ប្រវត្តិស្រុកស្រីសន្ធរ ឬស្រីសឈរ

ប្រវត្តិស្រុកស្រីសន្ធរ ឬស្រីសឈរ

នាង "ស" គឺជាកូនស្រីរបស់ "ព្រះពិជ័យនាគ" ជាមន្ត្រីធំក្នុងខេត្តបាសាន និងនាង "បាន" ជាពលព្រះស្រីរតនត្រ័យ (ពល គឺពួកជនពូជសូទ្រៈ ជា​វណ្ណៈទី៤ ឬពលព្រះរតនត្រ័យ គឺពលដែលមានមុខងារ​ជាអ្នកថែ​រក្សា​វត្ត​អារាម)។ នាងស មានបងប្អូនបង្កើត ២នាក់ គឺនាងជាបងស្រី និងនាយ "កន"ជាប្អូនប្រុស។ ថ្ងៃមួយ ព្រះស្រីសុគន្ធបទ ស្ដេចយាង​ទៅ​ថ្វាយបង្គំ​ព្រះ​នៅវត្ត ស្ដេចទ្រង់បានទតឃើញស្រីម្នាក់ស ឈរនៅលើ​ខឿន​ព្រះវិហារ​នោះ ជាកូនព្រះពិជ័យនាគ និងមេបាន មានរូបរាងល្អប្រពៃ។ ស្ដេចទតម្ដងហើយម្ដងទៀត។ ខណៈនោះ ព្រះពិជ័យនាគ ស្គាល់ច្បាស់​ព្រះរាជហឫទ័យ ទើបក្រោយមកក៏ចូលទៅក្រាបថ្វាយបង្គំ​ព្រះបរមប​ពិត្រ ថ្វាយកូនស្រីនោះ ជាខ្ញុំបម្រើល្អងធូលីព្រះបាទតរៀងទៅ។ ព្រះ​ស្រីសុគន្ធបទ ទ្រង់ព្រះសោមនស្សណាស់ ក៏បានតែងតាំងនាង ស ជា​អ្នក​ព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក។ ដោយទ្រង់ព្រះមានចិន្តាថា នាង​នេះ រូបក៏ល្អសមសួន ចរិតឫកពាឥរិយាក៏ថ្លៃថ្លាលើសពីស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះ តាងនាមព្រះនគរ កុំឲ្យបាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញាត្តឲ្យលើកលែងហៅ ស្រុកបាសាន ឲ្យហៅថា ស្រុកស្រីសឈរ ឬ ខេត្តស្រីសឈរ វិញ តែពាក្យនេះ​យូរៗមក ក៏ប្រែក្លាយជាស្រុក "ស្រីសន្ធរ" រហូតមកដល់សព្វថ្ងៃនេះ។
ចំណែកបិតាមាតា អ្នកព្រះម្នាង កេសរបុប្ផា នោះទ្រង់​លើកយក​ឲ្យខ្ពស់​ឡើង។ បិតាឲ្យហៅថា អ្នកព្រះបិតា ពិជ័យនាគ មាតា ឲ្យហៅថា អ្នក​ព្រះ​មាតា មេបាន។ ហើយ កន ដែលជាប្អូនអ្នកព្រះស្នំឯក ក៏ទ្រង់ប្រោស​ប្រទានឲ្យហៅនាយកន នៅក្នុងតំណែងមហាតលិក។ លុះយូរបន្តិច​មក ព្រះបរមបពិត្រ ទ្រង់ប្រោសតាំង នាយ កន ជាឧកញ៉ាម៉ឺនស្នេហា​ចមចិត្ត​ផងដែរ និងក្រោយមកបានក្លាយជាព្រះស្ដេចកន។
-----------------------------
ដកស្រង់ និងកែសម្រួលពី ឯកសារមហា​បុរសខ្មែរ/​ផែនដី​ព្រះស្រី​សុគន្ធ​បទ


EmoticonEmoticon