ចម្លាក់មួយនៅប្រាសាទបាយ័ន្ត និង ប្រាសាទអនន្តនៅក្រុងបាកាណ ក្នុងប្រទេសភូមា



ចម្លាក់មួយនៅប្រាសាទបាយ័ន្ត និង ប្រាសាទអនន្តនៅក្រុងបាកាណ ក្នុងប្រទេសភូមា

ចម្លាក់ដែលបង្ហាញទីនេះ ស្ថិតនៅលើជញ្ជាំងជ្រុងខាងលិច ចំហៀងខាងជើង នៃប្រាសាទបាយ័ន្ត។ សូមបញ្ជាក់ថា នៅជ្រុងនេះ ចម្លាក់បង្ហាញអំពីការប្រយុទ្ធគ្នារវាងខ្មែរពីរក្រុម បែបក្រុមមួយជាទ័ពរបស់រាជការ ឯម្ខាងទៀតជាក្រុមបះបោះ។
ត្រង់ចម្លាក់បង្ហាញនេះ ឃើញថាទ័ពមួយក្រុមកំពុងដេញសង្គ្រប់វាយទៅលើក្រុមមួយទៀត ដែលកំពុងចាញ់ដៃ រត់យកព្រះអាយុ។ ទេសកាលនោះ កើតឡើងនៅលើស្ពានមួយ ដោយនៅខាងក្រោមនោះ អ្នកឆ្លាក់រំលេចឲ្យឃើញត្រីជាច្រើន រួមមានកំពិសមួយផង។


បើសង្កេតពីត្រីទាំងនោះ យើងឃើញមានត្រីមាឌធំសម្បើមមួយកំពុងលេបត្របាក់សត្វម្រឹគមួយ។ នៅលើចម្លាក់ត្រីធំនេះ មានសិលាចារិកមួយជួរជាភាសាខ្មែរ ដែលកាលនោះនៅល្អអាចផ្តិតផ្តាមមើលឃើញច្បាស់ បានសិក្សាដោយជនជាតិបារាំងសេស លោកស៊្សកសឺដេស នាដើមសតវត្សទី២០។ សេចក្តីចារិកនោះ គឺ ៖

<< ត្ឬជ្មោះអ្វេសនៅកំលុងវ្រះសេតុទ្រាយម៌្មាងគិតជាភក្សា >>
បើសម្រួលជាភាសាសព្វថ្ងៃគឺថា ៖
ត្រីឈ្មោះ មេ ស នៅក្នុង [ស្រះ] ព្រះសេតុ [ស៊ីសត្វ] ទ្រាយ រមាំង ដ៏ជាអាហារ ។



ចំនែករូបមួយទៀតដែលខ្ញុំយកមកប្រៀបធៀប មកពីប្រាសាទអនន្តសាងដើមស.វទី១២នៃគ.ស ក្នុងក្រុងបុរាណឈ្មោះបាកាណ បង្ហាញពីចម្លាក់លើបន្ទះថ្មភក់បួនជ្រុងមួយ រួមមានចារិកខ្លីថា
<< មារពលយានទ្រាយ ដែលប្រែមកថា ពលមារ(ជិះ)យានសត្វទ្រាយ>>

ផ្ទឹមនេះដើម្បីចង់បង្ហាញថា តើសត្វទ្រាយនោះមានរូបរាងបែបណា។
នៅស្រុកខ្មែរមានភូមិស្រុកខ្លះនៅជាប់ឈ្មោះទ្រាយដូច្នេះ ជាក់ស្តែងដូចមានឈ្មោះ ភូមិទ្រាយ នៅខាងខេត្តបន្ទាយមានជ័យ តាមផ្លូវឆ្ពោះទៅប្រាសាទបន្ទាយឆ្មារ ឬអាចនៅកន្លែងផ្សេងទៀតដែលខ្ញុំមិនស្គាល់។


EmoticonEmoticon