ចារឹកលើព្រះចេតិយព្រះស្រីសុរិយោពណ៌

ចារឹកលើព្រះចេតិយព្រះស្រីសុរិយោពណ៌

ខាងក្រោមនេះគឺ អក្សរដែលគេចារឹកនៅលើព្រះចេតិយ ព្រះស្រីសុរិយោពណ៌(១) ៖
ព្រះពុ. ២១៦៦ ម. ១៥៤៥ ចុ. ៩៨៤ ឆ្នាំកុរបញ្ចសក្ខ
ឆ្នាំបារាំង ១៦២៣ ព្រះបាទសំម្ដេច់ព្រះជៃ្យជេដ្ឋា
រាជព្រះចៅក្រុងក័ប្ពូជាធិប្ដីទ្រង់សាងព្រះចេត្តិត្រៃ្យ
ត្រឹង្សមានក្បាលព្ធរ៉ាវន្ត …(២) លើភ្នំព្រះរាជទ្រាព្ភ់
ខែតសំរោងទងធ្វើបុន្យបន្ចុះព្រះបរំមអដ្ឋិៈព្រះបាទ
សំម្ដេច់ព្រះស្រីសូរីយ៉ោពាណ៌ព្រះចៅក្រុងក័ម្ពូជា
ធិប្តីជាព្រះវរាជបិតាប្រសូតឆ្នាំវកសំរិទ្ធិសក្ខ័ឆ្នាំ
បារ៉ាំង ១៥៤៩ សោ្យរាជ ១៧ឆ្នាំ សុវណគត់ ឆ្នាំមមី
ឯកសក្ខ័ ឆ្នាំបារ៉ាំង ១៦..(៣) ព្រះជន្ម ..(៤) ឆ្នាំ
ចារិកថ្មនែះព្រះបាទសំម្ដេច់ព្រះស៊ីសុវត្តិព្រះចៅ
ក្រុងកម្ពូជាធិប្តីត្រា្ស់(៥) បង្គាប់ឱ្យធ្វើក្នុងឆ្នាំម្សាញ់
នព្វសក្ខ័ ឆ្នាំបារាំង ១៩១៧ ៕ ៚

