ស្តេចចក្រពត្តិ អាឡិចសង់ និង ស្បង់ចីពរនៅក្នុងព្រះពុទ្ធសាសនា

ស្តេចចក្រពត្តិ អាឡិចសង់ និង ស្បង់ចីពរនៅក្នុងព្រះពុទ្ធសាសនា

នៅពេលអាឡិចសង់នៅជំទង់ ព្រះអង្គបានចាប់សេះខ្មៅ
ដ៏រឹងរូសមួយរបស់បិតាទ្រង់ ឈ្មោះថា បូសេហ្វាឡាស់
សេះនោះមិនមានអ្នកណាអាចបង្ក្រាបបាននោះទេ
ដោយហេតុនេះហើយស្តេចហ្វីលីបទី ២ ជាបិតារបស់
អាឡិចសង់ បានមានបន្ទូលថា «ទឹកដីម៉េសេដូនៀនេះ
វាតូចពេកហើយសម្រាប់ឯង» ។
ក្រោយព្រះបិតារបស់
ព្រះអង្គត្រូវបានគេសម្លាប់ ពួកមេទ័ពបានលើកព្រះអង្គ
ឡើងសោយរាជ្យ ។ តាមរយៈការអប់រំរបស់អ្នកប្រាជ្ញក្រិច
គឺអារីស្តូត ដោយបានពន្យល់ថា ផែនដី គ្រាន់តែជា
ភពមួយក្នុងចំណោម បណ្តាភពជាច្រើននៅក្នុងចក្រវាល
អាឡិចសង់បាននិយាយថា ផែនដីគ្រាន់តែជាភពមួយ
ហើយយើងមិនទាន់អាចគ្រប់គ្រងវាបានទាំងមូលផងហ្នឹ៎ង
ជាហេតុធ្វើឲ្យព្រះអង្គមានមហិច្ឆតាវាយដណ្តើមគ្រប់គ្រង
ពិភពលោកទាំងមូល ។

អាឡិចសង់បាននាំទ័ពលុកលុយ បីទ្វីប ដោយចាប់ផ្តើម
ពីការវាយនគររដ្ឋតូចៗទាំងឡាយរបស់ក្រិចបញ្ចូលគ្នា
ហើយក៏ចាប់ផ្តើមវាយចូលអេស៊ីប ពែក្ស (អ៊ីរ៉ង់)
និងភាគខាងជើងឥណ្ឌា ជាកន្លែងដែលកងទ័ពស្លាប់
ច្រើនជាងគេ ក៏ព្រោះតែទ័ពក្រិចមិនធ្លាប់ប្រឈមមុខ
នឹងកងទ័ពដំរី មុនដំបូងទ័ពអាឡិចសង់បានវាយដណ្តើម
នគរគន្ធារៈ (សព្វថ្ងៃក្លាយជាផ្នែកមួយរបស់ប៉ាគីស្ថាន)
ក្រោយមកក៏បានលើកទ័ពទៅវាយ នគរបញ្ចាល
គឺវាយទីក្រុងតក្កសិលា ដឹកនាំដោយស្តេចបៅរវៈ
ដែលជាប់ខ្សែស្រឡាយនឹងសោមវង្ស នៃនគរហស្តិនបុរៈ
នៃរឿងមហាភារតៈ ។ សមរភូមិនេះគឺជាសមរភូមិ
ដែលធ្វើឲ្យទ័ពក្រិចបាក់ទឹកចិត្តជាងគេ
ព្រោះមហិច្ឆតារបស់អាឡិចសង់ នឹងនាំពួកគេ
ដែលបែកចេញពីស្រុកកំណើតអស់ជាង ១០ឆ្នាំហើយនោះ
ឲ្យបន្តប្រឈមនឹងកងទ័ពនៃបណ្តាប្រទេសផ្សេងទៀត ។

ពេលទ័ពអាឡិចសង់ចាប់បានស្តេចបៅរវៈ ព្រះអង្គបានសួរ
ទៅស្តេចបៅរវៈថា «តើព្រះអង្គចង់ឲ្យយើងប្រតិបត្តិ
យ៉ាងណាចំពោះព្រះអង្គ ?» ស្តេចបៅរវៈបានតបថា
«យើងត្រូវការឲ្យប្រតិបត្តិចំពោះយើងក្នុងឋានៈជាក្សត្រ»
អាឡិចសង់មិនបានខឹងក្រោធនឹងស្តេចបៅរវៈនោះទេ
ហើយទ្រង់ថែមទាំងសួរថា «តើព្រះអង្គមានត្រូវការ
អ្វីទៀតនោះទេ ?» ស្តេចបៅរវៈតបថា «ពាក្យថា«ក្សត្រ»
នេះ គឺវាក្តោបទៅលើអ្វីដែលយើងចង់បានទាំងអស់នោះ
ហើយ» ។ ដោយសារទឹកចិត្តក្លាហានរបស់ស្តេចបៅរវៈ
ដែលគោរពគោរមងារ និងកិត្តិយសរបស់ខ្លួនជាខត្តិយវង្ស
ហើយដោយសារអាឡិចសង់ចូលចិត្តមនុស្សក្លាហានផងនោះ
ព្រះអង្គយល់ព្រមប្រគល់នគរឲ្យស្តេចបៅរវៈវិញ និងរក្សា
រាជបល្ល័ង្កទុកជូនព្រះអង្គវិញ ដោយគ្រាន់តែដែនបញ្ចាល
បានក្លាយជានគរចំណុះរបស់ចក្រភពដែលអាឡិចសង់
បានលុកលុយ ។

