ប្រវត្តិ ខ្លុយ ខ្មែរ

ប្រវត្តិ ខ្លុយ ខ្មែរ

«ខ្លុយ» ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ ព្រឹត្តិបត្រ Annales de l’Extreme Orient ឆ្នាំ​១៩៣៥ ទំព័រ​១២ សរសេរ​ថា «នៅ​សម័យ​នគរ​ភ្នំ​សតវត្ស​ទី​៣ (ឆ្នាំ​២៤៣) ទូត​ខ្មែរ​បាន​ធ្វើ​តង្វាយ​ទៅ​ស្រុក​ចិន​នូវ​ក្រុម​ភ្លេង​មួយ​ក្រុម​មាន​អ្នក​ផ្លុំ​ខ្លុយ» ។ ខ្លុយ​ជា​ឧបករណ៍​មាន​ប្រជា​ប្រិយភាព​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ខ្លាំង​ណាស់ ព្រោះ​វា​ជា​ឧបករណ៍​ភ្លេង​មួយ​ដែល​ងាយ​ធ្វើ​ងាយ​ រៀន​ងាយ​ចេះ ជាង​ឧបករណ៍​ដទៃ ។ ឧបករណ៍​នេះ​ប្រើ​មិន​ចំពោះ​វង់​ណា​ជា​វង់​ណា​ឡើយ ជួនកាល​គេ​ផ្លុំ​លេង​តែ​ម្នាក់​ឯង​តាម​វាល​ស្រែ តាម​ផ្ទះ តាម​វត្ត​អារាម ឬ​តាម​ទីផ្សារ ជួនកាល​គេ​ប្រើ​ជាមួយ​នឹង​ឧបករណ៍​ដទៃ​ទៀត​ក្នុង​វង់ភ្លេង​មហោរី វង់​ភ្លេងការ​សម័យ​ទំនើប វង់ភ្លេង​អាយ៉ៃ វង់ភ្លេង​ល្ខោន​បាសាក់ និង​វង់ភ្លេង​ប្រជាប្រិយ​ផ្សេងៗ​ទៀត ។ គ្រប់​ឧបករណ៍​ដែល​ត្រូវ​ប្រគំ​ជាមួយ​ខ្លុយ​ត្រូវ​រឹត​សំនៀង​តាម​ខ្លុយ​ ទាំងអស់ ។


ខ្លុយ​ប្រើ​ខ្យល់​ផ្លុំ​បាន​២​យ៉ាង ៖ កាលណា​ប្រគំ​ក្នុង​វង់​ភ្លេងការ​សម័យ​ទំនើប និង​វង់ភ្លេង​ល្ខោន​បាសាក់ ខ្លុយ​ត្រូវ​ប្រើ​ខ្យល់​ជាប់​ដូច​ប៉ីអ​ដែរ ដើម្បី​តម្រូវ​ទៅ​តាម​លំនាំ​បទ​ភ្លេងការ និង​លំនាំ​បទ​ភ្លេង​បាសាក់ ដែល​ជា​បទ​មាន​លក្ខណៈ​ត្រូវ​ប្រើ​សំនៀង​លញ់​គ្រលឺត តម្អែ​តម្អូញ ។ កាលណា​ប្រគំ​ក្នុង​វង់ភ្លេង​មហោរី វង់ភ្លេង​អាយ៉ៃ ឬ​វង់ភ្លេង​ដទៃ​ទៀត ខ្លុយ​ត្រូវ​ប្រើ​ខ្យល់​ដាច់​ដើម្បី​តម្រូវ​តាម​បទ​ភ្លេង​ដែល​មាន​លក្ខណៈ​ ចំៗ ត្រង់ៗ មាន​ល្បឿន​ញាប់ ខ្លុយ​ត្រូវ​រត់​សាច់​បទ​ដូច​ឧបករណ៍​ដទៃ​ទៀត​ដែរ ។
ខ្លុយ​របស់​កម្ពុជា​ធ្វើ​ឡើង​ដោយ​យក​ដើម​ឫស្សី​ពក​ មួយ​សាច់ ឬ​ឫស្សី​ដទៃ​ណា​ដែល​មាន​ប្រហោង​ប៉ុន​ម្រាមដៃ មាន​សំណុំ​អាច​ធ្វើ​ខ្លុយ​បាន​យក​មក​ធ្វើ ។ សម័យ​ក្រោយ​នេះ​គេ​អាច​យក​បំពង់​ដែក បំពង់​ជ័រ ឬ​ក្រឡឹង​ឈើ​រឹងៗ ដូចជា ឈើ​នាងនួន ឈើ​គ្រញូង ឈើខ្មៅ ។ល។ ធ្វើ​ជា​តួ​ខ្លុយ​បាន​ដែរ ។ ស្នូល​ដែល​ជា​ប្រដាប់​ផ្លុំ​បញ្ចេញ​សំនៀង​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រភេទ​ឈើ​ដែល ​មាន​សាច់​ហាប់ ម៉ដ្ឋ​ជិត​មិន​បៀម​ទឹក មិន​ឆាប់​រីក​ដោយសារ​ទឹកមាត់ ដូច​ជាដើម​ត្របែក​ជាដើម ។ នៅ​លើ​តួ​ខ្លុយ​មាន​រន្ធ​ជា​ច្រើន​ដូច​ជា ៖
