ការចេញសាងផ្នួសរបស់ ព្រះសិទ្ធត្ថ

ការចេញសាងផ្នួសរបស់ ព្រះសិទ្ធត្ថ

ក្រោយពីបានឃើញទេពនិម្មិតទាំង ៤ ព្រះសិទ្ធត្ថក៏ចាប់ផ្តើមគិតខ្វល់ខ្វាយ នឿយណាយនឹងជីវិត រហូតដល់សម្រេចចិត្តចេញសាងផ្នួស ។ នៅកណ្តាលរាត្រីមួយ ព្រះអង្គក៏បានតើនឡើងហើយបានចូលទៅបបោសអង្អែត រាហុលកុមារ ជាបុត្រា និងនាងពិម្ពាជាមហេសី ដែលកំពុងផ្ទំលក់ ។ បន្ទាប់មកព្រះអង្គក៏បានបង្គាប់ឲ្យឆន្នាមាត្យ ជានាយសារថីរបស់ព្រះអង្គទៅយកសេះកណ្ឋកៈមកថ្វាយព្រះអង្គ
ហើយព្រះអង្គក៏យាងចេញដំណើរចាកចេញពីនគរ ដោយមិនឲ្យមាននរណាដឹងឡើយ នៅក្នុងគម្ពីរមួយចំនួនបានរៀបរាប់ថា ទេវតាបានចេញមកជួយក្នុងដំណើរនេះ ដោយបានទ្រជើងសេះកណ្ឋកៈមិនឲ្យឮសម្លេង ភ្ញាក់មនុស្សម្នានៅក្នុងនគរនោះទេ ដោយសារខ្លាចពួកគេនឹងបង្អាក់នូវការចេញសាងផ្នួសរបស់ព្រះសិទ្ធត្ថ ។ ពេលយាងទៅដល់មាត់ស្ទឹងអនោមា ព្រះអង្គបានចុះពីសេះ ហើយបានដោះចេញនូវវត្ថុមានតម្លៃទាំងឡាយ ហើយក៏ប្រគល់ទៅឲ្យឆន្នាមាត្យដើម្បី យកទៅប្រគល់ថ្វាយព្រះបិតារបស់ព្រះអង្គវិញ ឆន្នាមាត្យ ប្រកែកសូមទៅតាមបម្រើព្រះអង្គ តែព្រះអង្គពុំព្រម ឆន្នាមាត្យក៏ត្រូវបណ្តើរសេះឈ្មោះកណ្ឋកៈនិងវត្ថុមានតម្លៃទាំងអស់នោះត្រឡប់មកនគរវិញ ចំណែកព្រះសិទ្ធត្ថ ក៏បានសាងផ្នួសនៅមាត់ស្ទឹងអនោមានោះឯង ។

ការចេញសាងផ្នួសរបស់ព្រះសិទ្ធត្ថមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងទម្រង់សិល្បៈខ្មែរតាំងពីសម័យអង្គរ ក្នុងរចនាប័ទ្មបាយ័ន រហូតមកដល់សម័យបច្ចុប្បន្ន ។ យើងក៏ឃើញមានចម្លាក់ហោជាងជាច្រើនក្នុងរចនាប័ទ្មបាយ័ន នៅប្រាសាទនគរបាជ័យ ក្នុងទឹកដីខេត្តកំពង់ចាម បង្ហាញពីឈុតដ៏សំខាន់នៃពុទ្ធប្រវត្តិនេះ លើសពីនេះទៅទៀត នៅលើហោជាងនៃព្រះវិហារវត្តនៅខេត្តបាត់ដំបងនិងខេត្តសៀមរាប ក៏ឃើញមានចម្លាក់ជាសាច់រឿងត្រង់ចំណុចនេះដែរ ។

សាច់រឿងត្រង់ចំណុចនេះគឺជាផ្នែកដ៏សំខាន់មួយនៃការសម្រេចចិត្តរបស់ព្រះសាស្តា មុននឹងព្រះអង្គបានត្រាស់ដឹងមកប្រោសមនុស្សទាំងឡាយ ប្រជាជនខ្មែរ ក៏ដូចជាសិល្បករខ្មែរ ប្រាកដជាផ្តល់តម្លៃយ៉ាងសំខាន់ទៅលើឈុតត្រង់នេះ ទើបបណ្តាលឲ្យមានជាចម្លាក់សិល្បៈលម្អនៅលើហោជាង ឬជាគំនូរនៅតាមពុទ្ធសាសនដ្ឋានផ្សេងៗ មានវត្តមានមិនដែលខាន ពីមួយជំនាន់ទៅមួយជំនាន់ ។








EmoticonEmoticon