បងប្អូនបង្កើតវាយដណ្តើម នាងអប្សរាតិលោត្តមា

បងប្អូនបង្កើតវាយដណ្តើម នាងអប្សរាតិលោត្តមា
បន្ទាប់ពីអ៌ជូន ចូលទៅប្រកួតលើកធ្នូបាញ់ចំគោលដៅ ហើយបានទទួលព្រះនាងទ្រៅបទី ជាមហេសី នៅពេលបងប្អូនបណ្ឌវៈទាំងប្រាំនាក់ត្រឡប់មកដល់វិញ គ្រាន់តែបានឮថាអ៌ជូនទទួលបានរង្វាន់ ព្រះមាតារបស់ពួកគេក៏បានប្រាប់ឲ្យអ៌ជូនចេះបែងចែករង្វាន់នោះឲ្យដល់បងប្អូនទាំងបួននាក់ទៀតឲ្យបានស្មើៗគ្នា ដោយព្រះមាតារបស់ពួកគេមិនទាំងបានងាកមើលដឹងថារង្វាន់នោះជានាងទ្រៅបទីនោះទេ ។
ហេតុដូច្នេះបងប្អូនបណ្ឌវៈទាំងប្រាំ ក៏ទទួលស្គាល់ថានាងទ្រៅបទី គឺជាភរិយារបស់ពួកគេគ្រប់គ្នា ដោយខ្លាចក្រែងថាបងប្អូនបណ្ឌវៈទាំងប្រាំនាក់ នឹងឈ្លោះទាស់ទែងគ្នាដណ្តើមនាងទ្រៅបទី ឬសីនារាដ ក៏បាននិមន្តមកដាស់តឿន ដោយលើកឡើងអំពីរឿងបងប្អូនអសុរាពីរនាក់ គឺសុន្ទៈ និងឧបសុន្ទៈ ដែលបានវាយសម្លាប់បងប្អូនឯងដណ្តើមនាងទេពអប្សរតិលោត្តមា ។
រឿងរបស់អសុរាទាំងពីរនេះមានដំណាលថា សុន្ទៈ និងឧបសុន្ទៈ គឺជាបងប្អូនបង្កើតនឹងគ្នា ដែលស្រឡាញ់ស្មោះស្ម័គ្រគ្នាណាស់ រហូតដល់បែងចែកនគរគ្នាគ្រប់គ្រង បែងចែកកៅអីឲ្យគ្នាអង្គុយ បែងចែកគ្រែគ្នាដេក ។ នៅសម័យថ្ងៃមួយអសុរាទាំងពីរបានធ្វើតបៈ ដើម្បីសូមពរពីព្រះព្រហ្ម កុំឲ្យមាននរណាអាចសម្លាប់ពួកគេទាំងពីរបានឡើយ ព្រះព្រហ្មក៏ផ្តល់ពរនោះឲ្យពួកគេទាំងពីរ តែព្រះអង្គបន្ថែមថាគឺមានតែពួកគេទាំងពីរនាក់នេះទេ ដែលអាចសម្លាប់គ្នាទៅវិញទៅមកបាន ។ ក្រោយពីបានពរពីព្រះព្រហ្ម អសុរាទាំងពីក៏បានដើរអុកឡុកទាំងស្ថានមនុស្ស និងស្ថានទេវតា រហូតទាល់តែព្រះឥន្ទ្រ និងពពួកទេវតាស្ថានលើ ទៅអង្វរឲ្យព្រះព្រហ្មជួយរកដំណោះស្រាយ ព្រះព្រហ្មក៏ថាមានវិធីតែម្យ៉ាងគឺត្រូវឲ្យយក្សទាំងពីរឈ្លោះគ្នា ។
ដើម្បីឲ្យអសុរាទាំងពីរឈ្លោះគ្នា ព្រះព្រហ្មក៏បញ្ជាឲ្យព្រះវិស្វកម្មទេវបុត្រ សាងទេពអប្សរដ៏ស្អាតមួយដើម្បីជានុយបញ្ឆោតសុន្ទៈ និងឧបសុន្ទៈ ព្រះវិស្វកម្មក៏បានទៅយកភាគល្អិតផ្សេងៗនៃរតនវត្ថុមានតម្លៃ ខ្លឹមឈើ គ្រាប់ឈើផ្សេងៗ យកមកបញ្ចូលគ្នា បង្កើតបានជានាងទេពអប្សរម្នាក់ ដែលព្រះព្រហ្មប្រទានឈ្មោះឲ្យនាងថា តិលោត្តមា ។ ទេពអប្សរតិលោត្តមា បានដើរជុំវិញព្រះព្រហ្ម ដើម្បីអាចមើលសម្រស់ដ៏ស្រស់ស្អាតរបស់នាង ព្រះព្រហ្មក៏បង្កើតមុខថែមបីទៀត ដោយក្លាយទៅជាមុខបួនដើម្បីមើលនាងទេពអប្សរតិលោត្តមា ។ បន្ទាប់ពីនោះ នាងតិលោត្តមាត្រូវបានគេយកទៅដល់នៅលើភ្នំមួយ ក្បែរកន្លែងដែលសុន្ទៈ និងឧបសុន្ទៈ កំពុងផឹកស៊ីស្រវឹង ពេលនាងកំពុងឈរបេះផ្កាកណ្ណិកា សុន្ទៈ និងឧបសុន្ទៈ ក៏បានឃើញនាង ដោយសារសម្រស់ដ៏ស្រស់ផូរផង់ឥតមានស្រីណាប្រៀបរបស់នាង បានធ្វើឲ្យសុន្ទៈ និងឧបសុន្ទៈ វាយដណ្តើមគ្នារហូតស្លាប់រៀងៗខ្លួន ។
បន្ទាប់ពីនោះ ដោយសារលង់នឹងសម្រស់របស់នាងទេពអប្សរតិលោត្តមា ព្រះព្រហ្មក៏មានសង្វាសនឹងនាង ដែលប្រៀបដូចជាមានសង្វាសជាមួយបុត្រីបង្កើតរបស់ខ្លួន ហេតុនេះហើយទើបបាទបរិចារិកា(ភរិយា) របស់ព្រះព្រហ្មដាក់បណ្តាសារឲ្យព្រះព្រហ្ម កុំឲ្យទទួលបានការគោរពបូជាពីមនុស្សផងទាំងឡាយ ដោយហេតុនេះហើយ ទើបនៅប្រទេសឥណ្ឌាមិនមានប្រាសាទឧទ្ទិសថ្វាយព្រះព្រហ្ម គឺមានប្រាសាទតែមួយប៉ុណ្ណោះសម្រាប់ព្រះអង្គ តែគេមិនមានការបូជាអ្វីថ្វាយព្រះអង្គនោះទេ ។ បន្ទាប់ពីបានប្រព្រឹត្តរឿងមិនគួរសមនោះរួច ព្រះព្រហ្មក៏បានយកនាងតិលោត្តមាទៅថ្វាយព្រះសិវៈ ព្រះសិវៈបានសម្លឹងមើលនាងដោយមិនដាក់ភ្នែក ដោយឃើញដូច្នោះព្រះនាងភារវតី មហេសីរបស់ព្រះសិវៈ ក៏បានយកដៃទៅបិទភ្នែកព្រះអង្គ នៅពេលនោះពិភពលោកទាំងមូលក៏ប្រែទៅជាងងឹត ដើម្បីបំភ្លឺពិភពលោកវិញ ព្រះសិវៈក៏បង្កើតភ្នែកទីបីនៅលើចិញ្ចើម ដើម្បីបំភ្លឺពិភពលោកវិញ ។
យើងឃើញមានរូបចម្លាក់បង្ហាញពីការវាយគ្នារបស់អសុរាសុន្ទៈ និងឧបសុន្ទៈ ដើម្បីដណ្តើមយកនាងទេពអប្សរតិលោត្តមា នៅហោជាងប្រាសាទបន្ទាយស្រី (រូបទី ១ ទី ២) ដែលសព្វថ្ងៃត្រូវបានរក្សាទុកនៅសារៈមន្ទីរហ្គីម៉េត ទីក្រុងប៉ារីស និងមានរូបចម្លាក់មួយទៀតនៅថែវចម្លាក់នៃប្រាសាទបាពួន (រូបទី ៣) និងមានក្បាច់ចម្លាក់មួយទៀត ស្ថិតក្នុងរចនាប័ទ្មបាពួនដែរ ដែលសព្វថ្ងៃតម្កល់ទុកនៅក្នុងសារៈមន្ទីជាតិ ក្នុងរាជធានីភ្នំពេញ ។






EmoticonEmoticon