សុភមង្គលគ្រួសារ

គ្រួសារមួយ អាចមានសុភមង្គលបាន គឺដោយសារតែការ ចេះយល់ ចេះដឹង ចេះថ្លឹង ចេះថ្លែ បែងចែករបស់ដៃគូ ... គ្រួសារ អាចមានសុភមង្គលបាន មិនមែនប្រាស្រ័យលើទ្រព្យសម្បត្តិនោះទេ តែគ្រួសារ ក៏ត្រូវការលុយកាក់ មាសប្រាក់ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពដែរ ... ប្រសិនបើគូជីវិតអ្នក ចេះស្រលាញ់គ្នា ចេះយោគយល់ ចេះអធ្យាស្រ័យ ដឹងទុក្ខធុរៈគ្នាទៅវិញទៅមកហើយនោះ លុយកាក់មាសប្រាក់ អ្នកក៏អាចរកបានមកដោយងាយ និងត្រជាក់ត្រជុំ ថ្កុំថ្កើងបានយ៉ាងឆាប់រហ័ស ... គូជីវិត មិនមែនជាគូសង្សារ ស្រលាញ់គ្នាមួយថ្ងៃ ចង់បែកពេលណាក៏បាននោះទេ គូជីវិត គឺត្រូវប្រើពេលរួមគ្នាពេញមួយជីវិតតែម្ដង ... មិនថាឈ្លោះគ្នា ខឹងគ្នា តែជីវិតគូ ក៏នៅមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា
គឺការរួមសុខរួមទុក្ខជាមួយគ្នារាប់មិនអស់ ជាពិសេសគឺចំណងដៃនៃអាពាហ៍ពិពាហ៍ នោះគឺ បុត្រាបុត្រីនៃគូស្វាមីភរិយា ... កូនៗគឺជាមាសពេជ្រ ជាទ្រព្យសម្បត្តិ ក៏ជាខ្សែចំណង ចង់និស្ស័យនៃឪពុកម្ដាយ មិនឱ្យបែកបាក់គ្នាបានដោយងាយៗនោះទេ ...
១. អាពាហ៍ពិពាហ៍ ជាថ្ងៃសិរី
មង្គលសួស្តី ស្វាមីភរិយា
ចំណងផ្សាភ្ជាប់ ចាប់កាន់ដៃគ្នា
ជំនះពុះពារ ជាគូជីវិត ។
២. ថ្ងៃជ័យមង្គល ផ្តល់ដោយមេបា
ពរបាចផ្កាស្លា ភ្លេងការកម្រិត
ថាមនុស្សពីរនាក់ ជាក់មិនប្រឌិត
រួមខ្សែជីវិត ពិតប្រពន្ធប្តី ។
៣. ចាប់ពីថ្ងៃជ័យ សិរីមង្គល
ពីរនាក់ត្រូវយល់ អំពីអត្ថន័យ
ថាគូជីវិត ពិតត្រូវមានអ្វី
ជាគ្រួសារថ្មី ត្រូវលៃគ្រប់ផ្នែក ។
៤. កាយពីរជីវិតមួយ ទុក្ខព្រួយរួមគ្នា
គ្រប់កិច្ចការងារ រួមគ្នារំលែក
ចាត់ចែងឱ្យល្អ កុំបង្ករបែក
ចេះជួយរំលែក បែងចែកកិច្ចការ ។
៥. ភរិយាស្វាមី គប្បីស្មោះត្រង់
បំណាច់លះបង់ ជាវង់គ្រួសារ
ចេះអធ្យាស្រ័យ ប្រណីមេត្តា
រឿងទាំងឡាយណា ពិចារនឹងគ្នា ។
៦. មានភាពជឿជាក់ នៃអ្នកទាំងពីរ
ប្តេជ្ញាមូលមីរ អ្នកពីរអង្គារ
ត្រូវឱ្យតម្លៃ ស្វាមីភរិយា
ស្មោះត្រង់នឹងគ្នា ទោះជាយ៉ាងណា ។
៧. កុំលួចក្បត់ផិត ក្បត់ចិត្តទៅមក
គួរសាងពន្លក ជម្រកថ្លៃថ្លា
ជីវិតរស់នៅ មិនត្រូវប្រេះឆា
មង្គលគ្រួសារ ដោយស្នាដៃអ្នក ។
