ចម្លាក់ការទាក់ដំរីនៅប្រាសាទបាពួន

ចម្លាក់ការទាក់ដំរីនៅប្រាសាទបាពួន

ប្រហែលជាយើងឈ្លក់វង្វេងនឹងសត្វក្នុងទេវកថា
ព្រហ្មញ្ញសាសនាពេករហូតលែងចាប់អារម្មណ៍នឹង
សត្វដ៏មានសារៈសំខាន់ នៅក្នុងវប្បធម៌ខ្មែរ នោះ
គឺសត្វដំរី ។ ប្រសិនបើសួរពីសត្វគ្រុឌ សត្វនាគ
សត្វមករ រាជសីហ៍ជាដើម ប្រហែលជាមាន
អ្នកដឹងរឿងច្រើន តែប្រសិនបើសួររឿងសត្វដំរី

ប្រហែលជាមិនមានអ្នកដឹងរឿងរ៉ាវច្រើននោះទេ
ព្រោះតាំងពីសម័យដែលយើងប្រើគ្រឿងម៉ាស៊ីន
រថយន្ត កាន់តែច្រើន សារៈសំខាន់របស់សត្វដំរី
ក៏ត្រូវបានបាត់បង់ ។

តាមអត្ថបទមួយរបស់លោកបណ្ឌិតមីសែល ត្រាណេ
លោកបានរៀបរាប់ថា នៅឥណ្ឌូចិនពីមុន
គឺមានតែខ្មែរ និងជនជាតិភាគតិចអំបូរខ្មែរមន
តែប៉ុណ្ណោះដែលចេះទាក់ និងផ្សាំងដំរី ហើយយើង
ចេះផ្សាំងដំរីយកមកប្រើប្រាស់តាំងតែពីចុងសម័យ
លោហៈ គឺមុនការចូលមកដល់របស់វប្បធម៌ឥណ្ឌា
សូមជម្រាប់ថា ជនជាតិនៅថៃដែលបង្កើតជាបុណ្យ
ដំរីដ៏ធំ និងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ច្រើននៅ
ក្នុងខេត្តសុរិន្ទ គឺជាជនជាតិកួយ ដែលក៏និយាយ
ភាសាអំបូរខ្មែរមនដែរ ហើយលើសពីនេះទៀត
កួយនៅសុរិន្ទនេះក៏ចេះនិយាយភាសាខ្មែរស្ទើគ្រប់គ្នា
ដោយសារតែនៅលាយឡំជាមួយខ្មែរមកយូរអង្វែង ។
ថ្មីៗនេះមានព័ត៌មានមួយទាក់ទងនឹងក្រុមជនជាតិ
មួយ នៅប្រទេសចិន ដែលជាតំណពូជរបស់ត្រកូល
ទម័កខ្មែរតាំងពីសម័យអង្គរ ដែលត្រូវបានបញ្ជូនឲ្យ
ទៅធ្វើជាទម័កថ្វាយស្តេចចិន នេះបង្ហាញពីសមត្ថភាព
របស់ខ្មែរក្នុងការទាក់ និងផ្សាំងដំរីត្រូវបានទទួលស្គាល់
ដោយចិន ។

ប្រហែលដោយសារតែខ្មែរមានសមត្ថភាពក្នុងការទាក់
និងការផ្សាំងដំរីនេះហើយ ទើបធ្វើឲ្យខ្មែរក្លាយជា
មហាអំណាចមួយនៅក្នុងតំបន់ ទោះបីជាខ្មែរមាន
ប្រជាជនមិនច្រើនលើសលុបយ៉ាងណាក៏ដោយ
ហើយក៏ដោយសារតែដំរីនេះដែរ ទើបខ្មែរមាន
សមត្ថភាពក្នុងការសាងសង់មហាប្រាសាទថ្មធំៗ
ទាំងឡាយ តាមរហៈកម្លាំងដ៏មហិមារបស់សត្វដំរី
ដែលជាសត្វគោកធំជាងគេ ហើយត្រូវបាន
ប្រជាជនខ្មែរគោរពថាជាសត្វស័ក្តិសិទ្ធផងដែរ ។

រហូតដល់សព្វថ្ងៃក៏រូបភាពរបស់សត្វដំរី មិនបាន
បាត់បង់ពីសង្គមវប្បធម៌ខ្មែរនោះដែរ នៅពេល
ខ្មែរយើងទៅបន់ស្រន់ អារុក្ខអារក្សអ្នកតា ពេលបាន
សម្រេចតាមបំណង យើងក៏មានការយករូបដំរីឈើ
ឬក៏ថ្មទៅថ្វាយ រហូតមានពាក្យខ្មែរមួយឃ្លាថា
«ពេលឈឺយកដំរីទៅបន់ ពេលស្រន់យកពងមាន់
ទៅសង» ។ បន្ថែមពីលើនេះ នៅក្នុងភ្លេងបុរាណខ្មែរ
ក៏មានចម្រៀងជាច្រើនទាក់ទងនឹងសត្វដំរី ដូចជា
បទដំរីស.ញី បទដំរីយោលដៃ ជាដើម នេះបង្ហាញ
អំពីទំនាក់ទំនងយ៉ាងសំខាន់របស់ដំរីនៅក្នុង
វប្បធម៌ប្រពៃណីយ៍ខ្មែរ តាំងពីមុនវត្តមាននៃ
វប្បធម៌ឥណ្ឌាទៅទៀត ។

