ការឧទ្ទិសបូជាចំពោះសាសនា

ការឧទ្ទិសបូជាចំពោះសាសនា

ឧទាហរណ៍ដ៏សំខាន់នៃការឧទ្ទិសបូជាសម្រាប់
ព្រះពុទ្ធសាសនាខ្មែរ នៅសម័យកណ្តាល គឺស្ថិតនៅ
ថែវព្រះពាន់ ឬក៏ថែវកាកបាទ នៅប្រាសាទអង្គរវត្ត ។
នៅសតវត្សទី ១៦ បន្ទាប់ពី ព្រះបាទអង្គចន្ទរាជា
ឬបរមរាជាទី ១ បានវាយឈ្នះទ័ពរបស់ស្តេច កន
ព្រះអង្គបានសាងបន្ទាយលង្វែក ពន្ទាប់ពីនោះ
ព្រះអង្គបានយាងទៅតំបន់អង្គរ ដើម្បីត្រួសត្រាយព្រៃ

ដែលដុះនៅលើប្រាសាទ ប្រសិនបើយើងគិតពីពេលដែល
ព្រះបាទពញាយ៉ាត (ញាតិ) បោះបង់ក្រុងអង្គរ
នៅប្រមាណឆ្នាំ ១៤៣១ រហូតដល់ពេលដែល
ព្រះបាទចន្ទរាជា យាងទៅត្រួសត្រាយព្រៃនៅតំបន់អង្គរ
និងបង្ហើយចម្លាក់នៅប្រាសាទអង្គរវត្ត យើងឃើញ
ថាមានពេលវេលាប្រហែលតែ ១០០ឆ្នាំ ប៉ុណ្ណោះ
ទោះយ៉ាងណាក៏តំបន់អង្គរ ក៏មិនត្រូវបានបោះបង់ចោល
ទាំងស្រុងដែរ គឺនៅតែមានប្រជាជនរស់នៅរហូតមក ។

ប្រហែលជាការមកដល់របស់ព្រះបាទចន្ទរាជានេះហើយ
ទើបធ្វើឲ្យតំបន់អង្គរក្លាយជាបូជនីយដ្ឋានដ៏សំខាន់សម្រាប់
ព្រះពុទ្ធសាសនា និងមានរហូតដល់ការសាងវត្តបែប
ព្រះពុទ្ធសាសនាថេរវាទ នៅក្នុងបរិវេណ អង្គរវត្ត
ក៏ដូចជាបរិវេណជុំវិញ ។ ចាប់តាំងពីពេលនោះមក
ប្រាសាទអង្គរវត្ត បានក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា
សម្រាប់ការធម្មយាត្រាព្រះពុទ្ធសាសនា មកពីគ្រប់ទិសទី
ទាំងបណ្តាប្រទេសជិតខាង ក៏ដូចជាបណ្តាប្រទេស
អាស៊ីខាងកើត ។ តាមរយៈផែនទីវត្តមួយនៅជប៉ុន គូរឡើងនៅ
សតវត្សទី ១៨ ដែលគូរតាមផែនទីដើមគូរនៅសតវត្សទី ១៧
បានបង្ហាញនូវរូបវត្តជេតពន ជាវត្តមួយដែលព្រះសម្មាសម្ពុទ្ធ
ចាំព្រះវស្សាបានយូរជាងគេ តែផែនទីនោះបានរៀបរាប់ព័ត៌មាន
មួយថាវត្តនោះមានស្ពាននាគឆ្លងទៅកាន់ទីប្រាសាទ និងមាន
រូបយក្ស និងទេវតា ទាញនាគ ដែលនេះគឺជាចម្លាក់
នៅរោងទងខាងលិចនៃប្រាសាទអង្គរវត្ត ដែលជនជាតិជប៉ុន
ដែលបានធ្វើធម្មយាត្រា មកដល់ប្រាសាទអង្គរវត្តនៅ
សម័យនោះ យល់ច្រឡំប្រាសាទនេះទៅនឹងវត្តជេតពន
នៅឥណ្ឌា ដោយសារតែនៅសម័យនោះ ប្រហែលជាអង្គរវត្ត
ត្រូវបានកុះករទៅដោយអ្នកធ្វើធម្មយាត្រាព្រះពុទ្ធសាសនា
មកពីតំបន់ផ្សេងៗជាច្រើន ជាហេតុធ្វើឲ្យអ្នកដំណើរជប៉ុន
យល់ច្រឡំ ។

