របបស្តេចត្រាញ់ បានបញ្ចប់នៅពេលណា?

របបស្តេចត្រាញ់ បានបញ្ចប់នៅពេលណា? របបស្តេចត្រាញ់ គឺជារបបមួយដែលកើតមានមកតាំងតែពីសម័យបុរាណ ប្រហែលជាមុនសម័យអង្គរទៅទៀត ដោយនៅក្នុងប្រទេសមួយគេបែងចែកជាតំបន់ធំ ឬខ្មែរយើងហៅថាខេត្ត ដែលអាចមានអាណាបរិវេណធំជាងខេត្តសព្វថ្ងៃទៅទៀត ។ ហើយស្តេចត្រាញ់នោះ មានតួនាទីគ្រប់គ្រងជាធំនៅក្នុងតំបន់នោះ មានសិទ្ធិអាកាត់សម្រេចរឿងក្តីក្តាំផ្សេងៗ
មិនបាច់បញ្ជូនឡើងរហូតដល់រាជធានីនោះទេ ហើយក៏មានសិទ្ធទារពន្ធដារ ពីការរកស៊ីជួញដូរ ឬការប្រមូលទិន្នផលស្រែចំការ ទៅតាមបរិមាណដែលកំណត់ដោយអំណាចកណ្តាល នៅរាជធានី ។ ភាគច្រើននៃពួកស្តេចត្រាញ់ទាំងនោះ គឺមានខ្សែស្រឡាយព្រះរាជវង្សតាំងអំពីបុរាណ ដែលត្រូវបានតែងតាំងឲ្យទៅគ្រប់គ្រងខេត្តខណ្ឌ និងបណ្តាតំបន់ទាំងនោះ ដោយមានការដឹកនាំជាលក្ខណៈតំណពូជ គឺប្រសិនបើឪពុកស្លាប់ គឺត្រូវឲ្យកូនក្មួយ នៅក្នុងត្រកូលនោះឡើងមកដឹកនាំបន្ត ។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរសម័យលង្វែក ព្រះបាទបរមរាជាទី ២ បុត្ររបស់ព្រះបាទច័ន្ទរាជា ដែលជាក្សត្រសង់បន្ទាយលង្វែក ទ្រង់បានឆ្វេងយល់ថា នៅពេលនោះចាម និងយួន កំពុងធ្វើសង្គ្រាមនឹងគ្នា ដូច្នេះប្រសិនបើទៅអនាគតប្រទេសណាមួយឈ្នះ នោះគេនឹងលើកទ័ពមកបៀតបៀនស្រុកខ្មែរបន្ត ដោយហេតុនេះហើយទើបព្រះអង្គបញ្ជាឲ្យសង់បន្ទាយព្រៃនគរ ឬព្រៃគរ ដែលក្រោយមកយួនហៅថាសាយហ្គន ដោយដាក់ខ្សែរាជវង្សមួយអង្គឲ្យគ្រប់គ្រងនៅតំបន់នោះ ។ យើងឃើញថានៅសម័យអង្គរ ភាគច្រើននៅតាមបណ្តាខេត្តដែលមានស្តេចត្រាញ់គ្រប់គ្រងបន្តរហូតមកដល់សម័យលង្វែក នៅតាមខេត្តទាំងនោះ គឺមានប្រាសាទធំៗគួរឲ្យកត់សម្គាល់ ដែលត្រូវបានសាងនៅសម័យស្តេចជ័យវរ្ម័នទី ៤ សូរ្យវរ្ម័នទី ១ និងជ័យវរ្ម័នទី ៧ ដូចជានៅខេត្តបាទី មានប្រាសាទនាងខ្មៅ ប្រាសាទភ្នំដា ប្រាសាទភ្នំជីសូរ ប្រាសាទទន្លេបាទីជាដើម ហើយនៅខេត្តបាភ្នំក៏មានប្រាសាទមួយចំនួនដែរ តែត្រូវខូចខាតនៅក្នុងសម័យសង្គ្រាម ខេត្តត្បូងឃ្មុំ មានប្រាសាទនគរបាជ័យ ខេត្តកំពុងស្វាយមានប្រាសាទបាកាន ដោយឡែកខេត្តពោធិសាត់ដែលមានស្តេចត្រាញ់នៅក្នុងសម័យលង្វែកដែរ តែប្រហែលមិនមែនជាខេត្តគ្រប់គ្រងដោយស្តេចត្រាញ់នៅសម័យអង្គរទេទើបពុំសូវមានប្រាសាទធំ តែគួរតែខេត្តបាត់ដំបងទៅវិញទេ ដែលជាមូលដ្ឋានស្តេចត្រាញ់នៅសម័យអង្គរ ដោយសារមានប្រាសាទជាច្រើននៅទីនោះ រួមមានប្រាសាទឯកភ្នំ ប្រាសាទភ្នំបាណន់ ប្រាសាទបាសែត នៅតំបន់អតីតទឹកដីនៃអាណាចក្រខ្មែរក៏មានខេត្តដែលមានងារអ្នកគ្រប់គ្រងជាស្តេចត្រាញ់ដែរ ដូចជាខេត្តស្រីស្លាកែត ឬសព្វថ្ងៃថៃហៅថាស៊ីសាកេត និងខេត្តគោកខាន់ ដែលមានទាំងប្រាសាទព្រះវិហារ ប្រាសាទភ្នំរូង មឿងតាំ (បុរីរម្យ) ខេត្តនគររាជ ដែលមានប្រាសាទពិមាយ ខេត្តលពបុរី ដែលមានប្រាសាទប្រាង្គសាមយ៉ត និងបណ្តាប្រាសាទផ្សេងៗទៀត ខេត្តចម្ប៉ាសាក់ ដែលមានប្រាសាទវត្តភូជាដើម ។ នៅពេលខ្លះស្តេចត្រាញ់ឬមន្ត្រីធំ ដែលគ្រប់គ្រងនៅតាមខេត្តទាំងនោះ ក៏តាំងខ្លួនជាធំ មិនចុះចូលនឹងអំណាចកណ្តាល ដែលតម្រូវឲ្យស្តេចគ្រប់គ្រងអំណាចកណ្តាលត្រូវលើកទ័ពទៅបង្ក្រាប ហើយពេលខ្លះក៏ពួកស្តេចត្រាញ់ទាំងនោះលើកទ័ពមកដណ្តើមរាជ្យពីអំណាចកណ្តាលក៏មានដែរ ។ រឿងការដណ្តើមអំណាច ឬជ្រែករាជ្យនេះ នៅសម័យអង្គរកើតមានញឹកញាប់ណាស់ ប្រសិនបើយើងសិក្សាទៅ គឺមិនខុសពីសម័យលង្វែក ឬឧដុង្គទេ គឺមានការបះបោររបស់ពួកអ្នកមានបុណ្យ ឬមានសិល្បវិជ្ជាផ្សេងៗ តាំងខ្លួនជាស្តេចជាដើម អ្នកខ្លះក៏ដណ្តើមរាជ្យបាន អ្នកខ្លះក៏ដណ្តើមមិនបានត្រូវគេកម្ចាត់ចោល អ្នកខ្លះឡើងគ្រងរាជ្យបានមិនប៉ុន្មានឆ្នាំ ក៏ត្រូវរាជវង្សស្តេចមុនមកកម្ចាត់ចោលជាដើម ។ នៅស្រុកថៃ សម័យភូមាវាយបែកអយុធ្យា នៅឆ្នាំ ១៥៥៥ ស្តេចភូមាបាយិណោង បានតាំងស្តេចត្រាញ់មកពីសុខោទ័យ ឲ្យឡើងគ្រប់គ្រងអំណាចកណ្តាល ដោយសារស្តេចត្រាញ់នោះក៏មានខ្សែរាជវង្សផងដែរ ។ ចំណែកឯការលុបបំបាត់របបស្តេចត្រាញ់នេះ គឺត្រូវបានកើតឡើងនៅក្នុងសម័យបរមរាជាទី ២ សោយរាជ្យនៅក្រុងលង្វែក ដោយសារតែក្រុមបក្សពួករបស់ស្តេចត្រាញ់ខេត្តត្បូងឃ្មុំ បានសម្លាប់ម៉ឺនឯក (គឺទុំ) ដោយពុំព្រមស្តាប់រាជសាររបស់ព្រះមហាក្សត្រ ទើបព្រះមហាក្សត្របានលើកទ័ពទូក (ទូកម្ករ) ទៅបង្ក្រាបអំណាចស្តេចត្រាញ់ខេត្តត្បូងឃ្មុំ ចាប់ត្រកូលនេះទាំង ៧ តំណ យកមកកប់នឹងដី ភ្ជួរក្បាលសម្លាប់ចោល ហើយបានតែងតាំងអ្នកផ្សេងមកកាន់តួនាទីគ្រប់គ្រងខេត្តជំនួស ដោយបានបន្ថយបុណ្យស័ក្តិស្តេចត្រាញ់ទាំងប្រាំតំបន់ (កំពង់ស្វាយ ពោធិសាត់ បាទី បាភ្នំ ត្បូងឃ្មុំ) ឲ្យមានយសាបណ្តាស័ក្តិត្រឹមឧកញ៉ាវិញ ដើម្បីកាត់បន្ថយឥទ្ធិពល និងអំណាចសម្រេចផ្តាច់ការរបស់ពពួកស្តេចត្រាញ់ទាំងនោះ ។ យើងមិនដឹងឲ្យបានច្បាស់អំពីតួនាទីខុសគ្នានៃបណ្តាស័ក្តិពីបុរាណ រវាងឧកញ៉ា និងស្តេចត្រាញ់នេះឲ្យប្រាកដនោះទេ ដែលទាមទារឲ្យមានការសិក្សាបន្ថែម ។


EmoticonEmoticon