ព្រះ​ពុម្ព​សម្តែង​នូវ​ព្រះ​បរិនិព្វាន​

ព្រះ​ពុម្ព​សម្តែង​នូវ​ព្រះ​បរិនិព្វាន​


ចាប់ពី​សតវត្សរ៍​ទី​១ ដល់ទី​៦ នៃ​គ​.​ស គឺជា​សម័យ​ដ៏​សំខាន់បំផុត​នៅក្នុង​រាជធានី​វ្យា​ធ​បុ​រៈ ឬ​ក្រុង​អង្គរបុរី ចំពោះ​ខាង​វិស័យ​មនោគមន៍វិជ្ជា​សាសនា និង​ខាង​វិចិត្រសិល្បៈ​។ នៅក្នុង​អន្តរ​កាលនោះ ជនជាតិខ្មែរ​ដែល​ទើបតែ​បានទទួល​ជា​ផ្លូវការ​សាសនា​ធំ​ទាំងពីរ​មកពី​ឥណ្ឌា គឺ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា បាន​ស្គាល់​នូវ​នវកម្ម​មួយ​យ៉ាង ’​សិល្បៈ​។ បរិបទ​វប្បធម៌​សំយោគ​នេះហើយ ធ្វើ​ឲ្យ​ជនជាតិខ្មែរ​នៃ​រដ្ឋ​នគរ​ភ្នំ​បាន​ឈានទៅដល់​ការស្ថាបនា ឬ​ការ​សូន​នូវ​រូបសំណាក​តំណាង​ព្រះអាទិទេព​ផ្សេងៗ ជាពិសេស​ព្រះ​បដិមា​ពុម្ព​សម្តែង​នូវ​ព្រះ​បរិនិព្វាន​តំណាង​ព្រះសម្មាសម្ពុទ្ធ​អង្គ ព្រះ​បរមគ្រូ​នៃ​យើង​ធ្វើ​អ្វីៗ​ដើម្បី​បុព្វហេតុ​ប្រោស​សត្វលោក​។​


