របៀបធ្វើស្រែអំបិល

ស្វែងយល់ពីរបៀបធ្វើស្រែអំបិល

ជាទូទៅការផលិតអំបិលគឺផ្ទុយគ្នាស្រឡះពីការផលិតស្រូវ ដោយ​សារ​​នៅរដូវភ្លៀងគេមិនអាចផលិតអំបិលបាននោះឡើយ គឺវា​អាស្រ័យ​លើភាពរាំងយូរ ឬក៏ឆាប់ដែរ។ ប្រសិនបើ​ឆ្នាំណា​ដែលមាន​ភាព​រាំងយូរ ស្រែអំបិល​ទំហំ​មួយហិកតា​អាច​ផលិតបាន ៤០តោន តែ​បើភ្លៀងច្រើនពេក នោះបានមិនដល់១០តោនផងក៏មាន។ ចំពោះ​ផ្ទៃ​ដីស្រែអំបិលវិញ គេត្រូវការដីដែលមាន​ទំហំធំៗ​នៅជិត​មាត់​សមុទ្រ​ ព្រោះមុនដំបូង គេត្រូវបង្ហូរទឹកប្រៃចូល​ក្នុងទំនប់ធំមួយ​ផុតពីសមុទ្រ​បន្តិច ដែលគេហៅថា «ស្រែហាល»។ បន្ទាប់ពីស្រែហាលនេះមកទើបគេរៀបចំឲ្យមានស្រែដែលកំណត់ដោយភ្លឺដេញតៗគ្នាចូលមកខាងក្នុងដីគោក។ សូមបញ្ជាក់ដែលថា កម្រិត​​​ប្រៃនៃអំបិល ត្រូវបានគេគិតជា “លេខ”។ ហើយបើកម្រិតប្រៃ​ឡើង​ដល់ ៧លេខហើយ គឺគ្មានរុក្ខជាតិអ្វីដុះបានទៀតឡើយ សូម្បី​តែត្រីសមុទ្រក៏​រស់នៅ​មិន​បានដែរ ហើយម្យ៉ាងទៀត ផ្ទៃបាត​ដី​គឺ​ក្តៅ​ខុសធម្មតា។
នៅក្នុងស្រែហាល​ដំបូងកម្រិតប្រៃនោះមានត្រឹមតែ «២លេខ» ប៉ុណ្ណោះ។ គេទុកឲ្យទឹកនោះ «ដេក» មួយយប់ក្នុងស្រែហាលសិន ទើបគេបង្ហូរឲ្យចូលមកក្នុងស្រែបន្ទាប់មកទៀតមួយគន្លាក់។ នៅ​ទី​នោះ​​កម្រិតប្រៃនឹងឡើងដល់ «៥លេខ»។ ទឹកនៅត្រឹមនេះ​មាន​ជម្រៅ​តែ​ពីរថ្នាំងដៃប៉ុណ្ណោះ។ ថ្ងៃបន្ទាប់មកទៀត​គេបង្ហូរ​បន្តចូល​ស្រែ​មួយ​គន្លាក់​ទៀត។ ពេលនោះកម្រិតប្រៃឡើងដល់ «១០លេខ» ហើយ។ គេ​ធ្វើរបៀបនេះតទៅទៀតរហូតដល់កម្រិតនោះឡើងដល់ា ២៥លេខ ដែលជាស្រែនៅចុងគេ។ ស្រែនោះគេហៅថា «ស្រែចម្អិន» រីឯអំបិល​ដែលកើតឡើងនោះគេថាវា «ដុះ»។ ការងារនៅ​ទីនេះគេហៅថា «បណ្ដុះអំបិល» ក៏បាន។ គេត្រូវតែប្រញាប់ប្រញាល់​កោសយក​អំបិល​នោះទៅដាក់ឃ្លាំងជារៀងរាល់ថ្ងៃ បើពុំដូច្នោះ អំបិល​នឹងទៅ​ជា​រឹង​​កកខ្លាំងមិនខាន ព្រោះបើវាកក ឬដុះដល់កម្ពស់​មួយចង្អុលដៃ​ហើយ​កំណកអំបិលនឹងឡើងរឹងដូចថ្ម។ ហើយប្រសិនបើថ្ងៃ​បើកកាន់​តែ​ខ្លាំង នោះទឹកក៏ហួតកាន់តែឆាប់ រីឯអំបិលក៏ដុះ​កាន់តែលឿន​ទៅ​តាម​នោះដែរ។ ចំណែកឯទឹកនៅក្នុងស្រែនោះវិញ គឺមានកំដៅ​ក្តៅ​ខ្លាំង​ណាស់ អាចឡើងដល់កម្ដៅ ៤៥អង្សា ក៏មាន។
ប្រសិ​ន​បើ​មានភ្លៀងធ្លាក់តិចតួចនៅពេលប្រមូលផលអំបិល គឺ​គ្មាន​បញ្ហា​អ្វីធំដុំនោះទេ តែប្រសិនជាមានភ្លៀងធ្លាក់ខ្លាំងវិញ គេត្រូវ​បង្ហូរ​ទឹក​សាបនោះចេញទៅតាមប្រឡាយកាត់ទទឹងមួយ។ ការបង្ហូរ​នោះ​មិន​លំបាកទេ ព្រោះទឹកសាបស្រាលជាងទឹកប្រៃ ដូច្នេះទឹកសាប​នឹង​ស្ថិតនៅផ្ទៃខាងលើ ដែលងាយ​នឹងធ្វើការបង្ហូរចេញ។ ម្យ៉ាងវិញទៀត បើមិនបង្ហូរទឹកសាបចេញនោះទេ ការនៅទុកវាឲ្យ​នៅលាយ​ឡំគ្នា​នោះ វានឹងបណ្តាលឲ្យដុះស្លែភ្លាមមួយរំពេច។ ដូច្នេះ​ហើយ​បានជា​ការងារដែលត្រូវធ្វើជាដំបូងបង្អស់ គឺគេចាប់ផ្តើមពី​សម្អាត​ប្រឡាយ​ទទឹង ព្រមទាំងសម្អាតផ្ទៃស្រែទាំងអស់កុំឲ្យមានជាប់ស្លែ បន្ទាប់​មក​ទើប​គេបង្ហាប់ដី។
ចំពោះ​ឃ្លាំងសម្រាប់ផ្ទុកអំបិលវិញ គេត្រូវតែប្រើរុក្ខជាតិជាឈើ ឬ​ឫស្សី​ជាដើម យ៉ាងហោចណាស់ក៏វាសម្រាប់ធ្វើជញ្ជាំងដែរ ព្រោះ​អំបិល​មានជាតិកាត់ខ្លះ ដែលធ្វើឲ្យដែក ឬលោហៈ​ផ្សេងៗ​ងាយ​នឹង​ច្រេះចាប់ ប៉ុន្ដែគេអាចប្រើលោហៈសម្រាប់ធ្វើជាដំបូលឃ្លាំងបាន តែ​យ៉ាង​ណាវាក៏នៅតែឆាប់ច្រេះដែរ។


EmoticonEmoticon