ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ គឺជាប្រាសាទខ្មែរ នៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៥២៥ ម៉ែត្រ នៃភ្នំដងរែក ក្នុងខេត្តព្រះវិហារ នៃភាគខាងជើងប្រទេសកម្ពុជា។ ប្រាសាទនេះ បានផ្តល់ឈ្មោះដល់ខេត្តព្រះវិហារ និងមានចម្ងាយ១៤០គ.ម ពីប្រាសាទអង្គរវត្ត និងប្រហែល ៣២០គ.ម ពីទីក្រុងភ្នំពេញ។
ប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទនេះ មាននូវវិហារជាច្រើន តភ្ជាប់ដោយប្រព័ន្ធកម្រាលថ្ម និងជណ្តើរមានប្រវែងប្រហែល ៨០០ម៉ែត្រនិងត្រូវបានសាងសង់ឲ្យមើលឃើញនូវទេសភាពដែលនៅជុំវិញនោះបានយ៉ាងច្បាស់។ ប្រាសាទនេះត្រូវបានឧទ្ទិសដល់ព្រះសិវៈ គឺមានភាពខុសប្លែកពីប្រាសាទដទៃ ក្នុងចំណោមប្រាសាទខ្មែរ ដែល បានសាងសង់ តាមបណ្តោយអ័ក្សជើងត្បូង ជាជាងមានរាងជាចតុកោណកែង ឆ្ពោះទៅខាងកើត។ ប៉ុន្តែទោះបីជាប្រាសាទនេះ មានភាពខុសប្លែកគ្នាច្រើនពីប្រាសាទភ្នំ ដែលបានរកឃើញនៅអង្គរ គេជឿថាប្រាសាទទាំងនេះត្រូវបានសាងសង់ឡើង តំណាងឲ្យ ភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព។
ប្រាសាទ ព្រះវិហារត្រូវបានដាក់បញ្ចូល និងប្រកាសជាបេតិកភ័ណ្ឌពិភពលោក ដោយអង្គការ UNESCO នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។


EmoticonEmoticon