នាងទេពអប្សរតិលោត្តមា គឺជាងផេនដូរ៉ា នៅក្នុងទេវកថាក្រិច

នាងទេពអប្សរតិលោត្តមា គឺជាងផេនដូរ៉ា នៅក្នុងទេវកថាក្រិច
នៅក្នុងទេវកថាព្រហ្មញ្ញសាសា ដើម្បីកំចាត់អសុរាពីរនាក់បងប្អូន គឺសុន្ទៈ និងឧបសុន្ទៈ ដែលមិនអាចមានអ្នកណាកម្ចាត់បាន គឺមានតែគេទាំងពីរនាក់ប៉ុណ្ណោះទើបអាចសម្លាប់គ្នាបានទៅវិញទៅមក ព្រះព្រហ្មក៏បង្គាប់បញ្ជាឲ្យព្រះវិស្វកម្មទេវបុត្រ សាងនាងទេពអប្សរតិលោត្តមា ឡើង ដើម្បីធ្វើជាអំណោយដល់សុន្ទៈ និងឧបសុន្ទៈ ធ្វើឲ្យអ្នកទាំងពីរឈ្លោះគ្នា វាយគ្នារហូតដល់ស្លាប់ទាំងសងខាង ។
ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាងទេពអប្សរនេះហើយ ទើបធ្វើឲ្យព្រះព្រហ្មមានមុខបួន ដើម្បីអាចមើលនាងបានគ្រប់ពេលនៅពេលដែលនាងដើរប្រទក្សិណព្រះអង្គ ហើយក៏ដោយសារតែទេពអប្សររូបនេះដែរទើបព្រះសិវៈមានភ្នែកបី ដោយសារនាងឧមា យកដៃទៅបាំងព្រះនេត្ររបស់ព្រះសិវៈ ព្រះសិវៈក៏បង្កើតជាភ្នែកទី ៣ ដើម្បីបានមើលសម្រស់ដ៏ស្រស់ស្អាតរបស់នាងទេពអប្សរតិលោត្តមា ។ (សូមបញ្ជាក់ថា សុន្ទៈនេះ គឺជាប្តីរបស់ តាកតាសូរ ឬកាកនាសូរ នៅក្នុងរឿងរាមកេរ្តិ៍ និងត្រូវជាឪពុករបស់មារីក ឬមហារីក ជាយក្សដែលកាលាខ្លួនជាប្រើសមាស មកបង្វែងផ្លូវព្រះរាមចេញពីនាងសីតា) ត្រឡប់មកមើលរឿងនាងផេនដូរ៉ាវិញ ដោយសារតែ Zeus ខឹងនឹងមនុស្ស អាទិទេព ហ្សើស ក៏ប្រើកូនរបស់ខ្លួនដែលជាជាងស្មិត និងសូនរូប ឲ្យស្មូនជារូបមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ ហើយក៏មានទេពផ្សេងៗជាច្រើនទៀត បានផ្តល់នូវគុណសម្បត្តិផ្សេងៗ ក៏ដូចជាសម្លៀកបំពាក់ឲ្យនាង ហើយគេក៏យកនាងទៅឲ្យជាអំណោយដល់ទីតានមួយ គឺ Epimetheus ដែល អេពីម៉េទើស គឺជាប្អូនប្រុសភ្លោះរបស់ Prometheus ដែលប្រូម៉េទើស គឺជាទីតាន ជួយមនុស្ស ។ ប្រូម៉េទើស បានប្រាប់អេពីម៉េទើស ថាកុំឲ្យទទួលអំណោយអ្វីទាំងអស់ពីពួកទេពអូឡាំពៀន តែអេពីម៉េទើស នៅតែទទួល ។ ពេលនាងផេនដូរ៉ាមកនោះ នាងក៏មកជាមួយប្រអប់ទិព្វមួយដែលផ្តល់ដោយទេពអូឡាំពៀន ប្រូម៉េទើស បានប្រាប់ឲ្យ អេពីម៉េទើស កុំឲ្យបើកប្រអប់នោះឲ្យសោះ តែចុងក្រោយប្រអប់នោះក៏ត្រូវបាននាងផេនដូរ៉ា បើក ទើបធ្វើឲ្យព្រឹលឹងនៃអំពើពាលយង់ឃ្នង គ្រោះទុរភិក្ស ការស្អប់ខ្ពើម ជម្ងឺរាតត្បាត គំនុំសងសឹក អំពើឆ្កួតលីលា និងអបាយមុខផ្សេងៗទៀត បានហោះចេញពីប្រអប់នោះ ទៅនៅជាមួយមនុស្សទាំងឡាយ ហើយអ្វីដែលនៅសល់នៅក្នុងប្រអប់នោះគឺមានតែក្តីសង្ឃឹមតែមួយប៉ុណ្ណោះ ។ ប្រសិនបើយើងសង្កេតមើលសាច់រឿងទាំងពីរ យើងឃើញថា នាងទេពអប្សរតិលោត្តមា និងនាងផេនដូរ៉ា គឺត្រូវបានបង្កើតឡើងដោយទេពដូចគ្នា ហើយត្រូវបង្កើតឡើងមកដើម្បីបង្ករជាបញ្ហាដល់គូបដិបក្ខរបស់ពពួកទេពដូចគ្នា ចំណែកឈ្មោះរបស់ទីតានភ្លោះទាំងពីរ និងឈ្មោះរបស់ក្រុងអសុរាជាបងប្អូនទាំងពី ក៏មានចំណុចរួមមួយដូចគ្នាដែរ ដោយខុសតែបុព្វបទតែប៉ុណ្ណោះ ។ ដោយសារតែជំនឿរបស់ព្រហ្មញ្ញសាសនា និងជំនឿបុរាណរបស់ក្រិចមានលក្ខណៈរួមគ្នាច្រើន ហេតុនេះយើងអាចសិក្សាប្រៀបធៀប ដើម្បីឲ្យកាន់តែងាយយល់នូវទំនាក់ទំនងផ្សេងៗរវាងសាសនាបុរាណទាំងពីរនេះ ហើយយើងក៏ងាយស្រួលពន្យល់សាច់រឿងទាំងនេះ ទៅឲ្យពួកលោកខាងលិចឆាប់យល់ផងដែរ ។


 


EmoticonEmoticon