ចម្លាក់បាយ័ន ៖ ចុះពីសំពៅឡើងសំប៉ាន ចុះពីសំប៉ានទ្បើងផ្សារ

ចម្លាក់បាយ័ន ៖ ចុះពីសំពៅឡើងសំប៉ាន ចុះពីសំប៉ានទ្បើងផ្សារ
នៅលើចម្លាក់នៃប្រាសាទបាយ័ន ត្រង់ថែវខាងក្រៅ នាទិសខាងត្បូង មានទិដ្ឋភាពមួយដែលនិយាយអំពីជំនួញផ្លូវទឹករបស់ខ្មែរបុរាណជាមួយប្រទេសជិតខាង ជាពិសេស ប្រទេសចិន។ បើគេមើលមួយភ្លែត ឬមើលដោយក្រសែភ្នែកធម្មតា ដែលមិនមែនជាអ្នកស្រាវជ្រាវ អាចនឹងមិនយល់ពីដំណើរសាច់រឿងនេះឡើយ។
អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិវស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានពន្យល់នូវខ្លឹមសារនៃចម្លាក់ត្រង់ទិដ្ឋភាពនេះថា វាជាភស្តុតាងរូបភាពមួយដែលនាំឲ្យយើងដឹងថា ប្រទេសខ្មែរមានជំនួញផ្លូវទឹកជាមួយប្រទេសជិតខាងនាពេលនោះ បើទោះជាបច្ចុប្បន្ន គេមិនទាន់ដឹងថា កំពង់ផែនៅពេលនោះស្ថិតនៅកន្លែងណាច្បាស់ក៏ដោយ។
តាមការរៀបរាប់របស់អ្នកស្រាវជ្រាវរូបនេះ ចម្លាក់ដែលនៅខាងលើមើលទៅរាងឆ្នូតៗកោងៗ គឺជារាងសំពៅ ដើរសមុទ្រប្រើក្តោង២ ដែលមានផ្ទុកទំនិញ និងមនុស្សជាច្រើន។ មនុស្សពីរនាក់ឡើងលើដងទង់ដ៏ខ្ពស់ ដើម្បីមើលផ្លូវជាប្រចាំ ជៀសវាងការវង្វែង។ នៅក្បែរសំពៅ គេឃើញកូនសំប៉ាន ដែលចូលទៅផ្ទេរទំនិញចុះ ដោយសារទឹករាក់ សំពៅចូលមិនដល់ច្រាំង។ នៅតាមមាត់ច្រាំង ចម្លាក់បង្ហាញពីផ្សារ ដែលសំប៉ានដឹកទំនិញពីសំពៅទ្បើងគោក ឃើញមនុស្សម្នាដើរចុះឡើង លក់ដូរយ៉ាងកុះករ។ ជាទូទៅនៅខាងក្រោយផ្សារតែងមានល្បែង។ នៅទីនេះក៏មានលេងល្បែងប្រជល់មាន់ដែរ។
សូមទស្សនាចម្លាក់នេះទាំងអស់គ្នាដូចខាងក្រោម ៖

 


EmoticonEmoticon