ប្រាសាទជ្រុង•មានរូងសម្ងាត់ប្រាំ

ប្រាសាទជ្រុង•មានរូងសម្ងាត់ប្រាំ

ប្រាសាទជ្រុង​ជា​ប្រាសាទ​តូច​មួយ​ដែល​ស្ថិត​ក្នុង​បរិវេណ​កំពែង​ខាង​ក្រៅ​នៃ​ប្រាសាទបាយ័ន នៅ​ត្រង់​កន្លែង​កាច់​ជ្រុង​នៃ​ទន្លេអុំ ។ នៅ​ខ្លោងទ្វារ​ចូល​ផ្នែក​ខាងត្បូង​នៃ​ប្រាសាទ​អង្គរធំ ហើយ​បត់​ខាង​ឆ្វេង​ដៃ​ធ្វើ​ដំណើរ​តាម​មាត់​ទន្លេ​អុំ ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ដល់​កន្លែង​កាច់​ជ្រុង​នៃ​កំពែង​ប្រាសាទ យើង​នឹង​ឃើញប្រាសាទ​តូច​មួយ ទីនោះហើយ​ជាប្រាសាទជ្រុង ។ ប្រាសាទជ្រុង​ជា​កន្លែង​អាច​ទស្សនា​ទេសភាព​ថ្ងៃ​លិច​ដ៏​ពិសិដ្ឋ​និង​គួរឱ្យចាប់អារម្មណ៍។
ប្រាសាទជ្រុង​គឺ​ជា​ប្រាសាទ​តូច ច្រឡឹង​ល្អ​ប្រណីត​មួយ ដែល​មាន​ក្បាច់​រចនា​ផ្កាភ្ញី​រស់រវើក អម​ដោយ​ចម្លាក់ អាទិទេព​ជា​ច្រើន​នៅ​គ្រប់ផ្នែក​សំណង់​នៃ​ប្រាសាទ ។ តួ​ប៉ម​ប្រាសាទ​នេះ​បែរមុខ ទៅ​ទិស​ខាង​កើត ខណ្ឌ​ជា​បន្ទប់ៗ សាងសង់​ឡើង​អំពី​ថ្មភក់ និង ថ្មបាយក្រៀម មាន​ទំហំ​ប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មាន​កម្ពស់​ប្រហែល ៥,៧ ម៉ែត្រ ពី​លើ​ខ្នង​កំពែង សង់​នៅ​លើ​កំពែង​អង្គរធំ ចំ​ត្រង់​កែង​នៃ​កំពែង​ទិស​ទក្សិណ និង ទិសបស្ចិម ។ ប្រាសាទ​នេះ​កសាង​នៅ​ចុង​សតវត្សរ៍ទី ១២ ដែល​ជា​ស្នា​ព្រះហស្ត របស់​ព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី ៧ ។ នៅ​ក្នុង​សម័យអង្គរ ប្រាសាទ​ជ្រុង​គឺជា ហោត្រ័យ ឬ បណ្ណាល័យ​តម្កល់​ទុក​នូវ​ផ្ទាំង​សិលាចារឹក​ដ៏​សំខាន់​ដែល​ពិពណ៌នា យ៉ាង​ពិស្តារ​អំពី​ការ​ស្ថាបនា​កសាង​មហា​កំពែង កសិណ​ទឹក​ព័ទ្ធ​ជុំវិញ និង ទ្វារ ចូល​រាជធានី​អង្គរធំ​ក្នុង​រជ្ជកាល​ព្រះមហាវីរក្សត្រជ័យវរ្ម័នទី ៧ ។ រហូត​មក​ទល់ ពេល​នេះ ប្រាសាទ​ជ្រុង​ទទួល​រង​ការ​បាក់បែក​ផ្នែក​ខ្លះៗ​ដោយ​សារ​អាយុកាល និង ការ​បំផ្លិច​បំផ្លាញ​របស់​មនុស្ស ។ នៅ​តាម​ខ្នង​កំពែង​ខាង​កើត​ប្រាសាទ​ប្រមាណ ២០០ ម៉ែត្រ មាន​រន្ធ​ទ្វារ​សម្ងាត់​ចំនួន​ប្រាំ​ដែល​អ្នក​ស្រុក​ហៅថា រន្ធ​ត្រដេវ​តាំងពី យូរ​ណាស់​មក​ហើយ ពី​ព្រោះ​មាន​សត្វ​ត្រដេវ​ធ្លាប់​ធ្វើ​សំបុក​នៅ​ទី​នោះ ទើប​អ្នក ស្រុក​ហៅ​ឈ្មោះ​នេះ​រហូត​មក ។ តាម​លក្ខណៈ ​ភូមិសាស្ត្រ​រន្ធ​នេះ​គឺ​ជា​ច្រក​ទឹក​ចេញ​ចូល​រវាង ទន្លេអុំ និង បឹង​តូចៗ​នៅ​ភាគ​និរតី​នៃ​អង្គរធំ ហើយ​វា​ក៏​ប្រាកដ​ជា​ច្រក​សម្ងាត់​សម្រាប់​ការ​រត់ ភៀស​ខ្លួន​របស់​ស្តេច ឬ មន្ត្រី​នៅ​ក្នុង​ករណី​មាន ភយន្តរាយ​ណា​មួយ​ជាយថា​ហេតុ​ផង​ដែរ ។ រូង ទាំង​ប្រាំ​នេះ​សង់​ទម្លុះ​មហា​កំពែង​ដ៏រឹង​មាំ​របស់ អង្គរធំ ដែល​ស្ថិត​នៅ​ជាប់ៗ​គ្នា ប៉ុន្តែ​វា​មាន​ទំហំ មិន​ស្មើ​គ្នា​ទេ រូង​កណ្តាល​ធំ​ហើយ​ខ្ពស់​ជាង​គេ បន្តិច គឺ​ទទឹង​ទំហំ​ប្រមាណ ១,៥ ម៉ែត្រ និង កម្ពស់ ២ ម៉ែត្រ ។


EmoticonEmoticon