អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង (១៨៤២-១៨៥៩)

អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង (១៨៤២-១៨៥៩)

គំនូស​យ័ន្ត​តាំងពី​បុរាណកាល​តែងតែ​ត្រូវបាន​ជនជាតិខ្មែរ​ចាត់ទុកថា វត្ថុ​ស័ក្តិ​សិទ្ធ ដែល​អាច​នាំមក​នូវ​សិរី​មង្គល ឬ​ការពារ​នូវ​ឧបទ្រពចង្រៃ​គ្រប់​ប្រភេទ ឬក៏​ជាការ​ប្រមូលផ្តុំ​នូវ​ថាមពល​អាថ៌កំបាំង​តាមរយៈ​សញ្ញា​និមិត្ត​ពិសិដ្ឋ​ដែល​ជំរុញ​ឲ្យ​សាសនិក​ឈានទៅរក​ការរំដោះ​ទុក្ខ ពោលគឺ​ការ​ត្រាស់ដឹង​។ ខាងលើនេះ គឺជា​គុណសម្បត្តិ​ដ៏​វិសេសវិសាល និង​មូលហេតុ​នៃ​ការប្រើប្រាស់​យ័ន្ត​ខ្មែរ​ដែល​បាន​ឲ្យ​កំណើត​ទៅ​យ័ន្ត​ថៃ និង​លាវ​/​ឡាវ ចាប់តាំងពី​ចុង​ស​.​វ​ទី​១៣​មក​។​
​ ​តាម​ឯកសារ​ស្រាវជ្រាវ យ័ន្ត​ខ្មែរ​ដែលមាន​ច្រើន​ប្រភេទ​ត្រូវបាន​នាំចូល​ក្នុង​អតីត​ទឹកដី​ខ្មែរ តាំងពី​សម័យ​នគរ​ភ្នំ ឬ​ហ្វូ​-​ណន តាមរយៈ​ការផ្សព្វផ្សាយ​នៃ​លទ្ធិ​សាសនា​ឥណ្ឌា​ធំៗ ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។ ថ្វីត្បិតតែ​មាន​ប្រភពពី​ឥណ្ឌា ដែលជា​ទឹកដី​កំណើត​ក្តី ក៏ប៉ុន្តែ​នៅ​ប្រទេស​ឥណ្ឌា​មិនមាន​ការនិយម​ប្រភេទ​យ័ន្ត​ដូច​នៅ​កម្ពុជា​ឡើយ ដូច​ករណី​អាវ និង​មួក​យ័ន្ត​ជាដើម​។
​ ​នេះ​ស​ឲ្យ​ឃើញថា យ័ន្ត​ខ្មែរ​សព្វថ្ងៃនេះ គឺជា​ស្នាដៃ​ផលិតឡើង​ដោយ​គ្រូខ្មែរ​យ៉ាងពិតៗ ដែល​ចេះ​បង្កើត​នូវ​គំនូស​យ័ន្ត​គ្រប់​ប្រភេទ ដោយ​ទេពកោសល្យ​ខ្ពស់​។ ជា​រៀង​រាល់ដង នៅពេលដែល​យាង​ទៅណា​ម្តងៗ ជាពិសេស​នៅពេល​ធ្វើសឹក​សង្គ្រាម ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​និយម​ប្រើ​អាវ និង​មួក​យ័ន្ត ហើយ​ការនិយម​យ័ន្ត​នេះ​បានក្លាយ​ទៅជា​ទម្លាប់​យ៉ាងសំខាន់​មួយ​សម្រាប់​ព្រះមហាក្សត្រ​ខ្មែរ និង​ថៃ ដែលជា​និច្ចកាល គឺធ្វើឡើង​សម្រាប់​ការពារ​នៅលើ​សមរភូមិ​។​
​ ​ដូចនេះ​គោលបំណង​របស់​ការនិយម​អាវ ឬ​ពួក​យ័ន្ត​របស់​ព្រះមហាក្សត្រ​ខ្មែរ ដូច​ករណី​អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង កាលពី​ពាក់កណ្តាល​ស​.​វ​ទី​១៩ គឺ​ដើម្បី​ការពារ​ព្រះ​សុវត្ថិភាព និង​បង្កើន​ឆ​ន្ទះ​ដ៏​ម៉ោះ​មុត ដែលជា​វិធានការ​ចាំបាច់ ក្នុងការ​ធ្វើសឹក​សង្គ្រាម​មួយ​ដែល​អាច​នឹង​កើតមានឡើង ដូចជា​ការធ្វើដំណើរ​ជិត​ឆ្ងាយ តាមរយៈ​ការទទួល​នូវ​អំណោយ​ស័ក្តិសិទ្ធិ​នៃ​គំនូស​យ័ន្ត ដែល​ទ្រង់​គ្រង​លើ​ព្រះកាយ​។​
​ ​វត្តមាន​របស់​អាវ​យ័ន្ត​ខាងលើ គឺជា​តឹកតាង​ជាក់ស្តែង​មួយ​បង្ហាញ​ឲ្យ​ដឹងថា ខ្មែរ​ចូលចិត្ត​ប្រជាប្រិយ និយម​យ័ន្ត ហើយ​ទម្លាប់​នេះ​បាន​ក្លាយទៅជា​វប្បធម៌​ជាតិ​យ៉ាង​ប្រាកដ​៕ 
(​ម​.​ត្រា​ណេ​)


EmoticonEmoticon