ព្រះកាមទេព

ព្រះកាមទេព
តារកាសូរ ជាអាសូរាដែលបានដើរយាយីពពួកទេវៈ និងព្រះឥន្ទ្រ បណ្តាលឲ្យពពួកទេវៈទាំងនោះកើតក្តៅក្រហាយ ទៅសូមជំនួយពីព្រះព្រហ្ម ។ តារកាសូរបានទទួលពរថា មានតែបុត្ររបស់ព្រះសិវៈប៉ុណ្ណោះទើបអាចកម្ចាត់វាបាន ដោយសារតែពេលនោះព្រះសិវៈទើបតែបាត់បង់មហេសីទីមួយរបស់ព្រះអង្គគឺព្រះនាងសាតិ ជាបុត្រីរបស់ព្រះទ័ក្ស មកពីព្រះនាងទទួលមរណៈភាព ទើបព្រះសិវៈតាំងសមាធិមិនចាប់អារម្មណ៍ទៅលើអ្វីៗនៅជុំវិញព្រះអង្គទាំងអស់ ។

ព្រះនាងសាតិ បានមកចាប់កំណើតជាព្រះនាងបារវតី ព្រះព្រហ្មបានណែនាំឲ្យព្រះនាងទៅប្រតិព័ទ្ធព្រះសិវៈ តែព្រះសិវៈមិនបានចាប់អារម្មណ៍នឹងព្រះនាងនោះទេ ទើបពពួកទេវៈបានទៅអញ្ជើញព្រះកាមទេព និងភរិយារបស់ព្រះអង្គគឺព្រះនាងរាតិ ដើម្បីជួយឲ្យព្រះសិវៈចាប់ចិត្តបេតីនឹងព្រះនាងបារវតី ។ ព្រះកាមទេពក៏ទទួលធ្វើតាមសំណើររបស់ពពួកទេវៈ ព្រះកាមទេពបានទៅកាន់ទីលំនៅរបស់ព្រះសិវៈ បានកែប្រែរដូវឲ្យទៅជានិទាឃរដូវ (រដូវផ្ការីក និងស្លឹកឈើលាស់) ក្លិនផ្កាដ៏ពិដោរ សម្រស់ធម្មជាតិដ៏ប្រណីត ចម្រៀងដ៏ពិរោះ មិនអាចដាស់អារម្មណ៍នៅក្នុងសមាធិដ៏ជ្រៅរបស់ព្រះសិវៈបាននោះទេ ចុងក្រោយព្រះកាមទេពក៏សម្រេចបាញ់ស.របស់ព្រះអង្គ ដែលធ្វើពីដើមអំពៅ ទៅលើព្រះសិវៈ ក្រោយពីត្រូវព្រួញរបស់ព្រះកាមទេព ព្រះសិវៈក៏បើកភ្នែកទីបីរបស់ព្រះអង្គ ដុតកម្ទេចព្រះកាមទេពឲ្យក្លាយទៅជាផេះ ហើយបន្ទាប់មកព្រះអង្គក៏លង់ស្នេហ៍នឹងព្រះនាងបារវតី រួមសង្វាសបង្កើតបានជាព្រះស្កន្ត ដែលបានទៅសម្លាប់តារកាសូរចោល ។
ព្រះនាងរាតិ ជាមហេសីរបស់ព្រះកាមទេព បានយំអង្វរសូមឲ្យព្រះសិវៈ ផ្តល់ជីវិតដល់ព្រះសិវៈ ព្រះសិវៈបានត្រឹមឲ្យពរព្រះកាមទេព ក្លាយទៅជាទេវៈគ្មានរូបមួយអង្គ ដែលស្ថិតនៅជុំវិញពិភពលោក ធ្វើឲ្យទាំងសត្វ ទាំងមនុស្ស មាននូវចំណង់ក្នុងផ្លូវកាមគុណ ដោយសារតែព្រះកាមទេពពុំមានរូបនេះហើយ ទើបមានពាក្យមួយទៀតហៅព្រះអង្គថា អនង្គ (អ+អង្គ ប្រែថាគ្មានរូប) ហើយខ្មែរយើងច្រើនយកពាក្យនេះមកប្រើថា នួនអនង្គ សម្រាប់ហៅស្ត្រីជាទីស្រឡាញ់ ។
នៅលើហោជាងនៃបណ្ណាល័យមួយនៅប្រាសាទបន្ទាយស្រី មានចម្លាក់បង្ហាញរូបព្រះកាមទេពកំពុងយាធ្នូទាញស.តម្រង់ព្រះសិវៈ ដោយមាននាងរាតិ ឈរនៅពីក្រោយ មានរូបព្រះសិវៈអង្គុយតាំងសមាធិនៅកណ្តាល និងមានព្រះនាងបារវតី នៅអង្គុយនៅខាងស្តាំដៃព្រះសិវៈ ។ នៅប្រាសាទអង្គរវត្ត ក៏មានរូបចម្លាក់បង្ហាញពីរឿងព្រះកាមទេពនេះដែរ គឺនៅមណ្ឌបខាងលិចឈៀងខាងត្បូង ជ្រុងខាងលិច មុំខាងត្បូង បង្ហាញពីរូបព្រះកាមទេពយាធ្នូ មានស.ធ្វើពីអំពៅបាញ់ទៅព្រះសិវៈកំពុងអង្គុយតាំងសមាធិ មានព្រះនាងភារវតីនៅអង្គុយក្បែរ នៅក្បែររូបព្រះកាមទេពយាធ្នូនោះ មានរូបមួយទៀតជារូបព្រះកាមទេពដួលដេក ប្រហែលជាក្រោយពេលព្រះសិវៈដុតឲ្យឆេះ ហើយមានរូបមនុស្សស្រី អាចជាព្រះនាងរាតិ កំពុងឱបសាកសពព្រះស្វាមី ។




EmoticonEmoticon