១. រន្ធ​បញ្ចេញ​សំឡេង (រន្ធ​ហែប) រន្ធ​នេះ​ស្ថិត​នៅ​ខាងក្រោម​តួ​ជាប់​នឹង​ស្នូល គឺជា​រន្ធ​សំខាន់​សម្រាប់​ផ្តល់​សំនៀង​ឱ្យ​ខ្លុយ ។
២. រន្ធ​ចំហៀង​ស្ថិត​នៅ​ខាងក្រោម គឺជា​រន្ធ​សម្រាប់​ប្រើ​សំនៀង​ចំហៀង​បិទ​បើក​ដោយ​មេដៃ ។
៣. រន្ធ​ចំ​ស្ថិត​នៅ​ខាងលើ​ជា​ជួរ​សម្រាប់​ប្រើ​សំនៀង​ចំ​បិទ​បើក​ដោយ​ម្រាមដៃ និង​កូនដៃ ។
៤. រន្ធ​មាន​បង្ហើរ​ខ្យល់​ចោល​មួយ ឬ​ពីរ​ស្ថិត​នៅ​លើ​ក្រោម ឬ​ចំហៀង​តួ​សម្រាប់​ជួយ​តម្រូវ​សំនៀង​របស់​រន្ធ​ចំ រន្ធ​ទី​៧ ឬ​រន្ធ​ទី ៨ ។
៥. ខ្លុយ​ខ្លះ​មាន​រន្ធ​ពិសេស​មួយទៀត​ សម្រាប់​បិទ​ក្រដាស​ស្តើង​ឱ្យ​សំនៀង​ចំហៀង​បាន​២​ដែរ គឺ​ជា​សំនៀង​ដែល​មាន​ឈ្មោះ​ដូច​គ្នា ប៉ុន្តែ​សំនៀង​មួយ​ឮ​តូច សំនៀង​មួយ​ទៀត​ឮ​ធំ (សំនៀង​លើ​ក្រោម​) ។
នៅ​កម្ពុជា​យើង​មាន​ខ្លុយ​បី​យ៉ាង ៖ ខ្លុយ​តូច ខ្លុយ​ធំ និង​ខ្លុយ​ភ្លោះ ។ ខ្លុយ​ធំ​មាន​ទំហំ​ធំ មាន​សំនៀង​ធំ ជា​ខ្លុយ​ពិសេស ប្រើ​តែ​ក្នុង​ភ្លេង​មហោរី​គូ​នឹង​ខ្លុយ​តូច ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ខ្លុយ​ធំៗ​ពុំ​សូវ​មាន​គេ​ប្រើ​ប្រាស់​ឡើយ ។ រីឯ​ខ្លុយ​ភ្លោះ​ដែល​ជា​ខ្លុយ​បុរាណ​បំផុត​ត្រូវ​បាន​បាត់​បង់​ពី​សង្គម​កម្ពុជា​ទៅ​ហើយ ។
ខ្លុយ​ខ្មែរ គឺជា​ខ្លុយ​ដែល​មាន​អាយុ​ច្រើន​សតវត្ស​ណាស់​មក​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ ។ បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា​មហា​ធិបតី​ មាស ឌី ជា ​ប្រធាន​ក្រុម​ភ្លេង​ព្រះរាជ​ទ្រព្យ​ក្នុង​រវាង​ឆ្នាំ​១៩៦៥ កាល​នោះ​លោក​មាន​អាយុ​ជាង​៦០​ឆ្នាំ​ហើយ លោក​មាន​ប្រសាសន៍​ត​ពី​ជីតា​របស់​លោក​ឈ្មោះ​សុវណ្ណ ជា​អ្នក​ផ្លុំ​ស្រឡៃ ខ្លុយ​ពីរោះ​ផុត​គេ​ក្នុង​វាំង​ក្នុង​រាជ្យ​ព្រះបាទ​មុនីវង្ស​ថា «ខ្លុយ ​មាន​តាំងពី​មុន​សម័យ​អង្គរវត្ត មាន​នៅ​ក្នុង​វង់ភ្លេង​មហោរី​បុរាណ​ប្រគំ​រួម​ជាមួយ​នឹង​ទ្រខ្មែរ ចាប៉ី​ដង​វែង​ដោយ​យក​បទ​ពិណពាទ្យ​មក​ប្រគំ​ មិនមែន​មាន​ត្រឹមតែ​ពី​សតវត្ស​ទី​១៦​ដូច​គេ​ថា​នោះ​ទេ» ។ លោក​មាន​ប្រសាសន៍​ទៀត​ថា «លោកគ្រូ ​ចៅអធិការ​គង់នៅ​វត្ត​មួយ​នៃ​ស្រុក​មុខកំពូល​ជា​គ្រូបង្រៀន​ស្រឡៃ ខ្លុយ​របស់​លោកតា សុវណ្ណ ជា​សង្ឃ​ចេះ​ដឹង​ច្រើន​ខាង​មុខ​វិជ្ជា​ភ្លេង និង​ថា ខ្លុយ​មាន​តាំងពី​រវាង​ឆ្នាំ​៦១១ ដោយ​សំអាង​ទៅ​លើ​សិលា​ចារឹក បាន​ចារ​អំពី​តង្វាយ​ជា​ស្រី​រាំ​៧​នាក់ ស្រី​ច្រៀង​១១​នាក់ និង​តន្ត្រី​ការិនី​៤​នាក់ លោក​មាន​ពុទ្ធដីកា​ថា តន្ត្រី​ការិនី​៤​នោះ​គឺ​ម្នាក់​ចេះ​លេង​ខ្លុយ ម្នាក់​ចេះ​ដេញ​ចាប៉ី ម្នាក់​គោះ​ឈិង និង​ម្នាក់​ទៀត​ទះ​ស្គរ» ។
