ដើមកំណើតប្រាសាទខ្មែរដំបូង

ដើមកំណើតប្រាសាទខ្មែរដំបូង
ប្រាសាទខ្មែរនៅដើមសម័យសតវត្សរ៍ ទី ១ នៃ គ្រិស្ដសករាជដែលបានទទួលនូវឥទ្ធិពល ឥណ្ឌា គឺជាទេវល័យ។ ដូច្នេះហើយបានជានៅតាមទេវល័យទាំងនោះមានការតម្កល់នូវរូបសំណាក់ព្រះអាទិទេពបែប ព្រាហ្មណ៍និយម គ្រប់ប្រភេទដើម្បីទុកជាទីគោរពសក្ការៈបូជា។ ក្នុងន័យនេះជានិច្ចកាលក្នុង ប្រវត្តិសាស្ត្រខេមរជាតិការតំណាង ទេវរូប តាមរយៈវត្ថុសិល្បៈរមែងតែមានការ ប្រាស្រ័យទាក់ទងជាមួយវិស័យស្ថាបត្យកម្ម ប្រាង្គ ប្រាសាទតូច - ធំ ទាំងនោះយ៉ាង ប្រាកដដែលសាងសង់ឡើងសម្រាប់មូលហេតុសាសនា។
វត្ដមាន ប្រាង្គ ប្រាសាទខ្មែរ ត្រូវបាន បញ្ជាក់តាមរយៈសិលាចារឹកនាសម័យ នគរភ្នំនៅចុងសតវត្សរ៍ ទី ៥ ដូចករណី សិលាចារឹក នៃ ប្រាសាទអ្នកតាដំបងដែក ស្ថិតនៅខេត្តតាកែវ ជាសក្ខីភាព ស្រាប់ ។ ម្យ៉ាងវិញទៀតក៏មានការបញ្ជាក់តាមរយៈគ្រឿងតុបតែងប្រាសាទដែរ ដូចជាសសរពេជ្រចំរឹងបង្អួចឈើជាដើម ដែលបានសេសសល់រហូតដល់សព្វថ្ងៃដែរ។
តាមសិលាចារឹក នៃ ប្រាសាទខាងលើ បញ្ជាក់ថាមុន ព្រះបាទរុ ទ្រវរ្ម័ន ចូលទិវង្គត ព្រះនាងកុល ប្រភាវតី ដែល ត្រូវជា ព្រះរាជ អគ្គមហេសី បានសាងសង់ ទេវាល័យ សម្រាប់តម្កល់ ព្រះវិស្ណុ មួយ ព្រះអង្គ ដែល ធ្វើអំពីមាសសុទ្ធ ព្រមទាំងលំនៅដ្ឋាន សម្រាប់សាធារណជនថែមទៀតផង ។
លុះចំណេរតរៀងមកពោលគឺ ចាប់តាំងពី ឆ្នាំ ៥១០ នៃ គ្រិស្ដសករាជ គេក៏ឃើញមាន សិលាចារឹកចារ ពី ព្រះរាជបុត្រ របស់ ព្រះបាទកៅណិ្ឌន្យជយ វរ្ម័ន និង ព្រះរាជ នីកុល ប្រភាវតី នៅ ប្រាសាទប្រាំល្វែង ដែលសព្វថ្ងៃ ប្រាសាទនេះស្ថិតនៅក្នុង ទឹកដី កម្ពុជាក្រោម ពិពណ៌នាអំពីវត្តមាននៃមូលនិធិសាសនាដែរ។ រីឯ ប្រទេស លាវ ឯណោះ វិញមុននេះបន្ដិច ពោលគឺ នៅពាក់កណ្ដាល ដល់ ចុងសតវត្សរ៍ ទី ៥ យើក៏ដឹងថា ព្រះទេវានិក មហារាជធិរាជ ដែលបានចារ សិលាចារឹកមួយនៅទីក្រុង ស្រេដ្ឋបុរៈ ស្ថិតនៅ ប្រាសាទ វត្តភូ ក្នុង ខេត្តចម្ប៉ាសាក់ ប្រទេសលាវ សព្វថ្ងៃ ទ្រង់បានស្ថាបនានូវមូលនិធិសាសនាមួយចំនួនផងដែរ។
