ព្រះវិហារវត្តកណ្តាល ក្រុងបាត់ដំបង ដាក់ទេពប្រចាំហោជាងខុសទិស?

ព្រះវិហារវត្តកណ្តាល ក្រុងបាត់ដំបង ដាក់ទេពប្រចាំហោជាងខុសទិស?
វត្តកណ្តាល ក្រុងបាត់ដំបង
វត្តកណ្តាលមានទីតាំងនៅត្រើយខាងកើតនៃស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង វត្តនេះមានសំណង់បុរាណជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ ។ ដោយសារវត្តស្ថិតនៅខាងកើតស្ទឹង ទើបធ្វើឲ្យផ្លូវចូលធំរបស់វត្តស្ថិតនៅពីខាងលិចព្រះវិហារ ហើយដោយសារតែចំណុចនេះដែរហើយទើបធ្វើឲ្យមានការដាក់ហោជាងខុសទិសកើតឡើងនៅលើតួព្រះវិហាររបស់វត្តនេះ ។




 ជាធម្មតាវត្តរបស់ខ្មែរយើងនិយមសង់បែរមុខទៅទិសខាងកើត ដោយមានរូបព្រះជី ឬព្រះប្រធាន ឬព្រះអង្គធំនៅក្នុងព្រះវិហារបែរទៅទិសខាងកើតដែរ ។ វត្តកណ្តាលក៏ដូចជាវត្តភាគច្រើននៅក្នុងប្រទេសកម្ពុជាយើងដែរ គឺមានព្រះវិហារបែរមុខទៅទិសខាងកើត បើទោះបីជាវត្តនេះមានក្លោងទ្វារធំនៅទិសខាងលិចវត្តក៏ដោយ ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺវត្តនេះមានហោជាងរូបព្រះឥន្ទ្រជិះដំរីក្បាលបីឰរាវ័ត តំឡើងបែរទៅទិសខាងលិច ចំណែកហោជាងរូបព្រះពិរុណជិះលើហង្ស (ព្រះពិរុណ ឬព្រះវរុណរបស់ឥណ្ឌាជិះលើម្ករ) បែរជាតំឡើងបែរទៅទិសខាងកើតទៅវិញ ។ ព្រះឥន្ទ្រជាទេពប្រចាំទិសខាងកើត ចំណែកព្រះពិរុណ គឺជាទេពប្រចាំទិសខាងលិច ចំណុចនេះបង្ហាញឲ្យឃើញថា ការតំឡើងហោជាងនៅលើព្រះវិហារវត្តកណ្តាល អាចមានការយល់ច្រឡំដោយមិនបានយល់ពីអត្ថន័យពិតប្រាកដរបស់តួនាទីនៃទេពទាំងពីរ ដែលមានវត្តមានតាំងតែសម័យវេទនេះ ។ ការយល់ច្រឡំនេះអាចកើតដោយសារជាងសាងវិហារ បានសង់វិហារដោយយកគំរូតាមវិហាររបស់វត្តណាមួយ ដែលស្ថិតនៅខាងលិចស្ទឹងសង្កែ ដោយសារតែវិហារស្ថិតនៅខាងលិចស្ទឹង មានច្រកចូលធំពីទិសខាងកើត ទើបធ្វើឲ្យពេលដើរចូលមកគេឃើញហោរជាងមុខវិហារមានរូបព្រះឥន្ទ្រ (នៅទិសខាងកើត) និងមានហោជាងខាងក្រោយវិហារមានរូបព្រះពិរុណជិះហង្ស (នៅទិសខាងលិច) ទើបធ្វើឲ្យជាងសាងវត្តកណ្តាលយកគំរូតាម គឺនៅពេលដើរចូលមកដល់វិហារពីខាងក្លោងទ្វារធំខាងលិច ចូលមកដល់វិហារភ្លាមគេឃើញហោជាងរូបព្រះឥន្ទ្រ (នៅទិសខាងលិច) និងហើយបែរជានៅមុខព្រះវិហារ មានហោជាងរូបព្រះពិរុណ (នៅទិសខាងកើត) ។ សូមជំរាបផងដែរថា នៅតាមវត្តមួយចំនួន ជាងសាងវិហារ បានដាក់ហោជាងរូបព្រះឥន្ទ្រជិះដំរីលើហោជាងព្រះវិហារ ទាំងទិសខាងកើត និងខាងលិច ឬមួយក៏ដាក់ទាំងទិសខាងជើង និងត្បូងទៅទៀត ប្រសិនបើវិហារនោះមានកំពូលជាប្រាសាទ ហើយក៏មានវិហារមួយចំនួនសាងដោយមានរូបព្រះវិស្ណុជិះគ្រុឌនៅលើហោជាងទិសខាងលិច ព្រោះថាព្រះវិស្ណុគឺជាទេពប្រចាំទិសខាងលិចដែរ ។ ទាំងនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ រឿងលម្អិតយ៉ាងណានោះ យើងត្រូវការអ្នកជំនាញសិល្បៈមកសិក្សា និងវិភាគជាបន្តទៀត ហើយសិល្បៈដ៏ប្រណីតនៅតាមវត្តអារាមនៅទូទាំងប្រទេសគួរតែទទួលបានការអភិរក្ស ជៀសវាងការវាយសំណង់បុរាណចោល ហើយសាងសំណង់ថ្មីពីលើ ដែលធ្វើឲ្យបាត់ដានសិល្បៈដ៏គួរឲ្យចាប់អារម្មណ៍ ។


EmoticonEmoticon