សម្លៀកបំពាក់ខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ

សម្លៀកបំពាក់ ខ្មែរ នាសម័យបុរេ ប្រវត្តិសាស្ត្រ🇰🇭
ឆ្លងកាត់រយៈកាលជិតមួយសតវត្ស ទៅហើយមតិមហាជន បារាំង និង ខ្មែរមួយចំនួនធំនៅតែជឿថា គឺជនជាតិឥណ្ឌា ទេដែលបានបង្ហាត់បង្រៀន ខ្មែរ ឱ្យចេះ ស្លៀកពាក់ចាប់តាំងពីដើម ស.វ.ទី ១ នៃ គ.សមក ព្រោះថាមុននេះ ខ្មែរ ដើរ ស្រាត លែងខ្លួនទទេ ។ តាមពិតទៅការអះអាងនេះ គឺ បណ្តាលមកពីការសំអាងទៅលើកំណត់ហេតុ ចិន ស្តីពីឥណ្ឌារូបនីយកម្ម នៃ ប្រទេសកម្ពុជាបុរាណ គឺ នគរគោកធ្លក ដែលចិនបានឱ្យ ឈ្មោះថាហ្វូណន ឬ នគរ ភ្នំ នោះ ។ 
 
ជាភស្តុតាង នៃការអះអាងគេក៏បានលើកឡើងដោយយោង លើកំណត់ហេតុ ចិន ខាងលើនេះថា គឺ ព្រះបាទ ហ៊ុន ទៀន ទេដែលបានយកសំពត់មកស្លៀកឱ្យប្រពន្ធរបស់ទ្រង់ជា លើកដំបូងបង្អស់ គឺ ព្រះ នាងលីវយី រាជបុត្រី ម្ចាស់ ស្រុក ។
ទស្សនៈបែបនេះ ត្រូវបាន ប្រវត្តិវិទូចាត់ទុកថា ជាការ ភ័ន្តច្រឡំមួយ ពីព្រោះ វាគ្រាន់តែជា ជ្រុងមួយនៃការពិត តែប៉ុណ្ណោះពោលគឺមិនមែនជាការពិត ទាំងស្រុងនោះទេ ។
តាមពិតទៅមុនការទទួល វប្បធម៌ ក្លិង្គ ពោលគឺ តាំងពីសម័យបុរេប្រវត្តិសាស្ត្រ ម្ល៉េះដូចបងប្អូនខ្មែរលើសព្វថ្ងៃនេះ ជនជាតិខ្មែរ យើងបានចេះនិយមសម្លៀកបំពាក់ រួចជាស្រេច ទៅហើយ ដូចជា ការប្រើប្រាស់ ប៉ឹង វែងឬ ខ្លី និង សំពត់ ដើម្បី បិទបាំងកេរ្តិ៍ខ្មាស់ និង លំអ រូបរាងកាយ ឬក៏ គ្រាន់តែដើម្បីការពារ អាកាសធាតុតែប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀតគួរគូសបញ្ជាក់ផងដែរ ថា នៅដើម ស.វ ទី ១ នៃ គ.សទើបមានការនិយមក្បិនតាមរបៀបពួក ព្រាហ្មណ៍ ឥណ្ឌា ដែលមាន ប្រភពចេញពីឥណ្ឌាខាងត្បូង ហើយវាក៏ជា ប្រពៃណីមួយ នៅរស់រវើករហូតមកដល់សព្វថ្ងៃនេះដែរ នៅ ប្រទេស ឥណ្ឌា ខាងត្បូង ក៏ដូចនៅ ប្រទេស កម្ពុជា ។ ដូច្នេះការដែលនិយាយថា ជនជាតិខ្មែរ យើងមិនចេះ ស្លៀកពាក់ មុនឥទ្ធិពលឥណ្ឌានោះ ពំនោលនេះ គឺជា រឿងមិនពិតទាល់តែសោះ ។ ការដែល ជនជាតិខ្មែរ កាន់ ទំនៀមទម្លាប់តាមបែប ឥណ្ឌាពុំមែនមានន័យថា ខ្មែរ គ្មាន សម្លៀកបំពាក់ ប្រចាំជាតិរបស់ខ្លួននោះទេ ។ ក្រោមមេឃលើដីនេះ គ្មានជនជាតិណា ដែលដើរ ស្រាតទេ ឬក៏បានបង្កើតឡើង នូវវប្បធម៌របស់ខ្លួនដោយគ្មានការទទួល ឥទ្ធិពលមកពីខាងក្រៅនោះទេ ។
