ក្រុងរាពណ៍ លើកអង្រួនភ្នំក្រៃលាស

ក្រុងរាពណ៍ លើកអង្រួនភ្នំក្រៃលាស
ក្រុងរាពណ៍ ឬទសកណ្ឌ ជាស្តេចនៃនគរលង្កា ទសកណ្ឌ ច្រណែននឹង កុវេរ ដែលជាបងឪពុកតែមួយ តែម្តាយទីទៃ ដោយសារតែកុវេរ ជាអាទិទេពនៃទ្រព្យសម្បត្តិ ដូច្នេះកុវេរមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងទសកណ្ឌ ជាហេតុធ្វើឲ្យទសកណ្ឌ ទៅវាយដណ្តើមទ្រព្យសម្បត្តិរបស់កុវេរ ក្រុងរាពណ៍ដណ្តើមយកបុស្បកាវិមាន ដែលកុវេរទទួលបានមកពីព្រះព្រហ្ម ។ ពេលជិះលើបុស្បកាវិមានហោះត្រឡប់ទៅក្រុងលង្កាវិញ ទសកណ្ឌបានហោះកាត់ភ្នំក្រៃលាស តែមិនអាចឆ្លងកាត់ទីនោះបាន ភ្លាមនោះគោនន្ទិ ដែលជាជំនិះរបស់ព្រះសិវៈ បានចេញមកប្រាប់ ទសកណ្ឌ ថាពពួកយក្សអសុរា
មិនអាចនឹងឆ្លងកាត់ភ្នំនេះបាននោះទេ ព្រោះថាភ្នំនេះគឺជាទីលំនៅរបស់ព្រះសិវៈ ។ ទសកណ្ឌ ខឹងច្រឡោតយ៉ាងខ្លាំង និងបានជេរប្រទេចផ្តាសារឲ្យព្រះសិវៈ ហើយថែមទាំងដៀលត្មេះឲ្យគោនន្ទិថាជាស្វា ដោយខឹងនឹងសម្តីជ្រុលជ្រួសរបស់ទសកណ្ឌ គោនន្ទិបានដាក់បណ្តាសារឲ្យទសកណ្ឌថានឹងត្រូវបំផ្លាញដោយទ័ពស្វា ។ បន្ទាប់ពីនោះទសកណ្ឌក៏បានចុះទៅលើកភ្នំក្រៃលាសឡើង រាល់សព្វសត្វនិករភ័យញ័ររញ្ជួយកើតព្រួយភ័យសត់ស្លុត សូម្បីតែព្រះនាងឱមា ជាមហេសីរបស់ព្រះសិវៈ ក៏ភ័យរត់ទៅឱបព្រះសិវៈផងដែរ ព្រះសិវៈលើកដៃជាសញ្ញាឡើងថាកុំឲ្យភ័យ ហើយព្រះអង្គបានយកម្រាមមេជើងតែម្ខាងសង្កត់ចុះក្រោម ពេលនោះភ្នំក្រៃលាសក៏ស្រុតទៅក្រោមវិញ សង្កត់លើយក្សទសកណ្ឌ ដួលដេកបាស់ដៃបាស់ជើង ស្ទើស្លាប់ស្ទើរស់ យំស្រែកស្ទើបែកបំពង់ក ហើយត្រូវជាប់នៅក្រោមភ្នំនោះអស់រយៈពេល ១០០០ឆ្នាំ ទើបពពួកមន្ត្រីសេនីយសេនារបស់ទសកណ្ឌ បានប្រាប់ឲ្យទសកណ្ឌ ច្រៀងសរសើរអំពីព្រះបារមីរបស់ព្រះសិវៈដើម្បីបានរួចខ្លួន ។ ដោយពិរោះនឹងចម្រៀងបួងសួង និងការសរសើររបស់ទសកណ្ឌ ព្រះសិវៈក៏ព្រលែងឲ្យទសកណ្ឌរួចខ្លួន ហើយថែមទាំងផ្តល់នូវដាវមួយដល់ទសកណ្ឌ ដោយឲ្យពរថានឹងមិនមាននរណាកម្ចាត់ ទសកណ្ឌបាននោះទេ ប្រសិនបើទសកណ្ឌមានអាវុធនេះនៅក្នុងដៃ ។ ចាប់ពីពេលនោះមកទសកណ្ឌ ក៏ត្រូវបានគេស្គាល់ថាជាក្រុងរាពណ៍ ដែលពាក្យថា រាពណ៍ នេះ មានន័យថា អ្នកដែលយំ ។
