រឿងម៉ាក់ថឺង ឬ ម៉ាក់ថឹង ឬ ម៉ាក់ថើង គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រមន

រឿងម៉ាក់ថឺង ឬ ម៉ាក់ថឹង ឬ ម៉ាក់ថើង គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រមន

ខ្ញុំមានចម្ងល់តាំងតែពីមើលរឿងចាក់ផ្សាយនៅក្នុងប៉ុស្តទទក.
រហូតដល់ឃើញចម្រៀងរឿងម៉ាក់ថឹង និងមើលល្ខោនយីកេផ្សេងៗ
គឺឈ្មោះតួអង្គនៅក្នុងរឿងនេះមានឈ្មោះប្លែកៗ មិនមែនជាឈ្មោះ
បាលីសំស្ក្រឹត ក៏មិនមែនឈ្មោះខ្មែរ ឬក៏ឈ្មោះថៃដែរ ខ្មែរឯណា
ទៅដាក់ឈ្មោះកូនប្រុសឈ្មោះ ម៉ាក់ថើង ឈ្មោះកូនស្រីឈ្មោះ
ម៉ឺយចឺយ ឬប៉ាងគីយ៉ា នោះ ហើយឈ្មោះព្រះអង្គម្ចាស់នៅក្នុងរឿងហ្នឹ៎ង
ឈ្មោះថាផ្យាណយ ស្តាប់ទៅស្រដៀងពាក្យថៃថា ផៈយ៉ា ណយ
ប្រសិនបើបកប្រែខ្មែរគឺ ពញាណយ ឬពញាតូច ។ ប្រសិនបើគ្រាន់តែ
ស្តាប់ឈ្មោះតួទាំងនេះ ក៏ដឹងដែរថាមិនមែនជាខ្មែរនោះទេ
តែមិនដឹងថារឿងអ្វី ?

ទាល់តែថ្ងៃមួយខ្ញុំស្តាបឡាំតាត់ថៃ (ចម្រៀងឆ្លងឆ្លើយរបស់ថៃ
ស្រដៀងអាយ៉ៃរបស់ខ្មែរដែរ) ខ្ញុំឮអ្នកចម្រៀងគឺម៉ែចារូញ
គាត់ច្រៀងទាក់ទងនឹងនាង ម៉ឹយចើង និងតាម៉ាក់ធើង
ទើបខ្ញុំដឹងថារឿងនេះប្រហែលជាខ្មែរយើងបានទទួលបន្តពីថៃ
ទាល់តែទៅស្រាវជ្រាវបន្តទៅទៀត បានដឹងថាចំណុចនៃរឿងម៉ាក់ថឹង
របស់ខ្មែរយកមកសម្តែងក្នុងទម្រង់យីកេនេះ គឺជាផ្នែកមួយ
នៃប្រវត្តិសាស្តមន នៅក្នុងរាជស្តេចមួយដែលមានព្រះនាមថា
រាជាធិរាជ (Razadarit Ayedawbon) សោយរាជ្យនៅនគរមន
នៅចុងសតវត្សទី ១៤ និងដើមសតវត្សទី ១៥ ។

