ដើមកំណើតនៃភាសាបាលី

ដើមកំណើតនៃភាសាបាលី
~~~~~~~~~~~~~~
អះអាងថាស្គាល់ដើមកំណើត នៃភាសាណាមួយ ជាការដែល
មិនអាចទៅរួច ត្បិតអីភាសានីមួយៗ មានប្រវត្តិ ឬ បុរេប្រវត្តិ
កប់បាត់ក្នុងអតីតកាល មើលពុំឃើញ ... ប៉ុន្តែ ភាសាបាលី
មានលក្ខណៈ ខុសអំពី ភាសាដទៃទៀត ។





បានអាន និងយល់ដឹងអំពី អត្ថបទខាងក្រោម អាចឆ្លើយនឹង
សំណួរមួយចំនួន ខាងក្រោម ៖
- ហេតុដូចម្តេច បានជាគេថា
ភាសាសំស្រ្កិត ជាភាសា នៃព្រហ្មញសាសនា
ហើយ ភាសាបាលី ជាភាសា នៃពុទ្ធសាសនា ?
- តើព្រះពុទ្ធអង្គ និងព្រះញាតិវង្ស មានភាសាបាលី
ជាភាសាកំណើត ឬទេ ?
- ហេតុដូចម្តេច បានជាអ្នកប្រាជ្ញបស្ចិមប្រទេស ខ្លះបាន
អះអាងថា ភាសាបាលី មិនមានអក្សរ ... ភាសាបាលី
ប្រើអក្សរ នៃប្រទេសម្ចាស់ស្រុក ឧទាហរណ៍ ៖
នៅស្រុកខ្មែរ ភាសាបាលី សរសេរជាមួយ អក្សរខ្មែរ
នៅស្រុកថៃ ភាសាបាលី សរសេរជាមួយ អក្សរថៃ
នៅស្រុកភូមា ភាសាបាលី សរសេរជាមួយ អក្សរភូមា ???
តើទស្សនៈខាងលើ ត្រឹមត្រូវឬទេ ?
~~~~~~~~~~~~~~~~~~
ដើម្បីឆ្លើយបាន នឹងប្រធានបទខាងលើ យើងត្រូវយល់អំពី
បរិបទ ប្រវត្តិសាស្រ្ត និង ភូមិសាស្រ្ត នៃប្រទេសឥណ្ឌា
ជាពិសេស សង្គមវណ្ណៈ នៃឧបទ្វីបឥណ្ឌា និងម៉្យាងទៀត
យល់អំពីព្រះសមណគោត្តម ម្ចាស់នៃពុទ្ធសាសនាតែម្តង ។
~~~~~~~~~~~~~~~~~~~~~~~~~~~
បរិបទប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត នៃប្រទេសឥណ្ឌា ៖
~~~~~~~~~~~~~~~~~~~~~~~~~~~
សង្គមឥណ្ឌា ជាសង្គមដែលបែងចែក ជាច្រើនវណ្ណៈ ដែលជា
គោលការណ៍ នៃព្រហ្មញសាសនា ។ សម័យកាលណោះ
ប្រជាជនទូទៅ កាន់ព្រហ្មញសាសនា ក៏ពិតមែន ប៉ុន្តែ
ការសិក្សាឲ្យបានជ្រៅជ្រះអំពី ព្រហ្មញសាសនា តាមគម្ពីរវេទ
មិនអាចធ្វើបាន គ្រប់គ្នានុះទេ ។ មានតែវណ្ណៈខ្ពស់ ពោលគឺ
ព្រាហ្មណ៍ និង ស្តេច ដែលមានសិទ្ធរៀន អក្សរ និងសិក្សា
ភាសាសំស្រ្កិត ចេះដឹងគម្ពីរវេទ ដែលជាប្រភព ចំណេះដឹង
ផ្នែកអក្សរសាស្រ្ត សម័យនោះ ។ ចំណេះចេះដឹង ផ្នែក
សិប្បកម្មផ្សេងៗ ត្រូវបង្ហាត់បង្រៀន តកូនតចៅ នៃវណ្ណៈ
ផ្សេងទៀត ... រៀនអនុវត្តិ ដោយមិនមានក្បួន កត់ត្រា ។
~~~~~~~~~~~~~~~~
សាសនា នៃព្រះសមណគោត្តម
~~~~~~~~~~~~~~~~
ព្រះសិទ្ធត ជាត្រកូលខត្តិយវង្ស នៅពេលដែលព្រះអង្គ បាន
ត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គបានសំដែងធម៌ ដល់គ្រប់រាស្រ្ត
ប្រជា មិនប្រកាន់វណ្ណៈឡើយ ។ ដូច្នេះ ព្រះអង្គសម្តែងធម៌
ជាភាសា ដែលអ្នកស្រុកអ្នកស្រែ អាចស្តាប់បានគឺ មគធភាសា
ដែលជាភាសានៃ មគធរដ្ឋ ... ព្រះអង្គពុំបានសម្តែងធម៌
ជាភាសាសំស្រ្កុិត ទេ ( បើប្រៀបធៀបនឹងសម័យឥឡូវ គឺ ...