តាមរយៈទឹកព្រះទ័យរបស់ស្តេចអាឡិចសង់នេះ យើង
ឃើញថា ចក្រភពពីបុរាណ ភាគច្រើនមិនមែនជាការលុកលុយ
ដើម្បីដណ្តើមទឹកដីយកមកគ្រប់គ្រងនោះទេ តែជាការបង្ហាញ
អំពីអំណាច និងជាការផ្សព្វផ្សាយអារ្យធម៌របស់ខ្លួនតែប៉ុណ្ណោះ
ដូចគ្នានឹងចក្រភពអង្គរ ការវាយលុកពង្រីកទឹកដីរបស់ស្តេចខ្មែរ
គឺធ្វើឡើងដើម្បីបង្ហាញអំពីអំណាចរបស់ចក្រភពអង្គរ
ហើយក៏ជាការផ្សព្វផ្សាយអារ្យធម៌ខ្មែរ ទៅឲ្យបណ្តាជនជាតិ
ផ្សេងៗ ដែលមិនទាន់មានអារ្យធម៌រុងរោចន៍នៅឡើយ ។

ការមកដល់របស់ទ័ពក្រិច ក៏បាននាំមកជាមួយនូវអារ្យធម៌
របស់ក្រិចចូលមកដល់ទឹកដីគន្ធារៈនៃជម្ពូរទ្វីប ជាហេតុធ្វើឲ្យមានការបង្កើតនូវស្នាដៃសិល្បៈចម្លាក់បែប
ព្រះពុទ្ធសាសនា ក្នុងទម្រង់សិល្បៈក្រិចជាច្រើន ដែលកើតឡើង
ដំបូងនៅគន្ធារៈនេះឯង ដែលជាសាលាសិល្បៈដំបូង
ព្រោះថាកាលពីសម័យមុនការឆ្លាក់រូបសំណាកមិនសូវមាន
នោះទេនៅលើទឹកដីឥណ្ឌា អាចបណ្តាលមកពីការហាមប្រាម
មិនឲ្យគោរពរូបសំណាកដូចនៅក្នុងសាសនាឥស្លាមសព្វថ្ងៃ
នេះដែរ ។ មានការសិក្សាមួយចំនួនបានសន្និដ្ឋានថា
ការស្លៀកស្បង់របស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា
គឺទទួលបានឥទ្ធិពលពីការស្លៀកពាក់របស់ក្រិចបុរាណ
តែតាមគម្ពីរព្រះពុទ្ធសាសនា បាននិយាយថា ការស្លៀកស្បង់
គឺត្រូវបានរចនាឡើងដោយព្រះអានន្ទ ដោយព្រះអង្គធ្វើឲ្យ
ព្រះសង្ឃអាចគ្រងស្បង់ចីវរដណ្តប់ខ្លួនទាំងមូលបាន ដោយ
ក្រណាត់តែមួយផ្ទាំង តែទោះជាយ៉ាងណាយើងឃើញថាស្បង់
របស់លោកសង្ឃផ្នែកមហានិកាយ ដែលបំបែកចេញកាលពី
១០០ ឆ្នាំ ក្រោយការចូលបរិនិព្វានរបស់ព្រះពុទ្ធ
គឺខុសគ្នាពីការគ្រងចីវររបស់ព្រះសង្ឃថេរវាទ ឬហីនយាន
ដែលអាចមកពីមហាយានបានបំបែកចេញ មុននឹងក្រិច
វាយលុកចូលមក ហើយបានរក្សាសម្លៀកបំពាក់បែបដើម
របស់ខ្លួន ។ ទោះជាយ៉ាងណាក៏ការគ្រងស្បង់ចីវររបស់
ព្រះសង្ឃមើលទៅស្រដៀងនឹងរូបសំណាករបស់សិល្បៈ
មូហេនចារ៉ូ នៅជ្រលងទន្លេសិន្ធុ ដែលមានការពាក់
ឈៀងចីវរដែរ ។ ដូច្នេះយើងទាមទារការសិក្សាបន្ថែមទៀត
សម្រាប់រឿងនេះ ទោះជាវាមិនសំខាន់ តែក៏អាចបង្ហាញ
អំពីឥទ្ធិពលរបស់លោកខាងលិច មកកាន់លោកខាងកើត
តាំងតែជាង ២០០០ ឆ្នាំមុន ។





EmoticonEmoticon