មូលហេតុដែលខ្មែរអាចក្លាយជាទម័ក ឬផ្សាំងដំរីនោះ
ក៏ដោយសារតែស្រុកខ្មែរមានដំរីច្រើនដែរ យើងអាច
សង្កេតមើលតាមរយៈឈ្មោះស្ថាននាម ទីកន្លែង
ផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ ដែលមាន
ដូចជាភ្នំដំរីរមៀល និងជាពិសេសគឺឈ្មោះភូមិឃុំ នៅ
ក្នុងខេត្តព្រៃវែង ស្រុកបាភ្នំ មានដូចជាឃុំរោងដំរី
នៅឃុំបឹងព្រះមាន ភូមិក្បាលដំរី នៅឃុំជើងភ្នំ
មានភូមិរោងដំរី នៅឃុំធាយមាន ភូមិពោធិ៍ភ្លុក
នៅខាងខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ មានឃុំដំរីស្លាប់
នៅស្រុកស្ទឹងសែន មានឃុំដំរីជាន់ខ្លា នៅស្រុកស្ទោង
មានឃុំព្រះដំរី ហើយនៅមានច្រើនជាងនេះទៀត
ដែលខ្ញុំមិនអាចរៀបរាប់ឲ្យអស់ ហើយប្រសិនបើតាម
ឯកសារមួយដែលខ្ញុំធ្លាប់អាន គឺសព្វថ្ងៃនេះ យើងមាន
ដំរីព្រៃប្រហែល ៧០០ក្បាល ដែលភាគច្រើនគឺនៅក្នុង
ខេត្តកោះកុង ពោធិ៍សាត់ និងភូមិភាគឥសាន ។

ឥឡូវយើងសាកក្រឡេកទៅមើលប្រវត្តិសាស្ត្រខ្មែរ
បន្តិចវិញ គឺដែលកើតមានឡើងចាប់តាំងពីយើង
ទទួលវប្បធម៌ឥណ្ឌា ដែលសូម្បីតែឥណ្ឌាខ្លួនឯងក៏
គោរពបូជាដំរីនេះខ្លាំងណាស់ដែរ នៅក្នុងគម្ពីវេទ
នៃសាសនា ឥណ្ឌា ក៏មានគម្ពីគជសាស្ត្រ ដែល
ចែកចេញជាពីរគម្ពីផ្សេងទៀត គឺគម្ពីគជលក្ខណ៍
ដែលរៀបរាប់អំពីលក្ខណៈនៃដំរីស្លូត និងកាច
និងគម្ពីគជកម្ម ដែលបង្រៀនអំពីវេទមន្តសម្រាប់
ទាក់ដំរី មើលថែដំរី និងប្រោសព្រំឧបទ្របចង្រៃ
ជាដើម ។ នៅក្នុងសម័យវេទនៃសាសនាហិណ្ឌូ
ព្រះឥន្ទ្រ ដែលជាទេពដ៏សំខាន់ក៏មានដំរីឰរាវ័ន
ជាជំនិះផងដែរ ក្រោយការបង្កើតលិទ្ធិព្រហ្មញ្ញ
នៅប្រមាណឆ្នាំ ១០០០មុនគ.ស ព្រះឥន្ទ្របាន
ធ្លាក់ដំណែងមកនៅត្រឹមជាទេពប្រចាំទិសខាងកើត
ដែលជាទិសដ៏សំខាន់នៅក្នុងព្រហ្មញ្ញសាសនា
ក៏ដូចជាការសាងប្រាសាទខ្មែរបុរាណ ដែល
ពុំសូវខានឡើង គឺមានរូបព្រះឥន្ទ្រគង់លើដំរីក្បាលបី
ឰរាវ័ននេះ ។ ព្រះគណេស ឬឯកទន្ត ក្នុងព្រហ្មញ្ញ
សាសនា ដែលត្រូវជាបុត្ររបស់ព្រះនាងបរាវតី និង
ព្រះសិវៈ ក៏មានក្បាលជាដំរីភ្លុកមួយ ដោយសារតែ
យកភ្លុកមួយចំហៀងទៀតទៅរងពូថៅរបស់វិស្ណុអវតា
គឺបរាសុរាម ។

