ក្បាច់ចម្លាក់ចម្លងរចនាប័ទ្មអង្គរវត្ត នៅរមណីយដ្ឋានវត្តភ្នំ ធ្វើតាំងពីឆ្នាំ ១៨៩៣

វត្តមានក្បាច់ចម្លាក់ចម្លងរចនាប័ទ្មអង្គរវត្ត នៅរមណីយដ្ឋានវត្តភ្នំ ធ្វើតាំងពីឆ្នាំ ១៨៩៣
នៅរមណីយដ្ឋានវត្តភ្នំ ក្រៅតែពីសំណល់រូបសំណាកតោ និងទ្វារបាល
មួយចំនួននៅវត្តភ្នំ ដែលអាចចាត់ទុកជារូបសំណាកដែលត្រូវបាន
យកមកពីតំប់អង្គរដោយស្តេចពញាយ៉ាត (ញាតិ) តាំងពី
ពាក់កណ្តាលសតវត្សទី ១៥ ហើយ នៅក្នុងបរិវេណរមណីយដ្ឋាននេះ
នៅមានចម្លាក់ចាក់ពុម្ពតាមក្បាច់រចនាប័ទ្មអង្គរយ៉ាងប្រណីត
តាំងនៅពីមុខព្រះវិហារវត្តភ្នំផងដែរ ។
ក្បាច់ទាំងនោះ ប្រសិនបើមើល
តែមួយភ្លែត យើងប្រហែលជាសន្នដ្ឋានថា ប្រហែលជាក្បាច់ថ្មី
ទើបតែធ្វើឡើងនៅពេលក្រោយមិនប៉ុន្មានឆ្នាំប៉ុណ្ណោះ ដោយសារតែ
ការលាបថ្នាំ ជួសជុលថ្មី តែតាមពិតទៅរូបចម្លាក់ទាំងនោះ
គឺមានអាយុប្រហាក់ប្រហែលទៅនឹងព្រះវិហារនៅលើវត្តភ្នំ
ដែលត្រូវបានរុះរើធ្វើថ្មីនៅសម័យអនានិគមបារាំង
ដែលមានអាយុកាលជាងមួយរយឆ្នាំហើយ ។

បើតាមឯកសារបារាំងបានបង្ហាញថា នៅឆ្នាំ ១៨៩៣ មានការជួសជុល
សួនច្បារវត្តភ្នំ និងរៀបចំឲ្យមានសួនសត្វនៅកៀកនឹងរមណីយដ្ឋាន
ប្រវត្តិសាស្ត្រនេះ ។ យើងត្រូវងាកក្រលេកទៅមើលប្រវត្តិសាស្ត្របន្តិច
ថាតើមានអ្វីកើតឡើងនៅឆ្នាំ ១៨៩៣ គឺនៅពេលនោះ មានសង្គ្រាម
បារាំង សៀម បានកើតឡើង ដោយបារាំងចង់គ្រប់គ្រងទឹកដីភូមិភាគ
ខាងកើតនៃទន្លេមេគង្គ គឺប្រទេសឡាវ ដោយមូលហេតុនេះហើយ
ទើបបារាំងរកលេសដែលមន្ត្រីសៀមសម្លាប់អ្នករដ្ឋការបារាំង
ដោយលើកកប៉ាល់បំពាក់កាំភ្លើងធំចូលទៅគំរាមដល់ក្រុងបាងកក
ឆ្លៀតពេលដែលស្ថានការណ៍ផ្ទៃក្នុងរបស់សៀមកំពុងមិនស្រួល
ដោយសារស្តេចចុឡាឡុងកន ឬរាមាទី ៥ មិនសូវមានអំណាច
អំណាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់វ៉ាំងណា ឬមេទ័ព (ក្រោយអ្នកគ្រប់គ្រងវ៉ាំងណាស្លាប់ រាមាទី ៥ ក៏បញ្ឈប់លែងឲ្យមាន
របបវ៉ាំងណា ដែលតាំងមកតាំងពីសម័យរាមាទី ១ ដោយយក
វ៉ាំងណាធ្វើជាសាលាវិចិត្រសិល្បៈ និងជាសារមន្ទីមហានគរ) ហើយនៅសម័យនោះអង៉គ្លេសក៏កំពុងវាតទីដែនដីអណានិគម
របស់ខ្លួនលើភូមា និងអតីតដែនដីដែលភូមាធ្លាប់គ្រប់គ្រង
ដែលត្រូវបានគ្រប់គ្រងដោយសៀម ដូចគ្នានៅភាគខាងត្បូងរបស់សៀម
អង់គ្លេសព្យាយាមបង្កើតរដ្ឋឥស្លាមម៉ាឡេឡើង ដូច្នេះបារាំងក៏ឆ្លៀត
ឱកាសនេះដើម្បីពង្រីកដែនដីអណានិគមរបស់បារាំងដូចគ្នា ។
បន្ទាប់ពីបារាំងលើកកប៉ាល់ចូលទៅដល់បាងកក ស្តេចសៀមក៏ព្រម
ចុះសិន្ធិសញ្ញាជាមួយបារាំង នៅឆ្នាំ ១៨៩៣ ដោយប្រគល់ដែនដី
ខាងកើតទន្លេមេគង្គ ទៅឲ្យបារាំងគ្រប់គ្រង និងដកកងទ័ពរបស់សៀម
ចេញពីទឹកដីខេត្តបាត់ដំបង និងសៀមរាប ដែលសៀមបានកាន់កាប់
ក្រោមអំណាចការគ្រប់គ្រងរបស់ត្រកូលអភិជនខ្មែរ គឺត្រកូលកថាថន
(គទាធរ) តាំងពីសម័យព្រះអង្គអេង របស់ខ្មែរ ឬរាមាទី ១ របស់សៀម ។

