ផ្លូវថ្មីរណបព្រំដែនកម្ពុជា-ថៃ ពុះកាត់ព្រៃភ្នំជ្រលងដងអូរ

 
ផ្លូវថ្មីរណបព្រំដែនកម្ពុជា-ថៃ ពុះកាត់ព្រៃភ្នំជ្រលងដងអូរ ចាប់ពីចំណុចផ្សារព្រំ នៃខេត្តប៉ៃលិន ឆ្ពោះទៅចំណុចច្រកថ្មដានៃខេត្តពោធិ៍សាត់ និងបន្តទៅខេត្តកោះកុង!




ផ្លូវថ្មីរណបព្រំដែនកម្ពុជា-ថៃ មួយខ្សែដែលកំពុងស្ថាបនាដោយកងកម្លាំងវិស្វកម្ម នាពេលនេះ បានប្រឈមមុខនឹងឧបសគ្គជាច្រើន ព្រោះត្រូវពុះបំបែកផ្ទាំងសិលាធំៗរាប់សិបមុឺនដុំ ជាពិសេសកាត់តាមជម្រាលភ្នំជ្រលងដងអូរខ្ពស់ៗ ដែលគ្របដណ្តប់ដោយព្រៃឈើ និងគ្រាប់មីនរាប់សិបគ្រាប់កប់នៅក្រោមដី។

នាអនាគតយ៉ាងខ្លី ប្រជាជនដែលរស់នៅខេត្តប៉ៃលិន ខេត្តបាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប គឺកាន់តែងាយស្រួល ព្រោះ អាចមានជម្រើសក្នុងការធ្វើដំណើរទៅខេត្តកោះកុង ឬទៅលេងឆ្នេរសមុទ្រនាទិសនារតី ដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដូចគ្រាមុនទៀតឡើយ។ ជាពិសេសចំណេញទាំងពេលវេលា និងលុយកាក់ ព្រោះធ្វើដំណើរតាមផ្លូវថ្មីនេះ មានចំងាយផ្លូវជិតជាង។ 
 
បើសិនប្រៀបធៀបពីចំងាយផ្លូវធ្វើដំណើរតាមផ្លូវថ្មីរណបព្រំដែននេះ ដោយចាប់ចេញពីខេត្តបន្ទាយមានជ័យ មកប៉ៃលិនរួចបន្តមកកោះកុង ជាមួយនឹងការធ្វើដំណើរតាមផ្លូវនាពេលបច្ចុប្បន្នតាមផ្លូវជាតិលេខ៥ បន្តមកផ្លូវលេខ៤ និងលេខ៤៨ គឺខុសគ្នាជាង២០០គីឡូម៉ែត្រឯណោះ។

នៅពេលការស្ថាបនាផ្លូវនេះបានរួចស្ថាពរ វានឹងក្លាយជាសំណង់ប្រវត្តិសាស្រ្តមួយទៀត ដែលមិនធ្លាប់មានទាល់តែសោះតាំងពីសម័យមុនៗមក។ ម្យ៉ាងទៀត ផ្លូវរណបព្រំដែននេះ វាមានតម្លៃជាយុទ្ធសាស្ត្រខាងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម យោធា សន្តិសុខ និងសង្គម ព្រមទាំងពង្រីកបានសក្តានុពលខាងវិស័យកសិ-ឧស្សាហ៍កម្ម និងបង្កលក្ខណៈគ្រប់បែបយ៉ាង លើកទឹកចិត្តឱ្យប្រជាជនបានទៅរស់នៅតាមតំបន់ព្រំដែនកាន់តែច្រើនកុះករ។
 


EmoticonEmoticon