តាម​ធម្មតា​ខ្លុយ​នៅ​កម្ពុជា​ទោះ​តូច​ក្តី​ធំ​ក្តី វា​ពុំ​ទាន់​មាន​កម្រិត​កម្ពស់​សំនៀង​ឯកភាព​គ្នា​នោះ​ទេ ។ វា​មាន​កម្ពស់​សំនៀង ទាប ឬ​ខ្ពស់​ខុស​គ្នា​បន្តិច​បន្តួច​អាស្រ័យ​ទៅ​តាម​ក្រុម​ភ្លេង​នីមួយៗ តាម​តំបន់​នីមួយៗ និង​តាម​សំណុំ​លក្ខណៈ​នៃ​ខ្លុយ​នីមួយៗ ដែល​ក្រុម​នីមួយៗ និង​តំបន់​នីមួយៗ​នោះ​និយម​ប្រើ​ប្រាស់​វា ។ ប៉ុន្តែ​គេ​ទាំងអស់​គ្នា​នៅ​តែ​គោរព​ខ្នាត​ចោះ​រន្ធ​ខ្លុយ​តាម​បែប​បុរាណ​ គ្រប់ៗ​គ្នា​មិន​ល្អៀង​ឡើយ ។ គេ​យក​ខ្សែ​ដែល​មាន​ប្រវែង​ស្មើ​នឹង​តួ​ខ្លុយ​បត់​ជា​២​ផ្នត់​ត្រូវ​ចំ​រន្ធ ​៥​ធៀន (រន្ធ​ទី​៣​) ឬ​ម្យ៉ាង​ទៀត​គេ​យក​ប្រវែង​ខ្សែ​ទាំង​អស់​មក​បត់​ជា​១៦​ផ្នត់​ស្មើៗ​ គ្នា​រួច​គេ​ចាប់​វាស់​ពី​ខាង​ចុង​តួ​ខ្លុយ​មក ។ ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​បង្ហើរ​ខ្យល់​ចោល​មាន​២​ផ្នត់ (២/១៦) ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​ទី​៧​មាន​៤​ផ្នត់ (៤/១៦) ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​ទី​៦​មាន​៥​ផ្នត់ (៥/១៦) ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​ទី​៥​មាន​៦​ផ្នត់ (៦/១៦) ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​ទី​៤​មាន​៧​ផ្នត់ (៧/១៦) ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​ទី​៣​មាន​៨​ផ្នត់ (៨/១៦) ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​ទី​២​មាន​៩​ផ្នត់ (៩/១៦) ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​ទី​១​មាន​១០​ផ្នត់ (១០/១៦) ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​បិទ​ក្រដាស​មាន​១២​ផ្នត់ (១២/១៦) ពី​ចុង​តួ​ខ្លុយ​មក​រន្ធ​ហែប​មាន​១៥​ផ្នត់ (១៥/១៦) ប្រវែង​ស្នូល​មាន​១​ផ្នត់ (១/១៦) រន្ធ​ចំហៀង​ស្ថិត​នៅ​ខាងក្រោម​តួ​ខ្លុយ​ចំពាក់​កណ្តាល​រន្ធ​ទី​១ និង​រន្ធ​ទី​២ ។
សណ្ឋាន​រាងរៅ ឬ​ទំនាក់ទំនង​បែប​សន្តាន ឬ​ញាតិពន្ធ​របស់​ឧបករណ៍​ខ្លុយ​យើង និង​ខ្លុយ​នៅ​តាម​ប្រទេស​នានា​មាន​សន្ធឹក​សន្ធាប់​ណាស់​ ដូចជា ខ្លុយ​នៅ​កម្ពុជា​មាន​រន្ធ​សំនៀង​៤ ឈ្មោះ​ថា រណម របស់​ជនជាតិ​ទំពួន​នៅ​ខេត្តម​ណ្ឌលគិរី ខ្លុយ​ប្រើ​ទូទៅ​មាន​រន្ធ​៦ ឬ​រន្ធ​៧ ៕


EmoticonEmoticon