ពិធីបូជាក្របី

ពិធីបូជា ក្របី

នៅលើជញ្ជាំង ប្រាសាទបាយ័នដែល ព្រះបាទ ជ័យវ័រ្មនទី ៧ បានស្ថាបនាឡើងដើម្បីឧទ្ទិសដល់ ព្រះ អវលោ កេស្វរៈ ដែលជា ព្រះពោធិសត្វដ៏សំខាន់បំផុត នៃលទ្ធិព្រះពុទ្ធសាសនាមហាយាន នៅចុង ស.វ ទី ១២នៃ គ.ស គេបានឃើញ រូបចម្លាក់បុរាណមួយយ៉ាងល្អ ប្រណីតបង្ហាញពីការបូជា ក្របី ។


 
ការបូជា ក្របី ជាពិធីបូជាយ៉ាងធំបំផុត សម្រាប់មនុស្ស ខ្មែរ ជំនាន់នោះ ជាពិសេសសម្រាប់មេទ័ព ប្រារព្ធ ឡើងមុនពេលចេញទៅសមរភូមិ ឬ ទៅច្បាំង និង ឧទ្ទិសជូនចំពោះ វិញ្ញាណ ក្ខ័ន្ធបុព្វបុរស ដើម្បី សុំនូវសិរី មង្គល និង ជ័យជំនះទៅលើបច្ចាមិត្ត ។ ដូចនេះការបូជា ក្របី ក៏ជាពិធីពិសិដ្ឋិមួយ ដើម្បី ប្រមូលកំលាំងថាមពល ប្រឈមមុខ នឹង សត្រូវដែលគេ ប្រព្រឹត្ត មុនពេលចេញទៅធ្វើសង្គ្រាម ដោយមានការ ប្រជុំ គ្នាយ៉ាង អធឹកអធម ជុំវិញការសម្លាប់ ក្របី ។
តាមរយៈទំនៀមទម្លាប់របស់បងប្អូន ខ្មែរលើ ដែលបាន តពូជពង្ស ពី សម័យបុរេប្រវត្តិសាស្ត្រ ដូចជា ពួក រដែស្ទៀង និង ខ្មុ (ដូចពួកព្នង) ស្ថិតនៅក្នុង អម្បូរ មន-ខ្មែរ បានឱ្យដឹងថា ក្រោយពិធីបូជា ក្របីរួចគេបែងចែកសាច់ទៅតាមមនុស្សរួម អាវុធ ឬរួម លោហិតដើម្បីយកទៅបរិភោគ ហើយជួនកាល ត្រូវ ច្រៀង រាំយ៉ាង សប្បាយ ដើម្បីបង្កើនសេចក្តីអង់អាចឡើង ។
ទំនៀមទម្លាប់នេះ ខ្មែរយើងសព្វថ្ងៃឈប់និយមហើយ ព្រោះគេចាត់ទុកថា ហួសសម័យគួបផ្សំ នឹងតម្លៃយ៉ាងខ្ពស់របស់សត្វដែលគេពិបាករកបានដោយងាយ ប៉ុន្តែបងប្អូនតាម ព្រៃភ្នំ ខ្ពង់រាបនៅតែនិយមខ្លះ ។
ម្យ៉ាងវិញទៀតការបូជា ក្របី នៅសម័យបាយ័នមានកំណើតយូរយារណាស់មកហើយដូចមានចម្លាក់ ប្រាសាទបាយ័នជាសក្ខីភាព ស្រាប់ ។ ទំនៀមទម្លាប់ ប្រជាប្រិយ ខ្មែរនេះ និង ទំនៀមទម្លាប់ពួក ខ្មែរលើបានកើតចេញពី ពុម្ពវប្បធម៌តែមួយដែលបានចាប់បដិសន្ធិ ឡើងនៅសម័យបុរេប្រវត្តិសាស្ត្រ ។
ហេតុដែលនាំឱ្យ អ្នកស្រាវជ្រាវ ខ្មែរ សន្និដ្ឋានថាជាសំណង់វប្បធម៌បុរេប្រវត្តិសាស្ត្រ ព្រោះគេបានជួបប្រទះនូវលលាដ៍ក្បាល និង ឆ្អឹង ក្របី តាមស្ថានីយបុរេប្រវត្តិសាស្ត្រជាច្រើន ។
ម្យ៉ាងទៀតជួនកាលនៅសម័យ ប្រវត្តិសាស្ត្រនគរភ្នំ ពីស.វ.ទី ១ ដល់ទី ៦ នៃ គ.ស គេ តែងតែឃើញនូវស្លាកស្នាម នៃពិធីបូជានោះ ដូចជា ឆ្អឹង ដែលគេចោលក្នុង អណ្តូង ឬ កប់ក្នុងដី ឬ ស្ថានីយនានា នៅក្នុង ស្រុក អង្គរបុរី ជាដើម ។ សរុបសេចក្តីមកវត្តមាន នៃពិធីបូជា ក្របី នៅលើជញ្ជាំង ប្រាសាទខ្មែរជាវត្ថុសញ្ញាមួយ បង្ហាញនូវចំណាស់ក៏ដូចជាភាពសំយោគ វប្បធម៌ -អរិយធម៌ ខ្មែរ នាសម័យអង្គរ ។
ត្រា ណេ


EmoticonEmoticon