បើតាមការសង្កេតហេតុការណ៍ដូចពណ៌នា ខាងលើ រួចមកឃើញថា ក្នុង ដែនដី សណ្ដ កម្ពុជា ក្រោម និង នៅខេត្តតាកែវ ក៏ដូចម្ដុំ ចម្ប៉ាសាក់ នៅ ភូមិភាគ ខាងត្បូង និង តាម ជន្លងទន្លេ ចៅ ប្រាយ៉ាមេណាម ក្នុងទឹកដី ប្រទេសថៃបច្ចុប្បន្ន ក៏មានភស្តុតាងសំខាន់ៗ ជាច្រើន ស្ដីពីវត្តមានរបស់ ប្រាសាទខ្មែរនាសម័យមុនអង្គរដែរ។ ថ្វីបើសំណង់ស្ថាបត្យកម្មទាំងអស់នោះ ត្រូវបានខូចខាតបាត់បង់ស្ទើរតែទាំងអស់ ទៅហើយដោយគ្រាន់តែបានបន្សល់ត្រឹមតែគ្រឹះតែប៉ុណ្ណោះ ប៉ុន្ដែ ត្រូវបាន ប្រតិស្ឋាន ឡើង សម្រាប់ តម្កល់ទេវរូប ជាទីគោរពសក្ការៈ។ ដូច្នេះទេវស្ថានទាំងនោះគឺជាភស្តុតាង នៃ ឧត្តមភាពខាងវិស័យសាសនា សីលធម៌ សង្គម យ៉ាងខ្ពង់ខ្ពស់បំផុតក្នុងអតីតកាលដ៏យូរលង់ ។
ជារួមយើងអាចនិយាយបានថា ប្រាសាទ ក៏ដូចជាចម្លាក់ ទេវរូប ជាដើមបានដើរតួនាទីយ៉ាង សំខាន់ក្នុង សហគមន៍ ខ្មែរ នាសម័យនគរ ភ្នំ។ ព្រោះថាបូជនីយដ្ឋាន ទាំងនោះ គឺជាសញ្ញាកំណត់ចំណាស់ នៃ ខឿនវប្បធម៌ ខ្មែរ ដោយឡែកខាងវិស័យ សិល្បៈ ស្ថាបត្យកម្មដែលបានចាក់ ឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមនាជំនាន់ នោះជាពិសេស ប្រពៃណី ទំនៀមទម្លាប់ តាមសម័យកាល ផ្សេងៗគ្នាពីសម័យបុរេអង្គរ ដ៏ មហារុងរឿងរហូតមកដល់សម័យ អង្គរយ៉ាងជាក់ច្បាស់។
ជាព័ត៌មានសូមរំលឹកថា ព្រះចេតិយតូច - ធំ ធ្វើអំពី ស៊ីម៉ង់ត៍នៅតាមវត្ត អារាម ខ្មែរ ឬ តាម ខេត្តនានាក៏ដូចជាសំណង់វិមានឯករាជ្យ នៅ ទីក្រុង ភ្នំពេញដែលជាស្នាដៃរបស់លោក វណ្ណ មូលីវណ្ណជាដើម គឺជាការកែច្នៃ ប្រាង្គ ប្រាសាទបុរាណ ខ្មែរ សុទ្ធសាធ ។ ចំណុចនេះក៏បាននាំ ឲ្យបុរាណវិទូ មើលឃើញថា ដើមហេតុដែលនាំឲ្យមានការកសាង ស្ថាបត្យកម្ម ប្រាង្គ ប្រាសាទ ដំបូងបង្អស់ ទាំងនោះតាមលំនាំ ឥណ្ឌា គឺ បណ្ដាលមកពីឧត្តមគតិរបស់ អ្នកសាងសង់ ។ សូមកុំភ្លេចថាស្ថាបត្យកម្ម ខ្មែរ កើតចេញពីមូលដ្ឋាន សាសនា ហើយ ប្រកបដោយលក្ខណៈពិសិដ្ឋ ធ្វើឡើងតាមក្រិត្យក្រមដោយមានផែនការណ៍ជាក់ច្បាស់ដែលគេបានគ្រោងទុកជាមុន។
តាមពិតទៅបញ្ហានេះ មិនពិបាកយល់ទេ ដោយហេតុថា ជានិច្ចកាលវិស័យ ស្ថាបត្យកម្មបុរាណរមែងតែង ផ្សាភ្ជាប់ ជាមួយ សាសនា ឬក៏ទំនៀមទម្លាប់ ប្រជាប្រិយបែប ព្រាហ្មណ៍និយម ។ ជាងនេះទៅទៀត ការរកឃើញ នូវចិញ្ចៀនស្ពាន់ និងសំណ បែបឧបកិច្ចនិយមមួយចំនួន ដែលលំអ ដោយ ក្បាច់ក្បូរ ជារូប ប្រាសាទតូច ពាក់នៅលើ ម្រាមដៃរវាង សតវត្សរ៍ ទី ៣ និង ទី ៤ នៃ គ្រិស្ដសករាជ ក៏ស្ថិតក្នុងបរិបទនេះដែរ ។ កុំភ្លេចថា ប្រាសាទតូចៗទាំងនោះ គឺពិតជាតំណាង ឲ្យទេវស្ថាន នៅ វ្យាធបុរៈ ឬ ទីក្រុង អង្គរបុរី ជារួម និងប្រាសាទភ្នំដា ដោយឡែកដែល សាសនិកជន បានមកទស្សនា បន់ស្រន់ ឬសំពះ ព្រះអាទិទេព ដ៏មាន មហិទ្ធរិទ្ធ ។ ចិញ្ចៀនទាំងនោះដែលជាវត្ថុសិល្បៈ ទាំងនោះ គឺជាវត្ថុ អនុស្សាវរីយ៍ ក៏មែនពិត តែវាក៏ ជាវត្ថុពិសិដ្ឋសម្រាប់ការពារ ខ្លួន ប្រាណរបស់សាសនិកជននាសម័យបុរាណ ផងដែរ ។
