វត្តមាននៃការនិយមនាគមានជើងតាមបែបចិនក្នុងចម្លាក់ខ្មែរ

វត្តមាននៃការនិយមនាគមានជើងតាមបែបចិនក្នុងចម្លាក់ខ្មែរ
ខ្ញុំធ្លាប់អានអត្ថបទមួយរបស់លោកមីសែលត្រាណេ បានរៀបរាប់ថា នៅក្នុងរចនាប័ទ្មបាពួន ក៏នៅក្នុងរាជព្រះបាទសុរិយវរ្ម័នទី ១
និងបុត្ររបស់ព្រះអង្គ គឺ ព្រះបាទឧទយាទិត្យវរ្ម័ន ទី ២
គេឃើញមានវត្តមាននៃការនិយមដាប់ឆ្លាក់រូបនាគតាមបែបចិន
ដោយធ្វើឲ្យមានជើងបួន ហើយភាគច្រើនគឺគេឆ្លាក់រូបនាគ អនន្តៈ
សេសៈ ដែលជាអសនៈរបស់ព្រះនរាយណ៍ ពេលព្រះអង្គផ្ទំ


នៅលើមហាសមុទ្រ (សូមជម្រាបណា ពាក្យថានរាយណ៍នេះ
បានន័យថាព្រះព្រហ្មដែលបណ្តែតខ្លួនលើទឹក) ។ លោកបានបង្ហាញពីរូបចម្លាក់ផ្តែរនៅប្រាសាទភ្នំរូង នៅខេត្តបុរីរម្យ
ប្រទេសថៃ និងប្រាសាទភ្នំដា នៅខេត្តតាកែវ ។ សម្រាប់រចនាប័ទ្ម
មុនបាពួន យើងមិនធ្លាប់ជួបប្រទះទម្រង់បែបនេះនោះទេ
តែនៅរចនាប័ទ្មសម័យក្រោយៗក៏មានការចម្លងយកគំរូនេះ
ទៅប្រើផងដែរ ដូចជានៅក្នុងរចនាប័ទ្មអង្គរវត្ត គឺឃើញមាននៅ
ប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជាថ្មគោលមួយក្នុងរចនាប័ទ្មបាយ័ន
ដាក់តាំងនៅសារមន្ទីហ្គីម៉េ នៅក្រុងប៉ារីស ដោយឃើញនិយម
ឆ្លាក់តែរូបព្រះនរាយណ៍ផ្ទំលើនាគអនន្តៈ សេសៈ តែប៉ុណ្ណោះ
គឺមិនឃើញមានការនិយមយករូបនាគមានជើងបួននេះ
ទៅឆ្លាក់នៅក្នុងទម្រង់ផ្សេងទៀតនោះទេ ។

ខ្ញុំក៏ឃើញមានរូបចម្លាក់ផ្តែរនៅប្រាសាទស្នឹងខាងលិច ខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងរចនាប័ទ្មបាពួនដែរ ហើយក៏មានចម្លាក់ផ្តែរ
រូបព្រះនរាយណ៍ផ្ទំលើនាគអនន្ត សេសៈ មានជើងបួននេះដែរ
ដោយឡែកនៅប្រាសាទភ្នំរូង ខ្ញុំប្រទះឃើញរូបនាគជើងបួននេះ មិនមែនមានតែរូបព្រះវិស្ណុផ្ទុំនោះទេ តែមានរូបនៅលើផ្តែរផ្សេងទៀត
ផងដែរ ប្រាសាទភ្នំរូងនេះត្រូវបានសាងសង់ច្រើនរាជ្យស្តេច
ដោយឃើញមានទាំងរចនាប័ទ្មបាពួន និងអង្គរវត្ត ដោយសម័យ
សូរិយវរ្ម័នទី ២ ប្រហែលជាមានការរុះប្រាសាទសម័យបាពួន
សង់ឡើងវិញជាថ្មី ហើយយកចម្លាក់ផ្តែរបាពួនយកមកប្រើឡើងវិញ ។ វត្តមាននៃផ្តែរក្នុងទម្រង់សិល្បៈឥទ្ធិពលចិននេះ បង្ហាញពីការនិយម
ដូចគ្នា នៃបណ្តាសហគមន៍ខ្មែរគ្រប់តំបន់ ទាំងនៅភូមិភាគខាងត្បូង
កណ្តាល និងខាងជើង ដែលសព្វថ្ងៃក្លាយទៅជាផ្នែកមួយនៃប្រទេសថៃ ហើយប្រាសាទនៅក្នុងរចនាប័ទ្មបាពួន ក៏មានរាយប៉ាយជាច្រើនកន្លែង
ផងដែរ នៅទូទាំងអតីតចក្រភពខ្មែរ សូមជម្រាបថា ប្រាសាទមួយ នៅលើភ្នំព្រះរាជទ្រព្យ ក៏ស្ថិតនៅក្នុងរចនាប័ទ្មបាពួនដែរ តែត្រូវគេរុះ
យកទីតាំងទៅសង់ព្រះវិហារព្រះអដ្ឋារស្ស ។
តាមរឿងទេវកថា នាគអនន្តៈ សេសៈ គឺជាជាកូនច្បង
ក្នុងចំណោមកូនទាំង ១០០០ របស់ឥសីកាស្យាបៈ និងនាងកាទ្រុ
ដោយខឹងនឹងប្អូនៗរបស់ខ្លួនតែងតែឈ្លោះទាស់ទែងគ្នា ក៏ដូចជា
ធ្វើបាបគ្រុឌ ដែលជាប្អូនម្តាយទីទៃ អនន្តៈ សេសៈ ក៏បានចេញពី
ក្រុមគ្រួសារខ្លួន ទៅធ្វើតបៈ រហូតទទួលបានពរពីព្រះព្រហ្ម ឲ្យទទួលបានការស្ថិតនៅដោយធម៌ មិនខឹងក្រេវក្រោធ និងឲ្យមាន
សតិជានិច្ច ។ ក្រោយមកអនន្តៈ សេសៈ បានក្លាយទៅជាអសនៈ បន្ទំរបស់ព្រះនរាយណ៍ ឬវិស្ណុ ដោយពាក្យថា «សេសៈ» មានន័យថា
សល់ ឬ សំណល់ ចំណែកឯ«អនន្តៈ» មានន័យថា ច្រើនរាប់មិនអស់ នេះដោយសារតែនាគនេះមិនដែលសូន្យរលាយទៅណាទៅណាទេ
តាំងតែកើតមក បើទោះបីជាភ្លើងរំលាយកប្បកើតឡើង
ហើយផែនដីកើតឡើងវិញរាប់ដងយ៉ាងណាក៏ដោយ
ក៏នៅតែនៅរស់ទើបមានឈ្មោះ អនន្តសេសៈនេះ ។ បើតាមទស្សនៈខ្ញុំ
អនន្ត សេសៈ នេះគួរតែជា Milky Way ឬគន្លងដំរីស ដែលជាហ្កាឡាក់ស៊ី
របស់យើង ហើយដែលវាមានអាយុកាលរាប់រយលានឆ្នាំ បើទោះបីជា
ផ្កាយ ឬក៏ភពរលាយ ។









EmoticonEmoticon