ព្រះអាទិត្យ​មុន​សម័យអង្គរ​នៅ​ស្រី​ទេព​

ព្រះអាទិត្យ​មុន​សម័យអង្គរ​នៅ​ស្រី​ទេព​

​ ​នៅក្នុង​ការស្រាវជ្រាវ​អំពី​វត្ថុតាង ស្តីអំពី​ឫសកែវ​នៃ​វប្បធម៌​ខ្មែរ​នា​សម័យមុន​អង្គរ​នៅ​ទីក្រុង​ស្រី​ទេព គេ​មាន​ទិន្នន័យ​ថ្មីៗ​ជាច្រើន​ល្អប្រសើរ​ជាង​មុន ក្នុងការ​ចងក្រង​ប្រវត្តិសាស្ត្រ​ជាតិខ្មែរ​ឡើងវិញ ហើយ​មានលទ្ធភាព​ច្រើន​ផ្នែក​ទិន្នន័យ​ខាង​បុរាណវិទ្យា​ជាង​សម័យមុនៗ ប៉ុន្តែ​យ៉ាងណាក៏ដោយ គេ​ក៏​មិនទាន់​ដឹង​អំពី​លក្ខណៈ​វប្បធម៌​ខ្មែរ​ឲ្យ​អស់​គ្រប់​ជ្រោយ​ជ្រង់​នៅឡើយ​ដែរ ។ ដូចនេះ​យើង​ត្រូវធ្វើ​សំយោគ​កម្ម ឬ​ត្រូវ​ការចូលរួម​ពី​អ្នកស្រាវជ្រាវ​គ្រប់​សញ្ជាតិ នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ដែនដី​គោក​នេះ ដើម្បី​ស្វែងយល់​អំពី​សម្មិត​ផល​សង្គម ហើយ​ដោយឡែក​វិស័យ​ជំនឿ​សាសនា ដែល​ទាក់ទាញ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាពិសេស ។​


 

​ ​ចម្លាក់​ព្រះអាទិត្យ ឬ​ព្រះ​សុរិយា​ចំនួន​ពីរ​ព្រះ​រូប ដែល​បាន​ឆ្លាក់​រវាង​នៅ​សតវត្ស​ទី​៦ និង​ទី​៧ នៃ​គ​.​ស ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទីក្រុង​បុ​រេ​អង្គរ​នេះ ។ ហើយ​តាមរយៈ​ចម្លាក់​នេះ គេអាចបំពេញ​កង្វះខាត​ផ្នែក​ការចេះដឹង​ទូទៅ​របស់​ជនជាតិខ្មែរ​យើង​នា​សម័យ​បុ​រេ​អង្គរ ។ សូម​រំលឹក​ឡើងវិញ​ថា ចំពោះ​ប្រភព​របស់​ព្រះអាទិទេព ’​ព្រះអាទិត្យ​គឺជា​អាទិទេព​តំណាង​នូវ​ពន្លឺ​ថ្ងៃ ពោលគឺ​ជីវិត​របស់​សត្វលោក​ទូទៅ ។ វត្តមាន​របស់​អាទិទេព​ព្រះអាទិត្យ ឬ​ព្រះ​សុរិយា​ត្រូវបាន​កត់សម្គាល់​នៅក្នុង​លទ្ធិ​វេទ​និយម​ម្ល៉េះ​ ហើយដើមឡើយ​ព្រះអាទិទេព​នេះ​គ្រាន់តែ​ជា​ទេវតា​អរូប​តំណាង​នូវ​អវកាស ឬ​ថ្ងៃ​តែប៉ុណ្ណោះ ពោលគឺ​មិនទាន់មាន​រូបរាង​ជា​មនុស្ស​នៅឡើយ ។ ប្រមាណ​ជា​សតវត្ស​ទី​៦-៧ នៃ​គ្រិស្តសករាជ ទើប​ជនជាតិ​ឥណ្ឌា​បាន​តំណាង​ទេវតា​នេះ​ក្រោមរូបភាព​ជាម​នុស្ស ។ ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការវិវត្តន៍​របស់​ទ្រឹស្តី​សាសនា​ឥណ្ឌា មុន​ការហូរ​ចូលក្នុង​ចក្រភព​ភ្នំ​ជាដើម​សតវត្ស​ទី​១ នៃ​គ​.​ស ។​
​ ​ក្នុង​ព្រហ្មញ្ញសាសនា​បែប​ខ្មែរ ព្រះអាទិត្យ​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​ណាស់ ព្រោះ​ទេវតា​អង្គ​នេះ ទាក់ទិន​ទៅនឹង​ពិធី​បូជាយញ្ញ​មួយចំនួន​ដែល​គេ​និយម​ប្រើ​ភ្លើង ជាពិសេស​សម្រាប់​កំដៅ​លោក ឬ​ធ្វើ​ឲ្យ​លោក​យើង​នេះ​ឲ្យ​ឆ្អិន​មាំមួន​រឹងប៉ឹង​ឡើង ។ នេះ​ជា​ទស្សនៈ​នៃ​មនោគមន៍វិជ្ជា​ឥណ្ឌា ដែល​យើង​អាច​ប្រដូច​ការ​អាំងភ្លើង​របស់​ស្ត្រី​ខ្មែរ ក្រោយពី​សំរាលកូន​រួចមក ។ ដោយហេតុថា ភ្លើង​នៅទីនេះ គឺជា​និមិត្ត​រូបតំណាង នូវ​ប្រភព​នៃ​ជីវិត ហើយ​វា​ក៏​ជា​ព្រះអាទិទេព​ផងដែរ ក្នុង​ប្រព័ន្ធ​គំនិត​បុរាណ ។ 


