Lubbana ស្គររមនា ឬ ស្គរយីកេ

Lubbana ស្គររមនា ឬ ស្គរយីកេ

ស្គរអារ៉ាប់ឈ្មោះថា Lubbana បានហូរចូលមកដល់
អាស៊ីអាគ្នេយ៍ព្រមគ្នានឹងការមកដល់នៃសាសនា
ឥស្លាម ដែលត្រូវបាននាំមកដោយពួកមូស្លីម
នៅប្រហែលជាសតវត្សទី ១៤ ឬ ១៥ ដែលក្រុមជនជាតិ
ដែលបានទទួលវប្បធម៌សិល្បៈពីអារ៉ាប់ដំបូងគេនោះ
គឺពួក ជ្វា ម៉ាឡាយូ ក្រោយមកសិល្បៈនេះក៏បានផ្សព្វផ្សាយ
ចូលមកដល់ក្រុមអ្នកកាន់សាសនាឥស្លាមផ្សេងៗទៀត
ដែលរស់នៅតាមឈូងសមុទ្រថៃ ក៏ដូចជាជនជាតិ ចាម


នៅវៀតណាម កម្ពុជា ផងដែរ ទើបយើងឃើញមាន
ទម្រង់សិល្បៈនេះនៅក្នុងចំណោមជនជាតិចាម
នៅស្រុកខ្មែរ ។ សូម្បីតែជនជាតិចាមនៅថៃ ក៏នៅហៅ
ទម្រង់នៃការលេងសិល្បៈនេះថាយីកេ ដូចខ្មែរបេះបិទ ។

ការសិក្សាមិនបានដិតដល់របស់ខ្មែរមួយចំនួន បាន
ចាត់ទុកថាខ្មែរបានទទួលទម្រង់សិល្បៈនេះ ពីជ្វាម៉ាឡាយូ
តាំងតែពីសម័យជ័យវរ្ម័នទី ២ ដែលត្រូវទ័ពជ្វាចាប់ខ្លួន
ទៅ ហើយបានត្រឡប់មកវិញព្រមជាមួយនឹងទម្រង់សិល្បៈ
មួយនេះ ដែលជារឿងមួយមិនគួរឲ្យសមស្រពនឹងជឿទុកចិត្ត
នោះទេ ព្រោះថាព្រះបាទជ័យវរ្ម័នទី ២ ត្រឡប់មកពីជ្វាវិញ
នៅសតវត្សទី ៩ គឺនៅពេលដែលសាសនាឥស្លាម មិនទាន់
ចូលមកដល់តំបន់អាស៊ីអាគ្នេយ៍ផង ហើយពេលនោះ
ពួកជ្វាម៉ាឡាយូ ក៏នៅកាន់ព្រះពុទ្ធាសានា ឬព្រហ្មញ្ញសាសនា
ដូចខ្មែរដែរ ។

អ្នកសិក្សាទម្រង់យីកេខ្មែរមួយចំនួន ក៏យកទម្រង់យីកេខ្មែរ
ទៅប្រៀបធៀបជាមួយនឹងទម្រង់ លីកេ ដែលជាប្រភេទ
កាសំដែងល្ខោនរបស់ថៃសម័យថ្មីមួយ ហើយបានសន្និដ្ឋានថា
គឺពុំមានលក្ខណៈដូចគ្នានោះទេ ទោះបីជាមានឈ្មោះស្រដៀង
គ្នាយ៉ាងណាក៏ដោយ ដែលការប្រៀបធៀបនេះគឺជាការប៉ាន់ស្មាន
ដោយមិនបានសិក្សាឲ្យស៊ីជម្រៅ ព្រោះថា លីកេ របស់ថៃ
តាមដែលខ្ញុំបានអានប្រវត្តិដើមរបស់វា គឺមានប្រភពពីជ្វាដូចគ្នា
ដោយសារថៃធ្លាប់វាយទៅគ្រប់គ្រងលើក្រុមជនជាតិអំបូរ
ជ្វាម៉ាឡាយូនេះ ជាហេតុធ្វើឲ្យថៃបានទទួលវប្បធម៌នេះពី
ជ្វា ។ ការសម្តែងទម្រង់លីកេរបស់ថៃនេះ ពីមុនគឺមានតែ
ស្គររមនាតែប៉ុណ្ណោះ ហើយពាក្យថាស្គររមនានេះ គឺហៅក្លាយ
ពីពាក្យ Lubbana របស់អារ៉ាប់ ដែលមានន័យថា ការផ្សព្វផ្សាយ
សម្លេង នៅសម័យក្រោយមកគឺចាប់ផ្តើមមានការបញ្ចូលឧបករណ៍
រនាត និងឧបករណ៏ពិណពាទ្យផ្សេងៗទៀតចូលមកជំនួស រហូត
ធ្វើឲ្យបាត់ស្គររមនាពីវង់លីកេ ហើយការសម្តែងពីដំបូងៗ មនុស្ស
ស្រីក៏មានពាក់កញ្ចកវែងៗ ប្រហាក់ប្រហែលគ្នានឹងយីកេបុរាណ
របស់ខ្មែរផងដែរ ។