 
+ខាងក្រោមនេះ គឺជាពាក្យសម្រាយជាភាសាខ្មែរបច្ចុប្បន្ន ៖
ពុទ្ធសករាជ ២១៦៦ មហាសករាជ ១៥៤៥ ចុល្លសករាជ ៩៨៥ ឆ្នាំកុរ បញ្ចស័ក គ្រិស្តសករាជ ១៦២៣ ព្រះបាទសម្ដេចព្រះជ័យជេដ្ឋាធិរាជ ព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់សាងព្រះចេតិយត្រៃត្រិង្សមានក្បាលព្ធរ៉ាវន្ត … (៦) លើ ភ្នំព្រះរាជទ្រព្យ ខែត្រសំរោងទង ធ្វើបុណ្យបញ្ចុះព្រះបរមអដ្ឋិព្រះបាទសម្ដេចព្រះស្រីសុរិយោពណ៌ ព្រះចៅក្រុងកម្ពុជាធិបតី ជាព្រះវរាជបិតា ប្រសូត ឆ្នាំវក សំរិទ្ធិស័ក គ្រិស្តសករាជ ១៥៤៩ សោយរាជ្យ ១៧ឆ្នាំ សុវណ្ណគត ឆ្នាំមមី ឯកស័ក គ្រិស្តសករាជ ១៦.. ព្រះជន្ម ..ឆ្នាំ ចារឹកថ្មនេះ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី ត្រាស់បង្គាប់ឲ្យធ្វើក្នុង ឆ្នាំម្សាញ់ នព្វស័ក គ្រិស្តសករាជ ១៨១៧ ៕ ៚
***
(១) អានបន្ថែម ព្រះស្រីសុរិយោពណ៌ (១៥៥? – ១៦២?)
* លោកសាស្ត្រាចារ្យ វង់ សុធារ៉ា បានបញ្ជាក់ថា ព្រះនាមព្រះស្រីសុរិយោពណ៌ គឺ ព្រះស្រីសុរិយវម៌ ដោយសារតែពាក្យ ពណ៌ គឺជាពាក្យក្លាយពី ពម៌ < វម៌ (ដូចជាពាក្យ វ្នំ > ព្នំ > ភ្នំ, វិមាន > ពិមាន > ភិមាន ជាដើម) ។
(២) អក្សរខាងលើរលុបដាច់ ខ្ញុំបាទមើលពុំយល់ថាមានន័យដូចម្ដេចទេ សូមអ្នកសិក្សាដទៃទៀតជួយស្វែងយល់ផង ។
* ជាចៃដន្យល្អ ពេលកំពុងអានអត្ថបទនៅប្លុក ពួភាក់ ខ្ញុំបានប្រទះឃើញអត្ថបទអំពី ព្វរ៉ាវន្ត នេះដោយចៃដន្យ ។ ឯរាវ័ណ ឬ ឰរាវ័ណ (អេរ៉ាវ៉ាន់ ឬ អៃ_) ន. (បា. ឯរាវណ; សំ. ឰរាវណ) ឈ្មោះដំរីមានក្បាលបីជាព្រះទីន័ងព្រះឥន្រ្ទ : ដំរីឯរាវ័ណ (គម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា ក្នុងឋានសួគ៌គ្មានសត្វតិរច្ឆានមែនទែនទេ, ដែលហៅថា ដំរីឯរាវ័ណ នេះជាឈ្មោះនៃទេវបុត្តម្នាក់ដែលតែងតែនិមិ្មតខ្លួនជាដំរីមានក្បាលបីមួយដងមួយកាល…) (វចនានុក្រម ទំ.១៨៣៦) ។
(៣) & (៤) លេខខាងលើរលុបដាច់ ខ្ញុំបាទមើលពុំយល់ តែតាមដោយវិធីគណនាដ៏ចាស់គំរឹល (របាប់លេខដៃ) ដោយយក ឆ្នាំវក ត្រូវនឹងឆ្នាំ ១៥៤៩ ខ្ញុំបាន ឆ្នាំមមី ត្រូវនឹងឆ្នាំ ១៦១៩ ឃើញថាព្រះជន្ម ៧០ ឬ ៧១ ឆ្នាំ ។ ចុះបើអញ្ចឹងលោកអ្នកនឹងអាចសួរបញ្ច្រាសមកថា ម្ដេចមិនយក ១៦០៧ ឬ ១៦៣១ ព្រោះជា ឆ្នាំមមី ដូចគ្នា ខ្ញុំថាខ្ញុំរាប់តាម ស័ក ក៏បាន (ស័កមាន ១០ស័ក) តែនេះខ្ញុំយោងទៅតាមឯកសារ (១) ដែរ ។ ទោះជាយ៉ាងណា ឆ្នាំកំណើតមហាក្សត្រខ្មែរសម័យមុនតែងមានការលំអៀងបន្តិចបន្តួច ដោយសារតែយើងធ្លាប់ប្រើ ចន្ទគតិ ហើយក្រោយមកប្ដូរមកប្រើ សុរិយគតិ វិញ ។
(៥) អក្សរដើមប្រកប ត ដាក់ជើង ្រ ដាក់ស្រៈ ា ដាក់ជើង ្ស និង មូសិកទន្ត ់ ពីលើជើង ្ស តែដោយប្រកបមិនចេញតាមទម្រង់ដើម ក៏សម្រេចសរសេរបែបដូចខាងលើ ។
(៦) ដូចនោះឃ្លាខាងលើនោះគួរជា ៖ [...] ព្រះចេតិយត្រៃត្រិង្សមានក្បាល ឯរាវ័ណ ជុំវិញ លើ ភ្នំព្រះរាជទ្រព្យ [...] ។ ម៉្យាងទៀត ព្រះចេតិយនេះក៏មានគេហៅថា ចេតិយសាមពាន់ដែរ ។
----------
តា ម៉ាប់


EmoticonEmoticon