ការបូជា​ព្រះ​សារី​រឹក​ធាតុ សម័យ​នគរ​ភ្នំ​

ការបូជា​ព្រះ​សារី​រឹក​ធាតុ សម័យ​នគរ​ភ្នំ​
សិលាចារឹក​ខ្មែរ គឺជា​ប្រភព​ដ៏​សំខាន់បំផុត​សម្រាប់​ចងក្រង​ប្រវត្តិសាស្ត្រ​ខេ​មរ​ជាតិ​ឡើងវិញ ដោយហេតុថា បើ​គ្មាន​ការកត់ត្រា​ទាំង​នោះទេ យើង​ពុំ​អាច​ដឹង​អំពី​ព្រឹត្តិការណ៍​មួយចំនួន ដែល​បាន​កើតឡើង​ក្នុងសម័យ​អតីតកាល​បានជា​ដាច់ខាត​។​
​ ​ការសិក្សា​វិភាគ​នូវ​ខ្លឹមសារ​នៃ​អត្ថបទ​នៃ​សិលាចារឹក​វត្ត​បាទី (K.40) ស្ថិតក្នុង​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ដែល​សព្វថ្ងៃ​តម្កល់ទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ សៀមរាប បានបង្ហាញ​អំពី​ជំនឿ​សាសនា បែប​ពុទ្ធ​និយម នាគ្រា​បឋម នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ជាពិសេស​ការគោរព​បូជា​ព្រះ​សិរី​រឹក​ធាតុ (​ព្រះ​ស្រី​ធាតុ​) ក្នុង​រជ្ជកាល​ព្រះបាទ​ស្រី​រុ​ទ្រ​វរ្ម័ន នា​ដើម​ស​.​វ​ទី​៦​នៃ​គ​.​ស​។​
​ ​តាមរយៈ​ការសិក្សា​នៃ​សិលាចារឹក ដែល​សរសេរ​ជា​ភាសាសំស្ក្រឹត មាន​ចំនួន​ជាង ២០​បន្ទាត់ របស់លោក ហ្សា​ក់ ស៊ឺ​ដេ​ស កាលពី​ឆ្នាំ​១៩៣១ ហើយ​ថ្មីៗ​នេះ នៅ​ឆ្នាំ ២០១៣ ដោយ​លោក សាស្ត្រាចារ្យ យៀង វីរ​បុត្រ ។ យើង​អាច​ស្រង់​នូវ​ខ្លឹមសារ​ពាក់ព័ន្ធ​ទៅនឹង​ការបូជា​ព្រះពុទ្ធសាសនា ដើម្បី​ជា​តឹកតាង​ប្រវត្តិសាស្ត្រ​។​
​ ​សូម​រំ​ឮ​កថា សិលាចារឹក​នេះ ជា​សិលាចារឹក​មួយ​ដ៏​សំខាន់​ក្នុងចំណោម​សិលាចារឹក​ដ៏​កម្រ​មួយចំនួន នា​សម័យ​នគរ​ភ្នំ ដែល​គេ​បាន​រកឃើញ ផ្តើមឡើង​ដោយ​ការ​នមស្ការ ចំពោះ​ព្រះ​ជិនស្រី ដែលជា​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​។ តទៅ​នេះ គឺ​ខ្លឹមសារ​នៃ​អត្ថបទ​ពាក់ព័ន្ធ ដែលជា​ការបកប្រែ​រប​ស់លោក សាស្ត្រាចារ្យ យៀង វីរ​បុត្រ តាមរយៈ​អត្ថបទ​ដើម ជា​ភាសា​បារាំង​របស់លោក ហ្ស​ក ស៊ឺ​ដេ​ស : 
“​ព្រះអង្គ​ទ្រង់​បាន​ស្រោចស្រង់​ហើយ នូវ​លោក​ដែល​បាន​លិចលង់​ក្នុង​វដ្ត​សង្សារ ពោលគឺ ត្រៃភព ហើយ​បាន​លើកដាក់​ដល់ត្រើយ​ត្រាណ គឺ​ព្រះ​និព្វាន​ដ៏​ឧត្តុង្គឧត្តម ឥតមាន​អ្វី​ប្រៀបផ្ទឹម​ស្មើ​បាន​។ ចំណែកឯ​ព្រះ​ស្រី​ធាតុ (​ព្រះកេសា ទុកដូចជា​ព្រះ​បរម​សារី​រឹក​ធាតុ​) របស់​ព្រះអង្គ ដែល​តែង​ផ្តល់នូវ​ប្រយោជន៍​ដល់​សព្វ​សត្វ ក៏​នៅតែ​ផ្តល់​ប្រយោជន៍​ដល់​សព្វ​សត្វ​រហូតមកដល់​បច្ចុប្បន្ន​។ ព្រះមហាក្សត្រ​ព្រះបាទ​ស្រី​រុ​ទ្រ​វរ្ម័ន