 
​ ​យោងតាម​លក្ខណៈ​នៃ​ចម្លាក់​បុរាណ​ទាំងពីរ​នេះ គេ​បាន​រកឃើញ​ក្នុង​បរិវេណ​នៃ​ទីក្រុង​បុរាណ​នេះ​នូវ សិលាចារឹក​ទាក់ទិន​ទៅនឹង​ព្រះបាទ​ភ​វ​វ​រ័​ន្ម ដែល​បាន​សោយរាជ​ពី​ឆ្នាំ​៥៥០ ដល់​ឆ្នាំ​៦០០ នៃ​គ​.​ស ហើយ​ជា​អ្នក​កាន់សាសនា​ព្រះ​ឥសូរ បានជា​គេ​បាន​សន្និដ្ឋានថា រូបចម្លាក់​ស្ថិតក្នុង​រចនា​បទ​កំពង់ព្រះ ពោលគឺ​នៅ​ដើម​សតវត្ស​ទី​៧​នៃ​គ​.​ស ។ តាមពិត​គ្មានអ្វី​ហាមឃាត់​ឲ្យ​គេ​សន្និដ្ឋានថា រូប​ទី​១ និង​ទី​២ ត្រូវបាន​កសាងឡើង​ក្នុង អម្លុង​នៃ​សតវត្ស​ទី​៦ នៃ​គ​.​ស​ទេ ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ការកសាង​ទីក្រុង​ស្រី​ទេព​នេះ ក៏​ពុំមែន​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ស្តេច​អង្គ​ខាងលើ​នេះដែរ ពីព្រោះ​គេ​បាន​រកឃើញ​សិលាចារឹក K.499 ដែល​ត្រូវបាន​ចារ​ឡើង​នៅ​សតវត្ស​ទី​៥ នៃ​គ​.​ស ។​
​ ​សូម​រំលឹកថា សិលាចារឹក​នេះ បាន​ពិពណ៌នា​អំពី​កវី​បណ្ឌិត​វ្យ​ស ដែលមាន​ក្នុង​ទេវ​ថា​នៃ​លទ្ធិ​ទេវ​និយម ដែល​ស្ទាត់ជំនាញ​ផ្នែក​គម្ពីរ​វេទ​ដែល​នៅទីនេះ​មានឈ្មោះ​ថា ក​និ​ន​រ្សិ ។ ទន្ទឹមនឹងនេះ គេក៏​មិនអាច​ភ្លេច​ផងដែរ​ថា វត្ថុ​បុរាណ​មួយចំនួន ជាពិសេស​វត្ថុ​សិល្បៈ​ស្ថិតក្នុង​សម័យ​នគរ​ភ្នំ ។ ទាំងនេះ​ដោយ​ឥត​និយាយ​ដល់​សម្មិទ្ធិផល​នា​សម័យ​បុ​រេ​ប្រ​វត្ត​សាស្ត្រ​ដ៏​ក្រាស់ក្រែល ដែល​បានមកពី​កំណាយ​តាម​វិធីសាស្ត្រ​ផង ៕ ​
ត្រា​ណេ


EmoticonEmoticon