សារៈសំខាន់នៃដំរីនៅក្នុងព្រហ្មញ្ញសាសនានេះ
ងាយស្រួលធ្វើឲ្យសាសនានេះបញ្ជ្រាបចូលមកក្នុង
សង្គមអ្នកដឹកនាំខ្មែរ ដោយសារតែពួកគេក៏ជាទម័ក
ដំរីបផងដែរ ភស្តុតាងដូចជាឈ្មោះរាជធានីរបស់
អាណាចក្រនគរភ្នំគឺឈ្មោះ វ្យាធបុរៈ ដែលមានន័យ
ថាបុរីនៃអ្នកទាក់ដំរី មូលហេតុដែលមានឈ្មោះដូច្នេះ
ដោយសារតែគេលើកបុរសម្នាក់ជាអ្នកទាក់ដំរី ឲ្យ
ឡើងធ្វើជាស្តេច ។ ចូលមកដល់ដើមសម័យអង្គរ
តាមរយៈសិលាចារឹកស.បង្ហាញឲ្យឃើញថា
ព្រះបាទជ័យវរ្ម័នទី ៣ ចូលចិត្តការកំសាន្តដោយការ
ទាក់ដំរី ហើយព្រះអង្គក៏ធ្លាប់ធ្លោយនៅក្នុងការចាប់ដំរី
និងបាត់បង់ជីវិតនៅក្នុងការចាប់ដំរីផងដែរ បើតាម
ទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថានេះមិនមែនជាចំណង់ចំណូល
ចិត្តនោះទេ តែវាអាចជារាជបុជនីយកិច្ចមួយ សម្រាប់
បង្ហាញពីភាពវីរៈអង់អាចរបស់ស្តេចខ្មែរ ដែលជាប់ពូជពង្ស
ជាអ្នកទម័កដំរី ហើយក៏ជាការពង្រឹងចក្រភពរបស់ព្រះអង្គ
ដោយសារដំរី ត្រូវបានគេប្រើប្រាស់នៅក្នុងសង្គ្រាម ។

មកដល់ប្រាសាទសម័យរចនាប័ទ្មប្រែរូប យើងឃើញ
នៅតាមជ្រុងនីមួយៗនៃប្រាសាទប្រែរូប ក៏ដូចជាប្រាសាទ
មេបុណ្យខាងកើតមានដាក់តាំងរូបដំរីខ្នាតធំ ដ៏ប្រណីត
ដាក់តាំងលម្អនៅតាមជ្រុងកែងនីមួយៗ ដោយដំរីនីមួយៗ
មានកំពស់ជិត ២ ម៉ែត្រ ។ រហូតចូលមកដល់សម័យបាពួន
មានរូបចម្លាក់បង្ហាញអំពីការទាក់ដំរី នៅលើថែវទីពីរ ផ្នែក
ខាងក្នុងរបស់ប្រាសាទ ដោយយើងឃើញមានដំរីធ្នាក់ពីរ
នៅពីមុខពីក្រោយ ហើយមានមនុស្សម្នាក់ដើរផ្ទាល់ដី
ប្រហែលជាប្រឹងទាញខ្សែប្រកាំ ឲ្យចូលជើងដំរីស្ទាវ
សូមជម្រាបដែរថា ខ្សែប្រកាំនេះគឺគេធ្វើពីស្បែកក្របី
មានភាពរឹងមាំណាស់ ហើយត្រូវបានគេចងវាភ្ជាប់ទៅនឹង
ដងមួយ ដែលគេហៅថាដងកញ្ចាម ប្រើសម្រាប់រុញខ្សែ
ប្រកាំដែលចងជារង្វង់ ដាក់ឲ្យចូលក្នុងជើងដំរី ។

រហូតមកដល់សម័យអង្គរវត្ត និងបាយ័ន យើងបានឃើញ
នៅភាពមហិមារបស់កងទ័ពខ្មែរ តាមរយៈចំនួនដំរីដ៏ច្រើន
ត្រូវបានប្រើប្រាស់នៅក្នុងក្បួនទ័ព សូមជម្រាបផងដែរថា
នៅក្នុងក្បួនទ័ពឥណ្ឌាបុរាណ គេរៀបចំទ័ពជាក្បួនមួយ
ដែលមាន ទ័ពរទេះ ១ ទ័ពដំរី ១ ទ័ពសេះបី និង
ទ័ពថ្មើរជើងប្រាំនាក់ ដែលប្រសិនបើគិតទៅ គឺដូចគ្នា
នឹងក្បួនអុកចតុរង្គអញ្ចឹង (សូមកុំច្រឡំអុកចតុរង្គ និង
បាស្កា បាស្កាគឺដូចលេងសេះអុក ដែលមានទម្លាក់
គ្រាប់ឡុកឡាក់អញ្ចឹង ហើយនៅក្នុងរឿងមហាភារតៈ
យុទ្ធដែលមានការលេងល្បែងភ្នាល់គ្នាដាក់នគរនោះ
គឺគេលេងបាស្កាទេ មិនមែនលេងអុកចតុរង្គនោះទេ
សមាគមន៍អុកចតុរង្គខ្មែរយល់ច្រឡំ បាស្កាថាជា
អុកចតុរង្គ ចតុរង្គទើបតែកើតមាននៅឥណ្ឌា នៅ
សតវត្សទី ៦ គឺកើតក្រោយរឿងមហាភារតៈយុទ្ធ
ហើយទើបផ្សព្វផ្សាយទៅទូទាំងពិភពលោក ហើយ
«គោល» នៅក្នុងអុកចតុរង្គរបស់ខ្មែរគឺដំរី នេះឯង
ដោយប្រហែលជាខ្មែរហៅខុសពីពាក្យ ថា គជ
របស់សំស្ក្រឹត ដែលបានន័យថាដំរី) ហើយ
សម្រាប់ក្បួនទ័ពធំ គឺគេហៅថា អក្សៅហិនី ឬក៏
អក្ខោភិនី ដែលមានទ័ពរទេះ ២១៨៧០ មានទ័ពដំរី
២១៨៧០ ក្បាល មានទ័ពសេះ ៦៥៦១០ និងមាន
ទ័ពថ្មើរជើង ១០៩៣៥០ នាក់ ដោយក្នុងនោះនៅក្នុង
រឿងរាមកេរ្តិ៍ បើតាមលោកគ្រូតា ភាសាខ្មែររបស់ខ្ញុំ
ឈ្មោះ ភុល ជឹម មានប្រសាសន៍ថា មានទ័ពស្វាស្លាប់
៧០ អក្ខោភិនី (តាជឹម ថាមួយអក្ខោភិនី
មានសូន្យពីក្រោយជាង ៤០ខ្ទង់ ឬបានន័យថាដែលច្រើន
រាប់មិនអស់ គឺត្រូវតាមគាត់បកស្រាយមែន សម្រាប់តួលេខ
ជាភាសាសំស្ក្រឹត តែវាលើសលុបពេក) ហើយនៅក្នុង
រឿងមហាភារតៈយុទ្ធ មានទ័ពខាងពួកកៅរវៈចំនួន ១១
អក្ខោភិនី និងពួកបណ្ឌវៈ មាន ៧ អក្ខោភិនី សូមមើល
ក្នុងអត្ថបទទាក់ទងនឹងអក្សៅហិនី ។