​ ​នៅក្នុង​សង្គម​បុរាណ​ខ្មែរ​មួយ ដែល​ព្រះពុទ្ធសាសនា​មាន​ភាព​រីកចម្រើន​រុងរឿង​ថ្កើងថ្កាន​។ យើង​បាន​ជួបប្រទះ​នូវ​រូបចម្លាក់​តូចៗ​ធ្វើ​អំពី​ដី​ដុត ដែល​តំណាង​ឲ្យ​ឆាកជីវិត​ផ្សេងៗ​របស់​ព្រះ​ពុទ្ធអង្គ ដែលជា​កេរ្តិ៍ដំណែល​របស់​ដូនតា​ខ្មែរ​យើង​។ យោងតាម​វត្តមាន​របស់​រូប​ព្រះ​ពុម្ព​ទាំងនោះ លទ្ធិ​ព្រះពុទ្ធសាសនា ដែលមាន​ជា​យូរយារ​ណាស់​មកហើយ​នោះ ធ្លាប់​ត្រូវបាន​គេ​គោរពបូជា ក្រោមរូបភាព​នៃ​ព្រះ​ពុម្ព ហើយ​ទង្វើ​នេះ​ក៏​ត្រូវបានប្រតិបត្តិ​រហូត​ដល់​បច្ចុប្បន្នភាព​យើង​នេះ​។​
​ ​នេះ​ជា​រចនា​បទ​ថ្មី​មួយ ដែល​គេ​ពុំ​ធ្លាប់​ឃើញ​ក្នុង​សម័យមុនៗ ហើយ​អ្វីមួយ​ដែល​អាច​កំណត់​អាទិភាព​នៃ​ជំនឿ​សាសនា​ចំណូល​ថ្មី និង​លក្ខណៈ​សិល្បៈ​ខ្មែរ​បែប​ពុទ្ធ​និយម​ដំបូង​គេ​បង្អស់ គួរ​ឲ្យ​កោតសរសើរ​យ៉ាង​ក្រៃលែង​។ នៅក្នុង​ចំណោម​ព្រះ​បដិមា​ពុម្ព​បុ​រេ​អង្គរ​ធ្វើ​អំពី​ដី​ដុត ដែល​គេ​បាន​ជួបប្រទះ​នៅ​អង្គរបុរី​ខេត្តតាកែវ គេ​ឃើញ​មាន​រូបតំណាង​ព្រះពុទ្ធ​អង្គ​ចូល​ព្រះ​បរិនិព្វាន​។​
​ ​សូម​រំឭកថា ព្រះពុទ្ធ​អង្គ​បាន​ចូល​បរិនិព្វាន ឬ​សុគត​នៅ​ឆ្នាំ ៥៤៣ មុន​គ្រិស្តសករាជ នៅឯ​កុ​សិន​គរ​នៃ​ប្រទេស​ឥណ្ឌា​ក្នុង​ព្រះ​ជន្មាយុ​៨៤ ព្រះវស្សា​។ នៅពេលដែល​ព្រះពុទ្ធ​រលត់​ព្រះ​សង្ខា ទ្រង់​បាន​ផ្តែផ្តាំ​ទៅ​ព្រះ​ភិក្ខុសង្ឃ​ផង​ទាំងឡាយ​នូវ​ព្រះ​ឱវាទ​មាន​ខ្លឹមសារ​ទី​១ ’​កាល​ព្រះ​ផុត​ទៅហើយ​កុំ​គិតដល់​លោក​ទៀត​។ សូម​ចាំតែ​ព្រះធម៌​ទៅ​ថ្ងៃក្រោយ​តែប៉ុណ្ណោះ និង​ទី​២ សូម​ឲ្យ​ព្រះ​ភិក្ខុសង្ឃ​រាល់​រូប​ត្រូវយក​ខ្លួនឯង​ផ្ទាល់​ជាទី​ពឹង ពោលគឺ មិនត្រូវ​អនុលោម​ត្រាប់​តាម​អ្នកដទៃ​ដែល​បាន​បង្ខិតបង្ខំ​អាត្មា​ខ្លួន​ឡើយ​។ ដូច្នេះ តំណាង​នៃ​ពុទ្ធប្រវត្តិ​នេះហើយ ទើប​ធ្វើ​ឲ្យ​វិចិត្រករ​ខ្មែរ​យើង​នា​សម័យ​នគរ​ភ្នំ​បាន​សូន​ព្រះ​រូប​ព្រះ​ពុទ្ធអង្គ​មួយចំនួន​ស្ថិតក្នុង​ឥរិយា​បទព្រះ​បរិនិព្វាន​នេះ​ឡើង​យ៉ាង​ដូចនេះ​។​
​ ​ព្រះពុទ្ធ​អង្គ​ដេក​ដងខ្លួន​ផ្អៀង ដៃស្តាំ​ទ្រ​ព្រះ​កេស ហើយ​ស្លៀកពាក់​ចីវរ​មួយ​សម្រាប់​ផង​។ រីឯ​លក្ខណសម្បត្តិ​វិសេសវិសាល​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​របស់​រូប​មួយចំនួន គឺ​ដងខ្លួន​របស់​ព្រះពុទ្ធ​អង្គ​ដេក​សណ្តូក​លើ​ផ្កា​តំណាង​ឲ្យ​ភាព​បរិសុទ្ធ​។​
​ ​ជារួម​ការផលិត​ព្រះ​ពុម្ព​ទាំងនោះ គឺជា​ការ​ធ្វើតាម​តួយ៉ាង​នៃ​ព្រះ​ពុម្ព​ដែល​មាននៅ​ប្រទេស​ឥណ្ឌា ហើយ​ត្រូវបាន​ធ្វើឡើង​ដោយ​ពុទ្ធសាសនិក​ខ្មែរ ហើយ​តម្រូវ​តាម​សេចក្តីត្រូវការ​របស់​ពួកគេ​ក្នុង​គ្រប់​ជំនាន់​នោះ​។ ហេតុផល​ដែល​បណ្តាល​ឲ្យ​ពួកគេ​ផលិត​ព្រះ​ពុម្ព​ទាំងនោះ​ឡើង គឺ​សេចក្តី​ស្វែងរក​នូវ​សេចក្តីសុខ​សប្បាយ សិរី​មង្គល ហើយ​ការផលិត​នូវ​វត្ថុ​សក្ការៈបូជា​ទាំងនោះ ក៏​ជា​សេចក្តី​ព្យាយាម​សាង​នូវ​អំពើ​កុសល​ល្អ​ផងដែរ​៕ 
 
ត្រា​ណេ


EmoticonEmoticon