ព្រះអង្គជីនៅវត្តភ្នំ ព្រះពុទ្ធរូបទ្រង់គ្រឿងបែបព្រះមហាចក្រពត្តិ

ព្រះអង្គជីនៅវត្តភ្នំ ព្រះពុទ្ធរូបទ្រង់គ្រឿងបែបព្រះមហាចក្រពត្តិ
ព្រះអង្គជីនៅវត្តភ្នំ រាជធានីភ្នំពេញ គឺជាព្រះពុទ្ធទ្រង់គ្រឿងដែលមានលក្ខណៈពិសេស មិនដូចព្រះពុទ្ធរូបនៅតាមទីវត្តអារាមផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាយើងនោះទេ ។ ប្រសិនបើយើងធ្វើការសង្កេតយើងឃើញថាទម្រង់ព្រះពុទ្ធរូបទ្រង់គ្រឿងនៅក្នុងប្រទេសកម្ពុជាមានជាយូរណាស់មកហើយ យ៉ាងហោចណាស់ក៏ត្រឹមសម័យអង្គរយើងឃើញមានព្រះពុទ្ធរូបទ្រង់គ្រឿង ដោយភាគច្រើនមានពាក់ត្រឹមម្កុដ តែក៏មានរូបមួយចំនួនមានពាក់សុរងក. កណ្ឌល (ក្រវិល, ទុំហ៊ូ) កងកន់ (ស្នាប់ដៃ) និងគ្រឿងលម្អមួយចំនួនទៀតដែរ ដែលលក្ខណៈនេះមានអ្នកសិក្សាសិល្បៈមួយចំនួនយល់ឃើញថា គឺជាការចម្លងរូបបែបការសាងព្រះពុទ្ធរូបតាមបែបព្រះក្នុងព្រហ្មញ្ញសាសនា ដែលមានការតុបតែងដោយគ្រឿងអលង្ការផ្សេងៗ ។ ទម្រង់ព្រះទ្រង់គ្រឿងនេះក៏នៅតែមានបន្តនៅសម័យកណ្តាល ដោយភាគច្រើនជារូបព្រះពុទ្ធរូបឈរ ដោយមានពាក់ម្កុដមានរាងដូចទេវរូប និងព្រះពុទ្ធរូបនៅសម័យអង្គរផងដែរ ។







សម្រាប់ព្រះជីនៅវត្តភ្នំ មានលក្ខណៈខុសប្លែកពីព្រះពុទ្ធរូបទ្រង់គ្រឿងនៅសម័យកណ្តាល និងសម័យអង្គរជាច្រើនចំណុច ដូចជាម្កុដកំពូលស្រួច ឥន្ធនូនៅលើស្មា ខ្សែសង្វារ មិនមានពាក់កណ្ឌល តែមានពាក់ក្បាច់នៅលើត្រចៀក ។ លក្ខណៈខុសពីសិល្បៈខ្មែរសម័យមុននេះ បង្ហាញអំពីទំនួលឥទ្ធិពលសិល្បៈរូបបែបថ្មីមួយ គឺសិល្បៈថៃសម័យរាមាទី ៣ ដោយសារតែព្រះពុទ្ធរូបអង្គនេះត្រូវបានសាងឡើងក្នុងរាជព្រះបាទនរោត្តម ដែលព្រះអង្គបានរៀនសូត្រ និងធំដឹងក្តីនៅក្រុងទេព (បាងកក) នៅសម័យស្តេចរាមាទី ៣ និងទី ៤ នេះហើយ ទើបធ្វើឲ្យមានការទទួលឥទ្ធិពលសិល្បៈថៃចូលមកនៅសម័យនោះ ។ នៅក្នុងរូបខាងក្រោម មួយគឺជារូបព្រះជីនៅវត្តភ្នំ និងមួយទៀតគឺជារូបព្រះប្រធាន នៅក្នុងវិហារវត្តណាងណង ក្នុងក្រុងបាងកក ដែលសាងឡើងនៅសម័យស្តេចរាមាទី ៣ ទម្រង់នៃព្រះពុទ្ធរូបអង្គនេះ មិនមែនជាព្រះសិអារ្យមេត្រិយនោះទេ តែគឺជាព្រះពុទ្ធសមណគោត្តម នៅក្នុងទម្រង់ព្រះពុទ្ធរូបទ្រង់គ្រឿងបែបព្រះមហាចក្រពត្តិ គឺនៅពេលដែលព្រះពុទ្ធអង្គទៅជួបមហាជម្ពូ មហាជម្ពូដែលជាស្តេចមួយអង្គសំបូរទៅដោយទ្រព្យសម្បត្តិដ៏មហិមា បានបង្ហាញអកប្បកិរិយាមិនចង់ថ្វាយបង្គមគោរពព្រះពុទ្ធបរមគ្រូនោះទេ ទាល់តែព្រះពុទ្ធអង្គទ្រង់បង្ហាញបារមីជាព្រះពុទ្ធទ្រង់គ្រឿងក្នុងទម្រង់ព្រះមហាចក្រពត្តិ ដែលបរិបូរណ៍ដោយគ្រឿងអលង្ការដ៏ល្អប្រណីត ធ្វើឲ្យមហាជម្ពូស្ងើចសរសើរចូលទៅគោរពប្រណិបត្តិ ។
ព្រះពុទ្ធទ្រង់គ្រឿងក្នុងទម្រង់ព្រះមហាចក្រពត្តិ គឺជាការសាងព្រះពុទ្ធរូបតាមរូបព្រះមហាក្សត្រនៅពេលឡើងសោយរាជ្យ ប្រសិនបើយើងប្រៀបធៀបព្រះពុទ្ធរូបអង្គនេះ ទៅនឹងព្រះមហាក្សត្រខ្មែរដូចជាព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ព្រះបាទនរោត្តមសីហនុ ព្រះបាទនរោត្តមសុរាមរិត ជាដើម យើងឃើញថាមានការតុបតែងគ្រឿងមិនខុសគ្នាប៉ុន្មាននោះទេ ។ ព្រះពុទ្ធរូបព្រះទ្រង់គ្រឿងក្នុងឥរិយាបទផ្ចាញ់មារនេះ ត្រូវបានគេចម្លងយកមកសាងជាព្រះស៊ីម៉ង់ នៅសម័យក្រោយៗជាច្រើន ដោយមានលាបពណ៌បែបធម្មជាតិ គឺមិនមែនទិបទឹកមាសដូចព្រះជីនៅវត្តភ្នំនោះទេ ។
កំណត់សំគាល់៖ ខ្ញុំយល់ថាក្បាច់ឥន្ធនូ និងក្បាច់ពាក់លើត្រចៀក ដែលមិនឃើញមាននៅសម័យអង្គរ និងសម័យកណ្តាល តែបែជាមកមានវត្តមាននៅសម័យស្តេចនរោត្តមនេះ គឺជាឥទ្ធិពលសិល្បៈថៃ ដែលសូម្បីតែថៃ ក៏ទទួលទម្រង់សិល្បៈនេះបន្តពីភូមាដែរ ព្រោះខ្ញុំឃើញថា ព្រះទ្រង់គ្រឿង ឈ្មោះថាព្រះមហាមុនីនៅក្រុងមន្ឌលេ (ម៉ង់ដាឡេ) ក៏មានរូបលក្ខណៈបែបនេះដែរ ហើយទម្រង់សិល្បៈក្បាច់ឥន្ធនូនៅលើស្មានេះ គួរតែមានវត្តមាននៅភូមាមុននៅថៃទៅទៀត ។


EmoticonEmoticon