ក្បួនទ័ពរបស់ឥណ្ឌានេះ បើទោះជាខ្មែរមិនបានចម្លង
យកតាមទាំងស្រុង ក៏នៅតែបង្ហាញថា ខ្មែរមានគំរូ
មួយនៃការរៀបចំកងទ័ពប្រហាក់ប្រហែលនឹងឥណ្ឌា
ដែរ សូម្បីតែឈ្មោះមេទ័ពអ៌ជុន ក៏ជាឈ្មោះមេទ័ព
ដ៏សំខាន់នៅក្នុងរឿងមហាភារតៈយុទ្ធ ដែលជាតួអង្គ
ក្លាហាន នៅក្នុងចំណោមត្រកូលបណ្ឌពទាំង ៥ នាក់ ។
បើទោះបីជាយើងយកគំរូតាមឥណ្ឌា តែយើងឃើញថា
មេទ័ព ក៏ដូចជាព្រះរាជាខ្មែរ គឺគង់ប្រថាប់នៅលើ
ដំរី ដែលខុសពីមេទ័ពរបស់ឥណ្ឌា គឺគង់នៅតែលើ
រទេះសេះនោះទេ អាចមកពីពួកគេខ្លាចគ្រាប់ព្រួញ
ក៏មិនដឹង យើងអាចមើលចម្លាក់នៅថែវជាន់ទី ២ របស់
ប្រាសាទអង្គរវត្ត ឃើញថាមេទ័ពក្នុងរឿងមហា
ភារតៈយុទ្ធ ក៏ដូចជារឿងរាមកេរ្តិ៍ គឺប្រើរទេះ សម្រាប់
អ្នកដែលប្រើដំរីគឺមិនដឹងជាមេទ័ព ឬក៏អ្វីនោះទេ ។
បន្ថែមពីលើសម័យអង្គរវត្ត នៅសម័យបាយ័ន
ការលេចឡើងនូវទីលានជល់ដំរី បង្ហាញឲ្យឃើញ
នូវសិល្បៈនៃការធ្វើសង្គ្រាមមួយ ដែលបុព្វបុរសខ្មែរ
បានផ្តល់តម្លៃជាទីបំផុត រហូតយកមកដាប់ឆ្លាក់
នៅពីមុខ ទីលានកិត្តិយស មុខព្រះបរមរាជវាំង ។
សារៈសំខាន់មួយទៀតរបស់ដំរីនៅសម័យនោះ
បង្ហាញតាមរយៈទ្វារដំរី នៅប្រាសាទអង្គរវត្ត
ដែលជាច្រកចូលធំពីរ ដែលពុំមានរៀបចំជាឃឿន
នោះទេ គឺរៀបចំឲ្យរាបស្មើនឹងដីតែម្តង ខុសអំពី
ច្រកចូលធំបីផ្សេងទៀត ។ លក្ខណៈនៃច្រកចូលនេះ
យើងអាចយកទៅធៀបនឹងទ្វារចូលទៅកាន់ក្រុង
អង្គរធំ ដែលមានរាងប្រហាក់ប្រហែលគ្នា គឺមាន
កំពស់ច្រកចូលខ្ពស់ គឺគេធ្វើឡើងសម្រាប់តម្រូវ
ដើរចេញចូលរបស់ដំរី ជាពិសេសគឺមានមនុស្សអង្គុយ
នៅពីលើ បើយើងយកទៅធៀបជាមួយទ្វារក្រុងរបស់
ពួករ៉ូម៉ាំង និងពួកអឺរ៉ុបសម័យក្រោយ គឺមានកំពស់
ទាបជាងទ្វារក្រុងអង្គរធំរហូតដល់ទៅជិតពីរដង
ឯណោះ គឺមិនខ្ពស់ដូចយើងនោះទេ ។

