បរាជ័យ និង សុបិន្តរបស់ក្រុងមារ

បរាជ័យ និង សុបិន្តរបស់ក្រុងមារ
នៅក្នុងសុបិន្តរបស់ក្រុងមារ វាបានយល់សប្តិឃើញថា ព្រះសម្មាសម្ពុទ្ធដែលនឹងត្រាស់នៅក្នុងពេលខាងមុខ នឹងបង្រៀនមនុស្សឲ្យប្រពឹត្តដោយធម៌ ជៀសវៀងនូវអកុសលកម្មទាំងឡាយ ការប្រដៅរបស់ព្រះអង្គនឹងធ្វើឲ្យស្ថានទេវលោកទៅជាកន្លែងអ៊ូអរ ចំណែកឯស្ថាននរក នឹងក្លាយជាកន្លែងស្ងាត់ជ្រងំ ហើយក្រុងមារខ្លួនឯងនឹងបាត់បង់កូនចៅក្រោមបង្គាប់ ពីព្រោះនឹងមិនមានបុគ្គលពាល អាក្រក់យង់ឃ្នងទៀតនោះទេ ។

បន្ទាប់ពីតើនពីព្រះបន្ទំ ក្រុងមារក៏បានពិភាក្សាជាមួយសេនាអាមាត្យ និងរាជបុត្ររបស់វា រៀបចំគម្រោងទៅបង្អាក់បង្ខានព្រះពោធិសត្វដែលកំពុងតាំងដោយធម៌ ដើម្បីឈានទៅដល់ការត្រាស់ដឹង ។ ក្រុងមារបានបញ្ជូនកូនស្រីរបស់ខ្លួនបីនាក់ទៅ បង្វែរអារម្មណ៍របស់ព្រះសទ្ធត្ថ ឲ្យលះបង់ការព្យាយាម នាងតណ្ហា នាងរាគៈ និងនាងអារតី ពួកនាងបានទៅរាំកាច់រាងមុខព្រះពោធិសត្វ បង្អុចភាពស្រើបស្រាល បង្ហាញរាងកាយដ៏ទាក់ទាញរបស់នាង តែខ្យល់ដ៏ត្រជាក់បានធ្លាក់មកតម្រូវឲ្យពួកនាងពាក់សម្លៀកបំពាក់ឡើងវិញ ។
បរាជ័យលើកទីមួយមិនបានធ្វើឲ្យក្រុងមារបោះបង់ការប៉ុនប៉ងបង្អាក់សមាធិរបស់ព្រះសទ្ធត្ថនោះទេ តែក្រុងមារបានប្រើវិធីក្តៅតែម្តង ដោយលើកកងទ័ពពលយោធារបស់ខ្លួនទៅចោទប្រកាន់ព្រះពោធិសត្វថាបានដណ្តើមយកបល្ល័ង្កពេជ្ររបស់ខ្លួន ។ ព្រះពោធិសត្វបានសម្តែងថា បល្ល័ង្កនេះគឺកើតចេញអំពីទសបារមីដែលព្រះអង្គសាងមក ហើយវាមិនមែនជារបស់ក្រុងមារនោះទេ ហើយព្រះអង្គបានសុំឲ្យនាងគង្ហីងព្រះធរណី មកធ្វើជាកសិនសាក្សីនៅក្នុងរឿងនេះ ។ នាងគង្ហីងព្យាយាមហាម តែក្រុងមារអសុរា មិនព្រមស្តាប់ បែរជាកាន់តែរន្ថើនចិត្ត ប្រើឲ្យកងទ័ពរបស់ខ្លួនវាយលុក គ្រាប់ព្រួញលំពែងរបស់ពួកយក្ស បានប្រែក្លាយជាផ្កាធ្លាក់មកប្រោះព្រំលើព្រះពោធិសត្វ នាងគង្ហីងបានបណ្តាលឲ្យមានទឹកជំនន់ជន់លិចទ័ពរបស់ពពួកយក្ស សត្វកាចសាហាវ មានឆ្លាម ក្រពើជាដើម បានចេញមកចាប់ខាំហែកស៊ីពពួកយក្ស សូម្បីតែដំរីរបស់ក្រុងមារ ដែលជាអតីតដំរីគជេន្ទ្ររបស់ព្រះវេស្សន្តរ អតីតជាតិរបស់ព្រះសទ្ធត្ថ ក៏លុតជង្គង់មិនហ៊ានប៉ះពាល់ព្រះតថាគតដែរ ។
ជាចុងក្រោយក្រុងមារខ្លួនឯងក៏ព្រមចុះចាញ់ដោយធម៌ បោះបង់នូវការតស៊ូរបស់ខ្លួន ហើយព្រះនាងគង្ហីងព្រះធរណី ក៏បានស្រូបទឹកដោយសក់របស់ព្រះនាង នៅថ្ងៃបន្ទាប់ព្រះពុទ្ធអង្គ ក៏បានត្រាស់ដឹង ក្នុងជន្មាយុ ៣៥ព្រះវស្សា ។
រូបទី ១ ជាចម្លាក់ហោជាងនៅប្រាសាទនគរបាជ័យ និងរូបទី ២ ជាគំនូរនៅលើជញ្ចាំងសាលាដែលសង់គ្របពីលើផ្នែកខ្លះនៃប្រាសាទនគរបាជ័យប្រាង្គកណ្តាល ។


EmoticonEmoticon