ចេតិយពញាយ៉ាតវត្តភ្នំ និងចេតិយពញាយ៉ាតវត្តស៊ីធរ

ចេតិយពញាយ៉ាតវត្តភ្នំ និងចេតិយពញាយ៉ាតវត្តស៊ីធរ
បើតាមសៀវភៅ Wat Phnom Guide to Art & Architecture របស់លោក Chan Vitharong លោកបានលើកឡើងថា តាមរយៈការសិក្សាបានបង្ហាញថាចេតិយព្រះបាទពញាយ៉ាតនៅវត្តភ្នំ ប្រហែលជាអាចត្រូវបានសាងឡើងនៅសតវត្សទី ១៦ ឬទី ១៧ តែបើតាមសិលាចារឹក ក៏ដូចជាឯកសារពង្សាវតារខ្មែរ បានបង្ហាញថាចេតិយនេះត្រូវបានសាងឡើងដោយព្រះបាទនរាយណ៍រាជា សម្រាប់តម្កល់ព្រះបរមសារីរិកធាតុ ដែលប្រសិនបើចេតិយនោះសាងនៅសម័យស្តេចនរាយណ៍រាជា ដែលត្រូវជាបុត្ររបស់ព្រះបាទពញាយ៉ាត នោះបានន័យថាចេតិយនេះគួរត្រូវបានសាងឡើងនៅពាក់កណ្តាលសតវត្សទី ១៥ មិនមែនសតវត្សទី ១៦ ឬ ១៧ នោះទេ ។