នៅតំបន់អង្គរនោះដែរ មានកន្លែងបុរាណមួយ
នៅបរិវេណវង់ធំ មានសំណង់រាងដូចកំពែង
ថ្មបាយក្រៀមមួយ មានកំពស់ជាងពីរម៉ែត្រ
មានសណ្ឋានរាងមូល មានច្រកចូលពីរ ដែល
សំណង់នេះត្រូវបានគេហៅថាក្រោលរមាស
ឬក្រោលដំរី ដែលទីនេះប្រហែលជាកន្លែងសម្រាប់
បង្វឹកផ្សាំងដំរីទើបតែទាក់បាន បើទោះបីជាដំរីមាន
កំពស់រហូតដល់ទៅជាង ៣ ម៉ែត្រ តែដំរី វាមិនចេះ
លោតនោះទេ ហើយមួយទៀតពេលគេចាប់ គេ
ចាប់តែដំរីស្ទាវយកមកផ្សាំងប៉ុណ្ណោះ គេមិនយក
ដំរីធំពេញវ័យយកមកផ្សាំងនោះទេ ព្រោះវាកាច
កម្លាំងខ្លាំង និងមិនងាយផ្សាំងនោះទេ ។

រហូតមកដល់សម័យកណ្តាល យើងឃើញថា
ដំរី និងព្រះមហាក្សត្រខ្មែរ នៅតែមានទំនាក់ទំនង
យ៉ាងសំខាន់ដដែល គឺតាមរយៈប្រវត្តិសាស្ត្រ
សម័យលង្វែក គឺក្រោយពីស្តេចកនជ្រែករាជ្យ
រាជវង្សស្តេចខ្មែរក៏បានរត់ទៅនៅក្រុងអយុធ្យា
ដែលក្នុងនោះក៏មានព្រះបាទច័ន្ទរាជា ជាបុត្រ
របស់ព្រះបាទស្រីធម្មរាជា ដែលត្រូវជាបុត្ររបស់
ព្រះបាទពញាយ៉ាត (ញាតិ) និងស្ត្រីសៀមម្នាក់ ។
ព្រះច័ន្ទរាជា បានក្លាយទៅជាទម័កដំរីឲ្យស្តេចសៀម
នេះក៏ដោយសារតែមានសមត្ថភាពរបស់ខ្មែរ ក្នុងការ
ទាក់ និងផ្សាំងដំរីតាំងតែពីសម័យបុរាណ រហូត
ទទួលបានការស្រឡាញ់ទុកចិត្តពីស្តេចសៀម
យ៉ាងខ្លាំង តែការស្រឡាញ់នេះ ក៏មិនបានធ្វើឲ្យព្រះអង្គ
ភ្លេចព្រះទ័យពីប្រទេសរបស់ព្រះអង្គដែរ ព្រះអង្គបាន
ធ្វើកលល្បិចបោកស្តេចសៀម ដើម្បីចេញទៅទាក់ដំរី
ធំមួយ ដោយមានសូមយកដំរីធ្នាក់ និងកងទ័ពជាច្រើន
មកតាម តែព្រះអង្គបែរជាត្រឡប់ចូលប្រទេសកម្ពុជា
និង បានទទួលការស្មោះស្ម័គ្ររបស់នាយពេជ្រ ដែល
ក្រោយមកក្លាជាអ្នកតាឃ្លាំងមឿង (ក្លាងមឿង អាចជា
ពាក្យសៀមមានន័យថាកណ្តាលក្រុង) ។ ក្រោយបង្ក្រាប
ស្តេចកនបាន និងសាងបន្ទាយលង្វែករួច សៀមក៏ទារឲ្យ
ខ្មែរបញ្ជូនសួយសាអាករទៅអយុធ្យា តែព្រះបាទច័ន្ទរាជា
ឬបរមរាជាទី ១ មិនព្រមធ្វើតាម ស្តេចសៀមក៏ឲ្យ
ពញ្ញាអុង ត្រូវជាបុត្ររបស់ព្រះស្រីសុគន្ធបទ ដែលនៅ
ស្រុកសៀមដែរនោះ លើកទ័ពមកបង្ក្រាប តែត្រូវព្រះ
ច័ន្ទរាជាបញ្ចុះបញ្ចូល តែមិនបាន ដោយសារពញា
អុងនេះ គឺមានយសាបណ្តាស័ក្តិជាចៅហ្វាយខេត្ត
សុវណ្ណខាកលោក ដែលមានអាណាបរិវេណធំធេង
គួរសម ទើបពញាអុងមិនព្រម ក្រោយមកពញាអុង
ក៏ត្រូវព្រួញស្លាប់នៅលើដំរីនៅក្នុងសង្គ្រាមជាមួយ
ព្រះច័ន្ទរាជា ដោយសារចាញ់សង្គ្រាមខ្មែរលើកនេះហើយ
ទើបខេត្តសៀមរាបទទួលបានឈ្មោះនេះ ហើយ
ក្រោយនោះប្រហែល ៣ ទសវត្ស សៀមត្រូវទទួល
ការវាយលុកពីភូមា រហូតដុតក្រុងអយុធ្យាបានលើក
ទី ១ នៅឆ្នាំ ១៥៥៥ ដែលអាចជាមូលហេតុមួយ
ទាក់ទងនឹងខ្មែរយកដំរីមកអស់ច្រើននេះដែរ ។