គេអាចនិយាយបានថា ប្រវត្តិ នៃ ស្ថាបត្យកម្ម ខ្មែរ បាន ផ្ដើមឡើងនៅ សម័យនគរ ភ្នំ ឬ ហ្វូណន ( តាម ភាសា ចិន ) យ៉ាងហោចណាស់ក៏ក្នុងរជ្ជកាល របស់ ព្រះបាទ ទេវានិក: ព្រះបាទ រុ ទ្រវរ្ម័ន និង ព្រះបាទស្រីមហេន្ទ្រវរ្ម័ន។
សរុបសេចក្ដីមកគឺ ប្រាសាទឥដ្ឋ តូចៗ នា សម័យនគរ ភ្នំ នេះហើយដែល ត្រូវបាន ស្ថាបនា ឡើង សម្រាប់មូលហេតុ សាសនា ក្នុង តំបន់ នៃដែនដីសណ្ដផ្នែកខាងក្រោមនៃ ដងទន្លេមេគង្គ ក៏ ដូច នៅខាងលើដង ទន្លេនេះដែរ ដែលសព្វថ្ងៃស្ថិតក្នុងភូមិភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ជាពិសេស នៅក្នុងខេត្តតាកែវ និង ខេត្តកំពត។ តំបន់ទាំងនោះដោយសារស្ថិតក្រោមឥទ្ធិពល នយោបាយ ឬ វប្បធម៌របស់ឥណ្ឌាក៏បានសង់ឡើងនូវប្រាង្គប្រាសាទដំបូងបង្អស់ ដែលជា ប្រភព នៃ ប្រាសាទ សម័យ ចេនឡារបស់ជាតិខ្មែរ ។
សូមជម្រាបថា ដូចនេះស្ថាបត្យកម្ម ខ្មែរ ដែលមានកំណើតពី ឥណ្ឌា ពុំមែន ត្រូវបាន បង្កើតឡើង នៅចុងសតវត្សរ៍ ទី ៦ ដើម សតវត្សរ៍ ទី ៧ នោះទេ ទោះបីជាសំណង់ សាសនា ទាំងនោះពុំបាននៅគង់វង្ស ឬក៏ រក្សាបានលក្ខណៈដើមទាំងស្រុងក៏ដោយ បើយោងលើទិន្នន័យខាងបុរាណវិទ្យាខាងលើ។
ដោយមានសេចក្ដីពិស្ដារដូចខាងលើទើប យើងអាចនិយាយបានថា វប្បធម៌ អូរកែវ នៅ ប្រទេស យៀកណាម និង អ៊ូថងនៅថៃ ព្រមទាំងវប្បធម៌ អង្គរបុរី នៅកម្ពុជា បច្ចុប្បន្ន មានបែកធាង តែមួយគឺ វប្បធម៌ នគរ ភ្នំ ដែលដូនតា ខ្មែរ បានបង្កើតហើយបន្សល់ទុកក្នុងអំឡុងដើមសម័យ ប្រវត្តិសាស្ត្រ ។
អាស្រ័យលើហេតុផលខាងលើនេះទើប យើងសម្គាល់ថា ស្ថាបត្យកម្ម ប្រាង្គ ប្រាសាទ ផ្ដិត ជាប់ នឹងសិលាចារឹក ប្រវត្តិសាស្ត្រ ខ្មែរ គឺជា ប្រភព នៃ ប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រខ្មែរ ។ ដើម្បី សម្រេច នូវសមិទ្ធផល សង្គមសាសនា ទាំងនេះ បុព្វបុរស ខ្មែរ នាសម័យនគរ ភ្នំ បាននិយម ប្រើប្រាស់ ឥដ្ឋ ថ្ម និង ឈើ ក្នុងការអនុវត្តន៍សាងសង់ ។ ប៉ុន្ដែ ប្រាសាទ ប្រភេទឥដ្ឋគួបផ្សំ នឹង គ្រឿង តុបតែង ធ្វើ អំពីឈើពុំបានស្ថិតស្ថេរគង់វង្សរហូតដល់ សព្វថ្ងៃ ឡើយ ។
