ការយកសត្វក្រពើជានិមិត្តរូបនៃប្រទេសឬប្រជាជនខ្មែរនិងយក « មេ បា តា ព្រះ ចៅ » ជាបាវចនាជាតិ

ការយក សត្វក្រពើ ជានិមិត្តរូបនៃប្រទេស ឬ ប្រជាជនខ្មែរ
និងយក « មេ បា តា ព្រះ ចៅ » ជា បាវចនាជាតិ
គឺជាទស្សនៈ របស់បណ្ឌិតព្រិទ្ធាចារ្យ កេង វ៉ាន់សាក់ ។
ខ្ញុំបានឮសម្លេងលើកទី១ របស់លោកកេង វ៉ាន់សាក់
នៅឆ្នាំ ១៩៧២ តាមរលកសម្លេងវិទ្យុជាតិ នៅពេលនោះ
គាត់បានធ្វើការឃោសនា បោះឆ្នោតរើស ប្រធានាធិបតី
សម្រាប់ សាធារណរដ្ឋខ្មែរ ។ គាត់ធ្វើការឃោសនា ជូន
សេនាប្រមុខ លន់ នល់ ( មិនមែន លន់ ណុល ទេ ) ។




ក៏ជាលើកទី១ ដែរ ដែលខ្ញុំបានឮគាត់និយាយអំពី ៖
« មេ បា តា ព្រះ ចៅ » .... ខ្ញុំយកចិត្តទុកដាក់ចងចាំ
រហូត ។ រហូតដល់ថ្ងៃមួយ ខ្ញុំបានជួបគាត់ ៖
ខ្ញុំបានជួបលោក កេង វ៉ាន់សាក់ ដំបូង នៅឆ្នាំ ១៩៩៦ ។
បន្ទាប់ពីបាន ទទួលស្វាគមន៍ និងសំណេះសំណាល ជា
មួយគាត់ បានបន្តិចមក ខ្ញុំបានជម្រាបសួរគាត់ អំពីអ្វីដែល
ខ្ញុំយកចិត្តទុកដាក់អំពី គំនិតគាត់ ។ គាត់បានប្រាប់ខ្ញុំថា
គាត់បានថ្លែងសន្ទរកថា បំរើការឃោសនាបោះឆ្នោត នៅ
សាលមហោស្រពជាតិចតុមុខ ។ គាត់បាននិយាយពន្យល់
ខ្ញុំ អំពីសាសនាខ្មែរ មុនពេលទទួលអរិយធម៌អង្គរ ៖
គឺ សាសនាជី ដែលមាន នាងគង្ហីង = ដី = មេ
និង ក្រពើ = ទឹក = បា ជាតំណាង ។
ចំណែកពាក្យ ព្រះ គឺមកពីពាក្យ រះ មិនមែនមកពីពាក្យ
បាលី វរៈ ដែលមានន័យថា ប្រសើរទេ ។
តា គឺចាសទុំឬគ្រូ ដែលផ្ទេរការចេះដឹងដល់ក្មេងៗ ជំនាន់
ក្រោយ ។ ដូច្នេះគាត់ជាតា ហើយអ្នកដែលស្រឡាញ់ គោរព
ទស្សនៈរបស់គាត់ គឺជាចៅ ។
........................................
គាត់ជាព្រឹទ្ធាចារ្យ គួរឲ្យគោរព ប៉ុន្តែ មានទស្សនៈជាច្រើន
របស់គាត់ ដែលខ្ញុំមិនយល់ស្របជាមួយ ។
ខ្ញុុំសូមលើកតែពីរឿងមួយ មកនិយាយ ៖
« អំពីសត្វក្រពើ »
លោក កេង វ៉ាន់សាក់ យល់ថាសត្វក្រពើ មិនមែនជាសត្វ
រមិលគុណ ដូចយើងយល់ច្រឡំទេ បើយើងចិញ្ចឹម ឲ្យចំណី
បីបាច់ ថែរក្សាវាពីតូច លុះដល់ពេលធំឡើង វានឹងស្រឡាញ់
ម្ចាស់ ដូចសត្វផ្សេងៗដែរ ។ ការដាក់កំហុសដល់សត្វក្រពើ
ជាការលាបពណ៌ បណ្តុះបង្អាប់ ដល់និមិត្តរូបនៃជាតិសាសន៍
ខ្មែរ ។ ខ្ញុំយល់ដូច្នេះវិញ ៖
ចាស់បុរាណខ្មែរ តែងតែប្រៀបធៀប មនុស្សរមិលគុណ
ទៅនឹងសត្វក្រពើ ។ ចាស់ៗខ្មែរ មានការពិសោធន៍ អំពី
សត្វក្រពើ ដឹងថាសត្វនេះ មិនដែលស្គាល់ម្ចាស់ ដែលចិញ្ចឹម
ឲ្យចំណី វាទេ ។ គាត់មានបំណង ផ្តល់ជាពត៌មាន ដល់កូន
ចៅជំនាន់ក្រោយ កុំទុកចិត្ត សត្វក្រពើ ... ប្រហែសខ្លួន មិន
ប្រយ័ត្ន ក្រពើនឹងសុីម្ចាស់ ។ ចាស់ៗប្រាកដ ជាមិនមាន
បំណង បណ្តុះបង្អាប់និមិត្តរូបជាតិ ដូចបណ្ឌិតព្រិទ្ធាចារ្យ
កេង វ៉ាន់សាក់ មានប្រសាសន៍ទេ ។
វែកញែកតាមរបៀបវិទ្យាសាស្រ្ត យើងឃីញថា សត្វក្រពើ
ជាសត្វដែលមាន កម្រិតបញ្ញាតូចទាប មិនមានការវិវឌ្ឍន៍
ទំហំ និងគុណភាព ផ្នែកខួរក្បាលតាំងពី រាប់រយលានឆ្នាំមក
ហើយ ។ ដូច្នេះសត្វក្រពើ ជាសត្វដែលមាន សតិចងចាំ
និងមិនមាន មនោសញ្ចេតនា ស្គាល់ ឬស្រឡាញ់ម្ចាស់ឡើយ ។
សម្តេចព្រះបរមកោដ្ឋ ក៏បានស្គាល់ច្បាស់ អំពីការរមិលគុណ
របស់សត្វក្រពើដែរ ។


EmoticonEmoticon