នៅលើថែវកាកបាទ ឬក៏ថែវព្រះពាន់ នៃប្រាសាទអង្គរវត្ត
ក៏នៅមានសិលាចារិកជាភាសាខ្មែរ អក្សរភូមា អក្សរខ្មែរ
តែសរសេរជាភាសាថៃ និងអក្សរចិន ដែលនេះបង្ហាញអំពី
ការមកដល់នៃអ្នកធម្មយាត្រាពីបណ្តាប្រទេសជិតខាង
ក៏ដូចជាប្រជាជនខ្មែរមកពីគ្រប់ទិសទី ជាពិសេសគឺសែរាជវង្សតែម្តង ។

សិលាចារឹកទាំងនោះ បង្ហាញពីការនាំមកនូវវត្ថុសក្ការៈជាច្រើន
យកមកបូជាចំពោះព្រះពុទ្ធសាសនា នៅព្រះវិស្ណុលោក
មានដូចជា ពុទ្ធរូប ថ្ម ឈើ មាស ប្រាក់ ទង់ដែង ឬក៏ជាពុទ្ធបាទ
និងវត្ថុមង្គលផ្សេងៗជាដើម ហើយក៏រួមមានការជួសជុល
ព្រះពុទ្ធរូបបាក់បែកជាដើម ដែលអ្នកធ្វើការបូជាទាំងនោះ
ចាត់ទុកថា ការនាំមកនូវវត្ថុសក្ការៈមកឧទ្ទិសបូជា
ក៏ដូចជាការជួសជុលពុទ្ធរូបទាំងអស់នោះ គឺជាបុណ្យកុសល
ដ៏ប្រសើរមួយ ហើយក៏មានការដាក់បណ្តាសារឲ្យធ្លាក់ទៅ
នរកអវចីយ ចំពោះអ្នកទាំងឡាយណា ដែលបានបំផ្លាញ
ក៏ដូចជាលួចវត្ថុសក្ការៈទាំងអស់នោះ ។

វត្ថុមង្គលជាទីសក្ការៈដែលគេយកមកធ្វើការឧទ្ទិសបូជាភាគច្រើន
គឺកើតឡើងដោយចិត្តសទ្ធាចំពោះព្រះសាសនា
ដែលនៅក្នុងជំនឿសាសនាផ្សេងៗក៏មានដែរ
លើកលែងតែសាសនាដែលមិនមានជំនឿនៅលើទេវរូប
គេនិយមបូជានូវវត្ថុទាំងឡាយណាដែលប្រណីត ជាទីបំផុត
ទៅតាមសមត្ថភាពរបស់អ្នកដែលធ្វើការបូជា ។
អ្នកដែលធ្វើការបូជាទាំងអស់នោះ មានតាំងពីព្រះមហាក្សត្រ
ខ្សែរាជវង្ស មន្ត្រីរាជការ អ្នកជំនួញ អ្នកស្មូនរូប ឬក៏ប្រជាជន
ធម្មតា ឬក៏អាចជាជនបរទេសជាដើម ។

តាមរយៈការបង្ហាញពីខាងលើនេះយើងឃើញថា វត្ថុសក្ការៈបូជា
ឬក៏ប្រាសាទបុរាណទាំងឡាយជាដើម គឺកើតចេញពីចិត្តសទ្ធា
ដ៏ជ្រះថ្លារបស់សាសនិកនៃសាសនានីមួយៗ ថ្មមួយដុំៗ
ដែលយកមកសាងប្រាសាទទាំងឡាយ គឺកើតចេញពីចិត្តសទ្ធា
ដោយមិនអាចកាត់ថ្លៃបាន អ្នកដែលមើលថែវត្ថុទាំងនោះ
ក៏នឹងទទួលបានតែសេចក្តីសុខ សេចក្តីប្រសើរ
ដោយឡែកអ្នកដែលលួច ឬក៏បំផ្លាញវត្ថុសក្ការៈទាំងនោះ
ក៏នឹងជួបតែសេចក្តីវិនាសអន្តរាយ ។




EmoticonEmoticon