ពីធីសែនក្រុងពាលី

ពីធីសែនក្រុងពាលី
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឮហើយពិធីការសែនក្រុងពាលី ដែលតែងតែធ្វើឡើងដើម្បីសូមទឹកសូមដី មុននឹងរៀបចំពិធីមង្គលការ ពិធីបុណ្យផ្សេងៗ ការសាង់សង់សំណង់អគារជាដើម ។ តើក្រុងពាលីជានរណា ហេតុអ្វីក៏មានអំណាច ការគោរព និងការកោតខ្លាចម្ល៉េះ? ក្រុងពាលី ឬមហាពាលី ជាយក្សមួយ ដែលបានបំពេញតបៈ បំពេញសីលត្រចះត្រចង់ រហូតសូមពរពីព្រះបាន ក្រោយពីបានពរពីព្រះហើយ ក្រុងពាលី បានវាយដណ្តើមគ្រប់គ្រងភពផែនដី ថែមទាំងដណ្តើមគ្រប់គ្រងស្ថានសួគ៌ពីព្រះឥន្ទ្រទៀត ជាហេតុឲ្យកើតក្តីក្តៅក្រហាយដល់ពពួកមនុស្សទេវតាទាំងពួង ។
ហេតុក្តៅក្រហាយនេះ បានដឹងទៅដល់ព្រះវិស្ណុ ព្រះវិស្ណុក៏បានកើតជាអវតា មនុស្សតឿ ឈ្មោះថា វាមន ហើយបានក្លែងខ្លួនជាព្រាហ្ម ទៅចូលរួមនៅក្នុងយញ្ញពិធីរបស់ក្រុងពាលី ក្រោយបញ្ចប់យញ្ញពិធី ក្រុងពាលីបានថ្លែងថា ខ្លួននឹងផ្តល់នូវរាល់របស់អ្វីទាំងឡាយឲ្យដល់សមណៈពា្រហ្មទាំងឡាយដែលបានចូលរួមនៅក្នុងពិធីនេះ ពេលដែលវាមន ចូលទៅសុំ រាជគ្រូរបស់មហាពាលី បានឃាត់មហាពាលី កុំផ្តល់អ្វីទៅតាមសំណើររបស់ព្រាហ្មតឿរូបនោះ តែមហាពាលីមិនជឿពាក្យគ្រូ គិតថាខ្លួនឯងអាចផ្តល់អ្វីៗដល់សំណើរទាំងពួងបាន ។ វាមន បានស្នើរសុំយកដីតែបីជំហានប៉ុណ្ណោះដើម្បីគ្រាន់ជ្រកកោនរស់នៅ ដោយឃើញរូបរាងតឿរបស់ព្រាហ្មវាមន ក្រុងពាលីក៏ជូនតាមសំណើរ (ដូចសម្តីរបស់នរណាគេអញ្ចេះ ) ពេលនោះវាមន ក៏ពង្រីកខ្លួនយ៉ាងធំមហិមា ឈានមួយជំហានយកផែនដីទាំងមូល មួយជំហានទៀតយកស្ថានសួគ៌ ចំណែកជំហានទីបីក៏អស់អីទៀត ទើបពពួកទេវតាយកផ្តាឈូកយកមកទ្រព្រះបាទព្រះវិស្ណុ ដោយអស់ដីនៅ ក្រុងពាលីក៏បានកាឡាខ្លួនជាក្រពើ ទៅពួននៅក្នុងទឹក ផែនដីក៏បានក្លាយជារបស់មនុស្ស ចំណែកស្ថានសួគ៌ក៏ត្រឡប់មកនៅក្រោមការគ្រប់គ្រងរបស់ព្រះឥន្ទ្រដូចដើម ។ ដោយក្រុងពាលីធ្លាប់គ្រប់គ្រងពិភពលោកទាំងមូលនេះហើយ ទើបនៅរាល់មានការប្រព្រឹត្តពីធីអ្វីមួយ ខ្មែរយើងមានជំនឿត្រូវធ្វើពិធីសុំទឹកសុំដីពីក្រុងពាលីសិន ដើម្បីឲ្យបានសេចក្តីសុខនូវរាល់ការងារដែលនឹងប្រព្រឹត្តទៅនៅកន្លែងអស់ទាំងនោះ ។ បារាំងមិនដែលសែនក្រុងពាលីផង វារស់នៅសុខសឹងអី ហាហា ៕


EmoticonEmoticon