរខ្មែរមន នៅក្នុងតំបន់នេះ
គឺមានភស្តុតាងច្រើនណាស់ ជាពិសេសគឺនៅក្នុងភាសាថៃ
មាត្រដ្ឋានតែម្តង ដែលមានពាក្យពេចន៍មួយចំនួន គឺមិនដូចគ្នា
នឹងភាសាអំបូរតែមួយ មួយចំនួនទៀតនោះទេ តែគឺជាពាក្យ
មានប្រភពមកពីអំបូរភាសាខ្មែរមន ហើយសូម្បីតែពណ៌សំបុរ
របស់ថៃភាគកណ្តាល និងភាគខាងត្បូង ក៏មានពណ៌សំបុរ
មិនដូចអំបូររបស់ខ្លួនផ្សេងទៀតផងដែរ តែគឺមានពណ៌សំបុរ
ដូចគ្នានឹងជនជាតិម្ចាស់ស្រុកដើម គឺខ្មែរ និងមន ដែលមាន
សំបុរសណ្តែកបាយ មិនមែនសំបុរស.នោះទេ ។
ប្រសិនយើងអាចបកស្រាយឲ្យច្បាស់លាស់នូវបច្ចេកទេសនេះ
និងមានភស្តុតាងត្រឹមត្រូវជាងនេះ នោះនឹងបង្ហាញអំពីឥទ្ធិពល
របស់ខ្មែរកាន់តែខ្លាំង ទៅលើបណ្តាប្រទេសជិតខាង ដែលគេ
មិនអាចប្រកែកបាននោះទេ ។

https://soundcloud.com/the-voice-of-heritage-1/m6lntzfiddkz


EmoticonEmoticon