ប្រហែលជានៅក្នុងឆ្នាំ ១៨៩៣ នេះដែរ ដែលរដ្ឋាភិបាលបារាំង បានរៀបចំជួសជុលព្រះវិហារវត្តភ្នំ ដោយបានដាក់តុបតែងនៅតាម
ជណ្តើរឡើង និងឃឿនព្រះវិហារ នូវក្បាច់អង្គរដ៏ប្រណីត ដែលក្នុងនោះ
មានទាំងរូបនាងអប្សរ ក៏ដូចជារូបចម្លាក់បង្ហាញពីសាច់រឿង
មហាភរតៈយុទ្ធមួយមួយផ្ទាំងតូច ដែលចម្លងចេញមកពីផ្ទាំងចម្លាក់
រឿងមហាភារតៈយុទ្ធនៅអង្គរវត្ត ។ ភស្តុតាងនៃវត្តមានចម្លាក់សិល្បៈ
ទាំងនេះ ឃើញមានវត្តមាននៅក្នុងរូបថតមួយចំនួនដែលរក្សាទុក
នៅក្នុងបណ្ណាល័យជាតិបារាំង ដែលថតតាំងតែពីឆ្នាំ ១៨៩៥ ។
ចេតនារបស់បារាំងនេះ គឺធ្វើឡើងដើម្បីពញ្ញាក់ស្មារតីខ្មែរ
ឲ្យចង់បានបណ្តាប្រាសាទនានា ដែលត្រូវសៀមគ្រប់គ្រងអស់ជាង
២០០ឆ្នាំ ដែលនេះគឺចាត់ទុកជាយុទ្ធសាស្ត្រឈ្នះៗសម្រាប់ខ្មែរ និងបារាំង
នោះគឺខ្មែរបានទទួលមរតកដ៏ពិសិដ្ឋរបស់ដូនតាត្រឡប់មកវិញ ចំណែកឯបារាំងគឺបានពង្រីកដែនដីអណានិគមរបស់ខ្លួនបានធំ
ជាងមុន ។ សម្រាប់សៀម ក៏ចាត់ទុកថាជាការឈ្លាសវៃមួយដែរ
ដែលសម្រេចចិត្តធ្វើសន្ធិសញ្ញាជាមួយមហាប្រទេសអឺរ៉ុបទាំងពីរ
គឺបារាំង និងអង់គ្លេស ប្រសិនបើមិនដូច្នេះទេនោះ ប្រទេសសៀម
ប្រហែលជាត្រូវបែកញែកជាប្រទេសតូចៗច្រើនទៀត ដោយសារតែ
មហាអំណាចអឺរ៉ុប អាចធ្វើឲ្យអំណាចកណ្តាលរបស់សៀម នៅបាងកក
ត្រូវដួលរលំ ដូចអ្វីដែលអង់គ្លេសបានធ្វើចំពោះស្តេចភូមា ដែលមិនព្រម
ចុះចូលនឹងអង់គ្លេស ។ ដោយឃើញស្ថានការណ៍មិនស្រួល សៀមខ្លួនឯង
ក៏ចាប់ផ្តើមធ្វើទំនើបនយកម្មការគ្រប់គ្រងប្រទេសដោយយកគំរូតាមអឺរ៉ុប និងយកសហរដ្ឋអាមេរិចជាសម្ព័ន្ធមិត្ត ដើម្បីជៀសវាងការរំលោភ
បូរណភាពទឹកដីរបស់ខ្លួនជាបន្តទៀត ។