ទោះបីថា ព្រះ​អង្គជា​បុគ្គល​ដ៏​ប្រសើរ​ក៏ដោយ ក៏​ទ្រង់​មិនដែល​មាន​ព្រះ​ចិន្តា​ឈ្វេង​យល់ថា គុណធម៌​ជា​អរគុណ​នោះទេ ទ្រង់​តែងតែ​នាំយក​នូវ​គុណធម៌​នោះ​ទៅ​ដាក់​ដល់​តម្កល់ទុក​លើ​ត្បូង សិរសា​នៃ​ពពួក​នរ​ជន​ទាំងឡាយ . . . ព្រះអង្គ​បា​នប​ដិ​ប​ត្ត​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ . . . ទ្រង់​បាន​ថ្វាយ​ជីព​ជន​របស់​ព្រះអង្គ ដោយ​ការបំពេញ​តួនាទី​ជា​ឧបាសក​ដ៏​ប្រសើរ​បរិសុទ្ធ​ឥតមាន​អំពើ​បាប​ឡើយ . . .” (​ស្លោក​ទី​២, ៣ និង​ទី​៦)​។ (​យៀង វីរ​បុត្រ​, ឯកសារ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏​សំខាន់ នៅ​សម័យ​នគរ​ភ្នំ ក្នុង​សិលាចារឹក​វត្ត​បាទី K. 40, វេទិកា​អ្នកប្រវត្តិសាស្ត្រ​លើក​ទី​១ ស្តីពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​សម័យ​បុរេប្រវត្តិ និង​អាណាចក្រ​ភ្នំ​, រាជបណ្ឌិតសភា​កម្ពុជា ថ្ងៃទី​២៧ ខែកញ្ញា ២០១៣ ) ។
​ ​តាមពិតទៅ ទិន្នន័យ​នៃ​សិលាចារឹក​ដ៏​សំខាន់​នេះ ក៏ត្រូវ​បាន​គូសបញ្ជាក់​ដោយ​កំណត់ហេតុ​ចិន​ផងដែរ ដែល​គេ​បានដឹងថា “​នៅ​ឆ្នាំ ៥១៤​នៃ​គ្រិស្តសករាជ ព្រះមហាក្សត្រ​នៃ​អាណាចក្រ​ហ្វូ​-​ណន ព្រះនាម​ថា ព្រះបាទ​ជ័យវរ្ម័ន បាន​សោយ​ទីវ​ង្គ​ត ហើយ​ព្រះរាជបុត្រ​របស់​ទ្រង់ ដែល​ប្រសូត្រ​ចេញពី​ព្រះ​អគ្គមហេសី​គ្មាន​ខ័នស្លា បាន​ឡើង​សោយរាជ្យ​សម្បត្តិ ក្រោយពី​បានធ្វើ​ឃាត​អ្នក​ស្នង​រាជ​ស្របច្បាប់​” ហើយ​ម្យ៉ាងវិញទៀត “​លទ្ធិ​ព្រះពុទ្ធសាសនា​មាន​ភាពរុងរឿង​ថ្កើងថ្កាន​អស្ចារ្យ នៅក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​”​។​
​ សូមបញ្ជាក់ថា ដូច​ពោល​ខាងលើ សិលាចារឹក​នេះ មិន​មែនមាន​ប្រភព​ចេញពី​ប្រាសាទតាព្រហ្ម​ទន្លេបាទី​ទេ ដូចដែល​លោក ប្រ៊ូ​ណូ ប្រ៊ុ​យ​គី​យេ​រ៍ បាន​ស្មាន​នោះទេ​។ 
​សរុបសេចក្តី​មក ការគោរព​បូជា​ព្រះ​សិរី​រឹក​ធាតុ ដោយ​ជនជាតិខ្មែរ ដើម្បី​សេចក្តីសុខ​សប្បាយ ចម្រុងចម្រើន ត្រជាក់ត្រជុំ មាន​ប្រភព​តាំងពី​សម័យ​នគរ​ភ្នំ​ម្ល៉េះ​។​
​គួរ​គប្បី​រំឭក​ផងដែរ​ថា ក្នុងចំណោម​សារី​រឹក​ធាតុ យើង​ក៏បាន​ឃើញ​នូវ​ការ​គោរពបូជា​នូវ​ព្រះកេសា​ព្រះពុទ្ធ​អង្គ មាន​ម​ហិ​ច្ឆិ​តា​ចង់បាន ដើម្បី​យកទៅ​តម្កល់​ក្នុង​ព្រះរាជ​ធានី​របស់​ទ្រង់​។ នេះ​បើ​យោង​លើ​កំណត់ហេតុ​ចិន នា​សម័យ​នោះ​៕ (​ម​.​ត្រា​ណេ​)


EmoticonEmoticon