នៅក្នុងរូបទី ១ និងទី ២ ខាងក្រោម អ្នកឃើញមានចម្លាក់បង្ហាញពីក្រុងរាពណ៍អង្រួនភ្នំក្រៃលាស នៅហោជាងនៃប្រាសាទបន្ទាយស្រី ដោយបង្ហាញរូបក្រុងរាពណ៍មានដៃ ២០ និងក្បាល ១០ (៧) ដោយក្បាលចែកចេញជាបីថ្នាក់ គឺថ្នាក់ទី ១ មានក្បាល ៤ ថ្នាក់ទី ២ មានក្បាល ៤ និងថ្នាក់ទី ៣ ប្រហែលជាមានក្បាល ២ ។ នៅក្នុងរូបទី ៣ ជាចម្លាក់បង្ហាញពីក្រុងរាពណ៍អង្រួនភ្នំក្រៃលាស នៅលើផ្តែរនៃប្រាសាទមួយនៅខេត្តបាត់ដំបង ស្ថិតក្នុងរចនាប័ទ្មបាពួន នៅផ្នែកកណ្តាលរបស់ផ្តែរនេះ មានរូបក្រុងរាពណ៍ដៃ ២០ ក្បាល ១០ (តែមួយជួរ កម្រមានឃើញនៅក្នុងសិល្បៈខ្មែរណាស់ អាចមកពីពុំមានកន្លែងទូលាយសម្រាប់ឆ្លាក់ក្បាលក្រុងរាពណ៍ជា ៣ថ្នាក់) កំពុងជាប់នៅក្រោមភ្នំក្រៃលាស ដោយមានកាយវិការប្រឹងរើខ្លួន ដោយយកដៃទ្រោបទៅលើដី ចំណែកឯជើងវិញលើកឡើងខ្វៃ នៅក្បែររាពណ៍ ប្រហែលជារូបរបស់គោនន្ទិ ដែលបានណែនាំរាពណ៍ដែរ តែរាពណ៍ជាមនុស្សចចេះមិនស្តាប់ការណែនាំរបស់នរណា នៅពីលើភ្នំក្រៃលាស មានរូបព្រះសិវៈ និងព្រះនាងឱមា ព្រះសិវៈបញ្ចេញកាយវិការ ដោយយកចុងជើងចង្អុរចុះក្រោម ។ រូបទី ៤ ជាចម្លាក់បង្ហាញពីក្រុងរាពណ៍អង្រួនភ្នំក្រៃលាស នៅលើមណ្ឌបខាងលិចឈៀងខាងត្បូងនៃប្រាសាទអង្គរ បង្ហាញរូបក្រុងរាពណ៍ប្រឹងកន្ធែកជើង និងប្រើដៃទាំង ២០ ទ្រភ្នំក្រៃលាសឡើង ទឹកមុខក្រុងរាពណ៍បង្ហាញកិរិយាប្រឹងយ៉ាងខ្លាំងក្លា នៅលើផ្ទាំងចម្លាក់នោះក៏បង្ហាញសព្វសត្តនិករ និងទេពនិករទាំងឡាយ ភិតភ័យផ្អើលឆោឡោរត់ប្រាសអាយុ នៅផ្នែកខាងលើបំផុតនៃចម្លាក់នេះបង្ហាញរូបព្រះសិវៈអង្គុយចង្ក្រមភាវនា ។