ចូលមកដល់ដើមសម័យបារាំង ក៏ខ្មែរនៅតែនិយម
ប្រើដំរីនេះដែរ យើងឃើញមានរូបថតជាច្រើនបង្ហាញ
ពីការដែលព្រះមហាក្សត្រខ្មែរប្រថាប់លើដំរី ក៏ដូចជា
នៅខាងត្បូងវាំង មានរោងដំរីស. ដែលតាមពិតទៅ
ទីនោះមិនមែនជាកន្លែងទុកហ្វូងដំរីព្រះទីនាំងនោះទេ
តែជាកន្លែងទុកដំរីស.មួយដែលអ្នកកោះកុងចាប់បាន
ថ្វាយអតីតវីរៈក្សត្រទេ ។

ផុតពីរឿងស្រុកខ្មែរ ឥឡូវសាកនិយាយបន្តិចអំពី
កងទ័ពដំរីនៅលើពិភពលោកម្តង កងទ័ពដំរីនៅ
លើពិភពលោកដែលអាចថាទាក់ទងនឹងខ្មែរដែរនោះ
គឺសង្គ្រាមរវាងពួកម៉ុងហ្គោល និងភូមា សូមជម្រាប់ថា
ទ័ពម៉ុងហ្គោលលុកលុយប្រទេសចិនទាំងមូល ប្រើពេល
តែ ៣ខែ តែប៉ុណ្ណោះ តែគេប្រើពេល ៣ឆ្នាំ ទើប
វាយបែកបាហ្កាន រាជធានីរបស់ភូមានៅសតវត្សទី ១៣
ដោយសារតែកងទ័ពដំរីដ៏ខ្លាំងរបស់ភូមា បានសម្លាប់
មេទ័ពម៉ុងហ្គោលអស់ជាច្រើន ពេលបានជ័យជំនះលើ
បាហ្កាន ម៉ុងហ្គោលបានដុតទីក្រុងបាហ្កានចោល
ហើយមូលហេតុដែលទ័ពម៉ុងហ្គោល មិនបន្តលើក
ទ័ពមកវាយខ្មែរបន្តទៀត បើទោះបីជាមានការយុះយុង
ពីចាម និងអណ្ណាមក៏ដោយ ក៏ប្រហែលតែដោយសារ
កងទ័ពដំរីរបស់ខ្មែរនេះដែរ កត្តាភូមិសាស្ត្រ ក៏អាច
ជាមូលហេតុនេះផងដែរ ។ រឿងមួយទៀត ស្តេចចក្រពត្តិ
អាឡិចសង់ នៃដែនម៉ាសេដូនៀ ដ៏ល្បីល្បាញ វាយ
ដណ្តើមយកក្រិច អេស៊ីប ពែក្ស អាស៊ីកណ្តាល ក៏មក
បញ្ឈប់សង្គ្រាមរបស់ខ្លួនត្រឹមសមរភូមិទន្លេសិន្ធុ
ដោយសារតែទ័ពដំរីរបស់ឥណ្ឌានេះដែរ ។ ទាំងនេះ
សុទ្ធសឹងតែបង្ហាញថា ទ័ពដំរីគឺខ្លាំងអង់អាចណាស់
មុនពេលដែលអាវុធសម័យទំនើប និងគ្រឿងម៉ាស៊ីន
សព្វថ្ងៃត្រូវបានបង្កើតឡើង ។

