ថៃប្រើអក្សរខ្មែរសម្រាប់កត់ត្រា ឯកសារសាសនារហូតដល់ដើមសតវត្សទី ២០

ថៃប្រើអក្សរខ្មែរសម្រាប់កត់ត្រា ឯកសារសាសនារហូតដល់ដើមសតវត្សទី ២០

ឃើញតែគេចែកចាយពេញហ្វេសប៊ុក
ខ្ញុំមិនដឹងថាមានអ្នកដឹងដែរទេ ថាបរិបទនៃភាសាអង់គ្លេស
និងរូបអក្សរខ្មែរនៅខាងក្រោយ វាមិនត្រូវគ្នានោះទេ
ព្រោះភាសាដែលសរសេរដោយអក្សរខ្មែរ
នៅខាងក្រោយ ឬ background ហ្នឹ៎ង
គឺជាភាសាថៃ ដែលអាចប្រើចំនួនតួអក្សរ និងសញ្ញា

មួយចំនួនដែលក្នុងភាសាខ្មែរបច្ចុប្បន្នយើងលែងប្រើ
ឬក៏ខ្មែរយើងមិនធ្លាប់ប្រើតែម្តង អញ្ចឹងទេ
បានន័យថាវាខុសពីបរិបទនៃភាសាអង់គ្លេស
ដែលថាចំនួនតួអក្សរច្រើនជាងគេលើលោក
គឺភាសាខ្មែរ ។

សូមជម្រាបផងដែរថា សម្រាប់ជនជាតិថៃ
តាំងពីកើតរដ្ឋសុខោទ័យ រហូតមកអយុធ្យា
រហូតមកដល់បាងកក និងរហូតដល់
ចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០
គឺគេនិយមប្រើអក្សរខ្មែរ សម្រាប់កត់ត្រាធម្ម
មិនថាជាភាសាបាលី ឬភាសាថៃនោះទេ
ខណៈពេលដែលអក្សរថៃ គឺគេនិយមប្រើ
ជាមួយអត្ថបទល្បែង អត្ថបទកិច្ចការរាជការ
អត្ថបទទូទៅ ដូចជាហោរាសាស្ត្រអ្វីជាដើម
ដោយហេតុនេះហើយ បានជាសម័យសម្តេច
ព្រះសុគន្ធាធិបតីប៉ាន ជាសម្តេចសង្ឃគណៈ
ធម្មយុត្តិកនិកាយ ព្រះអង្គនិមន្តទៅជាវ
គម្ពីព្រះត្រៃបិតកសាស្ត្រាស្លឹករឹត ពីថៃមកវិញ
ដោយសារនៅថៃ គែមានច្បាប់សង្គាយនាហើយ
គឺគ្រប់ត្រឹមត្រូវ ហើយកត់ត្រាជាភាសាបាលី
ដោយប្រើអក្សរខ្មែរ មិនពិបាកសម្រាប់
ខ្មែរយើងអាននោះទេ ។ មិនមែនតែថៃមួយទេ
ដែលបែងចែកបែបនេះសូម្បីតែឡាវ
ក៏មានអក្សរឡាវប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ
និងអក្សរធម្ម ដែលប្រើសម្រាប់
កត់ត្រាធម៌អារ្យដែរ ហើយឡានណា ដែល
ជាប្រទេសរាជ្យមួយរបស់ថៃបច្ចុប្បន្ន
ក៏មានអក្សធម្មឡានណា និងអក្សរទូទៅដែរ
ដោយឡែកតែខ្មែរយើង គឺយើងប្រើទាំងឯកសារទូទៅ
និងឯកសារសាសនា ។

នៅថៃចាប់ផ្តើមមានការយកអក្សរថៃមកកត់ត្រា
ភាសាបាលី និងឯកសារសាសនាតាំងតែពីសម័យ
ស្តេចរាមាទី ៤ គឺប្រហែលគ្នានឹងចុងសម័យអង្គឌួង(ដួង)
ឬដើមសម័យស្តេចនរោត្តមរបស់ខ្មែរ
តែមិនបានផ្សព្វផ្សាយឲ្យទូលំទូលាយនោះទេ
រហូតទាល់តែដល់សម័យរាមាទី ៥ ឬចុឡាឡុងកន
ទើបមានការបង្គាប់បញ្ជាឲ្យប្រើអក្សរថៃ កត់ត្រា
ឯកសារភាសាបាលី និងឯកសារសាសនា ជំនួសឲ្យ
អក្សរខ្មែរ ដែលប្រើមកតាំងពីបុរាណ តែទោះយ៉ាងណា
កនៅក្នុងក្បួនអាគមន៍ ឱមអាម ចាក់សាក់ សរសេរយ័ន្ត
ជាដើម នៅតែនិយមអក្សរខ្មែរដដែល ។