ប្រវត្តិដំណាលពីព្រះអង្គម្ចាស់មនព្រះនាម ផ្យាណយ ឬជាពាក្យមនគឺ
ពញាន្វេ (Binnya Nwe) ដែលត្រូវជាបុត្រស្តេចអង្គមុន
ត្រូវបានគេចាប់ដាក់គុក នឹងត្រូវបានបងស្រីម្តាយទីទៃ ជួយរំដោះ
ហើយបានទៅស្នាក់នៅស្រុកមួយឈ្មោះថាស្រុក តៈកើង
(ក្នុងយីកេខ្មែរ គេហៅស្រុកនោះថា តាគ្រើង) នៅទីនោះផ្យាណយ
បានលួចស្រឡាញ់មនុស្សស្រីលក់ប្រេងម្សៅម្នាក់ឈ្មោះនាងម៉ឺយចឺយ
ឬម៉ឺយចើង ឬនាងម៉ឺយម៉ាងគៈយ៉ា ឬ ម្វេម៉ាណាតេ (Mwe Ma Nate
ប្រហែលជាឈ្មោះម៉ឺយម៉ាងគៈយ៉ា នេះហើយដែលក្លាយជា
ឈ្មោះខ្មែរហៅថា ប៉ាងគីយ៉ា) នាងនោះក៏លួចស្រឡាញ់ផ្យាណយ ដែរ
ដោយលួចដៀងកន្ទុយភ្នែកឲ្យផ្យាណយផងដែរ សូម្បីតែនាង
បានការជាមួយមនុស្សចំណាស់ម្នាក់ គឺថា ម៉ាក់ថឹង ឬម៉ាក់ថឺង
ឬម៉ាក់ចាត ។ នៅពេលបានស្រឡាញ់នាងម៉ឺយចឺយហើយ
ផ្យាណយក៏បានប្រើឲ្យមេស្រុកទៅជួយទាក់ទងនាងម៉ឺយចឺយមក
ឲ្យខ្លួន នាងម៉ឺយចឺយក៏ព្រមបោះបង់តាម៉ាក់ថឺងទៅតាមផ្យាណយ
ធ្វើឲ្យតាម៉ាក់ថឺងកើតទុក្ខមិនសុខចិត្តយំឡាំប៉ា រហូតត្រូវគេ
យកទៅសម្លាប់ចោលទៅ ។ ក្រោយមកនាងម៉ឺយចឺយ ក៏ក្លាយទៅជា
អគ្គមហេសីរបស់ផ្យាណយ នៅពេលដែលព្រះអង្គត្រូវបានគេលើក
តែងតាំងជាមហាក្សត្រមន នៅក្រោយការបង្ក្រាបស្តេចជ្រែករាជ្យ
ហើយព្រះនាមនៅពេលឡើងសោយរាជ្យរបស់ព្រះអង្គគឺរាជាធិរាជ ។
រឿងទាក់ទងនឹងស្តេចរាជាធិរាជនេះ នៅមានវែងឆ្ងាយទៀត
សូមអានអត្ថបទភ្ជាប់មកនេះ (https://en.wikipedia.org/wiki/Talamidaw) ។

តាមរយៈរឿងនេះ ឃើញថាខ្មែរយើងយករឿងនេះមកសម្តែងខុសពី
សាច់រឿងប្រវត្តិសាស្ត្រពិតរបស់មន ដែលថានាងម៉ឺយចឺយស្មោះស្ម័គ្រ
នឹងតាម៉ាក់ថឺង ខណៈរឿងមនបង្ហាញអំពីអយុត្តិធម៌របស់ខ្សែរាជវង្ស
ដែលមិនត្រូវបានផ្តល់យុត្តិធម៌ឲ្យរាស្ត្រនោះទេ តែរឿងល្ខោនយីកេខ្មែរ
គឺម៉ាក់ថឺងឡើងរហូតដល់ស្តេចព្រហ្មទត្តជាបិតារបស់ផ្យាណយឲ្យជួយ
ដោះស្រាយបញ្ហា ហើយចុងក្រោយនាងម៉ឺយចឺយត្រូវបានផ្យាណយ
ចាក់សម្លាប់ ក្រោយមកស្តេចព្រហ្មទត្តក៏បញ្ជាសេនាឲ្យយក
ផ្យាណយទៅសម្លាប់ចោលដែរ ដើម្បីផ្តល់សេចក្តីយុត្តិធម៌ ។

ក្រៅពីរឿងម៉ាក់ថឺង ដែលជារឿងប្រវត្តិសាស្ត្រមន ខ្មែរយើងក៏នៅមាន
ការសម្តែងរឿងប្រវត្តិសាស្ត្រជ្វា ឬឥណ្ឌូនេស៊ីសព្វថ្ងៃដែរ គឺរឿង
អ៊ីណៅបុស្សបា ដែលទាំងនេះបង្ហាញអំពីការផ្សាយភាយនូវ
វប្បធម៌ទៅវិញទៅមករវាងបណ្តាប្រទេសនៅអាស៊ីតាំងតែពីបុរាណកាល ។


EmoticonEmoticon