ឧបមាថា លោកនាយក នែសាកលវិទ្យាល័យមិនបានថ្លែង សន្ទរកថា ជាភាសាអង់គ្លេស ... គាត់និយាយជា ភាសាខ្មែរ ) ។
អំពីសម័យព្រះពុទ្ធអង្គ ព្រះពុទ្ធសាសនា ត្រូវបាន
ផ្សព្វផ្សាយ ដោយការចងចាំ នៃបញ្ញាស្មារតី ពុំមានកត់ត្រា
អ្វីបន្តិចឡើយ ។
ក្រោយព្រះពុទ្ធអង្គ ចូលបរិនិព្វាន្ត មានការរៀបចំ សង្គាយនា
ជារឿយៗ ដើម្បីផ្ទៀតផ្ទាត់ព្រះធម៌ កុំឲ្យឃ្លៀងឃ្លាត ធម៌ដើម ។
គឺ សង្គាយនា នេះហើយដែលបាន ផ្តល់កំណើត ដល់
បុណ្យមាឃបូជា សព្វថ្ងៃ ។
~~~~~~~~~~~~~~~~~~~~~~~~
ព្រះបាទអសោករាជ ( Ashoka -304 -232 )
~~~~~~~~~~~~~~~~~~~~~~~~
ព្រះបាទអសោករាជ ឡើងសោយរាជ្យ នៅឆ្នាំ២៧៣ មុនគ្រិស្តសករាជ ។
បន្ទាប់ពីបាន ធ្វើសង្គ្រាមជាញជ័យ លើស្រុកក្លឹង្គ Kalinga
បន្ទាប់ពីបាន ឈ្វេងយល់អំពី សោកនាដ្យកម្ម និងទុក្ខវេទនា
បង្ករដោយសង្គ្រាម ព្រះអង្គ ក៏មានសេចក្តីជ្រះថ្លា លះបង់
អំពើកាប់សម្លាប់ ហើយចូលជាពុទ្ធសាសនិក ដ៏ប្រពៃ
និងជា គម្រូដ៏ល្អមួយព្រះអង្គ ជាស្តេចគ្រងផែនដី ។
ព្រះអង្គទ្រង់ត្រាស់បង្គាប់ លើកសសរស្តម្ភ ដែលជា សិលាចារិក ជាលើកដំបូង ដែលមាននិយាយ អំពីការគោរពសិទ្ធិមនុស្ស
ដែលគេហៅថា Ashoka pillar ។
នៅក្នុងសម័យ Ashokaនេះដែរ ដែលមាន
សង្គាយនាទី៣ និងមានបញ្ជូន ព្រះសង្ឃជា ពុទ្ធសាសនទូត
មកកោះសិរីលង្កា ហើយផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅ
ទីនោះ បានសល់គង់វង្ស រហូតដល់សព្វថ្ងៃ ជាប្រភព
ផ្សព្វផ្សាយបន្ត មកដល់អាសុីអគ្នេយ៍ ។
..........