ក្រៅពីនេះ នៅថៃក៏នៅមានសិល្បៈសម្តែងឆ្លងឆ្លើយមួយទម្រង់
ទៀត ដែលគេហៅថា ឡាំតាត់ ลำตัด ដែលពីមុនឈ្មោះរបស់
ឡាំតាត់នេះគឺ យីកេឡាំតាត់ តែក្រោយមកត្រូវបានហៅខ្លីថា
ឡាំតាត់ ដែលទម្រង់នៃការសម្តែងឡាំតាត់នេះ គឺមានតែស្គរ
រមនាតែប៉ុណ្នោះ គឺមិនមានឧបករណ៍ផ្សេងទៀតនោះទ
ហើយខ្ញុំក៏សង្កេតឃើញថាទម្រង់នៃការសម្តែងឡាំតាត់នេះ
គឺមានលក្ខណៈស្រដៀងគ្នានឹងការសម្តែងយីកេ របស់ខ្មែរយើង
ច្រើនចំនុចណាស់ ។

ងាកមកមើលយីកេរបស់ខ្មែរយើងវិញម្តង យីកេទម្រង់បុរាណ
ភាគច្រើនយើងឃើញមានតែនៅក្នុងខេត្តភាគខាងត្បូងនៃប្រទេស
កម្ពុជាតែប៉ុណ្ណោះ មានដូចជាកំពត តាកែវ កណ្តាល កំពង់ចាម និង
ទឹកដីខ្មែរកម្ពុជាក្រោម មួយទៀតនៅក្នុងសាច់ចម្រៀង ក៏ដូចជា
សាច់ភ្លេង គឺនៅមានក្លិអារ្យធម៌អារ៉ាប់ ដោយចម្រៀងមួយ គឺទាក់ទង
នឹងពាក្យអារ៉ាប់ថា អាស់សាឡាមូ អាឡៃកុំ ដែលត្រូវខ្មែរច្រៀងក្លាយ
ទៅជាសម្លេងផ្សេង មានភ្លេងមួយចំនួនគឺមានលក្ខណៈដូចគ្នានឹង
ទម្រង់យីកេ របស់អ្នកកាន់សាសនាឥស្លាម នៅភូមិភាគកណ្តាល
របស់ប្រទេសថៃ ហើយនៅក្នុងបទហោមរោង ក៏នៅមានពាក្យ
ថៃមួយចំនួននៅក្នុងនោះដែរ ដូចជាពាក្យ ថា «ណងរ៉ាក់ ណងរ៉ៃ»
និងពាក្យថា «ម៉ាឡេវវ៉ះ ម៉ាឡេវវ៉ា» ជាដើម ។

តាមរយៈភស្តុតាងទាំងនេះ ខ្ញុំសូមសន្និដ្ឋានថា ទម្រង់ការសម្តែងយីកេ
បុរាណរបស់ខ្មែរ គឺមានប្រភពមកពីថៃភូមិភាកកណ្តាល ដោយទទួល
តាមពីប្រជាជន ទៅប្រជាជន មិនមែនតាមរយៈបញ្ញាវន្ត ឬក៏រាជសំណាក់
នោះទេ ជាហេតុធ្វើឲ្យសិល្បៈទម្រង់នេះ នៅរក្សាបានប្រភពដើម
នៃភូមិភាគកណ្តាលរបស់ថៃបានតិចតួច ហើយវត្តមាននៃភាសា
អារ៉ាប់ ឬថៃ នៅក្នុងសាច់ចំរៀង ក៏ពិបាកនឹងយល់ផងដែរ ។ នេះ
គ្រាន់តែជាការសិក្សាស្វែងយល់ និងសន្និដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះ
មិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះទេ ដែលទាមទាឲ្យមាន
ការសិក្សាពីសំណាក់អ្នកជំនាញដើម្បីឲ្យយើងដឹងឬសគល់នៃ
ទម្រង់សិល្បៈយីកេឲ្យបានច្បាស់ ។


EmoticonEmoticon