ក្នុងចំណោមអាទិទេពភេទស្រីនាសម័យវប្បធម៌បាយ័ន គេឃើញមានតារា, ជាអ្នកជួយសង្គ្រោះដែលមានរូបរាងផ្សេងៗខុសប្លែកពីគ្នា ហើយមានពណ៌សម្បុររហូតដល់ ទៅ៥ ។ ក្នុងឋានៈជាវជ្រតារា ព្រះនាងត្រូវបានគេចាត់ទុកថាជាម្តាយនៃសកលលោកបំពេញតួនាទីជំនួស ឬតំណាងឲ្យប្រាជ្ញា ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ អាទិទេពភេទស្រីអង្គនេះជួនកាលមានអាកប្បកិរិយាស្លូតបូតគួរឲ្យបេតី (ពណ៌ស ឬខៀវ) ជួនកាលមានរូបរាងកាចសាហាវគួរឲ្យរន្ធត់ (លឿង, ក្រហម, ឬខៀវ) ។គឺប្រការនេះហើយដែលគេអាចប្រដូចលក្ខណៈបុគ្គលសម្បត្តិរបស់តារាទៅនឹងទេពី, អាទិទេពចម្បងកំពូលដែលជាព្រះជាយារបស់ព្រះសិវៈ ដែលតំណាងឲ្យព្រះនាងប៌វតីដ៏ល្អប្រពៃណី និងកាលីព្រះនាងខ្មៅ ឬទួគ៌ាដ៏កំណាចនៃលទ្ធិព្រហ្មញ្ញសាសនា ។

ទន្ទឹមនឹងនេះដែរ គេក៏បានជួបប្រទះនូវទេវតាបន្ទាប់បន្សំជាច្រើនទៀតទាំងពីរភេទ ដែលមានរូបរាងជាខ្មោចបិសាច អារុក្ខ អារក្ស ដូចជាជម្ភលដែលជាព្រះកុវេរក្នុងបរិបទលទ្ធិមហាយាតំណាងឲ្យទ្រព្យសម្បត្តិ ហើយជាស្តេចនៃពពួកយក្ស ដែលថែរក្សាទឹកដីភូមិស្រុក ។ ជម្ភលជួនកាលត្រូវគេប្រដូច ឬផ្សារភ្ជាប់ទៅនឹងហារីតី ដែលជាព្រះអាទិទេពភេទស្រីតំណាងឲ្យវិបុលសុខ និងភាពសម្បូរសប្បាយ ឬក៏វិសុ-ធារា ព្រះអាទិទេពតំណាងឲ្យព្រះធរណី ។ ជម្ភលត្រូវគេតំណាងក្រោមរូបភាពជាមនុស្សតឿគម ដៃមួយកាន់ក្រូច និងដៃមួយទៀតកាន់បង្កងខ្ជាក់ត្បូងកែវកង ។
ចំពោះអារុក្ខ អារក្សភេទស្រីវិញ ភាគច្រើនពួកគេតំណាងឲ្យសភាវអាក្រក់ ហេតុដូច្នេះហើយមានរូបរាវកាចសាហាវគួរឲ្យព្រឺខ្លាច មានដៃច្រើន មុខអាក្រក់លលាដ៏់ក្បាលខ្មោច ដូចជាមារីចីវ ជ្រវរាហិ (ជ្រូកពេជ្រ) ប៌ណសវរីដែលមានលក្ខណៈដូច ’ម្តាយ” នៃលទ្ធិព្រហ្មញ្ញសាសនាជាដើម ដូចករណីចម្លាក់មួយដែលយើងសូមភ្ជាប់រូបមកនេះ ។ សូមជម្រាបថាចម្លាក់នេះសព្វថ្ងៃត្រូវបានរក្សាទុកនៅសារមន្ទីរហ្គីមេ ប្រទេសបារាំង ។ ដូចនេះតាមរយៈវិស័យបដិមាសាស្ត្រយើងឃើញនូវសម្ព័ន្ធភាពយ៉ាងជិតសសិ្នទ្ធរវាងលទ្ធិមហាយាន និងព្រហ្មញ្ញសាសនា អ្វីមួយដែលជាការវិវត្តន៍គួរឲ្យកតសម្គាល់ ប៉ុន្តែប្រព័ន្ធសមីការនេះ គឺជាមរតកដែលខ្មែរបានទទួលពីប្រទេសឥណ្ឌា និងតាមរយៈប្រទេសទីបេ តាំងពីសម័យអង្គរ ក៏ប៉ុន្តែបានរីកសុះសាយក្នុងរជ្ជកាលរបស់ព្រះបាទវរ្ម័នទី៧ តែប៉ុណ្ណោះ ៕
ត្រាណេ
EmoticonEmoticon