បើតាម Wikipedia ថា ព្រះត្រៃបិដក ត្រូវបានសរសេរឡើង
នៅសតវត្សរ៍ ទី១ គស. ក្នុងឱកាស សង្គាយនា ទី៤ ។
ប៉ុន្តែ ខ្លួនខ្ញុំផ្ទាល់គិតថា ព្រះត្រៃបិតក ប្រហែលជាត្រូវបាន
សរសេរឡើង ក្នុងរជ្ជកាល ព្រះបាទអសោក ច្រើនជាង
គឺក្នុងឱកាស សង្គាយនា ទី៣ ដោយហេតុថា ព្រះអង្គមាន
គុណសម្បត្តិ ច្រើនយ៉ាង ៖
ជាអង្គក្សត្រ ដែលគិតគូរ អំពីប្រជានុរាស្ត្រ ហើយប្រកាន់យក
ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែទុកសិទ្ធសេរីភាព
ដល់អ្នកស្រុក ក្នុងជំនឿសាសនា ។
ជាអង្គក្សត្រ ដែលមានទស្សនៈវែងឆ្ងាយ មានការផ្សព្វផ្សាយ
ពុទ្ធសាសនា នៅសិរីលង្កា ជាដើម ។
ជាអង្គក្សត្រ ដែលមានឫទ្ធានុភាព អាច អត្តនោម័តិ យក
អក្ខរក្រម ព្រាហ្មី Brahmi មកសរសេរ មគធភាសា ចងក្រង
ជាព្រះត្រៃបិដក ។ បើព្រះអង្គមិនខ្លាំង ពួកព្រាហ្មណ៍ ប្រាកដ
ជាមិនសុខចិត្ត ឲ្យយកអក្សរ ព្រាហ្មី Brahmi មកប្រើកត់ត្រា
ភាសាមួយទៀត ក្រៅអំពី ភាសាសំស្រ្កិតបានទេ ។
សូមបញ្ជាក់ថា ក្នុងរជ្ជកាលអសោករាជ វិសាលភាព
នៃប្រទេសឥណ្ឌា ធំទូលាយជាងពេលណា ទាំងអស់ បើគិត
ប្រៀបធៀប នឹង ភូមិសាស្រ្តសព្វថ្ងៃ ស្មើនឹងប្រទេសឥណ្ឌា
បូកថែមនឹងប្រទេស Pakistan + Afghanistan + Nepal + Bangladesh + Srilanka ។
~~~~~~~~~~~~~~~~~
មគធី ( មគធភាសា ) ឬ បាលី ?
Magathi or Pali ?
~~~~~~~~~~~~~~~~~
នេះជាលើកទី១ ដែលអក្សរព្រាហ្មី ត្រូវបានយកមក កត់ត្រា
ភាសា មួយផ្សេងទៀត ក្រៅអំពីភាសាសំស្រ្កិត ។
បាលី Pali មានន័យថា បន្ទាត់ជួរអក្សរ សំដៅលើការកត់ត្រា
ចម្លងជាគាថា ជាសាស្រ្តាស្លឹករិត នៃធម៌ព្រះសាស្តា ។
ខាងលើនេះ ជាហេតុផល ដែលនាំឲ្យហៅ ការសិក្សាគម្ពីរ
ព្រះត្រៃបិដក ថាសិក្សា« បាលី » និងជាហេតុផល មួយទៀត
ដែលបញ្ជាក់ថា ព្រះត្រៃបិដក ត្រូវបានសរសេរ ចងក្រងជា
គម្ពីរ ក្នុងរជ្ជកាល ព្រះបាទអសោករាជ ។
*** ពន្យល់ហេតុផល ៖
ខ្ញុំសូមលើក ឧទាហរណ៍ គួរឲ្យអស់សំណើច ប៉ុន្តែជាការពិត