នៅចំណុចមួយទៀតដែលខ្ញុំចង់លើកឡើងផងដែរនោះ
គឺទាក់ទងនឹងព្រះពុទ្ធសាសនា ដែលក៏ជាសាសនាមាន
ការលើកតម្កើងសត្វដំរីផងដែរ ដោយសត្វដំរីនៅក្នុង
ព្រះពុទ្ធសាសនា ក៏ដូចជាព្រហ្មញ្ញសាសនា គឺបង្ហាញពី
ភាពសម្បូណ៍សប្បាយ ចំរុងចម្រើនរុងរឿង ដូចជាក្នុង
មហាជាតិ រឿងព្រះវេស្សន្តរ ដែលព្រះអង្គកើតឡើងមក
ព្រមជាមួយនឹងនឹងតង្វាយជាដំរីគជេន្ទ្រ ធ្វើឲ្យដែន
ស្រីពិរាស្ត្រ មានភាពសុខសាន្ត ហើយព្រះអង្គក៏ត្រូវ
ប្រជាជនបង្ខំនិរទេសចេញពីនគរ ដោយសារតែទ្រង់
ដាក់ទានដំរីគជេន្ទ្រនេះទៅឲ្យពួកព្រាហ្មមកពីដែន
កលិង្គរាស្ត្រ ដែលប្រជាជនចាត់ទុកដំរីនោះថាជាវត្ថុ
មង្គលរបស់នគរ ។ ចំណែកឯនៅក្នុងពុទ្ធប្រវត្តិ ក៏បាន
បង្ហាញផងដែរថាព្រះនាងសិរិមហាមាយា ក៏បាន
យល់សប្តឃើញដំរីស.ភ្លុកខៀវ ចុះមកចាប់បដិសន្ធិ
នៅក្នុងផ្ទៃរបស់ព្រះនាង មុននឹងប្រសូតបានព្រះសិទ្ធត្ថ
ហើយនៅមួយថ្ងៃមុនពេលព្រះសិទ្ធត្ថត្រាស់ដឹង ព្រះអង្គ
ក៏ត្រូវបានផ្ចាញ់ដោយមារ ដែលជិះលើដំរីគជេន្ទ្ររបស់
ព្រះអង្គ កាលពីអតីតជាតិ ទើបមានច្បាំងចាញ់បារមី
របស់ព្រះអង្គ ។ ក្រោយពេលត្រាស់ ថ្ងៃមួយព្រះអង្គ
មិនអាចសម្ងប់ជម្លោះរបស់ពួកព្រះថេរានុថេរៈនៅក្នុង
អាវាស ព្រះអង្គក៏និមន្តចូលព្រៃ ហើយមានសត្វស្វា
យកឃ្មុំមកថ្វាយព្រះអង្គ និងមានដំរីមួយឈ្មោះថា
បាលិលេយ្យ យកទឹកមកថ្វាយព្រះអង្គ ហើយ
បាលិលេយ្យនេះ ប្រហែលជាក្លាយជាឈ្មោះប្រាសាទមួយ
នៅអង្គរ ដែលមានរូបព្រះសម្មាសម្ពុទ្ធ នៅប្រថាប់ក្បែរ
ដំរី ឈុតត្រង់នេះក៏ចង់បង្ហាញអំពីការដែលនិយាយ
ជាមួយមនុស្សមិនស្តាប់ ទៅនឹងជាមួយសត្វវិញគឺ
ប្រសើរជាង ។ ចំណុចទាំងអស់នេះ បង្ហាញឲ្យឃើញ
នូវសារៈសំខាន់របស់ដំរី ក្នុងព្រះពុទ្ធសាសនា ក៏ដូចជា
នៅក្នុងសង្គមសិល្បៈខ្មែរ ។

តាមរយៈការបកស្រាយខាងលើ យើងឃើញថា
ដំរី និងសង្គមខ្មែរគឺមានទំនាក់ទំនងនឹងគេជាយូរ
អង្វែងណាស់មកហើយ ហើយសមត្ថភាពនៃការ
ទាក់ និងផ្សាំងដំរីនេះទើបធ្វើឲ្យខ្មែរមានសមត្ថភាព
ក្នុងការសាងចក្រភពមួយដ៏អង់អាច ខណៈពេល
ដែលខ្មែរមិនមានប្រជាជនច្រើនណាស់ណានោះទេ
គឺយើងមានសមត្ថភាពជាងជនជាតិនៅអាហ្វ្រិក
ដែលមិនចេះទាក់ និងផ្សាំងដំរី គឺចេះតែសម្លាប់
ដើម្បីយកភ្លុកឲ្យពួកអឺរ៉ុប ធ្វើគ្រាប់ប៊ីយែ ដែលពី
សម័យមុនគ្រាប់ប៊ីយែគឺធ្វើពីភ្លុកដំរី ។ ក្រោយពី
ខ្មែរបានផ្ទេរចំណេះដឹងក្នុងការទាក់ និងផ្សាំងដំរីនេះ
ឲ្យទៅជនជាតិជិតខាង ជាហេតុធ្វើឲ្យខ្មែរត្រូវក្លាយជា
សត្រូវដែលប្រទេសជិតខាង គឺសៀម ចាត់ទុកថា
ជាសត្រូវដែលមិនអាចទុកឲ្យឈរបាន ព្រោះថា
ខ្មែរខ្លាំងក្នុងការចាប់ និងប្រើដំរី ទើបនៅពេល
សៀមមានភាពរឹងមាំ គេតែងតែមកពង្រឹងអំណាច
របស់គេនៅលើខ្មែរមុនគេ គឺដូចជាការដុតបន្ទាយលង្វែក
ក្រោយពីសៀមចេញពីការគ្រប់គ្រងរបស់ភូមាតែ
ប៉ុន្មានឆ្នាំ ក៏ដូចជាការដែលពញាចក្រី ដែលក្រោយមក
ក្លាយជាស្តេចរាមាទី ១ ត្រូវបានស្តេចតាកស៊ីន បញ្ជូន
មកបង្ក្រាបស្ថានការណ៍នៅស្រុកខ្មែរ បន្ទាប់ពីសាង
រាជធានីនៅធនបុរី មិនបានប៉ុន្មាន នេះក៏ដោយសារ
តែពូជខ្មែរខ្លាំង មិនអាចបណ្តែតបណ្តោយបាន ។

