ព្រះបាទជ័យវរ្ម័នទី ៤
ព្រះបាទជ័យវរ្ម័នទី ៤ 
ត្រូវជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័ន 
នៅពេលដែលបុត្ររបស់ព្រះបាទយសោវរ្ម័នឡើងសាយរាជ្យ 
ព្រះអង្គបានភៀសព្រះកាយទៅសាងទីក្រុងមួយនៅកោះកេរ នៅឆ្នាំ ៩២១ 
រហូតដល់បុត្រាពីរអង្គរបស់ព្រះបាទយសោវរ្ម័ន សោយរាជ្យនៅយសោធរបុរៈសោយទីវង្គត 
ទើបព្រះបាទជ័យវរ្ម័នទី ៤ ប្រកាសខ្លួនព្រះអង្គជាព្រះមហាក្សត្រ 
ដោយមានរាជធានីនៅកោះកេរ ដោយបានកសាងប្រាសាទជាច្រើន និងរួមមានរហាល 
ដែលជាបារាយណ៍ទឹកដ៏ធំមួយផងដែរ ។ អ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរ 
ចាត់ទុកព្រះអង្គជាស្តេចជ្រែករាជ្យ តែមានការសិក្សាថ្មីៗទៀត 
បង្ហាញថាព្រះអង្គពិតជាជាប់ខ្សែស្រឡាយរាជវង្ស 
ហើយមានសិទ្ធិឡើងសោយរាជ្យដោយស្របច្បាប់ ។ 
ប្រហែលជារូបភាពរបស់ព្រះអង្គក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរក្នុងសម័យអង្គរ 
ក៏មិនខុសអ្វីពីអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរសម័យបច្ចុប្បន្ននេះផងដែរ 
គឺថាព្រះអង្គជាក្សត្រជ្រែករាជ្យ ដោយសារមូលហេតុនេះហើយ 
ដើម្បីបង្ហាញអំពីភាពស្របច្បាប់ 
និងត្រឹមត្រូវក្នុងការឡើងសោយរាជ្យរបស់ព្រះអង្គ ព្រះអង្គបានសាងរូបសំណាក 
ចំបាប់ពាលី និងសុគ្រីព នៅប្រាសាទចិន ក្នុងតំបន់កោះកេរ 
ឈុតនេះបង្ហាញថាសុគ្រីពជាតួអង្គត្រឹមត្រូវ តែត្រូវបានបងប្រុសបង្កើត 
ដែលជាស្តេចនគរខាស់ខិន បណ្តេញចេញពីនគរទាំងអាម៉ាស ឲ្យទៅរស់នៅក្នុងព្រៃ 
បណ្តាលមកពីសុគ្រីពយល់ច្រឡំបំបិទរូងភ្នំ នៅពេលដែលពាលីវាយឈ្នះទូភី ។ 
ដោយសារភាពត្រឹមត្រូវរបស់សុគ្រីព ព្រះរាម 
ដែលជាអវតារបស់ព្រះវិស្ណុបានចេញមុខជួយបាញ់សម្លាប់ពាលីចោល 
ហើយលើកសុគ្រីពឲ្យឡើងជាស្តេចនគរខាស់ខិន ។ 
ដូចគ្នានេះដែរ 
រូបសំណាកជាក្រុមដ៏ប្រណីតមួយទៀត ដែលត្រូវបានតម្កល់នៅប្រាសាទកោះកេរនេះដែរ 
គឺឈុតចំបាប់ទុរយោធន៍ និងភីម 
ដែលរូបសំណាកទាំងនេះត្រូវបានឈ្មួញទុច្ចរិតលួចយកទៅលក់នៅបរទេស 