ដែលក្មេងជំនាន់ក្រោយ មិនសូវបានដឹង គឺការរៀនជិះកង់ ។
ចាស់ៗជំនាន់ដើម រៀនជិះកង់រាប់ខែ ទំរាំនឹងចេះ... បានដួល
ក្រឡិតអស់ជើងដៃ ទំរាំនឹង ចេះជិះ រហូតដល់ចេញជាពាក្យ
និយាយថា រៀនជិះកង់ បើមិនបានដួល បែកដៃបែកជើង នុះ
នឹងមិនចេះជិះទេ .... :-) :-) :-)
សម័យបច្ចុប្បន្ន ក្មេងបានកង់ រៀនជិះតែមួយម៉ោង ស្រាប់តែ
ចេះជិះ ? ? ? .... :-)
រឿងរៀនអក្សរ គឺដូចតែគ្នា ។ សម្រាប់ចាស់ពីដើម រៀនអក្សរ
ជារឿងមួយពិបាក នេះកាលពី ១០០ឆ្នាំមុន ។ កាលពី
២០០០ឆ្នាំ មុន ការរៀនឲ្យចេះអក្សរ កាន់តែជាការមួយ ដែល
កាន់តែពិបាកទៅទៀត ។
នៅមគធៈរដ្ឋ ដែលនិយាយភាសាមគធៈភាសា ឬ Magathi
រៀន ឬចងចាំគាថា ក្នុងសតិអារម្មណ៍ មិនសូវជាពិបាកអ្វី
ប៉ុន្មានទេ ព្រោះជាភាសាកំណើតរបស់គេ ដូច្នេះពេលគេរៀន
ព្រះត្រៃបិដក គឺការរៀនអក្សរទេ ដែលពិបាក ។ ហើយគេ
ក៏មិនថារៀន មគធ:ភាសា ទេ ... គេថារៀន « បាលី» មាន
ន័យថា រៀនតាមគម្ពីរ ។
នៅកោះសិរីលង្កា គេនិយាយភាសា តាមូល Tamoul ដែល
ជាភាសាកំណើតជាតិ របស់គេ ។ ការរៀនព្រះត្រៃបិតក មាន
ការពិបាកមួយកម្រិត ថែមទៀត ត្បិតអីត្រូវរៀន ប្រកបអក្សរ
ព្រាហ្មី Brahmi ហើយរៀនមគធៈភាសា មួយបន្ថែមទៀត ។
យើងអាចយល់បានថា ព្រះភិក្ខុសង្ឃ ដែលសិក្សាគម្ពីរ ព្រះ
ត្រៃបិដក នៅសិរីលង្កា នៅតែបន្តហៅការសិក្សា នេះថារៀន
« បាលី » ។ គឺទម្លាប់នេះហើយ ដែលផ្តល់ជាពាក្យថា ៖
« ភាសាបាលី » ។
យោលតាមហេតុផលខាងលើ បានជាខ្ញុំហ៊ានសន្និដ្ឋាន ថា
គម្ពីរព្រះត្រៃបិតក ប្រាកដជាបាន ចារជាគម្ពីរ នៅរជ្ជកាល
ព្រះបាទអសោក ក្នុងឱកាស សង្គាយនាទី៣ មិនមែននៅ
ក្នុងឱកាស សង្គាយនាទី៤ ដែលបានធ្វើឡើងនៅ កោះ
សិរីលង្កា នោះទេ ។
សង្គាយនាទី៣ ២៩៣ នៃពស. ត្រូវនឹង ២៥០ មុនគស.
សង្គាយនាទី៤ ៥១៨ នៃពស. ត្រូវនឹង ២៥ មុនគស.
~~~~~~~~~~~~~~~~~~~
ឆ្លើយនឹងសំណួរ ៖
- ហេតុដូចម្តេច បានជាគេថា
ភាសាសំស្រ្កិត ជាភាសា នៃព្រហ្មញសាសនា
ហើយ ភាសាបាលី ជាភាសា នៃពុទ្ធសាសនា ?