បើតាមការសង្កេត យើងឃើញថាចេតិយនៅសតវត្សទី ១៦ និង ១៧ ដែលជាចេតិយខ្សែរាជវង្ស ដែលសាងនៅលើភ្នំព្រះរាជទ្រព្យ នៅក្បែរក្រុងឧដុង្គ ដូចជាចេតិយព្រះច័ន្ទរាជា ដែលសាងឡើងនៅសម័យលង្វែក ចេតិយព្រះស្រីសុរិយោពណ៌ ដែលដាងដោយស្តេចជ័យជេដ្ឋាទី ២ រហូតដល់ចេតិយនៅសតវត្សទី ១៩ គឺចេតិយព្រះអង្គដួង ដែលសាងដោយស្តេចនរោត្តម នៅលើភ្នំព្រះរាជទ្រព្យដែរ គឺមានសណ្ឋានជាចេតិយដែលមានតួអង្គចេតិយជារាងបួនជ្រុងទ្រវែង មិនមែនជារាងមូលដូចចេតិយវត្តភ្នំនោះទេ (សូម្បីតែចេតិយព្រះនរាយណ៍រាជា ដែលសាងដោយព្រះស្រីរាជាជាព្រះអនុជនៅលើវត្តភ្នំ គឺបានន័យថាសាងក្រោយចេតិយពញាយ៉ាតបន្តិច ក៏តួអង្គចេតិយមានរាងបួនជ្រុងដែរ មិនមែនមានរាងមូលនោះទេ) ។ ហេតុនេះហើយចេតិយវត្តភ្នំ គួរតែត្រូវបានសាងនៅក្នុងសម័យដាច់ដោយឡែកណាមួយ គឺមិនមែននៅក្នុងសតវត្សទី ១៦ ដល់ ១៩ នោះទេ ។ នៅដើមសតវត្សទី ១៨ យើងឃើញចេតិយជ័យនន្ទ នៅខាងកើតប្រាង្គប្រាសាទអង្គវត្ត ដែលមានរាងមូលដែរ តែមានទំហំតូច ហើយលក្ខណៈប្លែកគឺថា ចេតិយនោះសាងនៅលើបល្ល័ង្កមានរាងជា ៨ ជ្រុង ហើយតួអង្គចេតិយដែលមានរាងមូលនោះ ក៏មានទំហំខ្លី ប្រសិនបើធៀបសមាមាត្រជាមួយនឹងតួអង្គរបស់ចេតិយពញាយ៉ាតវត្តភ្នំ យើងមិនអាចសន្និដ្ឋានថាចេតិយនេះសាងនៅក្នុងសម័យតែមួយនោះទេ ។
បើតាមសៀវភៅ Wat Phnom Guide to Art & Architecture ដដែល បានបង្ហាញថាចេតិយវត្តភ្នំនេះ គឺមានលក្ខណៈដូចគ្នាទៅនឹងចេតិយនៅទួលបាសាន ស្រុកស៊ីធរ ខេត្តកណ្តាល ដែលទីនោះគឺជាអតីតរាជធានីរបស់ព្រះបាទពញាយ៉ាត មុននឹងប្តូរមកនៅក្រុងចតុមុខ ឬក្រុងភ្នំពេញ ។ លក្ខណៈរបស់ចេតិយទាំងពីរនេះពិតជាមានសណ្ឋានស្រដៀងគ្នាមែន ជាងនេះទៅទៀតទីតាំងរបស់ចេតិយស្ថិតនៅពីខាងលិចចំអ័ក្សកណ្តាលរបស់ព្រះវិហាររបស់ចេតិយទាំងពីរ កាន់តែបង្ហាញលក្ខណៈដូចគ្នារបស់ចេតិយទាំងពីរនេះ ក្រៅពីនេះគន្លាក់ទ្រកំពូលធ្វើពីឈើ គឺត្រូវបានប្រើដូចគ្នានៅលើចេតិយទាំងពីរ ។ ចំណុចខុសគ្នារបស់ចេតិយទាំងពីរនេះ គឺចេតិយវត្តភ្នំមានទំហំធំជាង សាងនៅលើបល្ល័ង្កបីជាន់ ខណៈចេតិយវត្តស៊ីធរត្រូវបានសាងនៅលើបល្លង្កតែមួយជាន់ ទោះយ៉ាងណាក៏បល្លង្ករបស់ចេតិយទាំងពីរមានសណ្ឋានស្រដៀងគ្នា ចំណុចខុសគ្នាមួយទៀតគឺនៅលើចេតិយធំវត្តភ្នំមានក្បាច់ត្របកឈូកនៅលើតួអង្គ ប៉ុន្តែចេតិយនៅវត្តស៊ីធរនោះគឺពុំមានទេ ។ ចាស់ទុំនៅវត្តស៊ីធរនោះ ហៅចេតិយនោះថាចេតិយពញាយ៉ាតដែរ ។ ចេតិយនៅវត្តស៊ីធរនោះ សាងឡើងដោយមានខឿន បល្ល័ង្ក និងផ្នែកខ្លះនៃតួអង្គចេតិយធ្វើពីថ្មបាយក្រៀម ដោយមានលាយឥដ្ឋនៅផ្នែកខាងលើនៃតូអង្គ និងកំពូលចេតិយ ដែលនេះជាចំណុចគួរឲ្យសិក្សាផងដែរ ខណៈសំណង់បុរាណ ឬក៏ចេតិយបុរាណនៅក្នុងបរិវេណវត្តស៊ីធរ គឺសាងដោយឥដ្ឋសុទ្ធ ដែលប្រហែលជាត្រូវបានសាងឡើងនៅសម័យក្រោយ ក្នុងនោះក៏មានចេតិយមួយនៅពីខាងមុខវិហារ ដែលសាងដោយមានបន្លង្កប្រាំបីជ្រុង ។
បើយោងទៅលើភាពខុសគ្នារបស់ចេតិយពញាយ៉ាតនៅវត្តភ្នំ ប្រៀបធៀបជាមួយចេតិយនៅសម័យសតវត្សទី ១៦ ដល់ ១៩ ហើយនឹងចំណុចដូចគ្នាទៅនឹងចេតិយធំនៅវត្តស៊ីធរ យើងអាចសន្និដ្ឋានថា ចេតិយពញយ៉ាតនៅវត្តភ្នំ គួរតែសាងនៅសម័យដោយឡែកណាមួយ ដែលគួរតែសាងនៅសម័យព្រះបាទពញាយ៉ាត និងព្រះបាទនរាយណ៍រាជានោះឯង ។ លក្ខណៈនៃចេតិយវត្តភ្នំនេះប្រហែលជាបានជះឥទ្ធិពលទៅលើការសាងចេតិយនៅដើមសម័យអាណានិគមបារាំងផងដែរ ព្រោះយើងសង្កេតឃើញថា នៅចុងសម័យឧដុង្គការសាងចេតិយភាគច្រើនគឺធ្វើជារាងបួនជ្រុងទ្រវែង តែមកដល់ចេតិយស្តេចអង្គដួង ស្តេចនរោត្តម និងស្តេចស៊ីសុវត្ថិជាដើម គឺមានរាងមូលទ្រវែង (រាងកណ្តឹង ឬជួង) ដែលមានលក្ខណៈដូចគ្នាទៅនឹងចេតិយវត្តភ្នំ ។ ទម្រង់ចេតិយរាងមូលនេះ ត្រូវបានគេនិយមសាងរហូតមកដល់សព្វថ្ងៃ តែក៏មានចេតិយទម្រង់កំពូលប្រាសាទដែលជាចេតិយសម័យក្រោយត្រូវាបានគេនិយមសាងសង់ផងដែរ ដែលចេតិយកំពូលប្រាសាទនេះ គឺប្រហែលជាសាងយកគំរូព្រះសក្យមុនីចេតិយនៅមុខរាជាយស្ម័យយានកម្ពុជាដែលសាងឡើងនៅឆ្នាំ ១៩៥៥ សម្រាប់ពីធីបុណ្យពាក់កណ្តាលសាសនា ។


EmoticonEmoticon