៨. កុំជឿពាក្យគេ ដែលតែងនិន្ទា
ព្រោះមនុស្សគ្រប់គ្នា អាចជាឧបសគ្គ
ជាអ្នកដទៃ បំបែកបំបាក់
ចូរកុំជឿជាក់ លើអ្នកណាឡើយ ។
៩. ស្រលាញ់ លះបង់ ស្មោះត្រង់ យល់ចិត្ត
ជាគូជីវិត ពិតមិនច្រើនឡើយ
ត្រឹមភាពជឿជាក់ អ្នកគួរមានឱ្យ
សុខសាន្តដល់ត្រើយ ត្រូវឱ្យតម្លៃ ។
១០. កុំរឹងចចេស ចង់ឈ្នះរៀងខ្លួន
កុំខឹងលាក់ពួន គុំគួនគ្នាអី
កុំចង់ចាញ់ឈ្នះ មានះសម្ដី
ត្រូវមានប្រណី ខន្តីមេត្តា ។
១១. អ្នកគួរដឹងយល់ ត្រូវស្គាល់ខ្លួនឯង
ហើយវិភាគថ្លែង ឈ្វេងយល់ប្រឹក្សា
សម្របនឹងគ្នា ជារឿងអស្ចារ្យ
ជីវិតគ្រួសារ គ្មានការបែកបាក់ ។
១២. ត្រូវចងចាំថា គ្រួសារមួយៗ
តែងជួបទុក្ខព្រួយ ជាមួយឧបសគ្គ
តែងល្អក់កករ កកើតថ្នឹងថ្នាក់
ជួបក្ដៅត្រជាក់ គ្មានអ្នកគេចផុត ។
១៣. ចង់ឱ្យសុខសាន្ត បានសុខសុភៈ
លុះត្រាតែអ្នក ទាំងពីរកំណត់
ចេះខ្លាចចេះស្គាល់ ចេះយល់ប្រាកដ
មានភាពអំណត់ សង្កត់ចិត្តទ្រាំ ។
១៤. និស្ស័យគូគ្រង អ្នកផងតែងថា
ជាគូវាសនា គ្រួសាររឹងមាំ
ដោយមានចំណែក ចេះចែកពាំនាំ
មានចិត្តអត់ទ្រាំ ខិតខំរួមគ្នា ។
១៥. ច្នេះចូររក្សា រួមការពារថែ
ចំណងក្ដីស្នេហា ស្វាមីភរិយា
ឱ្យបានគង់វង្ស ស្មោះត្រង់នឹងគ្នា
អង្វែងជន្មា ជាគូជីវិត ... ។
១៦. ហើយសូមជូនពរ បវរសួស្ដី
ភរិយាស្វាមី នៃក្ដីស្នេហ៍ពិត
សូមសមប្រកប កំណប់ជីវិត
ថ្កើងថ្កានបានស្និត ជួបជិតនិរន្តិ៍ ។
១៧. រកស៊ីមានបាន សុខសាន្តមង្គល
ចូរកើតមានដល់ សុខសល់ទ្រព្យធន
កើតមានយសសក្ដិ មាសប្រាក់ថ្នាក់បុណ្យ
សុភៈនិរន្តិ៍ នៅក្នុងគ្រួសារ ។
១៨. សូមសុខភាពល្អ បវរមាំមួន
បារមីទិសបួន បីបាច់រក្សា
វត្ថុសក្តិសិទ្ធិ គ្រងស្ថិតលោកា
ជួយគ្រងគ្រួសារ អ្នកឱ្យសាន្តត្រាណ ។
១៩. សូមឱ្យសម្រស់ ស្រស់ស្អាតទាំងគូ
ស្អាតស្រស់យ៉ឺនយូរ គូគាប់ចំណាន
សូមឱ្យបំណង ប៉ងទាំងប៉ុន្មាន
សូមសម្រេចបាន តាមក្ដីប្រាថ្នា ។
២១. កើតកូនកើតចៅ កក់ក្ដៅវៃឆ្លាត
មានកូនស្រស់ស្អាត ដូចជាមាតា
មានកូនរឹងមាំ ស្រស់ស្អាតសង្ហា
ដូចជាបិតា សង្ហាស្រស់ស្រាយ ។
២២. សូមគូជីវិត មិត្តស្រស់បំព្រង
គឺជាគូគ្រង ទាំងចិត្តទាំងកាយ
ស្រលាញ់អាណិត ចិត្តឥតនឿណាយ
ជួបសុខសប្បាយ ឆ្ងាយអស់គ្រោះភ័យ ។


EmoticonEmoticon