ទឹកអម្រឹត​ក្នុង​ចម្លាក់​ប្រាសាទបាយ័ន​

ទឹកអម្រឹត​ក្នុង​ចម្លាក់​ប្រាសាទបាយ័ន​
​ ​ទឹកអម្រឹត​ត្រូវបាន​សាសនិកជន​ខ្មែរ​បុរាណ​មើលឃើញថា មាន​អត្ថន័យ​ទូលំទូលាយ និង​ស៊ីជម្រៅ ហើយ​ថែមទាំង​មាន​សារសំខាន់​សម្រាប់​ការរុករក​នូវ​ភាព​អមតៈ​នៃ​ជីវិត​សត្វលោក​យើង​នេះថែមទៀតផង។ 
​ ​ ក្នុង​វប្បធម៌​បាយ័ន ទឹកអម្រឹត​ដែល​មនុស្ស​គ្រប់រូប​ប៉ងប្រាថ្នា​ចង់បាន​នោះ ​កើតឡើង​ដោយ​មនោគមន៍វិជ្ជាសាសនា ជាការសំយោគ​រវាង​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​និកាយ​មហាយាន ។​
​ ​ទឹកអម្រឹត​តំណាង​ឲ្យ​សារធាតុ​ពិសិដ្ឋ​របស់​ទឹក ដែលជា​ប្រភព​នៃ​ជីវិត​នៅលើ​ផែនដី​យើង​នេះ ។ ក្នុងន័យ​នេះហើយ ដែល​ទឹកអម្រឹតត្រូវ​បាន​រកឃើញថា ជា​ថ្នាំ​ទិព្វ​មាន​សារជាតិ​ស័ក្តិសិទ្ធិ​ខ្ពង់ខ្ពស់​បំផុត ។ ទឹក​នេះ​អាចជួយ​ស្រោចស្រង់​មនុស្ស​ឲ្យ​ចាក​ផុតពី​ជំងឺ​ឈឺ​ថ្កាត់ ឬ​ពី​សេចក្តីស្លាប់​ទៅបាន ។​
​ ​ស្របគ្នា​នឹង​គុណសម្បត្តិ​ដ៏​វិសេសវិសាល​នេះ ទឹកអម្រឹត​ក៏​ជា​មធ្យោបាយ​នាំ​សត្វលោក​ទៅកាន់​ភព​ទេវតា ដែល​មិន​ត្រឹមតែ​ពពួក​យក្ស​តែប៉ុណ្ណោះ ប៉ុន្តែ​ក៏​សម្រាប់​ពួក​ទេវតា និង​មនុស្សលោក​ទៅកាន់​ព្រះ​និព្វាន​ថែមទៀត​ផង ។ ដោយសារតែ​ភាព​ស័ក្តិសិទ្ធិ​របស់​ទឹកអម្រឹតនេះ ទើបបណ្តាលឲ្យកើតមាន​ចម្បាំង​ រវាង​គូបដិបក្ខ​​នៅក្នុង​រឿង​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​ដណ្តើម​ទឹក​ទិព្វ​នេះ ។​
​ ​ការកូរ​សមុទ្រ​ទឹកដោះ​នេះ ដើម្បី​បង្កើត​លោក​យើង ដែល​មនុស្ស​គ្រប់រូប​មាន​ទឹ​សដៅ​ចង់បាន ដើម្បី​ជា​និមិត្តរូប​នៃ​ភាព​អមតៈ​នៃ​ជីវិត​របស់ខ្លួន ។​
​ ​តែ​ដោយឡែក ចំពោះ​ពុទ្ធសាសនិកជន​ខ្មែរ​បុរាណ​បាន​ចាត់ទុកថា ទឹកអម្រឹត​មាន​លក្ខណៈ​ថ្លៃថ្លា ត្រជាក់​បរិសុទ្ធ គឺ​ចង់​សំដៅ​ទៅដល់​ព្រះ​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។ ដំបូន្មាន​របស់​ព្រះពុទ្ធ​មានន័យ​ឧត្តុង្គឧត្តម ក្នុង​ការរំដោះ​មនុស្សលោក​ពី​ភាពអវិជ្ជា ដែលជា​ប្រភព​នៃ​សេចក្តី​ទុក្ខ ។ អត្ថន័យ​សំខាន់​ក្នុង​វាល​វដ្ត​សង្សារ​មួយទៀត ការ​កូរ​សមុទ្រ​ទឹកដោះ​នៅ​ប្រាសាទបាយ័ន ប្រៀបបាន​នឹង​ការស្ថាបនា​ជាតិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​នាំ​មនុស្សជាតិ​ខ្មែរ​បុរាណ​ឆ្ពោះទៅកាន់​វឌ្ឍនភាព និង​ភាព​អមតៈ​នៃ​ជីវិត ៕ 
ម​.​ត្រា​ណេ


EmoticonEmoticon