នៅឆ្នាំ ១៩០៤ មានសន្ធិសញ្ញាបារាំងសៀម ធ្វើឡើងដើម្បី
ដោះដូរខេត្តគ្រប់គ្រងមួយចំនួន រហូតដល់ឆ្នាំ ១៩០៧ ទើបមានសន្ធិសញ្ញា
ដោះដូរយកខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន (សេរីសោភ័ណ្ឌ)
ត្រឡប់ចូលមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អណានិគមបារាំងវិញ ។ ក្រោយសន្ធិសញ្ញានោះ ក៏មានការសង់រូបសំណាកអនុស្សាវរីយ៍មួយ
នៅខាងត្បូងវត្តភ្នំ គឺរូបសំណាកព្រះបាទស៊ីសុវត្ថិ ដោយមានរូបតំណាង
ទាហានបារាំង កាន់ទង់ជាតិបារាំងនៅខាងស្តាំ និងមានរូបស្ត្រី
សម្តែងល្ខោន និងនាងអប្សរកាន់ពានទ្រវត្ថុតំណាងឲ្យការត្រឡប់
ចូលមកវិញនៃខេត្តទាំងបីនេះ ។ ខ្ញុំធ្លាប់អានសៀវភៅ និរាសនគរវត្ត
របស់សម្តេចតម្រង់រាជានុភាព ជាបុត្រារបស់ស្តេចមកុដ្ឋ រាមាទី ៤
នឹងត្រូវបានជនជាតិថៃ ចាត់ទុកថាជាបិតានៃប្រវត្តិសាស្ត្រថៃ ទ្រង់បានមកទស្សនាប្រទេសខ្មែរ នៅឆ្នាំ ១៩២៥ តាំងពីសម័យ
ព្រះបាទស៊ីសុវត្ថិ ដោយនៅក្នុងសៀវភៅនិរាសនគរវត្ត រៀបរាប់ពី
ដំណើរទស្សនាចរណ៍របស់ទ្រង់នៅកម្ពុជា និងកូសាំងស៊ីននោះ ទ្រង់បានបរិយាយថានៅព្រះវិហារវត្តភ្នំ មានក្បាច់ចម្លាក់ចម្លងបែបតាម
ប្រាសាទអង្គរវត្ត ដែលប្រហែលជាត្រូវបានធ្វើឡើង តាំងតែពីសម័យ
ដែលខ្មែរខំប្រឹងទាមទារទឹកដីនៃបណ្តាប្រាសាទទាំងនោះត្រឡប់មកវិញ ។

ភស្តុតាងមួយចំនួននៃការគ្រប់គ្រងរបស់សៀមនៅលើទឹកដីខេត្តបាត់ដំបង
នៅមានច្រើនគួរសម តាមរយៈសិល្បៈវត្តអារាមមួយចំនួន
ដោយឡែកសម្រាប់ខេត្តសៀមរាប មាននៅសេសសល់តិចណាស់
ដូចជានៅក្នុងព្រះវិហារវត្តរាជបូព៌ គឺនៅមានគំនូររឿងរាមកេរ្តិ៍
ដែលមានអក្សរមួយចំនួនជាអក្សរសៀម តែក៏មានអក្សរមួយចំនួន
ជាអក្សរខ្មែរផងដែរ ។ នៅពេលគ្រប់គ្រងខេត្តទាំងនេះ ស្តេចរាមាទី ៤
របស់សៀម ដោយស្រឡាញ់សិល្បៈខ្មែរ ព្រះអង្គក៏បានឲ្យគេសាងរូបចម្លង
ប្រាសាទអង្គរវត្តតូចមួយ នៅក្នុងបរិវេណវត្តព្រះកែវមរកត នៅក្នុង
ព្រះបរមរាជវាំងរបស់ទ្រង់ ដែលរូបប្រាសាទចម្លងនោះត្រូវបានធ្វើរួច
ក្រោយព្រះអង្គសោយទីវង្គត គឺធ្វើហើយនៅក្នុងរាជ្យស្តេចរាមាទី ៥ ដែលទឹកដីប្រាសាទបុរាណនោះត្រូវបានវិលត្រឡប់ចូលមកក្នុង
អធិបតីភាពរបស់ខ្មែរវិញ មានមនុស្សមួយចំនួនសន្និដ្ឋានថាស្តេចសៀម
ធ្វើរូបប្រាសាទអង្គរវត្តនោះ ដោយសារស្តាយនូវការបាត់បង់បណ្តា
ប្រាសាទទាំងនោះពីការគ្រប់គ្រងរបស់ខ្លួន តែតាមពិតទៅ
គឺបណ្តាប្រាសាទទាំងនោះត្រូវបានសាងហើយ មុនឆ្នាំ ១៩០៧
នៅពេលដែលខ្មែរទទួលបានទឹកដីទាំងនោះត្រឡប់មកវិញទៀត ។