មូលហេតុដែលស្តេចរាមាទី ៥ ចេញរាជបញ្ជាឲ្យឈប់ប្រើ
អក្សរខ្មែរ និងជំនួសដោយអក្សរថៃនេះ ក៏ដោយសារតែ
រឿងនយោបាយ មិនមែនរឿងជាតិនិយមអ្វីនោះទេ
ព្រោះថាសម័យនោះ ជាពេលដែលបារាំងកំពុងពង្រីក
ទឹកដីអណានិគមរបស់ខ្លួន នៅលើទឹកដី ដែលពីមុន
ស្តេចសៀមធ្លាប់វាតទីគ្រប់គ្រង ដោយបារាំងបានគ្រប់គ្រង
កម្ពុជាហើយ សៀមខ្លាចបារាំងយកលេសថាប្រជាជន
ដែលប្រើអក្សរខ្មែរ គឺជាជនជាតិខ្មែរ ហើយគួរតែស្ថិតនៅក្នុង
ការគ្រប់គ្រង ឬបូរណភាពរបស់កម្ពុជា ទើបស្តេចសៀម
បង្គាប់ឲ្យប្រើអក្សរសៀមសម្រាប់គ្រប់ការងារកត់ត្រាអ្វីៗ
ទាំងអស់ ។ ការផ្លាស់ប្តូរនេះ ក៏ធ្វើឲ្យពួកបញ្ញាជនថៃ
ពីមួយជំនាន់ទៅមួយជំនាន់ ភ្លេច និងលែងចេះអាន
ភាសាថៃ សរសេរដោយអក្សរខ្មែរ ដែលធ្វើឲ្យឯកសារ
ដ៏មានតម្លែមួយចំនួនរបស់ថៃ មិនត្រូវបានយកមកសិក្សា
ឲ្យសាកសមតាមការគួរ ។

នៅក្នុងរូប ខ្ញុំសាកសរសេរអក្សរជាអក្សរសម្រាយ
បែបសម័យបច្ចុប្បន្ន និងខ្ញុំសាកល្បងបកប្រែពីថៃមកខ្មែរ
ផងដែរ មិនជាត្រឹមត្រូវណាស់ណាទេ គឺត្រឹមល្មម
អាចអានយល់ ដឹងអត្ថន័យថានិយាយពីអ្វី ។

ចង់បន្ថែមចំណុចចំណេះដឹងទូទៅមួយទៀត
សម្រាប់ខ្មែរយើងមួយចំនួន ដែលតែងតែលើក
ឡើងថាអក្សរថៃ គឺយកជើងអក្សរខ្មែរទៅប្រើនោះ
ខ្ញុំគិតថាអ្នកទាំងនោះ ពិតជាមិនបានសិក្សាស្រាវជ្រាវ
អ្វីនោះទេ បើតាមពិតទៅថៃមករស់នៅជាមួយ
ខ្មែរ និង មន នៅតាមជ្រលងទន្លេចៅផៈយ៉ា (ចៅពញា)
អញ្ចឹងថៃបានទទួលទាំងវប្បធម៌ខ្មែរ វប្បធម៌មន
និងមានវប្បធម៌របស់ខ្លួនឯងរួចទៅហើយ ដូចតែខ្មែរ
យើងអាងថាមុនឥណ្ឌាចូលមក យើងក៏ចេះធ្វើអ្វីៗ
មួយចំនួនធំដែរ អញ្ចឹងគឺវាដូចគ្នាសម្រាប់ថៃ ។

សូមទៅមើលអក្សរមន គឺមិនមានជើងគ្រប់តួអក្សរ
ដូចអក្សរខ្មែរទេ អញ្ចឹងមានរូបរាងតួអក្សរមួយចំនួន
ដែលថៃបានយកគំរូពីខ្មែរ និងមួយចំនួនទៀតគឺ
បានពីមន ហើយមួយចំនួនទៀតថៃបានបង្កើតឡើង
បន្ថែមដោយខ្លួនឯង ដោយសារតែអក្សរជាងសាមសិបតួ
របស់ឥណ្ឌា មិនគ្រប់សម្រាប់កាត់ត្រាភាសាថៃ ដូចខ្មែរ
យើងបង្កើតស្រៈ និងសញ្ញាបន្ថែមមួយចំនួនដូច្នេះដែរ
ចំណុចសំខាន់មួយទៀតដែលថៃមិនប្រើជើងដែរនោះ
គឺអាចមកពីជនជាតិថៃពិបាកបញ្ចេញសម្លេងព្យាង្គតម្រួត
មិនដូចជនជាតិខ្មែរនោះទេ សូម្បីតែខ្មែរដែលអាចបញ្ចេញ
សម្លេងព្យាង្គតម្រួតបាន តែខ្មែរក៏នៅតែនិយមកាត់សម្លេង
តម្រួតដែរ ដូចជាពាក្យថា ក្រមា យើងអានថា គ័រ.ម៉ា
គឺវាបាត់សម្លេងផ្គុំព្យាង្គតម្រួតទៅបាត់តែម្តង ភាសាវៀតណាម
ភាសាពួកម៉ាឡេ ឥណ្ឌូ អស់ហ្នឹ៎ង ក៏ពិបាកបញ្ចេញសម្លេង
ព្យាង្គតម្រួតដែរ អញ្ចឹងដល់សាសន៍អស់ហ្នឹ៎ង និយាយភាសា
ពួកអឺរ៉ុប ដែលសំបូរព្យាង្គផ្គុំ គឺស្តាប់ទៅពិបាកយល់ណាស់
មិនបាច់ដល់ភាសាអឺរ៉ុបទេ សូម្បីតែភាសាសំស្ក្រឹត ពាក្យ
ខ្មែរថា ក្បាល ហ្នឹ៎ង ក៏ឥណ្ឌូនេស៊ី ត្រូវអានជា kepala
គឺ កឹប៉ាឡា ខ្មែរចេញតែមួយព្យាង្គ ឥណ្ឌូនេស៊ីចេញឡើង
៣ ព្យាង្គ ។






EmoticonEmoticon