ចំណុចមួយទៀតទាក់ទងទៅនឹងភាសាសាស្ត្រ គឺ
ពាក្យថា ទម័ក នេះមានន័យថាអ្នកបង្ហាត់ដំរី ឬអ្នក
ទូន្មានដំរី ហើយនៅក្នុងវចនានុក្រមខ្មែរក៏បានដាក់ដែរថា
ខ្មែរយើងប្រើច្រឡំទៅជាសរសេរថាទ្រមាក់យូរមកហើយ
ដែលយើងគួរសរសេរជាទម័កវិញទើបត្រឹមត្រូវ ។
សម្រាប់ខ្ញុំ ខ្ញុំគិតថាពាក្យទ្រមាក់ នេះសាកសមជាង
ព្រោះថាទ្រមាក់ គឺចេញមកពីពាក្យខ្មែរថាទាក់ គឺសំដៅ
ទៅលើអ្នកទាក់ដំរីនេះឯង ដោយសារតែដំរីស្រុក មិនងាយ
មានកូននោះទេព្រោះវាខ្មាស់អៀនមនុស្ស បើវាមាន
ភេទសម្ព័ន្ធក៏វាត្រូវទៅចូលព្រៃដែរ ហេតុនេះហើយទើប
អ្នកចិញ្ចឹមដំរី ត្រូវទៅទាក់ដំរីថ្មីយកមកចិញ្ចឹម ទើបគេ
និយមហៅអ្នកទាក់ដំរីថា ទ្រមាក់ដំរី ។ សម្រាប់ផ្នត់ជែក
អ-រ / ម ឬ ណ នេះ នៅក្នុងភាសាខ្មែរយើងក៏មានច្រើន
ទៀតដែរ ដូចជាពាក្យថា៖
ដោត ទៅជា ត្រណោត (ត្រីមួយត្រណោត)
ដាប់ ទៅជា ត្រណាប់ (ឈើ ថ្ម)
កាត់ ទៅជា ក្រណាត់ (ក្រណាត់កន្ទប)
ចាប់ ទៅជា ច្រងាប់ (ច្រងាប់ច្រងិល)
សោក ទៅជា ស្រណោក (ស្រណោះស្រណោក)
ដូច្នេះទាក់ ក៏អាចទៅជាទ្រមាក់ បានដែរ គ្រាន់តែថា
យើងមិនឃើញមានការយកផ្នត់ជែកយកមកហៅមុខងារ
អ្វីមួយនៅក្នុងភាសាខ្មែរ តែក៏យើងមិននិយមហៅទ្រមាក់
ទទេដែរ គឺយើងហៅថាទ្រមាក់ដំរី តិចមានអ្នកមកសួរថា
អញ្ចឹងយើងគួហៅអ្នកទាក់ឆ្កែថា ទ្រមាក់ឆ្កែដែរទៅ ហាហា ។

ស្ថាប័នអ្នកចាប់ដំរីនេះ គឺមានចែកជាក្បួនខ្នាត
តាមបទពិសោធន៍ច្បាស់ល្អណាស់ គឺគេមានតំណែង
ជាព្រះគ្រូ ឬគ្រូហ្ម ដែលជាចាស់ទុំមានបទពិសោធន៍
ដឹងពីទិសខ្យល់ ដឹងពីកន្លែងដំរីនៅ ដឹងពីការរត់របស់
ដំរី ដើម្បីរៀបចំគម្រោងទាក់ដំរី ហើយគេទាក់ទងគ្នា
នៅក្នុងការចាប់ដំរី ដោយផ្លុំស្នែងឲ្យជាសញ្ញាគ្នា
ទៅវិញទៅមក ។ តំណែងបន្ទាប់គឺតំណែងគ្រូបា
ដែលជាមេក្រុមទ្រមាក់ និងមានបទពិសោធន៍ចាប់បាន
ដំរីច្រើន អាចថាលើសពី ២០ឡើងទៅ តំណែងបន្ត គឺ
ហ្មស្តាំ ដែលជាអ្នកមានបទពិសោធន៍ធ្លាប់ចាប់ដំរីបាន
យ៉ាងតិច ៥ ក្បាល តំណែងមួយទៀតគឺហ្មឆ្វេង ដែល
ជាអ្នកមានបទពិសោធន៍ធ្លាប់បរដំរីចូលទាក់ពីមុន និង
តំណែងទាបជាងគេគឺអ្នកបរដំរី ដែលស្ថិតនៅក្រោម
ការបញ្ជាររបស់ពួកហ្មស្តាំ ហ្មឆ្វេង និងគ្រូបា ។
សម្រាប់ការចេញទៅទាក់ម្តងៗ គឺគេមានគ្រូបាម្នាក់ និងមាន
ហ្មស្តាំ ហ្មឆ្វេង និងអ្នកបរដំរីជាច្រើនអ្នក ។ សម្រាប់ពេល
ចេញចាប់ដំរីនោះ អ្នកនៅឯផ្ទះ ក៏មានត្រូវធ្វើតំណមតឹងរឹង
ផងដែរ ដើម្បីឲ្យអ្នកទៅទាក់ដំរី បានសេចក្តីសុខ មិនទទួល
ការធ្វើបាបពីម្រេញគង្វាលរក្សាសត្វដំរីព្រៃ ។

ការសិក្សាអំពីដំរីគួរធ្វើឡើងបន្ថែមទៀត ដើម្បីឲ្យ
ខ្មែរបានយល់ស្គាល់កាន់តែច្បាស់អំពីសត្វមួយនេះ
ហើយក៏គួរតែយលដំរីធ្វើជាសត្វតំណាងឲ្យជាតិ
និងបង្កើនមោទនភាពជាតិតាមរយៈសត្វមួយនេះ
មិនគួរយកគោព្រៃដែលផុតពូជទៅហើយនោះទេ ។

















EmoticonEmoticon