លក្ខណៈគួរឲ្យកត់សម្គាល់មួយសម្រាប់រូបចម្លាក់ក្រុងរាពណ៍របស់ខ្មែរ គឺខ្មែរនិយមឆ្លាក់រូបក្រុងរាពណ៍ដោយមានក្បាល ១០ ចែកចេញជា ៣ថ្នាក់ គឺថ្នាក់ទី ១ មានក្បាល ៤ ថ្នាក់ទី ២ មានក្បាល ៤ ដែរ និងថ្នាក់ទី ៣ ប្រហែលជាមានក្បាល ២ លក្ខណៈសិល្បៈបែបនេះ យើងឃើញមានទាំងនៅប្រាសាទបន្ទាយស្រី ប្រាសាទបាពួន និងប្រាសាទអង្គរវត្ត លើកលែងតែផ្ដែររចនាប័ទ្មបាពួន មកពីខេត្តបាត់ដំបង មួយផ្ទាំងប៉ុណ្ណោះដែលសិល្បករឆ្លាក់ក្បាលរបស់ក្រុងរាពណ៍ទាំង ១០ តែមួយជួរតែប៉ុណ្ណោះ នេះយើងអាចសន្និដ្ឋានបានថា សិល្បករបានដោះស្រាយបញ្ហាចំពោះមុខ ដោយសារគេមិនអាចឆ្លាក់ក្បាលរបស់រាពណ៍ជាបីថ្នាក់បាន ព្រោះថាកំពស់ផ្តែរមានខ្ពស់ប៉ុន្មាននោះទេ ។ ប៉ុន្តែប្រសិនបើយើងយកក្បាលក្រុងរាពណ៍នៃផ្តែរនេះ ទៅប្រៀបធៀបនឹងសិល្បៈរបស់ឥណ្ឌា គឺ មានលក្ខណៈប្រហាក់ប្រហែលគ្នានេះណាស់ ព្រោះថាសិល្បករឥណ្ឌា ឆ្លាក់មុខក្រុងរាពណ៍ទាំង ១០ តែមួយជួរប៉ុណ្ណោះ ដោយមានមុខកណ្តាល និងមានមុខផ្សេងទៀតម្ខាង ៤ និងម្ខាងទៀត ៥ ។ ក្រៅតែពីសិល្បៈឥណ្ឌា យើងកម្រឃើញសិល្បៈប្រទេសផ្សេងបង្ហាញពីមុខទាំង ១០ របស់ក្រុងរាពណ៍ណាស់ នៅឥណ្ឌូនេស៊ីមានចម្លាក់តែមួយផ្ទាំងប៉ុណ្ណោះដែលបង្ហាញក្រុងរាពណ៍មានមុខ ១០ ដោយគេឆ្លាក់មុខទាំង ១០នោះ តែមួយជួរ ហើយមានលក្ខណៈជាចំណិតមុខតូចៗ នៅអែបនឹងមុខធំកណ្តាល ។ ចំណុចត្រង់នេះបង្ហាញពីស្នាដៃច្នៃប្រឌិតរបស់សិល្បករខ្មែរ ដែលឈ្លៀសវៃ បង្កើតបាននូវសិល្បៈជាឯកលក្ខណ៍ផ្ទាល់ខ្លួន ហើយអាចយកផ្នត់គំនិតនេះទៅផ្សំផ្គុំសម្រាប់ឆ្លាក់ជារូបផ្សេងៗទៀត ដូចជារូបព្រះក្រឹស្ណៈមុខមួយពាន់ និងរូបអសុរាមុខមួយពាន់ នៅក្នុងឆាកប្រយុទ្ធកូរសមុទ្ទទឹកដោះជាដើម យើងក៏អាចយកមកសន្និដ្ឋានមួយចំណុចទៀតថា មុខទសកណ្ឌដែលប្រើនៅក្នុងល្ខោនខោលរបស់ខ្មែរ គឺជាកេរ្តិ៍មរតកបន្តផ្ទាល់ពីបុព្វបុរសខ្មែរជំនាន់អង្គរ មកប្រជាជនខ្មែរយើងបច្ចុប្បន្ន ហើយយើងក៏អាចនិយាយបានថា មុខល្ខោនខោលរបស់ថៃ ក៏ទទួលនូវឥទ្ធិពលនេះដោយផ្ទាល់ចេញពីសិល្បៈខ្មែរ ដែលទម្រង់មុខ ៣ ថ្នាក់នេះ គឺជាស្នាដៃដ៏ឈ្លាសវៃបំផុតមួយនៃសិល្បករខ្មែរ ។








EmoticonEmoticon