នៅក្នុងពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងភ្លើងសង្គ្រាម 
ហើយទើបតែត្រឡប់ចូលមកប្រទេសកម្ពុជាវិញក្នុងប៉ុន្មានឆ្នាំថ្មីៗ 
ឆ្លងកាត់រឿងរ៉ាវក្តីក្តាំមួយចំនួន ។ ឈុតចំបាប់ទុរយោធន៍ និងភីមនេះ 
បង្ហាញពីតួអង្គទុយោធន៍ ត្រកូលកុរវៈ ដែលឈ្នានីស នឹងត្រកូលបណ្ឌវៈ 
ត្រូវជាបងប្អូនជីទួតមួយ ទុរយោធន៍ ព្យាយាមចងកម្មចងពារព្យាធិ 
នឹងត្រកូលបណ្ឌវៈជាច្រើនលើកច្រើនសារ មានទាំងដុតដំណាក់ក្រមួនសម្លាប់ 
លេងបាស្កា ភ្នាល់នគរ និងនិរទេសបណ្តេញពួកបណ្ឌវៈចេញពីនគរឲ្យទៅនៅក្នុងព្រៃ 
នៅពេលពួកបណ្ឌវៈត្រឡប់មកវិញ សូមដីតែប្រាំភូមិ ក៏ទុរយោធន៍មិនព្រម 
ឈានទៅដល់សង្គ្រាមរវាងបងប្អូនឯងរយៈពេល ១៨ថ្ងៃ 
ដែលបានសម្លាប់ខ្សែស្រឡាយនគរកុរុអស់យ៉ាងច្រើន 
ត្រកូលបណ្ឌវៈបានជំនួយពីព្រះក្រឹស្ណៈដែលជាអវតាព្រះវិស្ណុ 
រហូតដល់មានជ័យជំនះលើត្រកូលកុរវៈ ហើយទុរយោធន៍ខ្លួនឯងបានរត់ទៅពួននៅបាតស្រះ 
រហូតដល់ពួកបណ្ឌវៈហៅមកប្រកួតមួយទល់នឹងមួយជាមួយនឹងភីម 
ព្រះក្រឹស្ណៈបានប្រាប់ឲ្យភីមកាប់ភ្លៅរបស់ទុរយោធន៍ ទើបទុរយោធន៍ស្លាប់ ។ 
បន្ទាប់ពីទទួលបានជោគជ័យទាំងស្រុងលើពួកកុរវៈ 
ត្រកូលបណ្ឌវៈក៏បានឡើងជាក្សត្រគ្រប់គ្រងនគរកុរុបន្តពីបុព្វបុរស 
ដោយមានយុទ្ធិស្ធិរៈជាកូនច្បងគេនៃត្រកូលបណ្ឌវៈ ជាព្រះមហាក្សត្រ ។ 
ព្រះបាទជ័យវរ្ម័នទី ៤ 
ប្រហែលជាយកខ្លួនព្រះអង្គទៅប្រៀបធៀបនឹងត្រកូលបណ្ឌវៈនេះហើយ 
ដែលមានសិទ្ធិស្របច្បាប់ក្នុងការឡើងសោយរាជ្យនៅលើចក្រភពអង្គរ ។ 
តាមរយៈការបង្ហាញខាងលើ យើងសង្កេតឃើញថា ព្រះបាទជ័យវរ្ម័នទី ៤ 
ព្យាយាមបង្ហាញពីភាពត្រឹមត្រូវ 
ក្នុងការសោយរាជ្យរបស់ព្រះអង្គតាមរយៈរូបភាពនៃការប្រៀបធៀបខ្លួនព្រះអង្គទៅនឹងតួអង្គសុគ្រីព
 នៅក្នុងរឿងរាមកេរ្តិ៍ និងត្រកូលបណ្ឌវៈ នៅក្នុងរឿងមហាភារតៈយុទ្ធ 
ដែលសុទ្ធសឹងជាមហាកាព្យដ៏មានប្រជាប្រិយភាពក្នុងសង្គមខ្មែរសម័យមហានគរ ។



EmoticonEmoticon