បងប្អូនបណ្ឌវៈដុត ព្រៃខណ្ឌវៈ

បងប្អូនបណ្ឌវៈដុត ព្រៃខណ្ឌវៈ

បន្ទាប់ពីស្តេចធ្ឬតរាស្ត្រ ជាបិតារបស់ទុរយោធន៍ និងពួកកុរវៈ ដឹងថាបងប្អូនបណ្ឌវៈទាំងប្រាំនាក់មិនបានស្លាប់ នៅក្នុងកលល្បិចរបស់ទុរយោធន៍ ដែលបានសាងដំណាក់ពីក្រមួន ដើម្បីជាអំណោយឲ្យដល់ត្រកូលបណ្ឌវៈ រួចលួចដុតដំនាក់នៅក្នុងពេលរាត្រី ស្តេចធ្ឬតរាស្ត្រក៏បានប្រជុំសភាអញ្ជើញត្រកូលបណ្ឌវៈទាំងប្រាំនាក់ ត្រឡប់មកហស្តិនបុរៈវិញ ហើយយល់ព្រមចែកកុរុរដ្ឋជាពីរ ដោយម្ខាងមានរាជធានីឈ្មោះហស្តិនបុរៈ ដែលគ្រប់គ្រងដោយពួកកុរវៈ និងរាជធានីឈ្មោះឥន្ទ្របស្ថ ឬឥន្ទ្របត្ត ដែលគ្រប់គ្រងដោយពួកបណ្ឌវៈ ។


នៅពេលដែលកុរុរដ្ឋត្រូវបានចែកជាពីរ ទុរយោធន៍ និងកុសនី ដែលជាបិតុលារបស់ទុរយោធន៍ ជាអ្នកណែនាំឲ្យត្រកូលបណ្ឌវៈជ្រើសរើសយកព្រៃខណ្ឌវៈនេះជាតាំងរាជធានីថ្មី ដោយសារតែទីនោះជាកន្លែងដែលសំបូរទៅដោយពួកសត្វកាចសាហាវដែលជាជម្រករបស់ស្តេចនាគឈ្មោះតៈសកៈ និងជាទីលំនៅរបស់ពពួកអសុរាទាំងឡាយផង បន្ថែមពីលើនេះទៀត ទឹកដីនេះធ្លាប់ទទួលបានបណ្តាសារពីព្រះឥន្ទ្រឲ្យក្លាយទៅជាដីគ្មានជីវជាតិ ព្រះឥន្ទ្រមិនចង់ឲ្យមានមនុស្សណាម្នាក់មករុករានយកដីនៅទីនេះ ព្រោះថាតៈសកៈគឺជាមិត្តរបស់ព្រះឥន្ទ្រ ។