សម្រាប់ប្រវត្តិសាស្ត្រសៀម ក៏ដូចជាថៃនៃសម័យបច្ចុប្បន្ន
នៅតែមានមនុស្សមួយចំនួន នៅចិញ្ចឹមចិត្តគិតថា
ទឹកដីទាំងនោះគួរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម
ហើយចាត់ទុកថាការបាត់បង់នេះ គឺជាការបាត់បង់ទឹកដីដ៏ធំមួយ
របស់សៀម ដោយមនុស្សមួយក្រុមនោះ មិនបានសិក្សាឲ្យដឹង
ប្រវត្តិសាស្ត្រជាតិខ្លួន ក៏ដូចជាប្រទេសជិតខាងឲ្យបានយល់នោះទេ
យ៉ាងហោចណាស់ក៏មើលទៅលើវត្តមាននៃជនជាតិដើមខ្មែរ
ដែលនៅសេសសល់នៅតាមព្រំដែនខ្មែរសៀម ដែលមានចំនួន
ដ៏ច្រើនអនេក ។

មហិច្ឆតានៃការចង់បានទឹកដីភាគពាយ័ព្យរបស់ខ្មែរទៅគ្រប់គ្រង
វិញនេះ បានធ្វើឲ្យរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ភិប៊ុនស៊ុងក្រាម
(ភិបុលសង្គ្រាម) ក្រោមការជួយជ្រោមជ្រែងរបស់ជប៉ុន
បានចូលមករំលោភអធិបតេយ្យខ្មែរនៅក្នុងសម័យសង្គ្រាមលោក
លើកទី ២ ម្តងទៀត តែមិនបានគ្រប់គ្រងតំបន់អង្គរនោះទេ ថៃ
បានគ្រប់គ្រងរហូតដល់ចុងឆ្នាំ ១៩៤៦ គឺដល់មានសន្ធិសញ្ញាដែលថៃ
ត្រូវដកការគ្រប់គ្រងទឹកដីទាំងនោះ និងប្រគល់ឲ្យខ្មែរ តាមរយៈ
អណានិគមបារាំង ដោយពេលថៃដកទៅហើយនោះ ក៏ពុំបានដកទ័ព
ចេញពីតំបន់ប្រាសាទព្រះវិហារនោះទេ ជាហេតុធ្វើឲ្យមាន
រឿងរកាំរកុះកើតឡើងរវាងខ្មែរ និងថៃ រហូតឈានឡើងទៅដល់ប្តឹងប្តល់
ដល់តុលាការអន្តជាតិក្រុងឡាអេ ដែលសម្រេចក្តីឲ្យខ្មែរឈ្នះក្តីប្រាសាទ
ព្រះវិហារនៅថ្ងៃ ១៥ មិថុនា ឆ្នាំ ១៩៦២ ។

គេថាទាល់តែបាត់បង់ ទើបយើងយល់ពីសារៈសំខាន់របស់វត្ថុទាំងឡាយ
ប្រសិនបើមិនធ្លាប់បាត់បង់ទេនោះ នោះយើងនឹងព្រងើយកន្តើយ
ជាក់ស្តែងដូចប្រាសាទព្រះខាន់ និងបណ្តាប្រាសាទជាច្រើនផ្សេងទៀត
គឺពុំសូវទទួលបានការយកចិត្តទុកដាក់ប៉ុន្មាននោះទេ
រហូតធ្វើឲ្យបណ្តាប្រាសាទទាំងនោះ ត្រូវរងការខូចខាតយ៉ាងដំណំ
ជាជាងការបំផ្លាញដោយធម្មជាតិទៅទៀត ដោយសារការជួញដូរ
វត្ថុបុរាណ ។














EmoticonEmoticon