នៅពេលដែលសួរថា តើមានភ័ស្តុតាងអ្វី ដើម្បីបញ្ជាក់បញ្ហានេះទេ ? យើងសូម ធ្វើការលាតត្រដាងនូវទិន្នន័យ ថ្មីមួយចំនួន ដែលជាលទ្ធផល នៃការវិភាគ ស្រាវជ្រាវ អំពីវត្ថុបុរាណដែលគេបាន រកឃើញ នៅក្នុង ស្ថានីយ មួយចំនួន ដែល ស្ថិតនៅ ក្នុងប្រទេសកម្ពុជា ថៃ និង យួន ខាងត្បូងបច្ចុប្បន្ននេះដែលដើមឡើយ ជាទីតាំងដែលបុព្វបុរស ខ្មែរ បានរស់នៅ ។
ជាទូទៅការប្រើប្រាស់ នូវសម្លៀកបំពាក់ ត្រូវគេពិនិត្យឃើញតាមរយៈវត្ថុតាង នា សម័យមុន ប្រវត្តិសាស្ត្រ ដូចជាសំណល់ នៃសរសៃអំបោះដែលជាប់នៅលើរបស់ ប្រើប្រាស់ ឬក៏ ផ្លែ ត្រល់ សម្រាប់ រវៃអំបោះជាដើម ។ អ្វីដែលយើងអាចដឹង នាសម័យនោះ គឺមនុស្សទាំងពីរភេទបាន និយមប៉ឹង និង សំពត់ យ៉ាងប្រាកដហើយ សូមជម្រាបថារហូតដល់ ដើម ស.វ ទី ២០ មុននេះ ប្រពៃណី ស្លៀកពាក់ សំពត់ និង ប៉ឹង នេះ ដែលជា ទម្លាប់របស់ជនសាមញ្ញ នៅតាមជនបទមិនបាន ប្រែប្រួលប៉ុន្មាន ទេ ពោលគឺ ត្រូវបានថែរក្សានៅតែ ដដែល ទោះជាបានឆ្លងកាត់ដំណាក់កាលឥណ្ឌា រូបនីយកម្មក៏ដោយ ។
ចម្លាក់នៃ ប្រាសាទបុរាណ ខ្មែរដូចជាចម្លាក់ នៅលើ ប្រាសាទបាយ័ន បន្ទាយឆ្មារ និង អង្គរវត្ត អាចជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញ ពី សម្លៀកបំពាក់ ខ្មែរ បុរាណរវាង ស.វ ទី ១២-១៣ នៃ គ.ស ដែលក្នុងនោះ មានការ ប្រើ ប៉ឹង និង សំពត់ ជាដើម ក៏ជាសក្ខីកម្ម មួយគួរឱ្យកត់សម្គាល់ដែរ ។
និយាយឱ្យចំទៅកំណត់ហេតុចិនមានភាពលំអៀងទៅខាង វប្បធម៌ ហាន ដែលជា វប្បធម៌ចិន ពីព្រោះ តាម ទស្សនៈ ចិន បុរាណ អ្វីដែលមិនមែនជា ចិន សុទ្ធសឹងតែ ជារបស់មនុស្ស ព្រៃទាំងអស់ ។
សង្ខេបសេចក្តីមកជាទម្លាប់ ប្រជាប្រិយ ខ្មែរ យើងទាំងពីរភេទតាំងពីស.វ ទី ១ រហូតមកដល់បច្ចុប្បន្នភាពនៅតែ ពេញនិយមសំពត់ចងក្បិន ដែលជាកម្ចីតាមបែបពួក ព្រាហ្មណ៍ជាពិសេស ពួកតាមិល នៅ ឥណ្ឌា ភាគខាងត្បូង ប្រហែលជា ប្រការនេះហើយមើលទៅបានជា កំណត់ហេតុចិនចង់និយាយដល់ទេដឹង ? ឆ្លងតាមការវិភាគខាងលើនេះបានឱ្យដឹងថា ជនជាតិខ្មែរ យើងចេះ ស្លៀកពាក់ យ៉ាងហោចណាស់ ក៏ចាប់ពីសម័យវប្បធម៌ លោហធាតុមកដែរ ។ នេះជាលើកទីមួយ ហើយដែលយើងបាន ប្រមូល ឯកសារស្តីពី ការ ស្លៀកពាក់ របស់ ខ្មែរ នាសម័យមុន ប្រវត្តិសាស្ត្រ និង ដើមសម័យ ប្រវត្តិសាស្ត្រមកវិភាគសិក្សាដើម្បីបង្ហាញ នូវនិរន្តរភាព នៃ សម្លៀកបំពាក់ ខ្មែរតាម បែប ប្រពៃណី ប្រចាំ ជាតិ របស់ខ្លួន ។
ត្រា ណេ


EmoticonEmoticon