អរជុន ដែលជាសមាជិកនៃត្រកូលបណ្ឌវៈផងដែរ ក៏បានទៅអញ្ជើញក្រឹស្ណៈត្រូវជាបងប្អូន ដើម្បីមកជួយសាងព្រះនគរថ្មីនេះ ព្រះក្រឹស្ណៈក៏បានអញ្ជើញព្រះវិស្វកម្មឲ្យមកជួយសាង ដោយឲ្យព្យាយាមធ្វើយ៉ាងម៉េចឲ្យបានស្អាតដូច ឬស្អាតជាងនគររបស់ព្រះឥន្ទ្រ ជាហេតុធ្វើឲ្យនគរនោះមានឈ្មោះថាឥន្ទ្របស្ថ ។ មុននឹងអាចសាងនគរបាន ពួកបណ្ឌវៈត្រូវតែដុតព្រៃខណ្ឌវៈជាមុនសិន នៅក្នុងពេលដែលអរជុន និង ព្រះក្រឹស្ណៈកំពុងសម្រាកនោះ ស្រាប់តែមានព្រាហ្មម្នាក់ដើរសំដៅមកកាន់ពួកគេ ហើយមានដីការថាខ្លួននឹងដុតកម្ទេចព្រៃខណ្ឌវៈនេះ ហើយនឹងទទួលទានផ្លែឈើនៅលើដើម និងដុតសត្វទាំងឡាយដែលរស់នៅក្នុងព្រៃនេះឲ្យអស់ ព្រាហ្មនោះគឺជាព្រះអគ្គី ។ ពេលដែលព្រះអគ្គីកំពុងលេបត្របាក់ព្រៃខណ្ឌវៈ ព្រះឥន្ទ្រក៏បង្អុរជាមេឃភ្លៀង ដើម្បីជួយមិត្តរបស់ព្រះអង្គ គឺនាគ តៈសកៈ ដែលនៅក្នុងគ្រានោះ តៈសកៈមិនបាននៅក្នុងទីជម្រកនោះទេ គឺនៅតែប្រពន្ធ និងកូនរបស់វា ។ នៅពេលដែលព្រះឥន្ទ្រកំពុងជិះលើដំរីឰរាវ័នបង្អុរភ្លៀងចុះមក អរជុនក៏បានទទួលសរពិសេសពីព្រះអគ្គី ក្រឹស្ណៈប្រាប់ឲ្យអរជុនបាញ់ព្រួញនោះឡើងទៅទប់ទឹកភ្លៀងរបស់ព្រះឥន្ទ្រ ហើយទុកឲ្យភ្លើងឆេះព្រៃខណ្ឌវៈជាបន្ត ធ្វើឲ្យភ្លើងព្រៃឆេះប្រពន្ធរបស់តៈសកៈស្លាប់ កូនប្រុសរបស់តៈសកៈ ក៏ខឹងយ៉ាងខ្លាំងរួចក៏ដកសរយកមកបាញ់សំដៅទៅអរជុន កុំតែបានព្រះក្រឹស្ណៈជានាយសារថីសង្កត់សេះចុះ ទើបផ្លែសរនោះបាញ់ខុសមួយហត្ថពីលើអរជុន ហើយនេះរាប់ទុកថាជីវិតរបស់អរជុនត្រូវបានសង្គ្រោះពីស្លាប់ដោយព្រះក្រឹស្ណៈ ។ បន្ទាប់ពីបានដុតព្រៃចប់រួចរាល់ ដំណើរការសាងសង់នគរឥន្ទ្របស្ថដ៏អច្ឆរិយៈក៏ត្រូវបានចាប់ផ្តើម ហើយទឹកដីនោះក៏ក្លាយជាដីមានជីវជាតិរួចអំពីបណ្តាសាររបស់ព្រះឥន្ទ្រ ។

យើងឃើញហោជាងមួយនៃប្រាសាទបន្ទាយស្រី បានបង្ហាញអំពីឈុតនៃរឿងនេះនៅផ្នែកខាងលើរបស់ហោជាង មានរូបព្រះឥន្ទ្រជិះលើដំរីក្បាលបី បង្អុរជាភ្លៀងចុះមក ហើយនៅខាងក្រោមទឹកភ្លៀងឃើញមានរូបផ្លែព្រួញបាញ់រះដូចគេប្រក់ដំបូល នៅក្រោមផ្លែព្រួញនោះឃើញមានរូបនាគក្បាលបីចំនួនពីរក្បាល មានរូបសត្វស្លាប សត្វស្វា សត្វដំរី និងបណ្តាសត្វព្រៃផ្សេងៗទៀតកំពុងរត់គេចអំពីអគ្គីភ័យយ៉ាងភ័យរន្ធត់ ចំណែកនៅចុងទាំងសងខាងរបស់ហោជាងនោះ គឺខាងស្តាំជារូបព្រះក្រឹស្ណៈដៃបួន និងខាងឆ្វេងជារូបអរជុនកំពុងកាន់ធ្នូ និងនៅកណ្តាលមានរូបមនុស្សពីរនាក់ វាអាចជារូបរបស់ពួកអសុរាឬអាចជារូបរបស់មាយា ដែលត្រូវបានព្រះក្រឹស្ណៈ និងអរជូន ជួយសង្គ្រោះពីភ្លើងឆេះព្រៃនេះ ហើយមាយានេះក៏ជាវិស្វករម្នាក់ ដែលបានជួយសង់វិមានដ៏ធំស្កឹមស្កៃមួយនៅក្នុងនគរឥន្ទ្របស្ថ ។



EmoticonEmoticon