ចំណុចសំខាន់បំផុតមួយទៀត ត្រូវចងចាំ គឺថា ព្រះរាជា ខ្មែរ នាសម័យបុរាណរមែង តែងយក ព្រះទ័យ ទុកដាក់ជួបឧបត្ថម្ភ ពេញ ព្រះកាយនូវ មូលនិធិ សាសនា ទាំងនោះ និង ជួនកាល ទ្រង់ ក៏បានសាងសង់ដោយបរិច្ចាកនូវព្រះរាជទ្រព្យផ្ទាល់ តែម្ដង ក្នុងឋានៈទ្រង់ជាមេសាសនា។ ឧទាហរណ៍ ជាក់ស្តែងពាក់ព័ន្ធទៅ និង ប្រាសាទខ្មែរ ដំបូងបង្អស់សាងសង់ អំពីឥដ្ឋ នាសម័យ នគរ ភ្នំ គឺ ប្រាសាទវ៉ូកាញ នៅ កម្ពុជា ក្រោម ដែល នៅសល់តែ គំនរ ឥដ្ឋ ប៉ុណ្ណោះ ហើយ គឺ នៅលើទីតាំង ប្រាសាទនេះហើយ ផ្ទាំងសិលាចារឹក វ៉ូ កាញ ជាភាសាសំស្ក្រឹត ត្រូវបានជួបប្រទះ ។
សូមជម្រាបថាការស្រាវជ្រាវចុងក្រោយបង្អស់របស់ អ្នកប្រាជ្ញ ខាងសិលាចារឹក គឺ លោក ភីល្លីយ៉ូហ្សាត៍ ខ្លឹមសារ នៃ ផ្ទាំងសិលាចារឹកដ៏សំខាន់នេះ ត្រូវបានចារ ឡើង ដោយ ព្រះបាទ មារញ្ញ មិនមែន " មារ " ឬ " មារា " នោះទេ ដែលជាគោរម្យងាររបស់ ព្រះមហាក្សត្រ ខ្សែស្រឡាយ តាមូល នៅ ប្រទេស ឥណ្ឌា ខាងត្បូងទាក់ទិនទៅ និង ព្រហ្មញ្ញសាសនា ពោលគឺមិនមែន ព្រះពុទ្ធសាសនា ទេ ដែលគេបានគិតដោយភ័ន្តច្រឡំពីមុនមក ។
នៅក្នុងសម័យនោះ ប្រទេសកម្ពុជា យើង ដែលបានចាក់ឫសកែវយ៉ាងជ្រៅក្នុងលទ្ធិព្រហ្មញ្ញសាសនាបានទទួលឥទ្ធិពល ស្ថាបត្យកម្មមកពី ប្រទេស ឥណ្ឌា ជាពិសេស តំបន់ក្នុងភូមិភាគខាងត្បូង និងខាងជើងនៃ ប្រទេសនេះ ។ ដូច្នេះហើយ បានជាបណ្ដា ប្រាសាទ គ្រប់ ប្រភេទ នា សម័យនោះសឹងមានទម្រង់ តែមួយដូចនៅ ប្រទេស ឥណ្ឌាអញ្ចឹងដែរ ក៏ប៉ុន្តែមិនមែនជាការចម្លងចេញពីប្រាសាទឥណ្ឌាឡើយ។
បើនិយាយម្យ៉ាងទៀត ទោះជា មិនសូវ បានធំខាងទំហំ ឬ បរិមាណខាងក្បាច់ក្បូរ រចនា តែ ប្រាសាទ បុរេអង្គរនាសម័យនគរភ្នំទាំងនោះ ដែលសុទ្ធតែ ត្រូវបាន កសាងឡើងតាមបទបញ្ញាតិនៃសំណុំសោភណ្ឌភាព និងតាមរូបមន្តដែលមានក្នុងលោកធាតុវិទ្យាឥណ្ឌា សម្រាប់ ទ្រទ្រង់ វិស័យ សីលធម៌ សង្គម ពិតជាមាន សភាព ស្រដៀង នឹង ប្រាសាទ នៅ ឥណ្ឌា ដែរ ដោយមូលហេតុ ប្រវត្តិសាស្ត្រ។ ក៏ប៉ុន្តែ សំណងស្ថាបត្យកម្មសក្ការៈទាំងនោះ គឺជាការបង្កើតថ្មីមួយរបស់ពូជសាសន៍ខ្មែរ ប្រកបដោយទេពកោសល្យខ្ពស់ ពោលគឺ មិនមែនជាការចម្លងរូបមន្តឥណ្ឌាសុទ្ធសាធនោះទេ៕ 
ត្រា ណេ


EmoticonEmoticon