ចម្លាក់រូបវិរាធចាប់នាងសីតា

ចម្លាក់រូបវិរាធចាប់នាងសីតា
រូបចម្លាក់នៅលើហោជាងនេះស្ថិតនៅប្រាសាទបន្ទាយស្រី គេអាចច្រឡំថារូបនេះជារូបរបស់ក្រុងរាពណ៍ ជាការពិតវាមិនមែនជារូបក្រុងរាពណ៍នេះទេ តែជារូបវិរាធ ដែលជាអំបូរយក្ស រស់នៅក្នុងព្រៃ តែងតែដើរបៀតបៀនពួកតាបសជាដើម ។ តាមពិតទៅនាងកៃកេសី ស្នើឲ្យព្រះបាទទសរថបំបរបង់ព្រះរាមទៅព្រៃនោះ គឺដើម្បីឲ្យវិរាធនេះសម្លាប់ ។
ពេលដែលវិរាធឃើញព្រះរាម ព្រះលក្ស្មណ៍ និងនាងសីតា កំពុងចូលមកក្នុងព្រៃ គេក៏បានរត់ទៅឆក់យកនាងសីតា បន្ទាប់ពីឆក់ដណ្តើមនាងសីតាហើយ វិរាធបានគំហកទៅកាន់ព្រះរាម ព្រះលក្ស្មណ៍ ដោយចង់ចាប់ព្រះអង្គទាំងពីរយកធ្វើជាអាហារ ព្រះរាម និងព្រះលក្ស្មណ៍ ហាក់ភ័យស្លុតស្លឹងអស់មួយភាំង ទម្រាំតាំងសតិបាន ហើយដកកាំបិតយកមកវាយតប់តទល់ជាមួយនឹងវិរាធ ។ ដោយខឹងនឹងព្រះរាម និងព្រះលក្ស្មណ៍ វិរាធក៏បានទម្លាក់នាងសីតាចុះ រួចហើយលើកចាប់ព្រះរាម និងព្រះល័ក្ស្មណ៍រត់ចូលទៅក្នុងព្រៃ ព្រះរាម និងព្រះល័ក្ស្មណ៍ របូតអាវុធអស់ពីដៃ ព្រះរាមក៏ប្រើដៃទទេវាយទៅលើវិរាធ វិរាធបានទទួលពរពីព្រះថាគេមិនអាចសម្លាប់វាដោយអាវុធនោះទេ តែដៃទទេរបស់ព្រះរាមបានសម្លាប់វិរាធ វិរាធបានដួល ព្រះរាមក៏យកជើងទៅសង្កត់កវាបន្ថែម តែបាទជើងនៃនារាយណ៍អវតាបានធ្វើឲ្យវិរាធបានលាងជ្រះបាប នឹងបានទៅកើតនៅស្ថានសួគ៌ បន្ទាប់ពីនោះព្រះរាម និងព្រះល័ក្ស្មណ៍ ក៏បានជីកដីកប់សពវិរាធ និងបានត្រឡប់មកជួបនាងសីតាវិញ ដើម្បីបន្តដំណើរចូលទៅក្នុងព្រៃតទៅទៀត ។


EmoticonEmoticon