ត្បិតអី គម្ពីវេទ សរសេរជា ភាសាសំស្រ្កិត
គម្ពីព្រះត្រៃបិដក សរសេរ ជាភាសា បាលី
ត្បិតអី ព្រះពុទ្ធអង្គ សម្តែងធម៌ ជាមគធៈភាសា ។
- តើព្រះពុទ្ធអង្គ និងព្រះញាតិវង្ស មានភាសាបាលី
ជាភាសាកំណើត ?
បើតាម Wikipedia ថាព្រះពុទ្ធអង្គ និងព្រះញាតិវង្ស
និយាយ ភាសាមួយទៀតស្រដៀងនឹង Magathi
ដែលហៅថា Arthamagathi ( ម៉េចក៏គេដឹង? )
- ហេតុដូចម្តេច បានជាអ្នកប្រាជ្ញបស្ចិមប្រទេស ខ្លះបាន
អះអាងថា ភាសាបាលី មិនមានអក្សរ ... ភាសាបាលី
ប្រើអក្សរ នៃប្រទេសម្ចាស់ស្រុក ឧទាហរណ៍ ៖
នៅស្រុកខ្មែរ ភាសាបាលី សរសេរជាមួយ អក្សរខ្មែរ
នៅស្រុកថៃ ភាសាបាលី សរសេរជាមួយ អក្សរថៃ
នៅស្រុកភូមា ភាសាបាលី សរសេរជាមួយ អក្សរភូមា ???
តើទស្សនៈខាងលើ ត្រឹមត្រូវឬទេ ?
ការយល់ខាងលើ ជាការយល់ឃើញខ្វះខាត .... មិនត្រឹម
ត្រូវ ។ អក្សរព្រាហ្មី បានផ្តល់កំណើត ដល់អក្សរ នៃ
ប្រទេសជាច្រើន ប្រទេសឥណ្ឌា សិរីលង្កា កម្ពុជា ថៃ ឡាវ
ភូមា .... និងប្រទេសមួយចំនួនទៀត ដែលបន្ទាប់ពីផ្លាស់
ប្តូរមកកាន់សាសនាម៉ូស្លីម បានឈប់ប្រើអក្សរ ដែលមក
ជាមួយព្រហ្មញសាសនា ដោយមានជម្រើសពីរយ៉ាង ៖
ប្រើអក្សរអារ៉ាប់ មានប្រទេស Pakistan Afgan
Bangladesh .....
ប្រើអក្សរឡាតាំង មានប្រទេស ឥណ្ឌូណេសុី ម៉ាឡេសុី .....
និងប្រទេសមួយចំនួនទៀត ឈប់ប្រើអក្សរ ដោយបាត់
ជាតិ បាត់ទឹកដី មានចាម និងមន ជាដើម ។
សាកល្បងគិតដូច្នេះ គ្រាន់តែមួយសតវត្ស៍ កន្លងមកនេះ តើ
អក្សរខ្មែរ មានការវិវឌ្ឍន៍យ៉ាងណា បើយើងប្រៀបធៀប អក្សរ
ដែលចារលើស្លឹករិត និងអក្សរដែលយើងសរសេរសព្វថ្ងៃ នេះមានអក្សរពុម្ព ជួយធ្វើជាគោល បានខ្លះផង .....
ចុះទម្រាំ ជាង២០០០ឆ្នាំ ដែលមានការវិវឌ្ឍន៍ តាមប្រទេស
រៀងៗខ្លួន ?
និយាយដូច្នេះត្រូវជាង មិនមែនអក្សរបាលីទេ ដែលខ្ចីអក្សរ
នៃប្រទេសនីមួយៗ មកប្រើ ... គឺអក្សរនៃប្រទេសនីមួយៗ
ដែលបានខ្ចី អក្សរបាលីមកប្រើ ហើយមានការវិវឌ្ឃន៍ ខុសៗ
គ្នា តាមប្រទេសនីមួយៗ .... រីឯ ភាសាបាលី បានខ្ចី
អក្សរព្រាហ្មី អំពីសំស្ក្រិត ។


EmoticonEmoticon